ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា ក្រសួងមហាផ្ទៃកំពុងតាមស្វែងរកបុរសម្នាក់ដែលបានបង្ហោះសំបុត្របញ្ជាក់កំណើតក្លែងក្លាយនៅលើហ្វេសប៊ុក ដែលសរសេរថាទីកន្លែងកំណើតរបស់បុរសរូបនេះស្ថិតក្នុងខេត្តតាកែវ ប្រទេសវៀតណាម ដោយសារហេតុផលថា ជនសង្ស័យមាន “បំណងបំពុលបរិយាកាស”។
សំបុត្របញ្ជាក់កំណើតសម្រាប់ ឈ្មោះ ស៊ុត គង់ ត្រូវបានបង្ហោះនៅលើទំព័រហ្វេសបុកដែលមានឈ្មោះ ស៊ុត គង់នេះ កាលពីថ្ងៃពុធ ហើយត្រូវបានគេចែករំលែកយ៉ាងព្រោង ព្រាត។ សំបុត្របញ្ជាក់កំណើតនេះសរសេរថា បុរសរូបនេះកើតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៨៧ ក្នុងភូមិតាឡឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ (ប្រទេសវៀតណាម)។
លោក ម៉ៅ ចាន់តារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “ប្រជាពលរដ្ឋគ្រប់គ្នាដឹងយ៉ាងច្បាស់ថា ខេត្តតាកែវគឺស្ថិតនៅក្នុងប្រទេសកម្ពុជា។ យើងកំពុងតែសហការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីស្រាវជ្រាវគណនីហ្វេសប៊ុកនេះ”។
នៅពេលត្រូវបានសាកសួរថា តើហេតុអ្វីបានជាក្រសួងមហាផ្ទៃចំណាយធនធានដើម្បីស្រាវជ្រាវការបង្ហោះតាមហ្វេសប៊ុកដែលទំនងជាមិនធ្វើឲ្យប៉ះពាល់ដល់នរណា ម្នាក់នេះ លោកបានមានប្រសាសន៍ថា “គេមានបំណងបំពុលបរិយាកាស”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានលើកឡើងថា ជនល្មើសនឹងត្រូវដាក់ទោសទណ្ឌតាមច្បាប់ ប៉ុន្តែ ឧត្តមសេនីយ៍ ម៉ៅ ចាន់តារា បានបដិសេធមិននិយាយថា តើច្បាប់អ្វីដែលជននេះបានបំពាននោះឡើយ។
ទោះជាយ៉ាងណា លោកបានលើកឡើងថា គោលបំណងនៃការសើុបអង្កេតនេះគឺចង់រកឲ្យឃើញថា សំបុត្របញ្ជាក់កំណើតពិតជាខុសច្បាប់មែន។
លោកបានមានប្រសាសន៍បន្ថែមថា ”យើងបានពិនិត្យសំបុត្របញ្ជាក់កំណើតច្បាប់ដើមរបស់ [ស៊ុត គង់] ហើយសំបុត្របញ្ជាក់កំណើត នេះសរសេរថាជននេះកើតនៅក្នុង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្ត តាកែវប្រទេសកម្ពុជា”។
លោក យ៉ុក សារ៉ាត់ អធិការនគរបាលស្រុកគិរីរង់ បានលើកឡើងថា មន្ត្រីរបស់លោកកំពុងជួយក្នុងការសើុបអង្កេតដើម្បីតាមស្វែងរកឈ្មោះ ស៊ុត គង់ នេះ ឬថា តើនរណានៅពីក្រោយការបង្ហោះនេះ ប៉ុន្តែ បានបដិសេធមិនប្រាប់ព័ត៌មានលម្អិតនៃការសើុបអង្កេតនេះឡើយ។
លោកបានមានប្រសាសន៍ថា “វាក្លែងក្លាយ ព្រោះគ្មាននរណាម្នាក់សរសេរថា ខេត្ត តាកែវក្នុងប្រទេសវៀតណាមនោះឡើយ”។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាល ជាតិមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
មានពលរដ្ឋខ្មែរយ៉ាងតិច៤នាក់ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារពាក់ព័ន្ធការបង្ហោះ តាមហ្វេសប៊ុកក្នុងរយៈពេលបួនខែកន្លងមកនេះ ក្នុងនោះមានដូចជានិស្សិតឈ្មោះ គង់ រ៉ាយ៉ា ដែលជាប់ពាក់ព័ន្ធពីបទជំរុញឲ្យធ្វើ “បដិវត្តន៍ពណ៌” ពលករចំណាកស្រុក ឈ្មោះ ផង់ សីហា ដែលជាប់ពាក់ព័ន្ធពីបទគំរាមសម្លាប់លោក សុខ ទូច អ្នកស្រាវជ្រាវព្រំដែន សមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ លោក ហុង សុខហួរ ដែលជាប់ពាក់ព័ន្ធពីបទបង្ហាញសន្ធិសញ្ញាព្រំដែនក្លែងក្លាយ និង អ្នកគ្រប់គ្រងភោជនីយដ្ឋានម្នាក់ទៀត ឈ្មោះ តៅ សាវឿន ដែលជាប់ពាក់ព័ន្ធពីបទគំរាមដាក់គ្រាប់បែកក្នុងពិធីប្រគល់សញ្ញាបត្រ។
មនុស្សបួននាក់ផ្សេងទៀត ដែលរួមមានមន្ត្រីក្រសួងចំនួនពីរនាក់ និងទាហានម្នាក់ត្រូវ បានប្តឹងពីបទបង្ហោះសារតាមហ្វេសប៊ុកស្តីអំពីជីវិតផ្លូវភេទរបស់សមាជិកព្រឹទ្ធមួយរូបមកពីគណបក្សប្រជាជនកម្ពុជា៕ស៊ុយឈាង