35 C
Phnom Penh

សេចក្តី​ព្រាង​ច្បាប់​សហជីព​ថ្មីបំផុត​ទោទន់​ទៅ​រក​សហជីព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​​​ទំនង​​​ជា​​​ទទួល​​​បាន​​​​​​ជោគជ័យ​លើ​និយោជក​​​ក្នុង​​​ការ​​​តតាំង​​​គ្នា​​​​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​ពាក់​​​ព័ន្ធ​​​​នឹង​សេចក្តី​​​ព្រាង​​​ច្បាប់​​​សហជីព​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ដែល​​​បាន​​​ទៅដល់​​​សភា​​​កាល​​​ពី​​​សប្តាហ៍​​​មុន។

សេចក្តី​​​ព្រាង​​​ច្បាប់​​​ថ្មីបំផុត​នេះ​ដែល​​​នឹង​​​​​​​​​គ្រប់​​​គ្រង​​​សហជីព​​​រាប់​​​រយ​​​ក្នុង​​​ប្រទេស​​​​​​ត្រូវ​​​បាន​​​​ទទួល​​​ការ​​​យល់​​​ព្រម​​​ពី​​​​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ ហើយ​​​ទទួល​​​បាន​​​ដោយកាសែត​ ខេមបូឌា ដេលី​ កាល​​​ពី​​​ម្សិលមិញ​​​។ វា​​​គឺជា​​​សំណៅ​​​​​​​ពេញ​​​លេញ​​​លើក​​​ដំបូង​​​​នៃ​​​​សេចក្តី​​​ព្រាង​​​ដែល​​​ត្រូវ​​​បាន​​​​ផ្សព្វ​ផ្សាយ​ជា​​​សាធារណៈ​​​ចាប់​​​តាំង​​​ពី​​​ពាក់​​​កណ្តាល​​​ឆ្នាំ​​​២០១៤​​​មក​​​។

អំឡុង​​​ពេល​​​នោះ ​​​អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ (ILO) ដែល​​​បាន​​​និង​​​កំពុង​​​ផ្តល់​​​ប្រឹក្សា​​​ដល់​​​រដ្ឋាភិបាល​​​ស្តី​​​អំពី​​​ច្បាប់​​​នេះ​​​ បាន​​​​​​លើក​​​ឡើង​​​ពី​​​កង្វល់​​​ធំៗ​ពាក់​​​ព័ន្ធ​​​នឹង​​​បទប្បញ្ញត្តិ​​​មួយ​​​ដែល​​​តម្រូ​​​វ​​​ឲ្យ​​​សហជីព​​​ដែល​ព្យាយាម​​​បង្កើត​​​សាខា​​​មូល​​​ដ្ឋាន​​​ត្រូវ​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​២០​​​ភាគ​​​រយ​​​ពី​​​កម្មករ​​​​​​និយោជិត​​​​នៅ​​​កន្លែង​​​ធ្វើ​​​ការ​​​មួយ។ អង្គការ​​​នេះ​​​​​បាន​​​ចាត់​​​ទុក​​​ ​ការ​​​កំណត់​​​ចំនួនភាគរយ​​​​នេះថា​​​​ “ខ្ពស់​​​មិន​​​សម​​​ហេតុ​​​សម​​​ផល” ហើយ​​​មិន​​​ស្រប​​​តាម​​​​​​កាតព្វកិច្ច​​​​អន្តរ​​​ជាតិ​​​របស់​​​​កម្ពុជា​​​ក្នុង​​​ការ​​​ការ​​​ពារ​​​សិទ្ធិ​​​កម្មករ។

កាល​​​ពីខែ​​​កក្កដា ក្រសួង​​​ការ​​​ងារ​​​បាន​​​កាត់​​​បន្ថយការ​​​កំណត់​​​ចំនួន​​​ភ្លាម​​​មក​​​ត្រឹម​​​១០​​​នាក់​​​ដោយ​​​ធ្វើ​​​ឲ្យ​​​សហជីព​​​មាន​​​ការ​​​សប្បាយ​​​ចិត្ត​​​ ប៉ុន្តែ​​​ធ្វើ​​​ឲ្យ​​​មាន​ការ​ខក​​​ចិត្ត​ចំពោះ​និយោជក​​​​ដែល​​បាន​​លើក​​​ឡើងថា ការដែលមាន​​​​​សហជីព​​​​​​​​​​ច្រើន​​​​​​​​​​​​គឺជា​ឧបសគ្គ​ក្នុង​​​ចំណោម​​​ឧបសគ្គ​​​ចម្បងៗ​​​​ក្នុង​​​ការ​​​រក្សា​​​ទំនាក់​​​ទំន​​​ង​​​វិជ្ជាជីវៈ​ដ៏មាន​ស្ថិរភាព​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ ដែល​​ជាសសរ​ស្តម្ភ​​​​ក្នុង​​​ចំណោមសរសរ​ស្តម្ភ​នៃ​សេដ្ឋកិច្ច​​ជាតិ​​​។

សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​​​​ដែល​​​បាន​​​ទៅ​​​ដល់​​​រដ្ឋ​​​សភា​​​ នៅ​​​តែ​​​រក្សា​​​ការ​​​កំណត់​​​ចំនួន​​​ត្រឹម​​​១០​​​នាក់។ សេចក្តី​​​ព្រាង​​​ច្បាប់​​​ថ្មី​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “សហជីព​​​មូល​​​ដ្ឋាន​​​អាច​​​បង្កើត​​​បាន​​​​​​ដោយ​​​កម្មករ​ និង​​​​​​និយោជិក​​​​​​យ៉ាង​​​តិច​​​១០​​​នាក់​​​នៅ​​​សហគ្រាស ឬ​​​ស្ថាប័ន​​​មួយ​​​”។

ដោយ​​​រក្សា​​​នូវ​​​ការ​​​កែ​​​ប្រែ​​​ដែល​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ខែ​​​កក្កដា សេចក្តី​​​ព្រាង​​​ច្បាប់​​​ថ្មី​​​នេះ​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​ផ្តល់​​​ ឋានៈ​តំណាង​​​ភាគ​​​ច្រើន និង​​​សិទ្ធិ​​​ទាម​​​ទារ​​​សមូហភាព​​​ផ្តាច់​​​មុខ​​​ដល់​​​សហជីព​​​ណា​​​មួយ​​​ដែល​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ពី​​​កម្មករ​​​និយោជិក​​​ យ៉ាង​​​តិច​​​៣០​​​ភាគ​​​រយ​​​​​​នៅ​​​កន្លែង​​​ការ​​​ងារ​​​មួយ​​​។ កាល​​​ពីខែ​​​កញ្ញា អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​បាន​​​​​​លើក​​​ឡើង​​​ថា តួ​​​លេខ​​​នោះ​​​ បាន​​​​ប្រសើរ​​​ឡើង​​​ពីចំនួន​​​​​​​៥០​​​ភាគ​រយ​​​ដែល​​​​បាន​​​ស្នើ​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​មុនៗ។

សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ ក៏​​​បាន​​​បង្កើន​​​ចំនួន​​​ភាគ​​​រយ​​​សម្រាប់​​​ការ​​​រំលាយ​​​ចោល​​​សហជីព​​​មួយ​​​ពី​​​សមាជិក​​​ចំនួន​​​២៥​​​ភាគ​​​រយ​​​​​ដល់​៥០​​​ភាគ​​​រយផងដែរ​​​​ ហើយ​​​អនុញ្ញាត​​​ឲ្យ​​​នរណា​​​ម្នាក់​​​ដែល​​​ស្នើ​​​ដឹក​​​នាំ​សហជីព​​មួយ​​​ធ្វើ​​​សេចក្តី​​​រាយការណ៍ដោយ​ខ្លួន​ឯង​​​​អំពី​​​​​​ប្រវត្តិបទល្មើស​​​របស់​​​ខ្លួន​​​ ជំនួស​ឲ្យ​ការដែល​ត្រូវ​ទទួល​​​ ឬ​​​ដាក់​​​ជូន​​​ឯកសារ​​​ផ្លូវការ​ដែល​រដ្ឋាភិបាល​តម្រូវ​ និងដែល​បាន​​​ស្នើ​​​នៅ​ក្នុង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​មុនដែរនោះ​​​​។

សេចក្តី​​​ព្រាង​​​​​​នេះ​​​ ក៏​​​ទំនង​​​ជា​​​ដក​​​ចេញ​​​នូវ​​​បញ្ញត្តិ​​​មួយ​​​ដែល​​​នឹង​​​​​​ផ្តល់​​​អំណាច​​​ដល់​​​​ក្រសួង​​​ការ​​​ងារ​​​ក្នុង​​​ការ​​​ព្យួរ​​​សហជីព​​​ដែល​​​ “សហការ​​​ ឬ​​​ចូល​​​រួម​​​ក្នុង​​​សកម្មភាព​​​ជាមួយ​​​ក្រុម​​​ដែល​​​រដ្ឋាភិបាល​​​ចាត់​​​ទុក​​​ថា បំផ្លិច​​​បំផ្លាញ​​​សេដ្ឋកិច្ច​ឬប​ង្ក​​​ការ​​​ខូច​​​ខាត​​​​ដល់​​​ប្រយោជន៍​​​ជាត​ិ​​​​​​​។​ ពាក្យ​​​ពេចន៍​​​មិន​​​ច្បាស់​​​លាស់​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​រំលោភ​​​បំពាន​​​​​​និងការ​អនុវត្ត​​​​តាម​​​ទំនើង​​​ចិត្ត​។​​​​

លោក អាត់ ធន់​ ដែល​​​ដឹក​​​នាំការ​​​ប្រឆាំង​​​ចំពោះ​ច្បាប់​​​នេះ ​​​ក្នុង​​​នាម​​​ជា​​​ប្រធាន​សហជីព​​​ឯករាជ​​​ធំ​​​បំផុត​​​​នៅ​​​​កម្ពុជា​​​នៅ​​​មិន​​​ទាន់បាន​​​​ឃើញ​​​សេចក្តី​ព្រាង​ច្បាប់​​​ថ្មី​​​នេះ​​​នៅ​​​ឡើយ​​​ទេ ហើយ​បានបដិសេធមិនធ្វើ​អត្ថាធិប្បាយឡើយ​​​​។​​​​​​​​​

លោក កែន លូ អគ្គលេខាធិការ​​​នៃ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ បាន​មាន​ប្រសាសន៍​​​ថា កង្វល់​​​ចម្បង​​​ពីរ​​​របស់​​​និយោជក គឺ​​​ការ​​​កំណត់​​​ចំនួន​​​ទាប​​​​​​សម្រាប់​​​ការ​​​បង្កើត​​​សហជីព​​​មូលដ្ឋាន និង​​​ការ​​​ខ្វះ​​​សមត្ថភាព​​​របស់​​​ក្រសួង​​​ក្នុង​​​ការ​​​ដាក់​​​ទណ្ឌកម្ម​​​សហជីព​​​ដែល​​​បំពាន​​​ច្បាប់។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ម្ចាស់​​​រោងចក្រ​​​បារម្ភ​​​ថា ការ​សម្រេច​​​ដាក់​​​ទណ្ឌកម្ម​​​ទាំងអស់​​​ដែល​​​ត្រូវ​​​មាន​​​ការ​​​យល់​​​ព្រម​​​ពី​​​តុលាការ​​​ នឹង​​​ត្រូវ​​​ការ​​​ពេល​​​យូរ​​​ពេក។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​មិន​​​អាច​​​រង់​​​ចាំ​​​ចំណាត់​​​ការ​​​ដែល​​​​​​ត្រូវ​​​ការ​​​ពេល​​​ជា​​​ច្រើន​​​ខែ​​​​​​បាន​​​នោះ​ទេ។ ពួកគេ​[ក្រសួង] យ៉ាង​​​ហោច​​​ណាស់​​​គួរ​​​មាន​​​អំណាច​​​ផ្អាក​​​…។ វា​ហាក់​​​ដូច​​​ជា​​​ពួកគេ​​​មិន​មាន​​​អំណាច​​​ណា​​​មួយ​​​ដាក់​​​ទណ្ឌកម្ម​​​ទាល់​​​តែ​​​សោះ”។

ក្រុម​​​មន្ត្រី​​​អង្គការ​​​ពលកម្ម​​​អន្តរជាតិ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​សេចក្តី​​​ព្រាង​ចុងក្រោយ​​​នេះ​​​ និង​មិន​អាច​​​ទាក់​​​ទង​​​បាន​​​ឡើយ។

នៅ​ឯ​សភា​​​ជាតិ​​​កាល​​​ពី​​​ម្សិលមិញ គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​ដែល​​​មាន​​​សមាជិក​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ភាគ​​​ច្រើន បាន​​​ចាត់តាំង​​​គណៈកម្មការ​​​នីតិប្បញ្ញត្តិ ដែល​​​ដឹកនាំ​​​ដោយ​​​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​​​សិក្សា​​​អំពី​សេចក្តី​​​ព្រាង​​​ច្បាប់​នេះ មុន​​​ពេល​​​​​​ដាក់​​​ឲ្យ​​​បោះ​​​ឆ្នោត ដោយ​​​មាន​​​ជំនួយ​​​ពី​​​គណៈកម្មការ​​​ការ​​​ងារ ដែល​ដឹកនាំ​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។

លោក​​​ ឈាង វុន អ្នកនាំពាក្យ​​​សភា​​​បាន​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​អំពី​​​ការ​​​ចាត់​​​តាំង​​​គណៈកម្មការ​​​នេះ​​​ទេ។

លោក​​​ស្រី កែ សុវណ្ណរ័ត្ន តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​ការងារ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រជាជន​កម្ពុជា​​​ទំនង​​​ជា​​​ដាក់​​​គណៈកម្មការ​​​មួយ​​​ក្នុង​​​ចំណោម​​​គណៈកម្មការ​​​របស់​​​ខ្លួន​​​ផ្ទាល់​​​ឲ្យ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ការ​​​ពិនិត្យ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ ដើម្បី​​​ធានា​​​ថា គណបក្ស​​​ប្រឆាំង​​​គ្មាន​​​ឱកាស​​​រារាំង​​​ដំណើរ​​​ទៅ​​​មុខ​​​របស់​​​វា​​​នៅ​​​សភា។

ជា​​​ទូទៅ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​គាំទ្រ​​​សហជីព​​​ដែល​​​រិះគន់​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ ប៉ុន្តែ លោក​​​ស្រី សុវណ្ណរ័ត្ន មិន​​​ទាន់​​​បាន​​​ពិនិត្យ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​ថ្មី​​​នេះ​​​នៅ​​​ឡើយ​ទេ​ហើយ​​​មិន​​​អាច​​​និយាយ​​​បាន ថា​តើ​​​​​​លោក​​​ស្រី​​​នឹង​​​គាំទ្រ​​​វា​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ។

វា​​​ក៏​​​មិន​​​ច្បាស់​​​ដែរ ថា​តើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ពិនិត្យ​​​េសចក្តី​ព្រាង​​​ច្បាប់​​​នេះ​​​ដែរ​​​ ឬ​​​ទេ។

ចំ​ពេល​បរិយាកាស​​​នយោបាយ​​​កំពុង​​​តែ​​ដុនដាប សភា​​​ជាតិ​​​ដែល​​​មាន​​​ចំនួន​​​សមាជិក​លើស​​​លុប​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ក្នុង​​​ពេល​​​ប៉ុន្មាន​​​សប្ដាហ៍​​​ថ្មីៗ​​​នេះ​​​បាន​​​ដក​​​​​​ឋានៈ​​​ជា​​​តំណាង​​​រាស្ត្រ​​​របស់​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​និង​​​​​​តំណែង​របស់​លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ពី​​​អនុប្រធាន​​​សភា ជា​​​ទង្វើ​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​​​​បាន​​​រិះគន់​​​ថា ផ្ទុយ​​​ពី​​​រដ្ឋ​​​ធម្មនុញ្ញ។

តុលាការ​​​ក៏​​​កំពុង​​​គំរាម​​​ចាប់​​​លោក​​​ សម រង្ស៊ី ដាក់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ពី​​​បទ​​​បរិហារកេរ្តិ៍ ប្រសិនបើ​​​រូប​​​លោក​ត្រឡប់​​​មក​​​ពី​ដំណើរ​ទស្សនកិច្ច​​​នៅ​​​ក្រៅ​​​ប្រទេស​វិញ​នោះ។

លោក អ៊ូ ច័ន្ទរិទ្ធ តំណាង​​​រាស្ត្រ​​​​​​គណបក្ស​​​​​​សង្គ្រោះ​ជាតិ​​​ ដែល​​​ស្ថិត​​​ក្នុង​​​គណៈកម្មការ​​​នីតិប្បញ្ញត្តិ​​​របស់​​​សភា បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រឆាំង​​​មិន​​​ទាន់​​​​​​សម្រេច​​​ថា​តើ​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ពិនិត្យ​​​ច្បាប់​​​សហជីព ឬ​កិច្ចការ​ផ្លូវការ​ណាមួយ ឬ​អត់​​​នោះ​​​ទេ លុះ​​​ត្រា​​​តែ​​​ស្ថានការណ៍​​​នយោបាយ​​​ដ៏​លំបាក​​​ថ្មី​​​បំផុត​​​នេះ​​​កន្លង​​​ផុត​​​សិន។

លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា “យើង​​​ត្រូវ​​​ជួប​ប្រជុំ​​​គ្នា​​​នៅ​​​ល្ងាច​​​​​​ថ្ងៃ​​​​​​ស្អែក​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​កិច្ច​​​ការ​​​នីតិប្បញ្ញត្តិ​​​របស់​​​យើង”៕ ស៊ុយឈាង និង និត (រាយការណ៍​​​បន្ថែម​ដោយZsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស