ក្នុងពេលដែលមេដឹកនាំគណបក្សប្រឆាំងជួបប្រជុំគ្នានៅក្នុងក្រុងម៉ានីលនៅថ្ងៃសុក្រ ដើម្បីស្វែងរកការឆ្លើយតបទៅនឹងការកើតឡើងជាបន្តបន្ទាប់នៃបញ្ហានយោបាយនាពេលកន្លងទៅថ្មីៗនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិត្រូវតុលាការចោទពីបទចោទថ្មីមួយទៀត គឺការសមគំនិតក្នុងអំពើក្លែងឯកសារសាធារណៈ និងការញុះញង់ទាក់ទិននឹងការបង្ហោះជាសាធារណៈនៅលើហ្វេសប៊ុករបស់លោក ដោយអ្នកដទៃ។
បទចោទបានធ្វើឡើងមួយសប្តាហ៍ក្នុងពេលដែលលោក សម រង្ស៊ី ត្រូវនិរទេសខ្លួនពីប្រទេសបន្ទាប់ពីមានដីកាឲ្យចាប់ខ្លួនលោកក្នុងរឿងក្តីបទបរិហារកេរ្តិ៍កាលពី៧ឆ្នាំមុន។ ប្រធានគណបក្សសង្គ្រោះជាតិរូបេនះក៏ត្រូវដកអភ័យឯកសិទ្ធិរបស់លោក បន្ទាប់ពីមានការបណ្តេញចេញពីសមាជិកភាពរដ្ឋសភាដោយសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា។
លោក សម រង្ស៊ី បានស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងពេលដែលគេប្រកាសដីកាចាប់ខ្លួន ហើយលោកបានស្ថិតនៅក្រៅប្រទេសចាប់តាំងពីពេលនោះមកដោយប្រែក្រឡាស់លើសម្តីសន្យាថា នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងប្រឈមនឹងការជាប់ពន្ធនាគារ។ ដោយមានការចេញបទចោទប្រឆាំងនឹងរូបលោកដែលអាចជាប់ពន្ធនាគារ១៧ឆ្នាំបន្ថែមទៀត គឺមិនទាន់ប្រាកដប្រជាថា ប្រធានគណបក្សសង្គ្រោះជាតិរូបនេះនឹងវិលត្រឡប់មកប្រទេសកម្ពុជានៅពេលណានោះទេ។
តុលាការក្រុងភ្នំពេញបានប្រកាសអំពីបទចោទថា សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរនៅក្នុងដីកាមួយដែលចេញកាលពីថ្ងៃសុក្រ ដោយពន្យល់ថា ជាបទចោទបណ្តោះអាសន្ន ហើយនឹងបញ្ជាក់ថា មានប្រសិទ្ធភាព ឬទម្លាក់ចោលបន្ទាប់ពីលោក សម រង្ស៊ី ចូលខ្លួនដើម្បីសាកសួរដោយចៅក្រមសើុបអង្កេតនៅថ្ងៃទី៤ ខែធ្នូ វេលាម៉ោង ៨និង៣០នាទីព្រឹក។
ដីកានោះសរសេរថា “ក្នុងករណីមិនចូលខ្លួនតាមការកំណត់ខាងលើនេះ យើងនឹងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទៅតាមច្បាប់”។
មន្ត្រីតុលាការមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានមានប្រសាសន៍ថា លោកបានដឹងអំពីបទចោទនោះ ហើយថា វាទាក់ទងនឹងរឿងក្តីរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងគឺលោក ហុង សុខហួរ ដែលត្រូវគេចាប់ខ្លួន និងដាក់ពន្ធនាគារកាលពីខែសីហា តាមបទបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីការបង្ហោះវីដេអូបង្ហាញសន្ធិសញ្ញាព្រំដែនក្លែងក្លាយនៅលើហ្វេសប៊ុកលោក រង្ស៊ី ។
លោក ឥសាន បានមានប្រសាសន៍ថា “ទោះបីជា ឯកឧត្តម ហុង សុខហួរ បាននិយាយថា លោកបានបង្ហោះឯកសារដោយខ្លួនឯងក៏ដោយ ក៏លោកបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម សម រង្ស៊ី អ៊ីចឹងគាត់គឺជាអ្នកសមគំនិត”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបេនះបានមានប្រសាសន៍ថា “សកម្មភាពនេះពិតជាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ពីព្រោះវាខុសគ្នាទាំងស្រុកពីឯកសារដើម….មិនមែនបញ្ហាធម្មតាទេ ប៉ុន្តែជាបញ្ហាធ្ងន់ធ្ងរ”។
លោក រង្ស៊ី បានមានប្រសាសន៍កាលពីម្សិលមិញថា លោកសូមស្វាគមន៍ដំណឹងស្តីពីបទចោទបន្ថែមទៀត ទោះបីជាលោកមិនបានឆ្លើយតបទៅនឹងសំណួរថា តើបទចោទទាំងនោះអាចប៉ះពាល់ដល់សេចក្តីសម្រេចចិត្តរបស់លោកថា តើនឹងវិលត្រឡប់មកកាន់កម្ពុជាវិញដោយរបៀបណានោះទេ។
លោក រង្ស៊ី បានមានប្រសាសន៍ក្នុងអីុម៉េលថា “វាទំនងជាអាចប្រទាំងប្រទើស ប៉ុន្តែ ជាដំណឹងល្អសម្រាប់ខ្ញុំ គឺថា តុលាការដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាកាន់តែធ្វើត្លុកកំប្លែងកាន់តែខ្លាំង ខ្ញុំកាន់តែទទួលបានការគាំទ្រដើម្បីស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះទាំងអស់នៃការបង្ក្រាបនយោបាយនាពេលថ្មីៗកន្លងទៅនេះនៅប្រទេសកម្ពុជា”។
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានមានប្រសាសន៍បន្ថែមថា “នៅពេលនេះខ្ញុំនឹងមិនលេងជាមួយត្លុកទេ”។
លោក រង្ស៊ី អនុប្រធានរបស់លោកគឺ លោក កឹម សុខា និងអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក សុន ឆ័យ លោក យ៉ែម ប៉ុញ្ញាឫទ្ធ និងលោក អេង ឆៃអ៊ាង បានជួបប្រជុំគ្នានៅក្រុងម៉ានីល កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្ររបស់បក្សក្នុងការដោះស្រាយបញ្ហាដែលបានកើតឡើងកន្លងមកថ្មីៗនេះ រួមមានបណ្តឹងប្រឆាំងលោក រង្ស៊ី ការបណ្តេញលោក កឹម សុខា ចេញពីតំណែងសភា និងការវាយដំច្រំធាក់ទៅលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបនៅខាងក្រៅអគារសភាជាតិ ក្រោយពីមានការតវ៉ាគាំទ្រដោយគណបក្សប្រជាជនកម្ពុជាកាលពីដើមខែនេះ។
លោក រង្ស៊ី បានបញ្ជាក់ថា មានការប្រជុំមែន ប៉ុន្តែ បានបដិសេធមិនរ៉ាយរ៉ាប់លម្អិតថា មានការពិភាក្សាទៅលើអ្វីនោះទេ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “នៅក្រុងម៉ានីល មេដឹកនាំគណបក្សសង្គ្រោះជាតិកំពុងកែតម្រូវ និងសម្រួលយុទ្ធសាស្ត្រគណបក្សក្នុងពេលដែលមានស្ថានការណ៍ថ្មីៗកំពុងវិវត្ត។ អ្នកយល់ហើយថា បញ្ហានេះមិនអាចធ្វើឲ្យដឹងឮជាសាធារណៈបានទេ។ អ្នកនឹងឃើញអ្វីៗនឹងដំណើរការយ៉ាងណាហើយ។ ប៉ុន្តែ សរុបទៅ យើងមានសុទិដ្ឋិនិយម ពីព្រោះម្ខាងទៀតបង្កើតកំហុសច្រើនណាស់”។
លោក ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា រឿងក្តីថ្មីៗប្រឆាំងលោក រង្ស៊ី “មិនមែនរឿងនយោបាយទេ ប៉ុន្តែ បទព្រហ្មទណ្ឌ” ។ ទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកលោក រង្ស៊ី នៅក្នុងសុន្ទរកថាមួយនៅក្រុងប៉ារីស កាលពីខែមុនថា លោកដឹងអំពីបញ្ហាផ្លូវច្បាប់ថ្មីដែលទាក់ទងនឹងករណីហ្វេសប៊ុកហើយបានព្រមានថា ប្រសិនបើមានរឿងនោះកើតឡើង លោកនឹងមិនផ្តល់ការលើកលែងទោសទៀតទេ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ម្ចាស់ផេក គឺ រង្ស៊ី អ៊ីចឹងទេអាចដល់ម្នាក់ហ្នឹង។ ម្តងនេះ ខ្ញុំនឹងឈប់លើកលែងទោសឲ្យហើយ ព្រោះខ្ញុំធ្លាប់លើកលែងទោសឲ្យម្នាក់នេះពីរដងហើយ៕រើន (រាយការណ៍បន្ថែមដោយ Julia Wallace)