យោងតាមសេចក្តីប្រកាសព័ត៌មានមួយបង្ហោះតាមវិបសាយរបស់នគរបាលជាតិកាលពីថ្ងៃអង្គារបានឲ្យដឹងថា អាជ្ញាធរបានពង្រឹងសន្តិសុខទូទាំងប្រទេសកម្ពុជា ជាការឆ្លើយទៅនឹងការវាយប្រហារភេរវកម្មកាលពីសប្ដាហ៍មុននៅក្រុងប៉ារីស ដែលបានបណ្តាលឲ្យមនុស្ស១២៩នាក់ស្លាប់។
លោក ឆាយ គឹមខឿន នាយសេនាធិការនគរបាលជាតិ បានមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា សកម្មភាពពង្រឹងសន្តិសុខសំដៅការពារមិនត្រឹមតែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែទេសចរបរទេសនិងអ្នកស្នាក់នៅផងដែរ ដោយលើកឡើងថា យកចិត្តទុកដាក់ជាពិសេសទៅលើការប្រកួតបាល់ទាត់ជម្រុះវើលខាប់ហ្វីហ្វាកាលពីយប់មិញ រវាងក្រុមកម្ពុជានិងក្រុមជប៉ុននៅពហុកីឡាដ្ឋានអូឡាំពិកក្នុងក្រុងភ្នំពេញ។
ឧត្តមសេនីយ៍ឯក គឹមខឿន បានមានប្រសាសន៍ថា “កម្លាំងត្រូវបានដាក់ពង្រាយក្នុងក្រុងភ្នំពេញនិងតាមខេត្តនានា ក្រោយពីមានសេចក្តីរាយការណ៍អំពីភេរវកម្មនៅលើពិភពលោក ជាពិសេសនៅក្រុងប៉ារីស និងដោយសារប្រទេសកម្ពុជាក៏ទទួលរៀបចំការប្រកួតជម្រុះវើលខាប់ផងដែរ”។
លោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា លោកបានទទួលបញ្ជាពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឲ្យដាក់ពង្រាយកម្លាំងនៅជិតតំបន់នានាដែលជនបរទេសទៅញឹកញាប់។
លោកបានមានប្រសាសន៍ថា “យើងខ្វល់ខ្វាយណាស់អំពីការពង្រឹងសន្តិសុខ ពីព្រោះពួកភេរវជនមិនដែលឲ្យយើងដឹងថាពួកគេចង់វាយប្រហារ ដែលអាចកើតឡើងប្រសិនបើយើងធ្វេសប្រហែស”។
សំដៅចំពោះការបំផ្ទុះគ្រាប់បែកដែលធ្វើឲ្យបាត់បង់ជីវិតមនុស្សនៅទីសក្ការៈអេរ៉ាវ៉ានក្នុងក្រុងបាងកកកាលពីខែសីហា ឧត្តមសេនីយ៍ត្រី ប៉ែន រ័ត្ន បានមានប្រសាសន៍ថា ពលរដ្ឋកម្ពុជានិងប្រទេសជិតខាងក្នុងតំបន់ទំនងជាមិនមែនការចាប់អារម្មណ៍ពីពួកសកម្មប្រយុទ្ធនោះទេ ប៉ុន្តែជនបស្ចិមប្រទេសអាចជាគោលដៅ។
លោកបានមានប្រសាសន៍៍ថា “ពួកភេរវករមិនមែនជាសត្រូវរបស់ប្រជាជនថៃទេ។ មូលហេតុដែលពួកគេវាយប្រហារប្រទេសថៃ គឺពីព្រោះមានជនបស្ចិមប្រទេសច្រើនរស់នៅក្នុងប្រទេសនោះ”។
ទន្ទឹមនឹងទទួលស្គាល់ថាអាជ្ញាធរគ្មានភ័ស្តុតាងបញ្ជាក់ថាការវាយប្រហារនឹងកើតមានឡើងនោះ ឧត្តមសេនីយ៍ត្រី ប៉ែន រ័ត្ន បានមានប្រសាសន៍ថា ប៉ូលិសចាំបាច់ត្រូវប្រុងប្រយ័ត្នជានិច្ច។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ពួកភេរវករមុខជាមានផែនការរួចស្រេចវាយប្រហារប្រទេសទាំងអស់ ប៉ុន្តែ ពួកវាឥឡូវនេះកំពុងរង់ចាំបញ្ជាឲ្យវាយប្រហារប៉ុណ្ណោះ”។
លោកបានបដិសេធមិននិយាយថាលោកបានដាក់ពង្រាយកម្លាំងសន្តិសុខប៉ុន្មាននាក់នោះទេ។
លោកបាននិយាយថា “ខ្ញុំមិនអាចប្រាប់អស់លោកអំពីចំនួនកម្លាំងរបស់យើងទេ ពីព្រោះសត្រូវអាចវាយប្រហារយើង ប្រសិនបើពួកគេដឹងផែនការរបស់យើងជាមុននោះ”៕ និត