កាលពីម្សិលមិញ នគរបាលខេត្តបន្ទាយមានជ័យបានបដិសេធមិនអនុញ្ញាតឲ្យអ្នកហែក្បួនមួយក្រុមធំដែលធ្វើការតវ៉ាប្រឆាំងនឹងការបណ្តេញពួកគាត់ចេញពីដី ដើរក្បួនដោយមានសែងមឈូសក្លែងក្លាយនៅក្នុងក្រុងប៉ោយប៉ែតឡើយ ដោយលើកឡើងថា ការសែងមឈូស បែបនេះមិនសមនឹងភ្នែកនោះទេ។
ក្រុមអ្នកតវ៉ាបាននិយាយថា អ្នកភូមិប្រហែល ៦០០គ្រួសារត្រូវបានបណ្តេញចេញពីផ្ទះសំបែងរបស់ខ្លួនស្ថិតនៅតាមផ្លូវរថភ្លើងដែលគេបោះបង់ចោលយូរមកហើយក្នុងឆ្នាំ២០១១ ដើម្បីឲ្យរដ្ឋាភិបាលអាចជួសជុសផ្លូវរថភ្លើងនេះ ប៉ុន្តែពួកគាត់មិនពេញចិត្តចំពោះសំណងដែលពួកគាត់ទទួល បានឡើយ។ ក្រុមអ្នកតវ៉ានិយាយថា ក្រុមទី២ដែលមានមនុស្សប្រហែល៣៥០គ្រួសារ ឥឡូវនេះកំពុងរងការគំរាមកំហែង បណ្តេញចេញដោយគ្មានផ្តល់សំណងអ្វីឡើយ។
លោក ឆេង ហាក់ ដែលរៀបចំការតវ៉ាបាននិយាយថា ហេតុការណ៍នេះត្រូវបានរៀបចំឡើង ពីព្រោះលោក និងមនុស្សបីនាក់ទៀតត្រូវបាននគរបាលកោះហៅទៅសាកសួរ ប៉ុន្តែបារម្ភថា ពួកគាត់នឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគាត់ទៅ។
លោកបាននិយាយថា ជំនួសវិញ “យើងបានធ្វើការតវ៉ានៅខាងក្រៅសាលាក្រុង ពីព្រោះយើងចង់ឲ្យអធិការនគរបាលចេញមកក្រៅហើយសួរប្រជាជនជាសាធារណៈ ប៉ុន្តែយើងមិនបានឃើញគាត់ទេ”។
ក្រុមអ្នកហែក្បួនបានជួបជុំគ្នានៅខាងក្រៅសាលាក្រុងប៉ោយប៉ែតនៅម៉ោង៨ព្រឹក ដោយសែងមឈូសក្លែងក្លាយដែលតុបតែងលម្អដោយក្រណាត់ និងមានសរសេរ សារសម្រាប់អាជ្ញាធរខេត្ត និងក្រុងថា “ទាំងនេះគឺជាសកសពរបស់មន្ត្រីរដ្ឋាភិបាលពុករលួយដែលបានរំលោភបំពានប្រជាជនស្លូតត្រង់ និងមិនស្មោះត្រង់ចំពោះប្រជាជន”។
យោងតាមលោក ស៊ុម ចាន់គា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានឲ្យដឹងថា ក្រុមអ្នកតវ៉ាបានហែក្បួនក្នុងក្រុងប្រហែល៣០នាទីមុនពេលនគរបាលមកជួបជាមួយពួកគាត់ ដោយបដិសេធមិនអនុញ្ញាតឲ្យពួកគាត់បន្តទៀតឡើយ លុះណាតែពួកគាត់យកមឈូសក្លែងក្លាយរបស់ខ្លួនទៅផ្ទះវិញសិន។ លោកបានថ្លែងថា ក្រុមអ្នកតវ៉ាបានសម្រេចបោះបង់ការហែក្បួនរបស់ខ្លួនពាក់កណ្តាលផ្លូវ ដោយមិនបានទៅដល់អធិការនគរបាលឡើយ។
នៅពេលត្រូវបានទាក់ទងក្រោយមក លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយ ប៉ែត បានថ្លែងថា នគរបាលបានសុំឲ្យក្រុមអ្នកតវ៉ាឈប់ហែក្បួនដោយមានការសែងមឈូសទៀតទៅ ពីព្រោះការសែងមឈូសក្លែង ក្លាយនេះមិនគាប់ភ្នែកអ្នកដទៃឡើយ។
លោកបានថ្លែងថា “យើងមិនបានដកហូតមឈូសពីអ្នកតវ៉ាទាំងនេះទេ។ យើងគ្រាន់តែសុំឲ្យពួកគាត់កុំហែក្បួនដោយសែងមឈូសទៀត ពីព្រោះវាមិនល្អសម្រាប់មនុស្សម្នាដែលធ្វើដំណើរនៅក្នុងក្រុងឃើញឡើយ”។ លោក សុផល ក៏បានលើកឡើងផងដែរថា ក្រុមអ្នកតវ៉ាដែលត្រូវបានកោះហៅមកសាក សួរនោះ នឹងមិនត្រូវបានចាប់ខ្លួនឡើយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានចេញ លិខិតអញ្ជើញអ្នកទាំងបួនមកសាកសួរនៅថ្ងៃនេះ ពីព្រោះពួកគាត់ធ្វើការតវ៉ាច្រើនលើកច្រើនសាមកហើយ ហើយយើងមិនដឹងថាពួកគាត់ចង់បានអ្វីឡើយ។ដូច្នេះយើងចាំបាច់ត្រូវប្រមូលព័ត៌មានពីពួកគាត់ថាតើពួកគាត់ចង់ឲ្យយើងជួយអ្វី។ បន្ទាប់មក ខ្ញុំនឹងធ្វើរបាយការណ៍ដាក់ជូនលោកអភិបាលខេត្ត”។
លោកបានថ្លែងថា អ្នកទាំងបួននឹងត្រូវកោះ ហៅមកសាកសួរជាថ្មីម្ដងទៀត៕ សារុន