ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនញញឹមបិទមាត់មិនជិតពេលចាប់ដៃជាមួយលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក និងទទួលបានការអញ្ជើញជាលើកដំបូងសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនកាលពីចុងសប្តាហ៍កន្លងទៅនេះ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងមានប្រសាសន៍ថា លោកបានធ្វើដំណើរទៅអឺរ៉ុប ដើម្បីព្យាយាមដាក់សម្ពាធការទូតលើលោកនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់់ថា លោក សម រង្ស៊ី មិនទាន់ឈានជើងចូលប្រទេសកម្ពុជា វិញទេចាប់តាំងពីថ្ងៃទី៥ ខែវិច្ឆិកាមក ហើយប្រឈមនឹងការជាប់ពន្ធនាគារយ៉ាងហោចណាស់២ឆ្នាំសម្រាប់ការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ដែលមានអាយុកាលរាប់ឆ្នាំ ប្រសិនបើលោក ត្រឡប់មកវិញ ហើយប្រហែលជាអាចប្រឈមការជាប់ពន្ធនាគារ១៧ឆ្នាំទៀតដោយសារតុលាការគំរាមធ្វើការចោទប្រកាន់ថ្មីៗពីបទក្លែងបន្លំ និងបទញុះញង់ទាក់ទិនការបង្ហោះសារតាមហ្វេសប៊ុក។
លោក សម រង្ស៊ី បានបោះបង់ឱកាសប្រឈមតតាំងជាលើកទី១ក្នុងសំណុំរឿងដែលហាក់ដូចជាពាក់ព័ន្ធនឹងនយោបាយកាលពីសប្តាហ៍មុន នៅពេលលោកសម្រេចចិត្តមិនត្រឡប់មកវិញតាមយោបល់ឲ្យលោកស្វែងរកការដាក់សម្ពាធការទូតដើម្បីឲ្យលោកអាចវិលត្រឡប់មកវិញដោយមានសេរីភាព។
ទោះជាយ៉ាងណា ចាប់តាំងពីពេលនោះមក លោក ហ៊ុន សែន បានបង្ហាញសញ្ញាតិចតួចណាស់ថាលោកកំពុងទទួលរងសម្ពាធឲ្យអនុញ្ញាតលោក សម រង្ស៊ី បានវិលត្រឡប់មកវិញ ហើយក្តីបារម្ភណាមួយបែបនេះបានធូរស្រាលក្នុងទីក្រុងគូឡាឡាំពួ កាលពីរសៀល ម្សិលមិញ នៅពេលលោក អូបាម៉ា ប្រកាសថា លោកបានអញ្ជើញមេដឹកនាំ១០រូបរបស់អាស៊ានទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំក្រោយ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Agence France-Press ឲ្យដឹងថា លោក អូបាម៉ា បានលើកឡើងក្នុងសន្ទរកថាបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ថា “ខ្ញុំមានក្តីសោមនស្ស រីករាយដែលពួកគាត់ទទួលយក ហើយខ្ញុំទន្ទឹងរង់ចាំបន្តការងាររបស់យើង” ហើយលោកបានអះអាងថា ទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេសនៅអាស៊ី “ពិតជាមានសារៈសំខាន់” ចំពោះសន្តិសុខរបស់សហរដ្ឋអាមេរិក។
កិច្ចប្រជុំកំពូលនេះធ្វើឡើងបន្ទាប់ពីមានពាក្យសម្តីវាយប្រហារគ្នារាប់សប្តាហ៍រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ជុំវិញភាពតានតឹងនាវាចរណ៍នៅសមុទ្រចិនខាងត្បូង។ លោក ហ៊ុន សែន ដែលជាសម្ព័ន្ធមិត្តមួយរូបក្នុងចំណោមសម័្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រទេសចិននៅក្នុងតំបន់ និងជាគោលដៅដែលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មម្តងហើយម្តងទៀតក្នុងរយៈពេលជាង៣០ឆ្នាំដែលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីមិនធ្លាប់ទទួលបានការអញ្ជើញសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក បែបនេះឡើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ការអញ្ជើញនេះដោយមានប្រសាសន៍ថា វាបានបង្ហាញថា លោក សម រង្ស៊ី កំពុងប្រយុទ្ធក្នុងសមរភូមិចាញ់ដែលខំស្វះស្វែងរកការគាំទ្រផ្នែកការទូតចំពោះបុព្វហេតុរបស់លោក។
លោកបានបន្តថា “វាមិនមែនជាលើកទី១ទេនៅពេលលោក សម រង្ស៊ី មានបញ្ហា គាត់ រត់គេច ហើយធ្វើវើបែបនេះ ប៉ុន្តែត្រង់ថាគេស្តាប់គាត់ ឬក៏អត់ នោះជាបញ្ហាមួយទៀត។ ទោះបីជាគាត់ទៅស្នើសុំគេ ហើយខំឱបដៃឱបជើងគេក៏ដោយ ក៏គេនឹងមិនធ្វើតាមគាត់ដែរ។បើសម្តីរបស់គាត់មានប្រសិទ្ធភាព ហេតុអីប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញសម្តេច ហ៊ុន សែន ឲ្យទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក”។
មន្ត្រីមួយរូបនៅក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងប្រាប់ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ថា ព្រឹត្តិការណ៍ថ្មីៗនេះនៅក្នុងប្រទេសកម្ពុជា គឺជា ”ហេតុផលមួយដែលនាំឲ្យមានក្តីបារម្ភធំ” ហើយ “ធ្វើឲ្យនឹកឃើញដល់សម័យកាលផ្ដាច់ការនៅក្នុងប្រវត្តិសាស្ត្រកន្លងទៅថ្មីៗរបស់កម្ពុជា”។
នៅក្នុងខែកន្លងទៅ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបត្រូវបានហ្វូងបាតុករដែលគាំទ្រគណបក្សប្រជាជនកម្ពុជា វាយដំនៅខាងក្រៅរដ្ឋសភា ខណៈកងទ័ពត្រូវបានកេណ្ឌប្រមូលក្នុងយុទ្ធនាការមួយដែលទទួលបានជោគជ័យនៅទីបំផុតក្នុងការដកលោក កឹម សុខា ចេញពីអនុប្រធានរដ្ឋសភា។
ការបណ្ដេញលោក កឹម សុខា ដែលគណបក្សសង្គ្រោះជាតិនិយាយថា វាផ្ទុយពីរដ្ឋធម្មនុញ្ញ បានកើតឡើងមុនពេលមានដីកាចាប់ខ្លួនលោក សម រង្ស៊ី ទាក់ទិនការផ្តន្ទាទោសមួយដែលតុលាការបានសម្រេចកាលពីឆ្នាំ២០១១ និងបន្ទាប់មកការដកលោក សម រង្ស៊ី ចេញពីរដ្ឋសភាក្រោមស្នាដៃតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ។
តាមរយៈសារអេឡិចត្រូនិកមួយកាលពីថ្ងៃសៅរ៍ លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្នុងទីក្រុងម៉ានីល បានលើកឡើងថា លោកនៅតែមិនទាន់មានគម្រោងវិលត្រឡប់មកក្រុងភ្នំពេញវិញនៅឡើយ ហើយលោកនឹងធ្វើដំណើរទៅអឺរ៉ុប នៅសប្តាហ៍នេះដើម្បីដាក់សម្ពាធការទូតលើលោក ហ៊ុន សែន បន្ទាប់ ពីមានស្ថានភាពចលាចលផ្នែកនយោបាយរាប់ខែ។
លោក សម រង្ស៊ី បានសរសេរថា “សហភាពអឺរ៉ុប ប្រហែលជាអនុម័តដំណោះស្រាយ មួយមកលើកម្ពុជា នៅសប្តាហ៍ក្រោយ។ ខ្ញុំនឹងទៅដល់ទីក្រុងព្រុចសែល នៅថ្ងៃអង្គារ ទី២៤ វិច្ឆិកា” ហើយលោកបានគូសបញ្ជាក់ជាថ្មីថា លោកជឿថា លោក ហ៊ុន សែន បានប្រើយុទ្ធសាស្ត្រខុសនៅក្នុងការប្រយុទ្ធរបស់លោកប្រឆាំងគណបក្សសង្គ្រោះជាតិ។
លោកបានសរសេរទៀតថា “ការរំលោភច្បាប់គឺច្បាស់ណាស់គណបក្សប្រជាជនកម្ពុជាប្រើល្បិចកខ្វក់ទៅៗ។ ដោយសារអាកប្បកិរិយាគ្មានប្រជាធិបតេយ្យ របស់ពួកគេ ពួកគេបាត់បង់អ្នកគាំទ្រនិងអ្នកមានសមានចិត្តកាន់តែច្រើនក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក”។
មេដឹកនាំគណបក្សប្រឆាំងរូបនេះមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ យ៉ាង ណាក៏ដោយសារៈសំខាន់នៃការចាប់ដៃជាមិត្តភាពរបស់លោក ហ៊ុន សែន ជាមួយលោក អូបាម៉ា និងការអញ្ជើញឲ្យទៅធ្វើទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន នឹងមិនមែនខាតបង់លើ លោក សម រង្ស៊ី ដែលបានប្រើប្រាស់បំណងប្រាថ្នារបស់លោកនាយករដ្ឋមន្ត្រី ដែលចង់បានភាពត្រឹមត្រូវលើពិភពលោកជាយូរមកហើយមកធ្វើជាអាវុធនយោបាយដ៏សំខាន់មួយរបស់លោក។
លោក សម រង្ស៊ី បានមានប្រសាសន៍កាលពីខែមករាឆ្នាំ២០១៤ ពេលដែលលោក អូបាម៉ា បានចុះហត្ថលេខាជាផ្លូវការផ្អាកជំនួយមួយចំនួនមកកម្ពុជា នៅអំឡុងពេលមានវិបត្តិនយោ បាយកាលពីឆ្នាំមុនថា “នេះបង្ហាញពីការទះកំផ្លៀងលោក ហ៊ុន សែន។ លោក ហ៊ុន សែន…ភ័យ ព្រួយពីភាពនៅឯកោពីអន្តរជាតិជាងអ្នកណាទាំងអស់ក្នុងប្រទេសកម្ពុជា”។
លោក សម រង្ស៊ី បានលើកសរសើរការបោះឆ្នោតជាតិឆ្នាំ២០១៨ថាជាឱកាសល្អបំផុតរបស់គណបក្សប្រឆាំង ក្នុងការចូលកាន់អំណាចក្នុងពេលពីរទសវត្សរ៍នេះចាប់តាំងពីការបោះឆ្នោតដែលដឹកនាំដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣មក និងបានមានប្រសាសន៍ថា មូលហេតុរបស់លោកមិនវិលត្រឡប់មកវិញកាលពីសប្តាហ៍មុន គឺដើម្បីបញ្ចៀសហេតុការណ៍ជាបន្តបន្ទាប់ ដែលអាចធ្វើឲ្យលោក ហ៊ុន សែន មានហេតុផលដើម្បីលុបចោលការបោះឆ្នោត។
ក្រោយពីការបោះឆ្នោតបួនលើកជាបន្តបន្ទាប់ដែលលោក ហ៊ុន សែន បានទទួលជ័យជម្នះ ប៉ុន្តែត្រូវរួមរឹតដោយការចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោតនោះ គណបក្សសង្គ្រោះជាតិបានចុះកិច្ចព្រមព្រៀងមួយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំមុន ដើម្បីបង្កើតគណៈកម្មាធិការរៀបចំការបោះឆ្នោតទ្វេបក្សថ្មី និងធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី ដើម្បីធានាឲ្យមានការបោះឆ្នោតត្រឹមត្រូវ។
ក្នុងវីដេអូមួយដែលបង្ហោះនៅទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃសៅរ៍ លោកនិងលោក កឹម សុខា បានអំពាវនាវដល់ពលរដ្ឋកម្ពុជាឲ្យរក្សាភាពអំណត់
ខណៈដែលអ្នកទាំងពីរធ្វើដំណើរនៅក្រៅប្រទេស និងរកដំណោះស្រាយដើម្បីឲ្យលោក សម រង្ស៊ី អាចត្រឡប់មកវិញបាន។
លោក កឹម សុខា បានមានប្រសាសន៍ក្នុងវីដេអូ អង្គុយជាប់នឹងលោក សម រង្ស៊ី ថា “ក្នុង ឱកាសនេះដែរ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សកម្មជន សកម្មនារី និងប្រជាពលរដ្ឋខ្មែរទាំងអស់ មានជំនឿជឿជាក់ លើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ” យើងរក្សានូវគោលជំហរដដែល រឹងមាំ ឥតបែកបាក់គ្នា ហើយយើងខ្ញុំសូមអំពាវនាវដល់បងប្អូនមេត្តាបន្តចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីសម្រេចនូវបេសកកម្មប្រវត្តិសាស្ត្រ ក្នុងការសង្គ្រោះជាតិយើង ក្នុងពេលឆាប់ៗខាងមុខនេះ”៕ សុខុម និង និត