27 C
Phnom Penh

សាលា​រាជធានី​រំឭក​ខួប​៥ឆ្នាំ​​នៃការ​រត់ជាន់គ្នា​នៅកោះពេជ្រ​​​​អំឡុង​បុណ្យ​អុំទូក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​​បាន​ចូល​រួម​ជា​អធិបតី ​ក្នុង​ពិធី​រំឭក​ខួប​ប្រាំឆ្នាំ​នៃការ​រត់​ជាន់គ្នា​អំឡុង​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១០​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​​​៣៥៣​នាក់​ស្លាប់​ ដែល នៅ​​​ក្នុង​នោះ​រដ្ឋា​ភិបាល​ចាត់​ទុក​ថា ជាការ​បាត់​បង់​ជីវិត​​មនុស្ស​ដ៏ច្រើន​​​បំផុតតែ​​​មួយ​​​លើក​​​​​​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​​របប​ខ្មែរ​ក្រហម។

សោក​នាដកម្ម​នេះ​បាន​កើត​ឡើង​​នៅ​យប់​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​អំុ​ទូក​​​​​ពេល​​​មនុស្ស​​ ពីរក្រុម​ធំ​ដែល​​​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​​បាន​ជាប់​គាំង​ពពាក់​​​ពពូន​​​​កម្រើក​មិន​រួច​​នៅ​លើ​ស្ពាន​ចេញ​​​ចូល​​កោះ​ពេជ្រ។​​​ មនុស្ស​ជា​​​ច្រើន​​​​បាន​ជាប់​​​​គាំង​នៅក្នុង​ក្រុម​មនុស្ស​ ភាគ​​​ច្រើន​ជា​យុវជន​ អ្នក​ដើរ​កម្សាន្ត​មកពី​​​​បណ្តា​​​ខេត្ត​​​ បាន​ថប់​ដង្ហើម​​នៅ​ក្រោម​រាង​កាយ​ដែល​​​​គរ​ពី​លើ​គ្នា អ្នកផ្សេង​ទៀត​​ត្រូវ​គេ​រត់​​ជាន់​នៅពេល​មាន​ការ​ភ័យ​ស្លន់​ស្លោ។

កាល​​​ពី​​​ម្សិលមិញ លោក ប៉ា សុជាតិវង្ស អភិបាល​​​រាជ​​​ធានីភ្នំពេញ​​​ មានប្រសាសន៍​​​ក្នុង​​​ពិធី​​​រំឭក​​​ខួប​​​៥​​​ឆ្នាំ​​​នៃការ​​​ផ្អើល​​​រត់​​​ជាន់​​​គ្នា​​​ស្លាប់​​​នៅ​​​កោះ​​​ពេជ្រ​​​​​​ អំឡុង​​​ព្រះរាជពិធីបុណ្យអុំ​​​ទូក កា​​​ល​​​ពីឆ្នាំ​​​២០១០​​​។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily
កាល​​​ពី​​​ម្សិលមិញ លោក ប៉ា សុជាតិវង្ស អភិបាល​​​រាជ​​​ធានីភ្នំពេញ​​​ មានប្រសាសន៍​​​ក្នុង​​​ពិធី​​​រំឭក​​​ខួប​​​៥​​​ឆ្នាំ​​​នៃការ​​​ផ្អើល​​​រត់​​​ជាន់​​​គ្នា​​​ស្លាប់​​​នៅ​​​កោះ​​​ពេជ្រ​​​​​​ អំឡុង​​​ព្រះរាជពិធីបុណ្យអុំ​​​ទូក កា​​​ល​​​ពីឆ្នាំ​​​២០១០​​​។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

នៅ​ស្តូប​រំឭក​ដែលបាន​សាង​សង់​ឡើង​នៅ​ជាប់​ស្ពានដែល​ត្រូវ​បាន​វាយ​កម្ទេច​ចោល​តាំងពី​ពេលនោះ កាលពី​ម្សិលមិញ លោក ប៉ា សុជាតិ​វង្ស​ បាន​ចែក​អំណោយ​ជា​ប្រាក់​ចំនួន​៥០ដុល្លារក្នុង​មួយ​គ្រួសារ​ ជា​អំណោយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដល់​ប្រជា​ពលរដ្ឋ​៧៣គ្រួសារ​ ដែល​​​បាន​បាត់​បង់​សាច់​ញាតិ​ក្នុងហេតុការណ៍​​​ផ្អើល​​​រត់​ជាន់​គ្នា​នោះ ហើយ​បាន​មក​ចូលរួម​ពិធី​នេះ ដោយ​អះ​អាង​ថា​ រដ្ឋាភិបាល​មានការ​ភ្ញាក់​​​​ផ្អើល​​​យ៉ាង​​​​ខ្លាំង​​ពេល​ដឹង​ពី​សោក​នាដ​​​កម្ម​នេះ។

លោកបាន​មាន​ប្រសាសន៍​ថា “​បើ​ទោះជា​​ ហេតុការណ៍​បាន​កើត​ឡើង​រយៈពេល​ប្រាំ​​​ឆ្នាំ​កន្លង​ទៅហើយ​ក៏ដោយ ក៏​សោក​នាដកម្ម​នេះ​​នៅ​តែ​ត្រូវ​បាន​ចង​ចាំ​យ៉ាង​ច្បាស់​​​ក្នុង​​​អារម្មណ៍​របស់​​​ប្រជា​ពល​រដ្ឋ​របស់​យើង​ទាំង​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​តាម​បណ្តាខេត្ត​ដែរ”។

លោក​បាន​បន្ថែមថា “​យើង​ចាត់​ទុក​​ថ្ងៃ​​​២២ វិច្ឆិកា ជា​ទិវា​ចង​ចាំ ហើយ​យើង​មិន​អាច​ បំភ្លេច​បានឡើយ ពីព្រោះ​​វា​ជាសោក​នាដកម្ម​ ដ៏​ធ្ងន់​ធ្ងរ​។ ហេតុ​​​ការណ៍​​​ផ្អើល​​​​រត់​ជាន់គ្នា​​​នេះ​​​​បាន​កើត​ឡើង​ដោយសារ​យើ​ង​មានការ​ធ្វេស​ប្រហែស​ ពីព្រោះ​យើង​មិនដែលមាន​ហេតុការណ៍​ដូច​នេះ​ពី​មុន​មក​ទេ”។

នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការ​រត់​ជាន​់​គ្នាមក ​មន្ត្រី​នគរបាល​បាន​ទទួល​ស្គាល់​ថា មាន​កង្វះ​ខាត​ក្នុងការ​ដោះ​ស្រាយ​​ក្រុម​មនុស្ស​ដែល​សម្រុក​ទៅ​លេង​កោះពេជ្រ​នៅ​យប់​នោះ រួម​មាន​កង្វះ​ក្រុម​មន្ត្រី​ និង​កង្វះ​ ការ​បណ្តុះ​បណ្តាល​ជាដើម។ ពួកគេ​ក៏​បាន​បន្ទោស​ម្ចាស់​ឯក​ជនកាន់កាប់​​កោះ​ពេជ្រ គឺ​ក្រុម​ហ៊ុន​វិនិយោគ​ទុន​អាណិកជន​​កម្ពុជា ប៉ុន្តែ​ការ​ទទួល​ខុស​ត្រូវ​​ធ្លាក់ទៅ​លើ​សាលា​រាជ​ធានីទៅវិញ​។

ប៉ុន្តែ​បន្ទាប់ពី​ ​គណៈកម្មការ​ពិសេស​មួយ​ដែល​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​មាន​​​តែ​​​​សមាស​ភាព​មន្ត្រី​រដ្ឋាភិបាល​ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​​ហេតុ​ការណ៍នោះ​ក្នុង​រយៈ​​​ពេល​​​​មួយ​សប្តាហ៍មក លោក ហ៊ុន​​​ សែន បាន​ប្រកាស​​​ ​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​​​ឲ្យ​​​ទទួល​ខុស​ត្រូវ​ “​ចំពោះ​ការ​រត់​ជាន់​គ្នា​ដែល​នឹក​ស្មាន​មិន​ដល់​នេះ​ឡើយ​”។

គណៈកម្មការដែល​មិនដែល​បាន​បញ្ចេញ​របាយ​ការណ៍របស់ខ្លួន​​ជូន​សាធារណ​​​ជន​​​នោះ​បាន​សន្និដ្ឋាន​ថា ​ហេតុ​​​ការណ៍​​​ផ្អើលរត់​ជាន់​គ្នា​នេះ​បង្កឡើង​ដោយមនុស្ស​​​​ម្នាក់​នៅ​​​ក្នុង​ក្រុម​មនុស្ស​ដែល​បាន​ស្រែក​ថា ស្ពាន យោល​នេះ​ជិត​បាក់​ហើយ។​​​ ការ​ខិត​ខំប្រឹង​ប្រែង​​របស់​គណបក្ស​ប្រឆាំង​​ក្នុងការ​បង្កើត​គណៈកម្មការ​ទី​២ ជា​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​រក​មូលហេតុ​​នៃការ​រត់​ជាន់​គ្នា​ ត្រូវ​បាន​បិទ។

អ្នកស្រី មួន ផល្លី ដែលបាន​បាត់​បង់​កូន​​​ស្រី​​​​ពីរនាក់​ឈ្មោះ ជឿន ធារៈ អាយុ​២០ឆ្នាំ និង​ ជឿន ម៉ានី អាយុ​៣០ឆ្នាំ​ អំឡុង​ហេតុ​​​ការណ៍​​​ផ្អើល​រត់​ជាន់​គ្នា​​​ បាន​ធ្វើ​ដំណើរ​ពី​ក្រុង​តាខ្មៅ​ក្នុង​ខេត្ត​កណ្តាល​​មក​ចូលរួម​​ពិធី​កាលពី​ថ្ងៃម្សិលមិញ​នេះ។

អ្នកស្រី​បាន​និយាយ​ទាំង​ទឹកភ្នែក​ថា “​ខ្ញុំ​​​ក្រៀម​ក្រំ​ណាស់​ចំពោះ​ការ​ស្លាប់​កូន​ស្រី​របស់​ខ្ញុំ​ពីរ​នាក់​។ ជួន​កាល​ ខ្ញុំ​សន្លប់​​នៅពេល​ខ្ញុំ​នឹក​ឃើញ​ដល់​ការ​ស្លាប់​របស់​កូនស្រី​ខ្ញុំ។ វា​ជាកា​រក្រៀម​ក្រំ​ធំធេង​ណាស់​នៅក្នុង​ជីវិត​របស់​ខ្ញុំ”។

រដ្ឋាភិបាល​បាន​រៀប​ចំ​​ការ​ប្រណាំង​ទូក​​​ដែលមាន​រយៈពេល​បីថ្ងៃ​នៅក្នុង​រាជ​ធានី​ភ្នំពេញ​​តែម្តង​ប៉ុណ្ណោះ​​ចាប់​តាំង​ពី​ការ​រត់​ជាន់​​​​គ្នាមក។ រដ្ឋាភិបាល​បាន​ផ្អាក​ការ​ប្រណាំង ទូក​នៅ​ឆ្នាំ​នេះ ដែល​គ្រោង​ចាប់​ផ្តើម​នៅ​ថ្ងៃអង្គារ​​ ដោយ​អះ​អាង​ថា ស្ថានភាព​គ្រោះ​រាំង​ស្ងួត​​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​សាប​មានកម្រិត​ទាបណាស់​ ហើយ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ផ្តោត​ធន​ធាន​របស់ខ្លួន​ទៅ​លើ​ការ​ជួយ​ប្រជា​​​កសិករ​​​ ​ដែលរង​ផល​ប៉ះពាល់​វិញ៕ សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស