សហជីពមួយចំនួនដែលតំណាងកម្មករវិស័យកាត់ដេរប្រហែល៧០០.០០០នាក់បានដាក់ញត្តិទៅតំណាងរាស្ត្រកាលពីថ្ងៃច័ន្ទ ដើម្បីឲ្យមានការកែប្រែដ៏សំខាន់ចំពោះសេចក្តីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាស មុនពេលអនុម័តច្បាប់នេះ និងបានព្រមានថា នឹងមានការតវ៉ាដ៏ធំ ប្រសិនបើមិនមានការយកចិត្តទុកដាក់ទេនោះ។
ច្បាប់គ្មានប្រជាប្រិយ ដែលត្រូវបានសម្រេចយល់ព្រមដោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ នឹងកំណត់វិធានថ្មីសម្រាប់ការបង្កើត និងការរំលាយសហជីព ហើយទាំងសហជីព ទាំងម្ចាស់រោងចក្រកាត់ដេរបានបានរិះគន់ច្បាប់នេះ។
ញត្តិនៅថ្ងៃច័ន្ទ ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំសហជីព១៨នាក់ និងបានប្រគល់ទៅគណៈកម្មការសិទ្ធិមនុស្សដឹកនាំដោយបក្សប្រឆាំងនៃសភាជាតិ។
លោក អាត់ ធន់ ដែលជាប្រធានសហជីពឯករាជ្យដ៏ធំបំផុតក្នុងប្រទេសកម្ពុជា និងដែលបានចុះហត្ថលេខាលើញត្តិនោះ បានមានប្រសាសន៍ថា ជម្រើសដំបូងរបស់ពួកគេគឺមិនត្រូវមានច្បាប់សហជីពទេ។
លោកបានបន្ថែមថា “ប៉ុន្តែ ដោយហេតុថារដ្ឋាភិបាលចង់មានវា យើងចង់មានច្បាប់ល្អមួយសម្រាប់សហជីពនិងកម្មករ”។
តាំងពីខែកក្កដា ជាពេលវេលាចុងក្រោយដែលក្រសួងការងារបានផ្តល់ព័ត៌មានសង្ខេបដល់សហជីពនិងនិយោជកអំពីច្បាប់នេះគឺថា សេចក្តីព្រាងច្បាប់ចែងថា សហជីពមួយអាចបង្កើតឡើងដោយមនុស្សយ៉ាងតិច១០នាក់ ហើយសហជីពមួយអាចត្រូវរំលាយដោយសមាជិក២៥ភាគរយរបស់ខ្លួន ហើយថា ត្រូវការសំឡេង៥០ភាគរយបូកមួយជាចាំបាច់ដើម្បីសម្រេចឲ្យមានកូដកម្ម។
លោក អាត់ ធន់ បានមានប្រសាសន៍ថា សហជីពដែលគាំទ្រញត្តិនេះមិនចង់ឃើញការដាក់កម្រិតទាបលើចំនួនមនុស្សដែលអាចបង្កើតសាខាសហជីពមួយនៅរោងចក្រណាមួយទេ ហើយក៏ចង់បានច្បាប់កាន់តែពិបាកក្នុងការរំលាយសហជីព និងងាយស្រួលធ្វើកូដកម្ម។
ទោះជាដូចនេះក្តី សហជីពមិនដឹងថា សេចក្តីព្រាងច្បាប់បច្ចុប្បន្នមានលក្ខណៈបែបណាទេ ពីព្រោះរដ្ឋាភិបាលមិនទាន់បានបញ្ចេញសេចក្តីព្រាងច្បាប់ពេញលេញ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៤មក។
លោក អាត់ ធន់ បាននិយាយថា “ថ្មីៗនេះ រដ្ឋាភិបាលមិនបានបង្ហាញយើងនូវសេចក្តីព្រាងច្បាប់នោះទេ ដូច្នេះ យើងមិនដឹងថា មាត្រាណាខ្លះដែលគេបានកែប្រែ និងមាត្រាណាខ្លះដែលពួកគេរក្សាទុកដដែលនោះទេ។ ប្រសិនបើសភាជាតិអនុម័តដោយគ្មានការកែប្រែណាមួយ ហើយធ្វើឲ្យពិបាកដល់សហជីពនិងកម្មករ យើងនឹងតវ៉ាប្រឆាំងវា”។
លោក ឈាង វុន អ្នកនាំពាក្យសភា និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នោះមិនទាន់បានមកដល់សភានៅឡើយទេ។
ម្ចាស់រោងចក្រចង់បានការចាប់ផ្តើមសម្រាប់ការបង្កើតសហជីពមួយដូចមានកន្លងមកហើយ គឺ២០ភាគរយនៃនិយោជិតនៅកន្លែងធ្វើការ៕និត