នៅខេត្តកំពង់ធំកាលពីឆ្នាំមុន ស្ត្រីអាយុ២៤ឆ្នាំម្នាក់ត្រូវបានចាប់ចងហើយវាយដំ មុនពេលប្តីរបស់នាងស្រោចទឹកអាសីុតលើ។ កាលពីសប្តាហ៍មុននៅក្នុងខេត្តកណ្តាល ស្ត្រីអាយុ២១ឆ្នាំម្នាក់ត្រូវបានចាក់រហូតដល់ស្លាប់ដោយមិត្តប្រុសរបស់ខ្លួន។ហើយប៉ុន្មានថ្ងៃមុននោះ ទាហានម្នាក់បានសម្លាប់ប្រពន្ធមិនទាន់រៀបការរបស់ខ្លួន ហើយបានដុតសពរបស់នាងនៅខាងក្រៅផ្ទះ។
ខណៈករណីអាក្រក់ៗបំផុតមួយចំនួននៃអំពើហិង្សាក្នុងគ្រួសារ បានលេចឡើងនៅក្នុងសេចក្តីរាយការណ៍ព័ត៌មាន វាជារឿងកើតមានយ៉ាងច្រើនដែលជនរងគ្រោះមិនត្រូវនៅស្ងាត់ស្ងៀមឡើយនេះបើយោង
តាមរបាយការណ៍មួយចេញកាលពីថ្ងៃសុក្រដែលរៀបរាប់លម្អិតពីផលប៉ះពាល់នៃអំពើហិង្សាលើស្ត្រីនៅក្នុងសង្គមទាំងមូល។
លោកស្រី អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានសរសេរនៅក្នុងអារម្ភកថាផ្ញើជូនកម្មវិធីស្ទាបស្ទង់មតិថ្នាក់ជាតិស្តីអំពីសុខភាព និងបទពិសោធន៍ជីវិតរបស់ស្ត្រីនៅកម្ពុជា ដែលមានការសម្របសម្រួលដោយអង្គការសុខភាពពិភពលោកថា “ផលវិបាកសុខភាព និងសង្គមគឺជារឿងគូរឲ្យបារម្ភ”។
រដ្ឋមន្ត្រីរូបនេះបានសរសេរថា “អំពើហិង្សាមិនមែនគ្រាន់តែផ្តល់ផលប៉ះពាល់ដល់ស្ត្រីដែលខំប្រឹងរស់ដោយខ្លួនឯងនោះទេ ប៉ុន្តែ ថែមទាំងដល់កុមារដែលស្ថិតក្នុងស្ថានភាពបែបនេះ ហើយទីបំផុតដល់សហគមន៍ទាំងមូលផងដែរ”។
ការសិក្សាស្រាវជ្រាវនេះ ដែលមានការសម្ភាសជាមួយស្ត្រីចំនួន៣.៥៧៤នាក់អាយុចាប់ពី១៥ឆ្នាំដល់៦៤ឆ្នាំ ដែលធ្លាប់មានទំនាក់ទំនងផ្លូវភេទ សន្និដ្ឋានថា អំពើហិង្សាក្នុងគ្រួសារ គឺជាកង្វល់ផ្នែកសុខភាពសាធារណៈ ដែលត្រូវដោះស្រាយជាបន្ទាន់ដោយលើកឡើងពីផលប៉ះពាល់ជាយូរមកហើយ លើសុខភាពរាងកាយ និងផ្លូវចិត្តរបស់ស្ត្រី និងលើសេដ្ឋកិច្ចនៅក្នុងប្រទេស។
ការស្ទាបស្ទង់មតិនេះបានរកឃើញថា មានស្ត្រី២១ភាគរយ បានរងការប្រើអំពើហិង្សាលើរាងកាយ និងផ្លូវភេទ ឬក៏ទាំងពីរនេះតែម្តង ដោយដៃគូដ៏ស្និទ្ធស្នាលរបស់ខ្លួន។ ពីរភាគបីនៃជនរងគ្រោះទាំងនោះបាននិយាយ ថា ការរំលោភបំពាននេះបានធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយ ឬផ្លូវចិត្តរបស់ពួកគាត់។
យោងតាមការសិក្សានេះ កម្ពុជាមានការវិវឌ្ឍតិចតួចនៅក្នុងការដោះស្រាយអំពើហិង្សាក្នុងគ្រួសារ បើធៀបទៅនឹងការសិក្សាស្ទាបស្ទង់មតិឆ្នាំ២០០៥ ដែលរកឃើញថា មានស្ត្រី២២ភាគរយបានរងការរំលោភបំពាន ដោយសារដៃគូរបស់ខ្លួន។
នៅក្នុងការស្ទាបស្ទង់មតិថ្មីបំផុតនេះ ៤៩ភាគរយនៃស្ត្រី ដែលរាយការណ៍ថា ជាជនរងគ្រោះនៃការរំលោភបំពានបាននិយាយថា ពួកគាត់មិនដែលនិយាយប្រាប់បញ្ហានេះដល់នរណាម្នាក់ឡើយ ប៉ុន្តែបើហ៊ាននិយាយវិញ គឺភាគច្រើននិយាយប្រាប់ឪពុកម្តាយ បងប្អូនបង្កើត ឬអ្នកជិតខាង ហើយ៦,៥ភាគរយរាយការណ៍ទៅនគរបាល។ មានតែ២ភាគរយប៉ុណ្ណោះដែលស្វះស្វែងរកជំនួយផ្នែកច្បាប់ ឬសុំជំនួយពីតុលាការ។
របាយការណ៍នេះមានខ្លឹមសារដូច្នេះថា ”នេះបង្ហាញឲ្យឃើញថា ស្ត្រីនៅកម្ពុជាគិតថា ប្រព័ន្ធច្បាប់ជួយពួកគាត់បានតិចតួច បើនិយាយទាក់ទិននឹងការការពារ ឬការផ្តល់ជំនួយ”។
អំពើហិង្សាក្នុងគ្រួសារ គឺជាបញ្ហាដ៏រ៉ាំរ៉ៃ ដែលស្ត្រីជាច្រើនមិនគិតថាជាបញ្ហា។ អ្នកដែលត្រូវបានសម្ភាសជិតពាក់កណ្តាលជឿថា ប្តីវាយប្រពន្ធរបស់ខ្លួននៅក្នុងកាលៈទេសៈ មួយចំនួន។ ជាង១ភាគ៣និយាយថា ការដែល មិនចង់រួមភេទគឺមិនមែនជាហេតុផលដែលអាចទទួលយកបាននៅក្នុងការបដិសេធ ចំពោះដៃគូរបស់ខ្លួននោះឡើយ។
របាយការណ៍នេះបានរៀបរាប់លម្អិតពីផលប៉ះពាល់ផ្នែកសុខភាពដ៏ធ្ងន់ធ្ងរបំផុតដោយសារអំពើហិង្សា ហើយថាការរំលោភបំពានលើរាងកាយដែលកើតមានច្រើនបំផុត គឺការវាយដំ ឬទាត់ធាក់ ដែលបណ្តាលឲ្យមានស្នាមជាំ ស្លាកស្នាម គ្រេច ឬថ្លោះ។ ក្នុងចំណោមស្ត្រីដែលរងរបួស មាន៩០ភាគរយបានអះអាងថា ពួកគាត់ត្រូវការការព្យាបាល ប៉ុន្តែ ៤៧ភាគរយលើកឡើងថា ពួកគាត់មិនដែលទទួលបានវាទេ។
កត្តាដ៏សំខាន់ដែលនាំឲ្យមានការខ្វះការចាប់អារម្មណ៍លើការព្យាបាល គឺការស្ទាក់ស្ទើរដោយផ្ទាល់របស់ស្ត្រីក្នុងការស្វះស្វែងរកការព្យាបាលដ៏ត្រឹមត្រូវ ដោយបែរជាទៅទិញថ្នាំដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ដែលរបាយការណ៍នេះលើកឡើងថា វាទំនងជាដោយសារភាពអាមា៉ស់ដែលកើតមានឡើងដោយសារធ្លាប់រងការរំលោភបំពាន។
ប៉ុន្តែ ការសិក្សានេះ ក៏បានរកឃើញផងដែរថា ជារឿយៗ ខ្វះបុគ្គលិកសុខាភិបាលឬគ្មានធនធានចាំបាច់ ក្នុងការដោះស្រាយបញ្ហារំលោភបំពានរាងកាយ ផ្លូវភេទ ឬសតិអារម្មណ៍ ជាពិសេសនៅតាមជនបទ។
របាយការណ៍នេះមានខ្លឹមសារបន្តថា ”ក្នុងពេលបច្ចុប្បន្ន ប្រព័ន្ធគាំពារសុខភាពនៅកម្ពុជាគ្មានប្រព័ន្ធគ្រប់គ្រាន់ក្នុងការដោះស្រាយ [អំពើហិង្សាលើស្ត្រី] ឡើយ”។
ក្រៅពីរបួសស្នាមលើរាងកាយ របាយការណ៍នេះក៏បានរកឃើញផងដែរថា ស្ត្រីដែលរងការរំលោភបំពាន មានទុក្ខព្រួយ ឬមានអារម្មណ៍ចង់ធ្វើអត្តឃាតជាងស្ត្រី ដែលមិនដែលជួបប្រទះការប្រើអំពើហិង្សា។ របាយការណ៍នេះបានបញ្ចប់សេចក្តីថា បញ្ហាទាំងនេះទម្លាក់បន្ទុកលើសង្គមទាំងមូល ដោយ ការរងរបួស និងប៉ះពាល់ផ្នែកសតិអារម្មណ៍ ធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពក្នុងការធ្វើការងាររបស់ស្ត្រី ជាហេតុធ្វើឲ្យពួកគាត់សុំច្បាប់ឈប់សម្រាក និងនាំឲ្យមានការកាត់បន្ថយផលិតភាពផ្នែកសេដ្ឋកិច្ច។
រដ្ឋាភិបាលបានទទួលស្គាល់ជាយូរមកហើយនូវភាពចាំបាច់ក្នុងការដោះស្រាយអំពើហិង្សាលើស្ត្រី ដោយបានអនុម័តច្បាប់ស្តីអំពីហិង្សាក្នុងគ្រួសារ និងការការពារជនរងគ្រោះក្នុងឆ្នាំ២០០៥។ កាលពីខែកុម្ភៈរដ្ឋាភិបាលក៏បានចាប់ផ្តើមគម្រោងថ្នាក់ជាតិទី២ ស្តីអំពីអំពើហិង្សាលើស្ត្រីផងដែរ។
ប៉ុន្តែ លោកស្រី រស់ សុភាព នាយិកាអង្គការ យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា វានៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។
លោកស្រីបានមានប្រសាសន៍ថា “គោលនយោបាយមិនអាក្រក់ទេ ប៉ុន្តែការអនុវត្តច្បាប់ នៅទន់ខ្សោយនៅឡើយ ព្រោះយើងមិនទាន់ឃើញមានការអនុវត្តដ៏ល្អប្រសើរនៅឡើយទេ។ លោកស្រីបានបន្ថែមថា ហើយដរាបណានៅតែមាននិទណ្ឌភាពក្នុងករណីរប្រើអំពើហិង្សាលើស្ត្រី ស្ត្រីជាច្រើននឹងនៅតែមិនអាចចូលរួមឲ្យបានពេញលេញ នៅក្នុងសង្គម។”វាធ្វើឲ្យពួកគាត់គិតថា ពួកគាត់មិនអាចនិយាយបាន ឬខ្លាចអំពើហិង្សា ហេតុដូច្នេះតើពួកគាត់អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនយ៉ាងម៉េចទៅ?”៕ស៊ុយឈាង