33 C
Phnom Penh

កម្លាំង​ដាក់​នៅ​ខាង​ក្រៅ​សភា​ដើម្បី​ធានា​សុវត្ថិភាព​តំណាងរាស្ត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មន្ត្រី​ក្រុង​ម្នាក់​បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​មិន​ដល់​មួយ​ខែ​បន្ទាប់ពី​ក្រុម​និយម​ហិង្សា​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វាយ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នៅ​ខាង​ក្រៅ​សភា​ជាតិ​មក កម្លាំង​ចម្រុះ​មាន​ប៉ូលិស​និង​រាជ​អាវុធហត្ថ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្រៅ​សភា​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ធានា​សន្តិសុខ។

លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា សេចក្តី​សម្រេច​ពង្រឹង​សន្តិសុខ​នៅ​ជុំវិញ​សភា​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ​តាម​សំណើ​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា ដើម្បី​ការពារ​តំណាងរាស្ត្រ​ពី​អ្នក​តវ៉ា។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បារម្ភ​អំពី​សន្តិសុខ​របស់​តំណាង​រាស្ត្រ ដូច្នេះ​ហើយ យើង​ត្រូវតែ​ពង្រឹង​សន្តិសុខ​សម្រាប់​ពួកគាត់”។ លោក​បាន​បន្ថែម​ថា លោក ប៉េងឡុង បាន​សំដែង​កង្វល់​យ៉ាង​ពិសេស “ពីព្រោះ ប្រជាពលរដ្ឋ​មក​តវ៉ា និង​អង្រួន​របង​សភា​ជាតិ ក្នុង​បំណង​បំផ្លាញ​របង”។

លោក ស្រេង បដិសេធ​មិន​និយាយ​​ថា មន្ត្រី​ថ្មី​ប៉ុន្មាន​នាក់​មកពី​កម្លាំង​សន្តិសុខ​ក្រុង​ត្រូវ​ដាក់​ឲ្យ​ប្រចាំការ​នៅ​ឯ​សភា​ជាតិ​ទេ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា វិធី​ពីមុន​បញ្ជូន​កម្លាំង​បន្ថែម ពេលណា​ការ​ឆ្លើយតប​ចំពោះ​ការ​តវ៉ា​គ្មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​បាន​ព្រងើយ​នឹង​ការ​ការពារ​សន្តិសុខ​នៅ​សភា​ជាតិ​ទេ ប៉ុន្តែ​ជួនកាល​យើង​យឺត​ពេល​ពេក ពីព្រោះ​មិន​មាន​សន្តិសុខ​[គ្រប់គ្រាន់]​នៅ​ឯ​សភា​ជាតិ”។

កាលពី​ថ្ងៃ​ទី​២៦​ខែ​តុលា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​បាន​វាយ​ដុំ​ច្រំ​ធាក់​នៅ​ក្រៅ​សភា​ដោយ​បុរស​មួយ​ក្រុម ក្នុង​នោះ​មាន​ទាហាន​បី​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ ពេលមាន​ការ​តវ៉ា​មួយ​ប្រឆាំង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង។

លោក កែវ ភិរម្យ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​ដែរ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា ការ​ពង្រឹង​សន្តិសុខ​អាច​កើតមាន​ដោយសារ​ការ​កើន​ឡើង​ថ្មី​នៃ​ភាព​តានតឹង​នយោបាយ បន្ទាប់ពី​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិកាលពី​សប្តាហ៍​មុន​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​មូលហេតុ​ពិត​ទេ។ ប៉ុន្តែ​ប្រសិនបើ​ពិត​ជា​ដើម្បី​សន្តិសុខ​របស់​តំណាងរាស្ត្រ​មែន អ៊ីចឹង ល្អ​ហើយ ពីព្រោះ​យើង​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ពួក​ពាល”។

លោក​ស្រី ទេព វន្នី សកម្មជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​មកពី​តំបន់​បឹង​កក់​ក្នុង​ក្រុង​ភ្នំពេញ ដែល​ជា​ញឹកញាប់​តវ៉ា​នៅ​មុខ​សភា​ជាតិ បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​មិន​សប្បាយ​ចិត្ត​អំពី​កម្លាំង​ថ្មី​នេះ​ទេ។

លោក​ស្រី វន្នី បាន​មាន​ប្រសាសន៍​ថា “ការ​ពង្រឹង​សន្តិសុខ​ជា​វប្បធម៌​របស់​រដ្ឋាភិបាល​នេះ ពីព្រោះ​គេ​ចង់​បង្ហាញ​រូប​ភាព​គំរាមកំហែង​និង​បំភិត​បំភ័យ ក្នុង​ការ​ប៉ុនប៉ង​បង្ក្រាប​សេរី​ភាព​ប្រជាពលរដ្ឋ”។

លោក ឡេង ប៉េងឡុង មិន​អាច​ទាក់ទង​បាន​ទេ៕ និង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស