យោងតាមអ្នកដែលជាប់ ពាក់ព័ន្ធនៅក្នុងការពិភាក្សាឲ្យដឹងថា លោក សយ សុភាព ជាអ្នកអត្ថាធិប្បាយព័ត៌មានដ៏ល្បីល្បាញ និងជាអ្នកសម្រុះសម្រួល ជាយូរមកហើយសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងសម្រុះសម្រួលឲ្យមានដំណោះស្រាយដែលអាចអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងវិលត្រឡប់មកប្រទេសវិញដោយមិនប្រឈមការចាប់ខ្លួន។
កាលពីថ្ងៃសុក្រ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានស្នើឲ្យអនុវត្តសាលក្រមតុលាការកាលពីឆ្នាំ២០១១ ដែលកាត់ទោសឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ចំពោះការអះអាងថា រដ្ឋមន្ត្រីរូបនេះគឺជាអ្នកចូលដៃជើងរបស់ខ្មែរក្រហម ទោះបីជាការផ្ដន្ទាទោសនេះត្រូវមជ្ឈដ្ឋានទូទៅយល់ថា ត្រូវបានលើកលែងទោសកាលពីឆ្នាំ២០១៣ ក្ដី។
លោក សម រង្ស៊ី បានសន្យាវិលត្រឡប់ពីទីក្រុងសេអ៊ូលមកកាន់រាជធានីភ្នំពេញវិញនៅយប់ថ្ងៃច័ន្ទ ប៉ុន្តែបានប្ដូរចិត្តនៅប៉ុន្មានម៉ោងមុនការចេញដំណើរតាមការគ្រោងទុករបស់លោក ក្រោយពីក្រុមតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាបោះឆ្នោតដកអភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់លោកដែលការពារលោកពីការផ្ដន្ទាទោស។
លោក សម រង្ស៊ី បានថ្លែងតាមទូរស័ព្ទកាលពីម្សិលមិញថា លោកតែងតែយល់ថា ការព្រះរាជទានលើកលែងទោសដល់លោក កាលពីឆ្នាំ២០១៣ ដែលបានអនុញ្ញាតឲ្យលោកវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយសេរី និងដោយគ្មានការប្រឈមការផ្ដន្ទាទោសបទព្រហ្មទណ្ឌមួយចំនួននោះ ក៏បានរាប់បញ្ចូលសាលក្រមឆ្នាំ២០១១ នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍របស់លោក ហោ ណាំហុង ដែរ។
លោកបានមានប្រសាសន៍ថា “ជាការពិត។ នៅពេលខ្ញុំសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញនៅខែកក្កដា ឆ្នាំ២០១៣ ខ្ញុំបានប្រាប់អ្នកគ្រប់គ្នារួមទាំងមនុស្សរបស់គណបក្សប្រជាជនកម្ពុជាផងថា ខ្ញុំបានសម្រេចចិត្តហើយ មិន ថា មានការព្រះរាជទានលើកលែងទោសដែលខ្ញុំមិនទាន់មានឬក៏អត់នោះទេ ពីព្រោះការបោះឆ្នោតគឺជាពេលល្អដែលត្រូវត្រឡប់ មកវិញ។ គេបានប្រាប់ឲ្យខ្ញុំរង់ចាំ ពីព្រោះពួកគេកំពុងត្រៀមរៀបចំការលើកលែងទោសរបស់ខ្ញុំ ហើយមិនចង់បាក់មុខ”។ លោក បានពន្យល់ថា អ្នកទំនាក់ទំនងរបស់លោកគឺជា “មនុស្សម្នាក់ដែលជិតស្និទនឹងគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលដែលគ្រប់គ្រងក្រុមហ៊ុនសារព័ត៌មានមួយចំនួន”។
នៅពេលសាកសួរថា តើម្នាក់នោះគឺលោក សយ សុភាព ដែលជាម្ចាស់សារព័ត៌មានដើមអម្ពិល និងមានភាគហ៊ុនក្នុង ហ្វ្រេស ញូស៍ (Fresh News) និងជាអ្នកសម្រុះសម្រួលដ៏ល្បីល្បាញរបស់គណបក្សប្រជាជនកម្ពុជាឬយ៉ាងណានោះ លោក សម រង្ស៊ី បានឆ្លើយថា លោក ជឿថា ជាលោក សយ សុភាព។
លោកបានគូសបញ្ជាក់ថា ”ខ្ញុំគិតថា គឺជាគាត់។ គាត់បានប្រាប់ខ្ញុំថា ‘ ខ្ញុំអាចធានាអះអាង ចំពោះឯកឧត្ដមថា អ្វីៗនឹងត្រូវបានរៀបចំ’។ លើកនេះខ្ញុំក៏បានឮដែរពាក់ព័ន្ធនឹងរឿងនេះ ប៉ុន្តែខ្ញុំមិនអាចបង្ខំបានទេ។ ខ្ញុំត្រូវរង់ចាំឲ្យអ្វីៗ កើតឡើងសិន”។
ចំណែកឯលោក សយ សុភាព បានបញ្ជាក់ កាលពីម្សិលមិញថា កាលពីថ្ងៃច័ន្ទ លោកបានជួបជាមួយ “លេខា” ម្នាក់របស់លោក សម រង្ស៊ី ប៉ុន្តែលោកបានបញ្ជាក់ថា តួនាទីរបស់លោកគឺគ្រាន់តែផ្តល់យោបល់ប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា “កាលពីម្សិលមិញ ខ្ញុំ និងលេខាម្នាក់មកពីខាងលោក សម រង្ស៊ី បានជួបពិភាក្សាគ្នាជាលក្ខណៈក្រៅផ្លូវការ។ យើងបានមើលឃើញស្ថានភាពយ៉ាងម៉េច ហើយយើងក៏ផ្តល់គំនិតយោបល់ដល់គាត់ ប្រសិនបើគាត់ចង់ស្តាប់។ខ្ញុំគ្រាន់តែផ្ដល់គំនិតយោបល់ក្នុងនាមជាមិត្ត និងជាបុគ្គលម្នាក់ប៉ុណ្ណោះ មិនមែនក្នុងនាមជាអ្នកសម្រុះសម្រួលទេ។ រវាងអ្នក និងខ្ញុំ ខ្ញុំគ្រាន់តែនិយាយធម្មតាថា ប្រសិនបើគាត់អាចថយមួយជំហានវាជាការល្អ ពីព្រោះយើងសុទ្ធតែចាស់ទុំ ហើយយើងគួរតែនិយាយគ្នា”។
លោកបានលើកឡើងថា ការជជែកគ្នានេះធ្វើឡើងអំឡុងពេលទទួលទានកាហ្វេ ហើយលោកសង្ឃឹមថា វានឹងឈានទៅរកដំណោះស្រាយមួយដែលស្រដៀងគ្នាទៅនឹងពីរលើកចុងក្រោយដែលលោក សម រង្ស៊ី ត្រូវបានលើកលែងទោស និងអនុញ្ញាតឲ្យវិលត្រឡប់ចូលស្រុកវិញដោយសេរី។
លោកបានបន្តថា “នៅក្នុងឆ្នាំ២០០៦ និង ឆ្នាំ២០១៣ លោក សម រង្ស៊ី ពឹងផ្នែកលើការផ្ញើលិខិត។ យើងគ្រាន់តែធ្វើរឿងនោះជួសមុខឲ្យប្រជាពលរដ្ឋកម្ពុជា និងអ្នកកាសែតដើម្បីជួយគ្នាប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែជួយតាមរយៈការផ្ញើសារប៉ុណ្ណោះ”។
សូមរំឭកថា កាលពីឆ្នាំ២០០៦ លោក ហ៊ុន សែន បានចេញលិខិតមួយច្បាប់ថ្លែងអំណរគុណលោក សយ សុភាព ចំពោះការជួយរដ្ឋាភិបាលដោះស្រាយករណីពាក់ព័ន្ធលោក និងឥស្សរជន ព្រមទាំងសកម្មជនផ្សេងទៀតរបស់គណបក្សប្រឆាំងផងដែរ ដោយសរសេរ ថា ការងាររបស់លោកត្រូវបានធ្វើឡើងក្នុង “បរិយាកាសជាគ្រួសារតែមួយ”។
លោក សយ សុភាព បានគូសបញ្ជាក់កាលពីម្សិលមិញថា ការចរចាដែលបានឈានទៅដល់ការលើកលែងទោសលោក សម រង្ស៊ី កាលពីឆ្នាំ២០១៣ បានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០១១ម៉្លេះ។ត្រឡប់ទៅពេលមុននោះក្នុងឆ្នាំ២០០៦ លោក សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ទៅលោក ហ៊ុន សែន ដើម្បីសូមទោសចំពោះការចោទប្រកាន់លោកថាជាអ្នករៀបចំការគប់គ្រាប់បែកនៅក្នុងឆ្នាំ១៩៩៧ទៅលើពិធីជួបជុំមួយរបស់លោកក្នុងរាជធានីភ្នំពេញ ដែលបានសម្លាប់អ្នកគាំទ្ររបស់លោកចំនួន១៦ នាក់ និងរបួសជាង ១៥០ នាក់ផ្សេងទៀត។
ក្រោយលោក សម រង្ស៊ី សម្រេចចិត្តមិនវិលត្រឡប់ពីទីក្រុងសេអ៊ូលវិញ កាលពីយប់ថ្ងៃច័ន្ទ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការចរចាណាមួយបែបនេះសម្រាប់សេរីភាពរបស់លោក សម រង្ស៊ី មិនអាចកើតឡើងឡើយនៅពេលនេះ រហូតទាល់តែប្រធានគណបក្សប្រឆាំងរូបនេះជាប់ពន្ធនាគារសិន។
កាលពីម្សិលមិញ អ្នកនាំពាក្យរូបនេះបានទទួលស្គាល់ថា កន្លងមក លោក សយ សុភាព ពិតជាបានជួយគណបក្សកាន់អំណាចដោះស្រាយស្ថានភាពតានតឹងខាងនយោបាយមែន ប៉ុន្តែបានបញ្ជាក់ថា វិធីនោះមិនអាចជួយប្រធានគណបក្សប្រឆាំងរូបនេះបានឡើយលើកនេះ។
លោកបានបន្តថា “គណបក្សប្រជាជន មិនដែលពឹងឲ្យលោក សយ សុភាព សម្រុះសម្រួលនៅក្នុងនយោបាយទេ ប៉ុន្តែមានបក្សផ្សេងទៀតដែលបានស្នើឲ្យលោក សយ សុភាព ធ្វើសំណើទៅគណបក្សប្រជាជនកាលពីឆ្នាំ២០០៨”។
អ្នកនាំពាក្យរូបនេះបានថ្លែងទៀតថា ដោយសារតែលោក ហ៊ុន សែន ធ្លាប់បានស្នើសុំឲ្យព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះរាជទានលើកលែងទោសដល់លោក សម រង្ស៊ី ចំនួនពីរលើករួចមកហើយ និងបានព្រមានថា លោកនឹងមិនធ្វើបែបនេះម្តងទៀតនោះ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះនឹងចៀសមិនផុតពីការជាប់ពន្ធនាគារឡើយ ប្រសិនបើលោកវិលចូលស្រុកវិញ។
លោកបានបន្តថា “សម្តេចបានលើកលែង ទោសលោក សម រង្ស៊ី ពីរលើករួចមកហើយ ហើយនឹងគ្មានលើកទី៣ឡើយ។ ប្រសិនបើមាន ការសម្រុះសម្រួល វានឹងជាន់គ្នាជាមួយនឹងច្បាប់។ គាត់ល្មើសច្បាប់ម្តងហើយម្តងទៀត ដូច្នេះគាត់នឹងត្រូវទទួលការផ្តន្ទាទោស”។
លោក សម រង្ស៊ី បានសន្យាវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ កាលពីយប់ថ្ងៃច័ន្ទដើម្បីប្រឈមការជាប់ពន្ធនាគារ ប៉ុន្តែបានមានប្រសាសន៍ថា លោកបានកែប្រែគម្រោង វិញ បន្ទាប់ពីលោក អេង ឆៃអ៊ាង តំណាង
គណបក្សសង្គ្រោះជាតិ បានផ្តល់យោបល់ឲ្យលោកពន្យារពេលត្រឡប់ចូលស្រុកវិញពីរបីថ្ងៃ ដើម្បីគេចពីផែនការរបស់គណបក្សប្រជា ជនបង្កបញ្ហាក្រោមភាពងងឹតនៃពេលយប់។
យោងតាមលោក សម រង្ស៊ី បានឲ្យដឹងថា អំពើហិង្សាដែលស្រដៀងគ្នាទៅនឹងការវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបដោយក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅខាងក្រៅរដ្ឋសភាកាលពីខែមុន ប្រហែលជាឈានទៅរកភាពតានតឹងកាន់តែខ្លាំងដែលធ្វើឲ្យលោក ហ៊ុន សែន ពន្យារពេលធ្វើកំណែទម្រង់បោះឆ្នោត ឬសូម្បីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ទៀតផង។
អត្ថបទមួយដែលចុះផ្សាយក្នុងកាសែតរស្មីកម្ពុជា កាលពីម្សិលមិញ បានលើកឡើងពីប្រភពអនាមិកមួយជិតស្និទ្ធនឹងលោក សម រង្ស៊ី ដែលនិយាយថា ពេលនេះលោកកំពុងរៀបចំគម្រោងវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញនៅថ្ងៃព្រហស្បតិ៍ ដោយពន្យល់ថា លោកនឹងមកដល់តាមជើងហោះហើរពីទីក្រុងប៉ារីស។
ទាក់ទិនបញ្ហានេះ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា ការចុះផ្សាយនោះមិនមែន ជាការពិតទេ ហើយថាគ្មានគម្រោងបែបនេះឡើយ។ លោកគូសបញ្ជាក់ថា ”គេសរសេរ រឿងប្រឌិត។ ខ្ញុំក៏ចេះពីរបៀបសរសេរបែបនេះដែរ។ ថ្ងៃស្អែក ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងប្រជុំពិភាក្សាអំពីការវិលត្រឡប់របស់គាត់ ហើយប្រមូលរាល់ព័ត៌មានដើម្បីផ្ញើទៅគាត់សម្រាប់ឲ្យគាត់សម្រេចចិត្ត”។
លោក សម រង្ស៊ី ដែលកាលពីយប់ថ្ងៃច័ន្ទបានបដិសេធមិនធានាថា ការស្នាក់នៅរបស់លោកនៅបរទេសនឹងមិនបន្តរាប់សប្តាហ៍ ឬរាប់ខែដូចពេលកន្លងទៅនោះ ក៏បានមានប្រសាសន៍កាលពីម្សិលមិញដែរថា គម្រោងរបស់លោកកំពុងរៀបចំនៅឡើយ។
លោកបានមានប្រសាសន៍ថា ”ខ្ញុំបានប្រាប់អស់លោកថា ខ្ញុំមានគម្រោងត្រឡប់មកវិញ ប៉ុន្តែខ្ញុំមិនអាចនិយាយថាថ្ងៃណាឲ្យប្រាកដបានទេ។ វាស្រ័យលើស្ថានភាព។ ខ្ញុំមានរឿងផ្សេងដែលត្រូវរង់ចាំ និងរឿងជាច្រើនដែលត្រូវដោះស្រាយ។ វាអាស្រ័យលើស្ថានការណ៍វិវឌ្ឍន៍។ នៅក្នុងយុទ្ធសាស្ត្រ អ្នកត្រូវពិចារណាគ្រប់ចំណុច ហើយពេលខ្លះរឿងប្រែប្រួលដូចជាការដកអភ័យឯកសិទ្ធិរបស់ខ្ញុំនៅប៉ុន្មានម៉ោងមុនពេលខ្ញុំវិលត្រឡប់ទៅវិញជាដើម។ ខ្ញុំនឹងខ្វាក់ភ្នែក ឬឆ្កួតលីលាដែលមិនប្រតិកម្មទៅនឹងចំណុចដែលបានកែប្រែស្ថានភាពទាំងមូល។ អភ័យឯកសិទ្ធិគឺជារឿងសំខាន់។ អ្នកបានសរសេរនៅថ្ងៃនេះថា វាជាបញ្ហានៃភាពគួរឲ្យជឿទុក ចិត្ត ហើយកិត្តិយសរបស់ខ្ញុំកំពុងប្រឈមការបាត់បង់។នោះជាមូលហេតុដែលជាបណ្ដោះ អាសន្នខ្ញុំមិនអាចនិយាយបាន។ ប្រសិនបើរឿង លើសពីការរំពឹងទុក សំខាន់កើតឡើងដែល ចំណេញដល់ខ្ញុំ ខ្ញុំនឹងត្រឡប់វិញភ្លាម”៕ សុខុម