26 C
Phnom Penh

សាលាក្រុង​ជួប​ក្រុមហ៊ុន​ស៊ីនទ្រី​ដើម្បី​ព្រាង​កិច្ច​សន្យា​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សាលា​ក្រុង​ឲ្យ​ដឹង​ថា សាលាក្រុង​ភ្នំពេញ​កាលពី​ថ្ងៃពុធ បាន​ជួប​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ដែល​រង​ការ​រិះគន់ ដើម្បី​ព្រាង​កិច្ច​សន្យា​ថ្មី។

លិខិត​មួយ​ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ខែ​កុម្ភៈ បាន​អនុញ្ញាត​ឲ្យ​សាលា​ក្រុង​និង​ក្រសួង​បរិស្ថាន​ពិនិត្យ​ឡើងវិញ​នូវ​កិច្ច​សន្យា​របស់​ក្រុមហ៊ុន​ស៊ីនទ្រី បន្ទាប់ពី​មាន​ការ​តវ៉ា​ជា​ច្រើន​ឆ្នាំ​ពីសំណាក់​ប្រជាពលរដ្ឋ​ទាក់ទិន​នឹង​ការ​ប្រមូល​សំរាម​មិន​បាន​ល្អ​របស់​ក្រុមហ៊ុន​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្រុង​បាន​និយាយ​ថា “កិច្ច​ប្រជុំ​ស្តីពី​សេចក្តី​ព្រាង​កិច្ច​សន្យា​រវាង​ក្រុមហ៊ុន​ស៊ីនទ្រី​និង​អភិបាល​ខណ្ឌ​ទាំង​១២​របស់​ក្រុង​បាន​ស្វះស្វែង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រមូល​សំរាម​ក្នុង​៩៦សង្កាត់​របស់​រាជធានី”។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែម​ថា កន្លែង​ចាក់សំរាម​ថ្មី តម្លៃ​ប្រមូល​សំរាម ការ​ដឹក​ជញ្ជូន​សំរាម និង​ការ​ដាក់​រាយ​បុគ្គលិក​នៅ​ទូទាំង​សង្កាត់​របស់​ក្រុង ក៏​ត្រូវ​បាន​លើក​មក​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ ដែល​ចូលរួម​ដោយ​អភិបាល​ក្រុង ប៉ា សុជាតិវង្ស ដែរ។

កូដកម្ម​ជា​បន្តបន្ទាប់​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​រយៈពេល​ទទួល​កិច្ច​សន្យា​​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ដែល​ជា​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុង​តែមួយ​គត់​ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក។

ក្នុង​ពេល​ស្ទះ​ការងារ​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៤ សន្តិសុខ​ខណ្ឌ​ត្រូវ​គេ​ហៅ​មក​ឲ្យ​សម្អាត​គំនរ​សំរាម​ដែល​កាន់​តែ​គរ​ឡើងៗ។

ទាក់ទង​បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលា​ក្រុង បាន​មាន​ប្រសាសន៍​ថា សេចក្តី​លម្អិត​ថែមទៀត​ត្រូវ​តែ​ពិភាក្សា​ក្នុង​សេចក្តី​ព្រាង​កិច្ច​សន្យា​នោះ មុន​ពេល​បញ្ចប់​សេចក្តី​ព្រាង។

លោក​បាន​មាន​ប្រសាសន៍​ថា “ក្នុង​កិច្ច​ប្រជុំ យើង​បាន​ពិភាក្សា​ថា ធ្វើ​របៀប​ណា​ឲ្យ​ទីក្រុង​ស្អាត​ជាង​នេះ និង​ត្រូវ​បង្កើន​ការ​ប្រមូល​សំរាម​យ៉ាងណា”។ លោក​បាន​បន្ថែម​ថា តម្លៃ​ប្រមូល​សំរាម​ក៏​លើក​មក​ពិចារណា​ដែរ។

៉”ឥឡូវ​នេះ​យើង​កំពុង​ពិភាក្សា​អំពី[តម្លៃ​ប្រមូល​សំរាម] ពីព្រោះ​ជា​ធម្មតា​គេ​បង់​តាម​រយៈ​វិក្កយបត្រ​អគ្គិសនី ដូច្នេះ យើង​បាន​ពិភាក្សា​ថា​តើ​ពលរដ្ឋ​គួរ​បង់​ឲ្យ​ក្រុមហ៊ុន​ផ្ទាល់ ឬ​យ៉ាងណា”។

សួរ​ថា​តើ​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​អាច​ទទួល​បាន​កិច្ច​សន្យា​ដើម្បី​ប្រមូល​សំរាម​ជាមួយ​ក្រុមហ៊ុន​ស៊ីនទ្រី ជា​ជម្រើស​មួយ​លើកឡើង​ដោយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ខែ​កុម្ភៈ ឬ​យ៉ាង​ណា អ្នកនាំ​ពាក្យ​រូប​នេះ​មិនបាន​បដិសេធ​លទ្ធភាព​នេះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “នោះ​ជា​គំនិត​ល្អ​មួយ បើ​មាន​ក្រុមហ៊ុន​ពីរ​ប្រមូល​សំរាម ប៉ុន្តែ យើង​ត្រូវ​ពិនិត្យ​ឡើង​វិញ ថា​តើ​កិច្ច​សន្យា​[ចាស់] ផ្តល់​ការ​អនុញ្ញាត​ឲ្យ​មាន​ក្រុមហ៊ុន​ថ្មី ឬ​អត់ យើង​នឹង​ត្រូវការ​ពេល​វេលា​ដើម្បី​ពិភាក្សា​រឿង​នេះ”។

លោក សេង សាវី ប្រធាន​ក្រុមហ៊ុន​ស៊ីនទ្រី មិន​អាច​ទាក់ទង​បាន​ទេ៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស