យោងតាមរបាយការណ៍ចុងក្រោយរបស់ភាពជាដៃគូថវិកាអន្តរជាតិ ដែលចេញកាលពីថ្ងៃអង្គារ ដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលនៅក្រុងភ្នំពេញឲ្យដឹងថា ថវិកាជាតិឆ្នាំ២០១៤របស់ប្រទេសកម្ពុជាមានតម្លាភាពតិចជាងថវិកាឆ្នាំ២០១២។
ប្រទេសកម្ពុជាក៏ជាប់លំដាប់ប្រទេសអន់ទី៧ចំពោះតម្លាភាពថវិកាក្នុងចំណោម១០២ប្រទេស ដែលសិក្សាដោយអង្គការឯករាជ្យនេះ គឺមានលំដាប់ស្មើនឹងប្រទេសវេណេហ្សូអេឡា។
យោងតាមរបាយការណ៍នេះ ផ្អែកលើថវិកាឆ្នាំមុន ភាពខ្សោយបំផុតរបស់ប្រទេសកម្ពុជា គឺកង្វះការទាក់ទងជាមួយសាធារណជន អំឡុងដំណាក់កាលពិគ្រោះយោបល់ដំបូង និងការខកខានមិនបានបញ្ចេញទិន្នន័យពិស្ដារអំពីថាតើ ថវិកាប្រើប្រាស់ទៅទីណាពិតប្រាកដ បន្ទាប់ពីមានការសម្រេចយល់ព្រមរួចហើយ។
ប្រទេសកម្ពុជាបានពិន្ទុ៨ប៉ុណ្ណោះក្នុងចំណោមពិន្ទុ១០០សម្រាប់តម្លាភាពនិងការចូលរួមជាសាធារណៈ ធៀបទៅនឹង១៥ពិន្ទុក្នុងការសិក្សាចុងក្រោយ ដែលពិនិត្យមើលថវិកាឆ្នាំ២០១២។
ពិន្ទុកំណត់ដោយការវិនិច្ឆ័យលើការទទួលបានឯកសារ ដែលពន្យល់អំពីថវិកា និងដោយការពិនិត្យលើការព្រាង និងការអនុវត្តរបស់ខ្លួន ក្នុងនោះមានសំណើដំបូង ការអនុម័ត ការពិនិត្យ ភាពជឿនលឿន និងសវនកម្មដោយឯករាជ្យ។
ធៀបទៅនឹងពិន្ទុ២៥ជាមធ្យមលើពិភពលោក របាយការណ៍និយាយថា ពិន្ទុ៨របស់”កម្ពុជាក្នុងចំណោមពិន្ទុ១០០ បង្ហាញថា ការផ្តល់ឱកាសឲ្យសាធារណជនចូលរួមក្នុងដំណើរការថវិកាគឺខ្សោយ”។
របាយការណ៍បន្ថែមថា ក្នុងចំណោមកង្វល់ពិសេសគឺភាពមិនគ្រប់គ្រាន់នៃ “របាយការណ៍ថវិកាសង្ខេប” របស់ក្រសួងហិរញ្ញវត្ថុ ដែលសំដៅអប់រំសាធារណជនអំពីថវិកា។ របាយការណ៍និយាយថា ថវិកាជាសង្ខេបគឺមិនទូលំទូលាយ ឬផ្សព្វផ្សាយជាទូទៅដល់សាធារណជនទេ”។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំង និងជាអនុប្រធានគណៈកម្មការធនាគារ ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា បានមានប្រសាសន៍ថា លទ្ធផលរកឃើញពីការសិក្សានេះគឺសមហេតុសមផល។
ដោយលើកបង្ហាញក្រសួងការពារជាតិជាឧទាហរណ៍មួយនៃភាពមិនច្បាស់លាស់នៃហិរញ្ញវត្ថុរដ្ឋាភិបាល លោកបានមានប្រសាសន៍ថា “ពលរដ្ឋកម្ពុជាជាម្ចាស់ប្រទេស ពួកគេបង់ពន្ធ ដូច្នេះហើយយើងចង់ឲ្យពួកគេអាចមានសិទ្ធិទទួលបានឯកសារ”។
ដោយសំដៅលើការបន្ថែមឈ្មោះក្លែងក្លាយក្នុងបញ្ចីប្រាក់ខែ ដើម្បីឲ្យអ្នកផ្សេងអាចទទួលប្រាក់ខែនោះ លោកបានមានប្រសាសន៍ថា “នៅក្រសួងការពារជាតិ យើងដឹងថា ពួកគេមានទាហានខ្មោច ដូច្នេះលុយនោះធ្លាក់ចូលទៅក្នុងខ្ទង់ហ្នឹង”។
លោក ឡាយ សុខឃាង អនុប្រធាននាយកដ្ឋានថវិកាក្រសួងហិរញ្ញវត្ថុ បានបន្ទោសទំនាក់ទំនងមិនល្អចំពោះរបាយការណ៍ថវិកាយឺតពេល និងបានមានប្រសាសន៍ថា កង្វះភាពមិនច្បាស់លាស់របស់ពួកគេ មិនមានន័យថា នាយកដ្ឋានរបស់លោកមិនហ្មត់ចត់នោះទេ។
លោកបានមានប្រសាសន៍ថា “យើងអាចធ្វើការងាររបស់យើង ប៉ុន្តែ យើងមិនអាចសរសេររបាយការណ៍បានរហ័ស។ ដោយមិនបានបញ្ចេញរបាយការណ៍សម្រាប់ការផ្សព្វផ្សាយ យើងមិនអាចទទួលបានពិន្ទុល្អទេ”។
ចំពោះការចូលរួមសាធារណៈ លោក សុខឃាង បានមានប្រសាសន៍ថា នាយកដ្ឋានរបស់លោកនៅឆ្នាំនេះបានអញ្ជើញក្រុមហ៊ុនអចលនទ្រព្យ និងនិស្សិតសកលវិទ្យាល័យដែលសិក្សាហិរញ្ញវត្ថុ ដើម្បីលើកកង្វល់និងសំណួរអំពីថវិកា។
លោក គឹម ណៃ នាយកគម្រោងវេទិកាអង្គការមិនមែនរដ្ឋាភិបាលបានមានប្រសាសន៍ថា ការពិគ្រោះជាមួយពលរដ្ឋមានការអប់រំនិងអ្នកពាក់ព័ន្ធមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
លោកបានមានប្រសាសន៍ថា “ការពិគ្រោះយោបល់កន្លះថ្ងៃមិនគ្រប់គ្រាន់ឡើយ។ ពួកគេត្រូវផ្តល់យ៉ាងច្បាស់លាស់នូវ [ការអប់រំ] នៅកម្រិតឃុំសង្កាត់ និងនិយាយទៅកាន់ប្រជាពលរដ្ឋដោយផ្ទាល់”។
លោក ហ្សាវីយ៉េ កាស្ទីឡូ អាល់វ៉ារេស ប្រធានកិច្ចសហការម៉ាក្រូសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបនៅប្រទេសកម្ពុជា ដែលបានចូលរួមការបញ្ចេញរបាយការណ៍នេះ ក៏មានចម្ងល់អំពីការអះអាងរបស់លោក សុខឃាង ដែលថា នាយកដ្ឋានរបស់លោកមិនអាចចេញផ្សាយរបាយការណ៍ទាន់ពេល។
លោកបានមានប្រសាសន៍ថា “ប្រសិនបើរដ្ឋាភិបាលមិនអាចបញ្ចេញរបាយការណ៍ទាំងនេះ[ឲ្យយើង]ក្នុងពេលពីរសប្ដាហ៍ តើហេតុអ្វីពួកគេមិនអាចផ្សព្វផ្សាយវា?”៕ និត