28.4 C
Phnom Penh

ការ​​​សិក្សារក​​​ឃើញ​​​ថា អំពើហិង្សា​លើ​ស្ត្រី​ ជា​កង្វល់​ផ្នែក​សុខ​ភាព​សាធារណៈ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ខេត្ត​​​កំពង់​​​ធំ​​​កាល​​​ពីឆ្នាំ​​​មុន ស្ត្រី​​​អាយុ​​​២៤​​​ឆ្នាំ​​​ម្នាក់​ត្រូវ​​​បាន​​​ចាប់​​​ចង​​​​​​ហើយ​វាយ​ដំ​ មុន​​​ពេល​​​ប្តី​​​របស់​​​នាង​​​ស្រោច​​​ទឹក​​​អាសីុត​លើ។ កាល​​​ពី​​​សប្តាហ៍​​​មុន​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​​​​ ស្ត្រី​​​អាយុ​​​២១​​​ឆ្នាំ​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាក់​​​រហូត​​​ដល់​​​ស្លាប់​​​ដោយ​​​មិត្ត​​​ប្រុស​​​របស់​​​ខ្លួន​​​។ហើយ​​​ប៉ុន្មាន​​​ថ្ងៃ​​​មុន​​​នោះ​ ទាហាន​​​ម្នាក់​​​បាន​​​សម្លាប់​​​ប្រពន្ធ​​​​​​មិន​​​ទាន់​​​រៀប​​​ការ​​​របស់​​​ខ្លួន​​​ ហើយ​​​បាន​​​ដុត​​​សព​​​របស់​​​នាង​​​នៅ​​​ខាង​​​ក្រៅ​​​ផ្ទះ។

ខណៈ​​​ករណី​​​អាក្រក់​​​ៗ​​​បំផុត​​​មួយ​​​ចំនួន​​​នៃ​​​អំពើ​​​ហិង្សា​​​ក្នុង​​​គ្រួសារ បាន​លេច​ឡើង​នៅ​​​ក្នុង​សេចក្តី​រាយការណ៍​ព័ត៌មាន​​​​​​​​​​ វា​​​ជា​​​រឿង​​​​កើត​​​មាន​​​​យ៉ាង​​​ច្រើន​​​​ដែល​​​ជន​​​រង​​​គ្រោះ​​​មិន​​​ត្រូវ​​​នៅ​​​ស្ងាត់​​​ស្ងៀម​​​ឡើយ​​​​នេះ​​​បើ​​​យោង​​​

តាម​​​របាយការណ៍​​​មួយ​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ដែល​​​រៀប​​​រាប់​​​លម្អិត​​​ពី​​​ផល​​​ប៉ះពាល់​​​នៃ​អំពើ​​​ហិង្សា​​​លើ​​​ស្ត្រី​​​​​​​នៅ​​​ក្នុង​​​សង្គម​​​ទាំង​​​មូល​​​។

លោក​​​ស្រី​​​ អឹុង កន្ថាផាវី ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កិច្ច​​​ការនារី បាន​​​សរសេរ​​​នៅ​​​ក្នុង​​​អារម្ភ​​​កថា​​​ផ្ញើ​​​ជូន​​​កម្ម​​​វិធី​​​ស្ទាប​​​ស្ទង់មតិ​​​​ថ្នាក់​​​ជាតិ​​​ស្តី​​​អំពី​​​សុខ​​​ភាព និង​​​បទ​​​ពិសោធ​​​ន​​​​​​៍​​​​ជីវិត​របស់​​​ស្ត្រី​​​នៅ​​​កម្ពុជា ដែល​​​មានការ​​​សម្រប​​​​​​សម្រួល​​​ដោយ​អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​ថា “ផល​​​វិបាក​​​​​​សុខភាព​​​ និង​​​សង្គម​​​គឺជារឿង​គូរ​ឲ្យបារម្ភ​”។

រដ្ឋ​​​មន្ត្រី​​​​​​រូប​​​នេះ​​​បាន​​​សរសេរ​​​ថា “អំពើ​​​ហិង្សា​​​មិន​​​មែន​​​គ្រាន់​​​តែ​​​ផ្តល់​​​ផល​​​ប៉ះពាល់​​​ដល់​​​ស្ត្រី​​​ដែល​​​ខំ​​​ប្រឹង​​​រស់​​​ដោយ​​​ខ្លួន​​​ឯង​​​នោះ​​​ទេ​​​ ប៉ុន្តែ ថែម​​​ទាំង​​​ដល់​​​កុមារ​​​ដែល​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​បែប​​​នេះ​​​ ហើយ​​​ទី​​​បំផុត​​​ដល់​​​សហ​​​គមន៍​​​ទាំង​​​មូល​​​ផង​​​ដែរ​​​”។

ការ​​​សិក្សា​​​ស្រាវ​ជ្រាវ​​​នេះ​​​ ដែល​​​មាន​​​ការ​​​សម្ភាសជាមួយ​​​ស្ត្រី​​​ចំនួន​​​៣.៥៧៤​​​នាក់​​​អាយុ​​​ចាប់​​​ពី​​​១៥​​​ឆ្នាំ​​​ដល់​​​៦៤​​​ឆ្នាំ ដែល​​​ធ្លាប់​​​មាន​​​​​​ទំនាក់​​​ទំនង​​​ផ្លូវ​​​ភេទ​​​ សន្និដ្ឋាន​​​ថា អំពើ​​​ហិង្សា​​​ក្នុង​​​គ្រួសារ​​​ គឺ​​​ជា​​​កង្វល់​​​​​​ផ្នែក​​​សុខភាព​​​សាធារណៈ ​​​ដែល​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ជា​​​បន្ទាន់​​​​​​ដោយ​​​លើក​​​ឡើង​​​ពី​​​ផល​​​ប៉ះពាល់​​​ជា​​​យូរ​​​មក​​​ហើយ លើ​​​សុខ​​​ភាព​​​រាង​​​កាយ​​​​​​ និង​​​ផ្លូវ​​​ចិត្ត​​​របស់​​​ស្ត្រី និង​​​​​​​លើ​​​សេដ្ឋ​​​កិច្ច​​​នៅក្នុង​​​ប្រទេស​​​។

ការ​​​ស្ទាប​​​ស្ទង់មតិ​​​​នេះ​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​​ស្ត្រី​​​២១​​​ភាគ​​​រយ​​​ បាន​​​​រង​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​រាង​​​កាយ​​​ និង​​​ផ្លូវ​​​ភេទ​​​ ឬ​​​ក៏​​​ទាំង​​​ពីរ​​​នេះតែម្តង​​​​ ដោយ​​ដៃ​​​គូ​​​ដ៏​​​ស្និទ្ធ​​​ស្នាល​​​របស់​​​ខ្លួន​​​។ ​​​ពីរ​​​ភាគ​​​បី​​​នៃ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នោះ​​​បាន​​​និយាយ​​​ ​​​ថា ការ​​​រំលោភ​​​បំពាន​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សុខភាព​​​រាង​​​កាយ​​​ ឬ​​​ផ្លូវ​​​ចិត្ត​​​របស់​​​ពួក​គាត់​​​។

យោង​​​តាម​​​ការ​​​សិក្សា​​​នេះ​​​ កម្ពុជា​​​មាន​​​ការ​​​វិវឌ្ឍ​​​តិច​​​តួច​​​នៅ​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​អំពើ​​​ហិង្សា​​​ក្នុង​​​គ្រួសារ​​​ បើ​​​ធៀប​​​ទៅ​​​នឹង​​​ការ​​​សិក្សា​​​ស្ទាប​​​​​​ស្ទង់​​​មតិ​​​ឆ្នាំ​​​២០០៥ ដែល​​​រក​​​ឃើញ​​​ថា ​​​មាន​ស្ត្រី​​​​២២​ភាគ​​​រយ​​​​​​បាន​​​រង​​​ការ​​​រំលោភ​​​បំពាន​​​ ​​​ដោយសារ​​​ដៃ​​​គូ​​​របស់​​​ខ្លួន​​​។

នៅ​​​ក្នុង​​​ការ​ស្ទាប​​​ស្ទង់​​​មតិ​​​ថ្មី​​​បំផុត​​​នេះ​​​ ៤៩​​​ភាគ​​​រយ​​​នៃ​​​ស្ត្រី​​​ ដែល​​​រាយការណ៍​​​ថា ជា​​​ជន​​​រង​​​គ្រោះ​​​នៃ​​​ការ​​​រំលោភ​​​បំពាន​​​បាន​​​និយាយ​​​ថា ពួក​​​គាត់​​​មិន​​​ដែល​​​និយាយ​​ប្រាប់​​​បញ្ហា​នេះ​​​ដល់​​​​នរណា​​​​​ម្នាក់​ឡើយ​​​ ប៉ុន្តែបើ​ហ៊ាន​និយាយ​​​វិញ​ គឺ​​​ភាគ​​​ច្រើន​​​និយាយ​​​ប្រាប់​​​ឪពុក​​​ម្តាយ​​​ បង​​​ប្អូន​​​បង្កើត ឬ​​​អ្នក​​​ជិត​​​ខាង​​​ ហើយ​​​៦,៥​​​ភាគ​​​រយ​​​រាយការណ៍​​​ទៅ​​​នគរ​​​បាល​​​។ មាន​​​តែ​​​២ភាគ​​​រយ​​​ប៉ុណ្ណោះ​​​ដែល​​​ស្វះ​​​ស្វែង​​​រក​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​ ឬ​​​សុំ​​​ជំនួយ​​​ពី​​​តុលាការ​​​។

របាយការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា ​​​”នេះ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា​​​ ស្ត្រី​​​នៅ​​​កម្ពុជា​​​គិត​​​ថា ប្រព័ន្ធ​​​ច្បាប់​​​​​​​​​​ជួយ​​​ពួក​​​គាត់​​​បាន​តិច​​​តួច​​​​​​ បើ​និយាយ​ទាក់​​​ទិន​​​នឹង​​​ការ​​​ការ​​​ពារ ឬ​​​ការ​ផ្តល់​ជំនួយ​​​”។

អំពើ​​​ហិង្សា​​​ក្នុង​​​គ្រួសារ​​​ គឺ​​​ជា​​​បញ្ហា​​​ដ៏​​​រ៉ាំរ៉ៃ ​​​ដែល​​​ស្ត្រី​​​ជា​​​ច្រើន​​​​​​មិន​​​គិត​ថា​ជា​​​បញ្ហា​​​។ អ្នក​​​ដែល​​​ត្រូ​​​វ​​​បាន​​​សម្ភាស​​​​ជិត​​​ពាក់​​​កណ្តាល​​​ជឿ​​​ថា ​​​​​​ប្តី​​​វាយ​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​កាលៈទេសៈ ​​​មួយ​​​ចំនួន​​​។ ជាង​​​១ភាគ​​​៣​​​និយាយ​​​ថា ការ​​​ដែល​​​ មិន​​​ចង់​​​រួម​​​ភេទ​​​គឺ​​​មិនមែន​ជា​​​ហេតុផល​​​ដែល​​​​​​​អាច​​​ទទួល​​​យក​​​បាន​​​​នៅក្នុងការ​បដិសេធ​​​​​​ ចំពោះ​​​ដៃ​​​គូ​​​របស់​​​​ខ្លួន​នោះ​​​ឡើយ។

របាយការណ៍​​​នេះ​​​បាន​​​រៀប​​​រាប់​​​លម្អិត​​​ពីផល​​​ប៉ះពាល់​​​​​​ផ្នែក​​​សុខភាពដ៏ធ្ងន់​ធ្ងរបំផុត​ដោយសារ​​​អំពើ​​​ហិង្សា​​​ ហើយថា​​​​​ការ​​​រំលោភ​​​បំពាន​​​លើ​​​រាង​​​កាយ​​​ដែលកើត​មាន​ច្រើន​​​បំផុត​​​ គឺ​​​ការ​​​វាយ​​​ដំ​​​ ឬ​​​ទាត់​​​ធាក់ ដែល​​​បណ្តាល​​​ឲ្យមាន​​​ស្នាម​​​ជាំ ស្លាក​​​ស្នាម គ្រេច ឬ​​​ថ្លោះ។​​​ ក្នុង​​​ចំណោម​​​ស្ត្រី​​​ដែល​​​រង​​​របួស​​​ មាន​​​៩០​​​ភាគ​​​រយ​​​បាន​​​អះ​​​អាង​​​ថា ពួក​​​គាត់​​​ត្រូវ​​​ការ​​​ការ​​​ព្យាបាល​​​ ប៉ុន្តែ ៤៧​​​ភាគ​​​រយ​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​មិន​​​ដែល​​​ទទួល​​​បាន​​​វា​​​ទេ​​​។

កត្តា​​​ដ៏​​​សំខាន់​​​ដែល​​​​នាំ​ឲ្យមានការ​ខ្វះការ​​ចាប់​​​អារម្មណ៍​​លើ​​​ការ​​​ព្យាបាល​​​ គឺ​​​ការ​​​ស្ទាក់​​​ស្ទើរ​​​ដោយ​​​ផ្ទាល់​​​របស់ស្ត្រី​​​​​ក្នុង​​​ការ​​​ស្វះស្វែង​​​រក​​​ការ​​​ព្យាបាល​​​ដ៏​​​ត្រឹម​​​ត្រូវ ដោយ​​​បែរ​​​ជា​​​ទៅ​​​ទិញ​​​ថ្នាំ​​​ដែល​​​គ្មាន​​​វេជ្ជបញ្ជា​​​ត្រឹម​​​ត្រូវ​​​ ដែល​​​របាយការណ៍​​​នេះ​​​លើក​​​ឡើង​​​ថា វា​​​ទំនង​​​ជា​​​ដោយ​​​សារ​​​ភាព​​​អាមា៉ស់​​​​ដែល​​​កើត​​​មាន​ឡើង​​​ដោយសារ​​​​ធ្លាប់រង​ការ​​​រំលោភ​​​បំពាន​​​។

ប៉ុន្តែ ការ​​​សិក្សា​​​នេះ​​​ ក៏​​​បាន​​​រក​​​ឃើញ​​​ផង​​​ដែរ​​​ថា  ជា​​​រឿយ​​​ៗ ខ្វះ​បុគ្គលិក​​​សុខាភិបាល​​​​​​​​​ឬ​​​គ្មាន​​​ធន​​​ធាន​​​ចាំបាច់​​​ ​ក្នុងការ​ដោះ​​​ស្រាយ​​​បញ្ហា​​​រំលោភ​​​បំពាន​​​រាង​​​កាយ​​​ ផ្លូវ​​​ភេទ ឬ​​​សតិ​​​អារម្មណ៍ ជា​​​ពិសេស​​​នៅតាម​​​ជន​​​បទ​​​។

របាយការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ថា ​​​”ក្នុង​​​​​​ពេល​​​បច្ចុប្បន្ន​​​ ប្រព័ន្ធ​គាំពារ​​​សុខភាពនៅ​​​​កម្ពុជា​​​​​​​​​​​​​​​គ្មាន​​​ប្រព័ន្ធ​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​ [អំពើ​​​ហិង្សា​​​លើ​​​ស្ត្រី​​​] ឡើយ​​​”។

ក្រៅ​​​ព​ី​​​របួស​​​ស្នាម​​​លើ​​​រាងកាយ ​​​ របាយ​​​ការណ៍នេះ​​​​ក៏​​​បាន​​​រក​​​ឃើញ​​​ផង​​​ដែរ​​​ថា ស្ត្រី​​​ដែល​​​រង​​​ការ​​​រំលោភ​​​បំពាន​​​ មាន​​​ទុក្ខ​​​ព្រួយ​​​ ឬ​​​មាន​​​អារម្មណ៍​​​ចង់​​​ធ្វើ​​​អត្តឃាត​​​ជាង​​​ស្ត្រី​​​ ដែល​​​មិន​​​ដែល​​​ជួបប្រទះ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​។ ​​​របាយការណ៍​​​នេះ​​​បាន​​​បញ្ចប់​​​សេចក្តី​​​ថា បញ្ហា​​​ទាំង​​​នេះ​​​ទម្លាក់​​​បន្ទុក​​​លើ​​​សង្គម​​​ទាំង​​​មូល​​​​​​ ដោយ​​​​​​ ការ​​​រង​​​របួស​​​ និង​​​ប៉ះពាល់​​​ផ្នែក​​​សតិអារម្មណ៍ ​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​លទ្ធភាព​​​ក្នុង​​​ការ​​​ធ្វើ​​​ការ​​​ងាររបស់​ស្ត្រី​​​​​​​ ជា​​​ហេតុ​​​ធ្វើឲ្យ​​​ពួក​គាត់​​​សុំ​​​ច្បាប់​​​ឈប់​​​សម្រាក​​​ និង​​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​កាត់​​​បន្ថយ​​​​​​ផលិត​​​ភាព​​​ផ្នែក​​​សេដ្ឋកិច្ច​​​។

រដ្ឋាភិបាល​​​បាន​​​ទទួលស្គាល់​​​ជា​​​យូរ​​​មក​​​ហើយ​​​នូវ​​​ភាព​​​ចាំ​​​បាច់​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​អំពើ​​​ហិង្សា​​​លើ​​​ស្ត្រី ដោយ​​​បាន​​​អនុម័ត​​​ច្បាប់​​​ស្តី​អំពី​​​ហិង្សា​​​ក្នុង​​​គ្រួសារ​​​ និង​​​ការ​​​ការ​​​ពារ​​​ជន​​​រង​​​គ្រោះ​​​ក្នុង​​​ឆ្នាំ​​​២០០៥។ កាល​​​ពីខែ​​​កុម្ភៈ​​​រដ្ឋាភិបាល​​​ក៏​​​បាន​​​ចាប់​​​ផ្តើម​​​គម្រោង​​​ថ្នាក់​​​ជាតិ​​​ទី​​​២ ​​​​​​ស្តី​​​អំពី​​​អំពើ​​​ហិង្សា​​​លើ​​​ស្ត្រី​​​ផង​​​ដែរ​​​។

ប៉ុន្តែ លោក​​​ស្រី រស់​​​ សុភាព នាយិកា​​​​អង្គការ​​​ យេនឌ័រ និង​​​​​​អភិវឌ្ឍ​​​ន៍​​​ដើម្បី​កម្ពុជា​​​បាន​​​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​វា​​​នៅ​​​មាន​​​​ការ​​​ងារ​​​ជាច្រើន​​​​ទៀត​ដែលត្រូវធ្វើ​​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គោល​​​នយោបាយ​​​មិន​​​អាក្រក់​​​ទេ​​​ ប៉ុន្តែ​​​ការ​​​អនុវត្ត​​​ច្បាប់ នៅ​​​ទន់​​​ខ្សោយ​​​នៅ​​​ឡើយ​​​ ព្រោះ​​​យើង​​​មិន​​​ទាន់​​​ឃើញ​​​មាន​​​ការ​​​អនុវត្ត​​​ដ៏​​​ល្អ​​​ប្រសើរ​នៅ​​​ឡើយទេ។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា ​​​ហើយ​​​ដរាប​​​ណា​​​នៅតែ​មាន​និទណ្ឌ​ភាព​​ក្នុង​ករណីរ​ប្រើ​អំពើ​​​ហិង្សា​​​លើ​​​ស្ត្រី​​​ ស្ត្រី​ជា​​​ច្រើន​​​​​​នឹង​​​នៅ​​​តែ​​​មិន​​​អាច​​​ចូល​​​រួម​​​ឲ្យ​​​បាន​​​ពេញ​​​លេញ​​​ នៅ​​​ក្នុង​​​សង្គម​​​។”វា​​​ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​គិត​​​ថា ​​​ពួក​​​គាត់​​​មិន​​​អាច​​​និយាយ​​​បាន​​​ ឬ​​​​ខ្លាច​​​អំពើ​​​ហិង្សា ​​​ហេតុ​​​ដូច្នេះ​​​តើ​​​ពួក​​​គាត់​​​​អាច​​​ប្រើ​​​ប្រាស់​​​សិទ្ធិ​​​របស់​​​ខ្លួន​​​យ៉ាង​​​ម៉េច​​​​ទៅ?”៕​ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស