មន្ត្រីម្នាក់បាននិយាយថា នគរបាលខេត្តកំពតកំពុងស្វែងរកបុរសពីរនាក់ដែលបានបាញ់ត្រូវក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ស្លាប់ដោយ ប្រើកាំភ្លើងវែងបន្ទាប់ពីប៉ុនប៉ងប្លន់ម៉ូតូបងប្រុសរបស់ក្មេងប្រុសនេះកាលពីថ្ងៃអាទិត្យ។
យោងតាមលោក សុខ ឌឿន នាយរងប៉ុស្តិ៍ ឃុំបានឲ្យដឹងថា ការបាញ់នេះបានកើតឡើងខណៈដែល សេក សុខមាន អាយុ១៥ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី២០១៥ឌុបប្អូនប្រុសរបស់ខ្លួនឈ្មោះ សេក សុខគា អាយុ១៣ ឆ្នាំ និងមិត្តភក្តិពីរនាក់ទៀតត្រឡប់មកពីពិធីបុណ្យនៅវត្តក្នុងឃុំក្រាំងស្នាយ ស្រុកឈូុក។
លោកបានលើកឡើងថា ខណៈពេលក្មេងប្រុសទាំងនេះកំពុងជិះម៉ូតូឆ្ពោះទៅភូមិរបស់ខ្លួនវិញបន្ទាប់ពីរំលងអធ្រាត្រនោះ បុរសពីរនាក់អាយុខ្ទង់៣០ឆ្នាំដែលឈរនៅចិញ្ចើមផ្លូវបានស្រែកឲ្យពួកគេឈប់។
លោកបាននិយាយថា “ប៉ុន្តែអ្នកបើកម៉ូតូនៅតែបន្តបើក ហើយក្រុមចោរប្លន់បានបាញ់ ពួកគេពីក្រោយតែម្តង”។លោកបន្ថែមថា ជនរងគ្រោះទាំងនេះត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ដែលបាញ់ចេញពីកាំភ្លើងអាកា-៤៧។
លោក ឌឿន បាននិយាយថា គ្រាប់កាំភ្លើង បានត្រូវដៃម្ខាងរបស់មិត្តភក្តិម្នាក់ មុនពេលទម្លុះត្រង់បោះដៃផុតរបស់ សេក សុខគា ហើយបន្ទាប់មកទៅត្រូវ សុខមាន។
មន្ត្រីនគរបាលរូបនេះបាននិយាយថា សុខមាន បានបើកទៅមុខចម្ងាយ១៥០ម៉ែត្រទៀតមុនពេលឈប់ម៉ូតូ ហើយស្រែកឲ្យគេជួយខណៈនោះក្រុមចោរប្លន់បានគេចខ្លួនពីកន្លែងកើតហេតុ។
លោកបាននិយាយថា សេក សុខគា បានហូរឈាមរហូតដល់ស្លាប់នៅតាមផ្លូវ ចំណែក សុខមាន ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រោយមក។ លោកបានបន្ថែមថា នគរបាលមិនទាន់មានតម្រុយក្នុងករណីនេះទេ ប៉ុន្តែកំពុងបន្តស៊ើបអង្កេត៕សារុន