30 C
Phnom Penh

នគរបាល​សាកសួរ​មនុស្ស​​ប្រាំនាក់​បន្ទាប់ពី​ការ​សម្លាប់​ស្ត្រី​ជន​ជាតិ​ចិន​ម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ប្រាំនាក់​មក​សាក​សួរ​​បន្ទាប់ពី​​ការ​សម្លាប់​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​​​យ៉ាង​សាហាវ​នៅ​អាផាតមិនរបស់​​នាង​​​នៅ​​ក្នុង​​ខណ្ឌពោធិ៍សែន​ជ័យ​​ ​រាជធានី​ភ្នំពេញ​​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ។

យោង​តាម​លោក ​ទូច ផុន អធិការរង​នគរ​បាល​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា ចិន​ ហ៊ូយីង (Chen Huaying) អាយុ​២៥​ឆ្នាំ ត្រូវ​បាន​​ចាក់​និង​កាប់​រហូត​ដល់​ស្លាប់​​នៅ​ម៉ោង​ប្រហែល​៦ល្ងាច​ថ្ងៃ​អាទិត្យ​ នៅ​ក្នុង​បន្ទប់​គេង​របស់​នាង​​នៅ​អាផាតមិន​មួយ​​​ស្ថិត​ក្នុង​​​បុរី​​ញូថោន។

លោក​​ ទូច ផុន បាន​ថ្លែង​ថា “​ជន​រងគ្រោះ​​រង​របួស​​ប្រហែល​៦​ទៅ​៩​កន្លែង​ត្រង់​ក​ បន្ទាប់​ ពី​ត្រូវ​​​បាន​កាប់​នឹង​កាំបិត​ប៉័ងតោ​​ និង​មុខរបួស ​ដ៏ធំ​​មួយ​​ត្រង់​ពោះ​​បន្ទាប់ពី​ត្រូវ​បាន​ចាក់​នឹង​កូន​កាំបិត”។ លោក​បាន​បន្ថែម​ថា ​ក្រុម​ស៊ើប អង្កេត​បាន​​រក​ឃើញ​កាំបិត​ប៉័ង​តោ​ និង​កូន​កំាបិត​ប្រឡាក់​សុទ្ធ​តែ​ឈាម​នៅ​​កន្លែង​កើត​ហេតុ។ លោក​បាន​លើកឡើង​​ថា “​យើង​សន្និ​​​ដ្ឋាន​ថា វា​ជា​ករណី​មនុស្ស​ឃាត​ដោយ​ចេតនា​​​​ ពីព្រោះ​បន្ទប់​របស់​ជន​រងគ្រោះ​មិន​មាន​​ផ្ទះ​បាយ​ទេ ដូច្នេះ​ជន​រងគ្រោះ​គ្មាន​កំាបិត​ប៉័ងតោ​ឡើយ​”។

លោក ទូច​ ផុន​ បាន​និយាយថា សាក​សព​របស់​ ចិន ហ៊ូយីង ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ម៉ោង​​៦​និង​៣០​នាទី​ល្ងាច​ ដោយ​ជន​ជាតិ​ចិន​ពីរ​នាក់​​​ដែល​ស្នាក់​នៅ​អាផាតមិន​ជាមួយ​ជន​រង​គ្រោះ​។ លោក​បាន​បន្ថែម​ថា បន្ទាប់មក អ្នក​ទាំង​ពីរ​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​យក​មក​សាក​សួរ​ជាមួយ​​ជន​ជាតិ​ចិន​បី​នាក់​ទៀត​​​ដែលស្នាក់​នៅ​ផ្ទះ​រួមគ្នា​នោះដែរ​។

លោក​បាននិយាយ​ថា “​យើង​ជឿ​ថា ឃាតករ​ គឺ​ជា​​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រាំនាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នេះ​”។លោក​បាន​បន្ថែម​ថា ជន​សង្ស័យ​ទាំង​នេះកំពុង​​​ត្រូវ​បាន​​ឃុំខ្លួន​នៅ​​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​។ ថ្ងៃ​នេះ​យើង​បាន​សាក​សួរ​ពួកគេ​រហូត​ដល់​​ល្ងាច​ ហើយ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​។ យើង​នឹង​បន្ត​​សាក​សួរ​ពួកគេ​ទៀត​នៅ​ថ្ងៃ​ស្អែក។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិល​មិញ លោក​​​ ហែម ដារិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​​​សែន​ជ័យបាន​ពន្យល់​ថា បុរី​ញូថោន ជា​ទី​​​ពេញ​និយម​ក្នុង​ចំណោម​ជនជាតិ​ចិន​ ដោយ​​​សារ​តែ​កន្លែង​នោះ​នៅ​ជិត​តំបន់​ឧស្សាហកម្ម​​ និង​រោងចក្រ​ជាច្រើន​ក្នុង​រាជធានី។

លោក ទូច ផុន​ បាន​ថ្លែង​ថា ចិន ហ៊ូយីង បាន​​​ ​បម្រើ​ការ​ងារ​នៅ​រោងចក្រ​មួយ ប៉ុន្តែ​ថា នគរ​បាល​​មិន​​ស្គាល់​ឈ្មោះ​រោងចក្រ​នោះ​ទេ​។

បើ​ទោះ​​​​បុរីញូថោន​​ជា​កន្លែង​ពេញ​និយម​​​​ ក៏ដោយ ក៏​អ្នកស្រី សុខ តុលា អាយុ​៣៥​ឆ្នាំ ដែល​មាន​ផ្ទះ​នៅ​ជិត​បុរី​នោះ​​បាន​និយាយ​ថា ការ​រស់​នៅ​​ជិត​ខាងនោះ​​​​ប្រឈម​គ្រោះ​ថ្នាក់​កើនឡើង​កាលពី​ពេល​ថ្មីៗនេះ​។

អ្នកស្រី តុលា​ បាន​និយាយ​ថា “​ខ្ញុំ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្ញុំ ពីព្រោះ​ទី​នេះ​មាន​ចោរ​ច្រើន​ ដែល​តែង​តែ​​លួច​របស់​របរ​ និង​​​លប​ចូល​ផ្ទះ​ជា​ដើម​”។ អ្នកស្រី​បាន​បន្ថែមថា ផ្ទះ​របស់​​គាត់​​ ត្រូវ​បាន​ចោរ​គាស់​កាល​ពី​ពេល​ថ្មីៗ​នេះ​។

អ្នក​​​ស្រី​​​ តុលា​ បាន​និយាយ​ថា “​ខ្ញុំ​បាន​ទៅ​ជួប​ជា​​​មួយ​​​​អ្នក​គ្រប់គ្រង​បុរី​ញូថោន ​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ ហើយជួន​កាល​​ខ្ញុំ​ត្អូញ​ត្អែរ​អំពី​កង្វះ​សុវត្ថិភាព​នៅ​ក្នុង​បុរី​ញូ​​​ថោន​​​ដែរ ប៉ុន្តែ​មិន​មាន​ដំណោះ​ស្រាយពី​គាត់​​ឡើយ​”។ អ្នក​គ្រប់គ្រង​នៅ​បុរី​ញូថោន​​មិន​អាច​ទាក់​ទង​បាន​ទេ​៕ សារុន​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស