នគរបាលបាននិយាយថា មន្ត្រីយោធាម្នាក់ដែលស្រវឹងស្រាដកកាំភ្លើងខ្លីបាញ់ត្រូវពិដានហាងខារ៉ាអូខេមួយនៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃអាទិត្យនោះ នឹងប្រឈមមុខនៅតុលាការនៅថ្ងៃនេះ បើទោះជាមានការខិតខំប្រឹងប្រែងពីសំណាក់មន្ត្រីយោធាឲ្យដាក់ពិន័យជននេះផ្ទៃក្នុងក៏ដោយ។
យោងតាមលោក ចិត្រ វណ្ណី ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា លោក រ័ត្ន សិរីបញ្ញា ជាវរសេនីយ៍ត្រីនៅកងយោធពលខេមរភូមិន្ទ និងជាអនុប្រធាននាយកដ្ឋានហិរញ្ញាវត្ថុនៃកងយោធពលខេមរភូមិន្ទនៅក្នុងខេត្តនេះ បានដកកាំភ្លើងខ្លីបាញ់នៅហាងខារ៉ាអូខេព្រីនសេសក្នុងក្រុងបាត់ដំបងនៅម៉ោងប្រហែល១០និង៣០នាទីយប់ បន្ទាប់ពីបាត់ទូរស័ព្ទ
iPhone ក្នុងហាងខារ៉ាអូខេនោះ។
លោក វណ្ណី បានមានប្រសាសន៍ ថា “ជនល្មើសរូបនេះបានប្រាប់មន្ត្រីរបស់យើងថា គាត់បានដកកាំភ្លើងខ្លីបាញ់មួយគ្រាប់ទៅពិដានខារ៉ាអូខេនោះ ពីព្រោះគាត់ខឹងគេលួចទូរស័ព្ទពីហោប៉ៅរបស់គាត់”។ លោកបានបន្ថែមថា លោក សិរីបញ្ញា បានផឹកសីុជាមួយមិត្តភក្តិម្នាក់មកពីនាយកដ្ឋានកងយោធពលខេមរភូមិន្ទជាមួយគ្នាតាំងពីក្បាលព្រលប់។
ខណៈដែលទទួលស្គាល់ថា ទង្វើរបស់លោក សិរីបញ្ញា ល្មើសច្បាប់នោះ លោក វណ្ណី បានថ្លែងថា គាត់នឹងមិនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តទេ។
លោកបានថ្លែងថា “យើងនឹងមិនបញ្ជូនគាត់ទៅតុលាការទេ ពីព្រោះគាត់មិនបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរទេ។ យើងនឹងប្រគល់គាត់ទៅឲ្យនាយកដ្ឋានហិរញ្ញវត្ថុនៃកងយោធពលខេមរភូមិន្ទ ដើម្បីដាក់វិន័យទៅតាមច្បាប់យោធា”។
ទោះជាយ៉ាងណា នៅល្ងាចថ្ងៃដដែលនោះ លោក ម៉េង លាង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានមានប្រសាសន៍ថា ជនល្មើសរូបេនះនឹងត្រូវបង្ខំឲ្យប្រឈមមុខច្បាប់តាមការទាមទាររបស់ម្ចាស់ហាងខារ៉ាអូខេ ដែលជាជនរងគ្រោះដោយទង្វើឆេវឆាវរបស់ទាហានរូបនេះម្តងកាលពីមុន។
លោក ម៉េង លាង បាននិយាយទៀតថា “មន្ត្រីយោធារូបនេះបានធ្វើទង្វើបែបនេះម្តងរួចហើយកាលពីពីរបីខែមុន គាត់ស្រវឹងស្រានៅហាងខារ៉ាអូខេដដែលនេះ។ យើងបានចាប់ខ្លួននិងឃុំខ្លួនគាត់ ហើយធ្វើការអប់រំ រួចឲ្យចុះហត្ថលេខាលើកិច្ចសន្យាថា គាត់នឹងមិនធ្វើទង្វើបែបនេះទៀតឡើយ”។
លោក ម៉េង លាង បាននិយាយថា កាលពីម្សិលមិញ មេរបស់ជននេះបានមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ទីដែល លោក សិរីបញ្ញា កំពុងត្រូវបានឃុំខ្លួន ហើយបានស្នើសុំឲ្យយកគាត់ទៅដាក់ទោស ប៉ុន្តែ ត្រូវបានបដិសេធ។
លោកបាននិយាយថា “យើងបានបដិសេធ ពីព្រោះម្ចាស់ហាងខារ៉ាអូខេបានទាមទារឲ្យអាជ្ញាធរយកជនល្មើសរូបនេះទៅដាក់ពន្ធនាគារ ពីព្រោះជននេះបានបាញ់បោះ និងបំផ្លាញហាងខារ៉ាអូខេ ហើយធ្វើឲ្យភ្ញៀវរត់ចេញអស់ដោយមិនបានទូទាត់ប្រាក់ ដោយសារតែការបាញ់បោះនេះ”។
លោកបានបន្ថែមថា “ឥឡូវនេះយើងកំពុងកសាងសំណុំរឿង បញ្ជូនជនល្មើសរូបនេះទៅតុលាការ [នៅថ្ងៃនេះ]”៕សារុន