បន្ទាប់ពីមានការដាច់ចរន្តអគ្គិសនីទូទាំងប្រទេសធ្វើឲ្យប្រទេសកម្ពុជាងងឹតឈឹងអស់រយៈពេលជាង១ម៉ោងនៅយប់ថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើទំព័រហ្វេសប៊ុករបស់លោកដើម្បីជូនសារបន្តផ្ទាល់ដល់សាធារណជន ដោយបញ្ជាក់អះអាងថា ការដាច់ចរន្តអគ្គិសនីមិនមែនជាសកម្មភាពភេរវកម្មទេ ប៉ុន្តែគ្រាន់តែបង្កឡើងដោយបញ្ហាបញ្ជូនអគ្គិសនីពីប្រទេសវៀតណាមប៉ុណ្ណោះ។
ក្រុងភ្នំពេញ និងបណ្ដាខេត្តទាំង២៤បានដាច់អគ្គិសនីពីម៉ោងប្រហែល៩យប់ដល់ម៉ោង១០និង៣០នាទីយប់កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើឲ្យមានការយល់ច្រឡំជាទូទៅដែលធ្វើឲ្យសាធារណជនដែលមានការព្រួយបារម្ភនោះទូរស័ព្ទទៅកាន់ស្ថានីយវិទ្យុនានា ដោយសន្និដ្ឋានអំពីការអាចកើតមានរដ្ឋប្រហារ ឬការវាយប្រហារភេរវកម្ម។
ប្រហែលកន្លះម៉ោងបន្ទាប់ពីអគ្គិសនីត្រូវស្ដារឡើង លោកនាយករដ្ឋមន្ត្រីបានធានាអះអាងដល់សាធារណជនតាមរយៈការផ្សាយផ្ទាល់តាមហ្វេសប៊ុកដែលថា ការដាច់ចរន្តអគ្គិសនីគឺបង្កដោយបញ្ហានៅឯស្ថានីយអគ្គិសនីនៅក្នុងទឹកដីវៀតណាមដែលផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំសូមថ្លែងជូនប្រជាពលរដ្ឋជាបន្ទាន់ទាក់ទិនការដាច់ចរន្តអគ្គិសនីក្នុងក្របខណ្ឌទូទាំងប្រទេស។ ខ្ញុំព្រះករុណាខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមអភ័យទោស និងសូមបញ្ជាក់ជូនប្រជាពលរដ្ឋថា ការដាច់ចរន្តអគ្គិសនីនេះមិនមែនជាសញ្ញានៃការវាយប្រហារផ្នែកភេរវកម្ម ឬក៏ឧបទ្ទវហេតុណាផ្សេងក្រៅតែពីការដាច់ចរន្តនោះទេ”។
លោក ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា “ខ្ញុំសូមបញ្ជាក់សាជាថ្មីថា នេះមិនមែនជាចេតនាខាងនយោបាយរបស់ក្រុមណាមួយ ឬក៏មិនមែនជាឧបទ្ទវហេតុដែលអាចកើតឡើងនូវការវាយប្រហារភេរវកម្មនោះទេ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់ថា “នៅពេលដែលយើងកំពុងតែបញ្ជូនភ្លើងពីវៀតណាមមកក្រុងភ្នំពេញ និងចែកទៅបណ្ដាខេត្តទូទាំងប្រទេស អគ្គិសនីក្នុងទឹកដីវៀតណាមត្រូវបានដាច់ ដូច្នេះគឺការទាញទម្លាក់អគ្គិសនីពីវៀតណាមមកទាញទម្លាក់អគ្គិសនីនៅភ្នំពេញ និងបណ្ដាខេត្តដែលភ្ជាប់ជាមួយនឹងបណ្ដាញជាតិក៏ត្រូវបានកាត់ផ្ដាច់ដូចគ្នា។
នៅថ្ងៃព្រហស្បតិ៍គឺមិនមែនជាលើកទី១ទេដែលប្រទេសកម្ពុជាដែលនៅតែពឹងផ្នែកយ៉ាងខ្លាំងទៅលើថាមពលនាំចូលពីប្រទេសជិតខាង គឺបានដាច់ចរន្តអគ្គិសនីដោយសារតែការដាច់ចរន្តអគ្គិសនីនៅប្រទេសវៀតណាម។ នៅខែមីនា ឆ្នាំ២០១៣ ក្រុងភ្នំពេញបានដាច់អគ្គិសនីអស់រយៈពេល៦ម៉ោងដោយសារតែការដាច់អគ្គិសនីដ៏ធំនៅវៀតណាមខាងត្បូង។
នៅក្នុងវីដេអូបង្ហោះលើហ្វេសប៊ុកកាលពីម្សិលមិញ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាដែលជាបណ្ដាញផ្គត់ផ្គង់ថាមពលរដ្ឋបាននិយាយថា ការដាច់ចរន្តអគ្គិសនីបានកើតឡើងនៅពេលដែលខ្សែបណ្ដាញពីរដែលបញ្ជូនអគ្គិសនីពីវៀតណាមមកកម្ពុជាមានបញ្ហាបច្ចេកទេស។
លោក កែវ រតនៈ បាននិយាយថា ការដាច់ចរន្តអគ្គិសនីនៅកម្ពុជាស្រដៀងគ្នាទៅនឹងការដាច់ចរន្តអគ្គិសនីនាឆ្នាំ២០០៣ នៅអាមេរិកខាងជើង ដែលបណ្ដាលឲ្យតំបន់ធំៗជាច្រើនរបស់សហរដ្ឋអាមេរិកភាគខាងកើត និងប្រទេសកាណាដាងងឹតឈឹង។
គង់ លីដា អាយុ៣៧ឆ្នាំ ដែលកំពុងតែមើលទូរទស្សន៍នៅឯផ្ទះរបស់នាងនៅខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ នៅពេលអគ្គិសនីដាច់បាននិយាយថា ដំបូងឡើយនាងភ័យខ្លាចបំផុត។
នាង លីដា បាននិយាយថា “ខ្ញុំគិតថា អាចមានអ្វីមួយធ្ងន់ធ្ងរកើតឡើង ប៉ុន្តែខ្ញុំមិនគិតថា វាជាភេរវកម្មទេ”។
នាង លីដា បាននិយាយបន្តថា “ខ្ញុំគ្រាន់តែសង្ស័យថា មានអ្វីមួយមិនស្រួលទាក់ទងនឹងអសន្តិសុខសង្គម ជាពិសេសបញ្ហានយោបាយ ពីព្រោះមានសាច់ញាតិជាច្រើនដែលរស់នៅកណ្ដាលក្រុងភ្នំពេញបានទូរស័ព្ទមកខ្ញុំ ហើយនិយាយថា ពួកគេដាច់ភ្លើងអគ្គិសនី។ ខ្ញុំគ្រាន់តែឃើញដាច់ចរន្តអគ្គិសនីនៅកន្លែងមួយចំនួនប៉ុណ្ណោះ មិនមែនទូទាំងប្រទេសដូចពេលនេះទេ៕ រើន