28 C
Phnom Penh

លោក​​​ សម រង្ស៊ី នឹង​​​​​​ធ្វើ​​​​​ដំណើរ​​​ឆ្ពោះ​​​​​​ទៅ​​​អឺរ៉ុប ​​​ចំណែក​​​ឯ​​​លោក កឹម សុខា ត្រឡប់មក​​​កម្ពុជា​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ធ្វើ​​​​​​​​​ដំណើរ​​​ឆ្ពោះ​​​​​​ទៅ​​​កាន់ទី​​​ក្រុង​​​ព្រុច​​​សែល​​​នៅ​​​ថ្ងៃ​​​េនះដោយ​​​សង្ឃឹម​​​​​​ថា​​​នឹង​​​អាច​​​បញ្ចុះ​​​បញ្ចូល​​​សហភាព​​​អឺរ៉ុប​​​ ឲ្យ​​​ដាក់​​​សម្ពាធ​​​លើ​​​រដ្ឋាភិបាល​​​របស់​​​លោក ហ៊ុន សែន លោក​​​ កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​នឹង​​​វិល​​​ត្រឡប់​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​វិញ​​​ជា​​​មួយ​​​តំណាង​​​រាស្ត្រ​​​ពីរ​​​រូប​​​ដែល​​​​​​បាន​​​​​​រង​​​​​​ការ​​​​​​វាយ​​​ដំ​​​កាល​​​ពី​​​ខែ​​​មុន។

លោក សម រង្ស៊ី ត្រូវ​​​បាន​​​​​​ដក​​​ចេញ​​​ពី​​​តំណែង​​​របស់​​​លោក​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​​កាល​​​ពី​​ថ្ងៃ​​​​​​ទី​​​១៥ ខែ​​​វិច្ឆិកា ពោល​​​គឺ​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​តុលាការ​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​លោក​​​​​​​​​​​​​​​​​ពាក់​​​ព័ន្ធ​​​ការ​​​ផ្តន្ទាទោស​​​មួយ​​​ពី​​​បទ​​​បរិហារកេរ្តិ៍​​​កាល​​​ពី​​​ឆ្នាំ​​​២០១១​​​។ ចាប់​​​តំាង​​​ពី​​​ពេល​​​នោះ​​​មក​​​ លោក​​​បាន​​​ស្ថិត​​​នៅ​​​បរទេស​​​ជាប់​​​រហូត​​​ជាមួយ​​​លោក កឹម សុខា ដែល​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​ពី​​​ប្រធាន​​​​​​​​តំណាង​​​រាស្ត្រ​​​កាល​​​ពី​​​ខែ​​​​​មុន។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក
កឹម សុខា បាន​​​ធ្វើ​​​ដំណើរ​​​ទៅដល់​​​ក្រុង​​​បាង​​​កក​​​ កាល​​​ពី ម្សិលមិញ ហើយ​​​គ្រោង​​​វិល​​​ត្រឡប់​​​ម​​​កាន់​​​​​​ធានី​​ភ្នំពេញ​​​វិញ​​​នៅ​​​ថ្ងៃ​​​េនះ​​​ជាមួយ​​​លោក ញ៉យ ចំរើន និង​​​លោក គង់ សុភា ដែល​​​សម្រាក​​​ព្យាបាល​​​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​មួយ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ បន្ទាប់​​​ពី​​​​​​ត្រូវ​​​ក្រុម​​​បាតុករ​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​វាយ​​​ដំ​​​កាល​​​ពី​​​ខែ​​​មុន។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “គាត់​​​បាន​​​ចាក​​​ចេញ​​​ពី​​​ទី​​​ក្រុង​​​ម៉ានីល​​​ ឆ្ពោះ​​​ត្រង់​​​ទៅទី​​​ក្រុង​​​បាង​​​កក​​​ ដើម្បី​​ជួប​​​តំណាង​​​រាស្ត្រ​​​ដែល​​​រង​​​របួស​​​ទាំង​​​ពីរ​​ ហើយ​​​គាត់​​​គ្រោង​​​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​ជា​​​មួយ​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ” ហើយ​​​បន្ទាប់​​​មក​​​គណបក្ស​​​សង្គ្រោះជាតិ​​​នឹង​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​​ពិសេស​​​​​​​​​​​​​​​​​​​​មួយ។

លោក​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា “ថ្ងៃ​​​ស្អែក​​​​​​ ភ្លាម​​​ៗ​​​បន្ទាប់​​​ពី​​​លោក កឹម សុខា មក​​ដល់ នឹង​​​មាន​​​ការ​​​ប្រជុំ​​​ទូទាំង​​​ប្រទេស​​​ជាមួយ​​​ថ្នាក់​​​ដឹក​​​នាំ​​​គ្រប់​​​ខេត្ត​​​​​​​​នៅ​​​ទូទាំង​​​ប្រទេស​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​ស្ថាន​​​ភាព​​​នយោបាយ​​​ទូទៅ​​​ និង​​​ផែន​​​ការ​​​សកម្មភាព​​​របស់​​​យើង​​​នា​​​ពេល​​​អនាគត​​​”។

លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា បញ្ហា​​​លោក សម រង្ស៊ី កំពុង​​​និរទេស​​​ខ្លួន​​​នៅ​​​បរទេស​​​នា​​​ពេល​​​បច្ចុប្បន្ន និង​​​បញ្ហា​​​ដក​​​លោក​​​ កឹម សុខា ចេញ​​​ពី​​​តំណែង​​​អនុប្រធាន​​​រដ្ឋសភា​​​ នឹង​​​មិន​​​ត្រូវ​​​បាន​​​ពិភាក្សា​​​លម្អិត​​​ឡើយ ដោយ​​​យុទ្ធ​​​សាស្ត្រ​​​របស់​​​គណបក្ស​​​នឹង​​​ក្លាយ​​​ជា​​ចំណុច​​​ផ្តោត​​​​​សំខាន់​​​​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​។

លោក​​​ថ្លែង​​​ថា “ភាគ​​​ច្រើននឹង​​​និយាយ​​​អំពី​​​ស្ថាន​​​ភាព​​​នយោបាយ​​​បច្ចុប្បន្ន​​​ និង​​​ការ​​​បង្កើត​​​ដំណោះស្រាយ​​​ដូច​​​ជា​​​តាម​​​រយៈ​​​គោល​​​នយោបាយ​​​ការទូត​​​ វប្បធម៌​​​សន្ទនា​​​ និង​​​ការ​​​ត្រៀម​​​ការ​​​ប្រកួត​​​ប្រជែង​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ឆ្នាំ​​​២០១៧​​​ និង​​​២០១៨”​​​។

កាល​​​ពី​​​ម្សិលមិញ លោក កឹម សុខា ​​​បាន​​​បង្ហោះ​​​រូប​​​ថត​​​តាម​​​ហ្វេស​​​បុ៊ក​​​ដែល​​​បង្ហាញ​​​ពី​​​រូប​​​លោក​​​ជួប​​​ជាមួយ​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​​រូប​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​មួយ​​​ក្នុង​​​ទីក្រុង​​​បាង​​​កក​​​ ដោយ​​​មើល​​​ទៅ​​​​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​​ហាក​​មាន​​​ភាព​​​ធូរ​​​ស្រាល​​​ច្រើន​​​ជាង​​​កាល​​​ពី​​​មួយ​​​ខែ​​​មុន​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​ពួក​​​លោក​​​ត្រូវ​​​បាន​​​គេ​​​ទាញ​​​ទម្លាក់​​​ពី​​​រថយន្ត​​​ ហើយ​​​វាយទាត់​​​ធាក់ និង​​​ជាន់​​​លើ​​​យ៉ាង​​​​​​រន្ថើន​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក យ៉ែម បុញ្ញឫទ្ធិ បាន​​​បន្ថែម​​​ថា ​​​លោក ញ៉យ ចំរើន នឹង​​​ត្រូវ​​​ការ​​​វះ​​​កាត់​​​ដៃ​​​ដើម្បី​​​ដាក់​​​ដែក​​​​​​​​​មួួ​​យ​​​រយៈ​​​​​ពេល​​​​រហូត​​​ទាល់​​​របួស​​​​​​របស់​​​​​​លោក​​​ជា​​​សះស្បើយ​​​ទាំង​​​ស្រុង​​​
ចំណែក​​​ឯ​​​លោក គង់ សុភា រង​​​របួស​​​ត្រចៀក​​​ធ្ងន់​​​ធ្ងរ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ការ​​​ស្តាប់​​​របស់​​​លោក។

សូម​​​បញ្ជាក់​​​​​ថា ទាហាន​​​បី​​​នាក់​​​​​​​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ​​​្លួន​​​​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​លើ​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​។ កាល​​​ពី​​​ដើម​​​ខែ​​​​​នេះ ​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ ប្តឹង​​​ក្រុម​​​បាតុករ​​​​​​ដែល​​​បាន​​​វាយ​​​ដំ​​​ពួក​លោក​​​ពីបទ​​​ប៉ុន​​​ប៉ង​​​មនុស្ស​​​ឃាត ប៉ុន្តែមិន​​​បាន​​​បញ្ចេញ​​​ឈ្មោះ​​​ជន​​​សង្ស័យ​​​ជាក់​​​លាក់​​​​​ទេ។

សមាជិក​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​​​​រៀប​​​ចំ​​​ការ​​​ប្រជុំ​​​គណៈ​​​កម្មាធិការ​​​អចិន្ត្រៃយ៍​​​នៃ​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ដោយ​​​ពិភាក្សា​​​អំពី​​​ការ​​​ប្រជុំ​​​ពេញ​​​អង្គ​​​ដែល​​​គ្រោង​​​ធ្វើ​​​ឡើង​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​ ខណៈ​​​សភា​​​កំពុង​​​ស្ថិត​​​ក្នុង​​​សម័យ​​​ប្រជុំ​​​នៅ​​​​​​ឡើយ។

លោក អេង ឆៃអ៊ាង តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​​​ជា​​​សមាជិក​​​មួយ​​រូប​​​​​​នៃ​​​គណៈកម្មាធិការ​​​​​អចិន្ត្រៃយ៍​​​នៃ​​​រដ្ឋ​​​សភា បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ប្រជុំ​​​​​ពេញ​​​​​​​​​​​អង្គ​​​បន្ទាប់​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ច័ន្ទ ប៉ុន្តែ​​​បាន​​​គូស​​​បញ្ជាក់​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រហែល​​​ជា​​​មិន​​​ចូល​​​រួម​​​ទេ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “​​​អ្នក​​​តំណាង​​​រាស្ត្រ​​​របស់​​​យើង​​​​​​ពិបាក​​​ទៅ​​​បំពេញ​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ដោយ​​​សារ​​​ហេតុ​​​ផល​​​ពីរ​​​យ៉ាង​​​ ទី​​​១ គឺ​​​សុវត្ថិភាព​​​របស់​​​​​​​​អ្នក​​​តំណាង​​​រាស្ត្រ។ ដូច​​​យើង​​​ដឹង​​​ស្រាប់​​​ហើយ​​​ថា អ្នក​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​​ត្រូវ​​​បាន​​​​​​គេ​​​វា​​​យ​​​ដំ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៦​​​ខែ​​​តុលា។

ជន​​​​​​ដៃ​​​ដល់​​​តែ​​​បី​​​នាក់​​​ប៉ុណ្ណោះ​​​ដែល​​​មក​​​សារ​​​ភាព ហើយ​​​បើ​​​​​​យើង​​​ទៅ​​​ធ្វើការ​​​នៅ​​​រដ្ឋ​​​សភា​​​ យើង​​​ខ្លាច​​ឧប្បត្តិហេតុ​​​អាក្រក់​​​បែប​​​នេះ​​​​​​កើត​​​ឡើង​​​​​​ម្តង​​​ទៀត​​​។ ទី​​​២ យើង​​​មិន​​​​​សប្បាយ​​​ចិត្ត​​​នឹង​​​រដ្ឋសភា​​​ដែល​​​បំពាន​​​​​​ច្បាប់”។

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​យល់​​​ថា ការ​​​បណ្ដេញ​​​លោក​​​ សម រង្ស៊ី ចេញ​​​ពី​​​រដ្ឋ​​​សភា​​ និង​​​ការ​​​ដក​​​លោក កឹម សុខា ចេញ​​​ពី​​​តំណែង​​​អនុប្រធាន​​​​​​រដ្ឋ​​​សភា ​​​​​គឺ​​​ជា​​​​​​ការ​​​ល្មើស​​​ច្បាប់​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​ដែល​​​ការ​​​ពារ​​​ឋានៈ​​​របស់​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​ក្នុង​​​រដ្ឋ​​​សភា។

លោក អេង ឆៃ​​​អ៊ាង បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​ចង់​​​ជួប​​​ពិភាក្សា​​​រវាង​​​បក្ស​​​ទាំង​​​ពីរ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​​​​បញ្ហាទាំង​​​នេះ​​​ មុន​​​ពេល​​​យើង​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការវិញ​​​​​​។ យើង​​​ចាំ​​​បាច់​​​ត្រូវ​​​ពិភាក្សា​​​គ្នា​​​ម្តង​​​ទៀត​​​អំពី​​​សុវត្ថិភាព​​​របស់​​​អ្នក​​​តំណាង​​​រាស្ត្រ និង​​​ការ​​​បំពាន​​​ច្បាប់​​​”៕សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស