34 C
Phnom Penh

របាយការណ៍៖ កម្ពុជា​ជា​កន្លែង​គ្រោះ​ថ្នាក់​បំផុត​​​សម្រាប់​អ្នក​យក​ព័ត៌មាន​បរិស្ថាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​ថ្មី​មួយ​​​ចេញ​​នៅ​សប្ដាហ៍​នេះ​​ដោយ​​អ្នក​កាសែត​គ្មាន​ព្រំដែន​​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉ារីស​​ឲ្យ​ដឹង​ថា កម្ពុជា​គឺ​ជា​កន្លែង​​គ្រោះ​ថ្នាក់​បំផុតក្នុង​ការ​​​ធ្វើ​ការ​ជា​អ្នក​កាសែត​បរិស្ថាន។

“របាយការណ៍​​ដែល​មាន​ចំណង​ជើង​ថា “បរិយាកាស​​អរិភូត​​​សម្រាប់អ្នក​កាសែត​បរិស្ថាន​ និយាយ​រៀបរាប់​អំពី​​ការ​យាយី​ ការ​ចាប់​ដាក់​គុក​ និង​ការ​​សម្លាប់​អ្នក​កាសែត​​ទូទាំង​ពិភព​លោក​ចាប់​តាំង​ពី​ឆ្នាំ​២០១០​ ហើយ​ចាត់​​ទុក​ប្រទេស​កម្ពុជា​​​ដែល​មាន​ឃាតកម្ម​បួន​លើក​ក្នុង​បណ្ដា​ឃាតកម្ម​១០​លើក​​បាន​កើត​ឡើង​​ថា ជា​​កន្លែង​​ដ៏គ្រោះ​ថ្នាក់​បំផុត​។

របាយការណ៍​និយាយ​ថា “​កម្រិត​នៃ​និទណ្ឌភាព​​គឺ​គួរ​ឲ្យ​អាម៉ាស់​នៅ​ប្រទេស​ឥណ្ឌា​ដែល​មាន​ចំណាត់​ថ្នាក់​១៤០​ក្នុង​បណ្ដា​១៨០​ប្រទេស​​នៅក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​​របស់​​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ ហើយ​ប្រទេស​កម្ពុជា​មាន​ចំណាត់​ថ្នាក់​​១៤៤​​”។ “​អ្នក​កាសែត​គ្មាន​​ព្រំដែន​​សូម​ជំរុញ​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​​​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត​ដ៏​ហ្មត់ចត់ និង​ប្រកប​ដោយ​តម្លាភាព​​ទៅ​លើ​ឃាតកម្ម​ឃោរឃៅ​ចំពោះ​អ្នក​កាសែត​ គឺ​​នាំយក​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ដើម្បី​យក​មក​កាត់​ទោស​។ គ្រួសារ​នៃ​ជន​រងគ្រោះ​តែង​តែ​ប្រឈម​មុខ​នឹង​ប្រព័ន្ធ​តុលាការ​​ដែល​មិន​សម​នឹង​ឈ្មោះ​”។

អត្ថបទ​ទាក់​ទិន​នឹង​បរិស្ថាន​​ធ្លាប់​ត្រូវ​គេ​យក​មក​ពិភាក្សា​នៅ​ក្នុង​សន្និសីទ​ផ្នែក​និពន្ធ​ ប៉ុន្តែ​ឥឡូវ​នេះ​​គេ​​ប្រជែង​គ្នា​រក​អត្ថបទ​ព័ត៌មាន​ធំៗ​​សម្រាប់​ទំព័រ​មុខ​ ឬ​សម្រាប់​ការ​ចាប់​ផ្ដើម​​នៃ​កម្មវិធី​នៃ​ព័ត៌មាន​ទូរទស្សន៍​។ គឺ​ល្មម​ដល់​ពេល​​ចាត់​ចែង​​អាទិភាព​ដូច​គ្នា​នេះ​​ដើម្បី​ការ​ពារ​​អ្នក​យក​ព័ត៌មាន​បរិស្ថាន​ហើយ​​។

របាយការណ៍​លើក​ឈ្មោះ​អ្នក​កាសែត​​​​ផ្នែក​បរិស្ថាន​បួន​រូប​ដែល​ត្រូវ​​ឃាតករ​សម្លាប់​នៅ​ប្រទេស​កម្ពុជា​​ចាប់​តាំង​ពី​ឆ្នាំ​២០១០​ គឺ​មាន​លោក តាំង ទ្រី ដែល​ត្រូវ​ទាហាន​ម្នាក់​​បាញ់​ចំក្បាល​ពេល​ចុះ​ស៊ើបអង្កេត​​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ក្រចេះ​​​ក្នុង​ឆ្នាំ​២០១៤​ លោក សួន ចាន់ ត្រូវ​វាយ​ឲ្យ​ស្លាប់​ដោយ​មនុស្ស​មួយ​ក្រុម​ក្នុង​ពេល​ដែល​លោក​​ចុះ​យក​ព័ត៌មាន​​ទាក់​ទិន​នឹង​ការ​នេសាទ​ខុស​ច្បាប់​នៅ​ខេត្ត​កំពង់ឆ្នាំង​កាលពី​ឆ្នាំ​២០១៤​ដែរ​ លោក ហង្ស សេរីឧត្ដម ​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ឃ្លុប​ឡាន​របស់​លោក​​ដោយ​មាន​ស្នាម​កាប់​នឹង​ពូថៅ​ចំក្បាល​​ បន្ទាប់ពី​យក​ព័ត៌មាន​ទាក់​ទង​នឹង​ការ​​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​រតនគិរី​​​ក្នុង​ឆ្នាំ​២០១២​ ហើយ​លោក ឈុត វុទ្ធី ​​ជា​សកម្មជន​បរិស្ថាន​​​ត្រូវ​បាន​​​កង​រាជអាវុធហត្ថ​បាញ់​ស្លាប់​​ក្នុង​ពេល​ដែល​លោក​​​នាំ​អ្នក​កាសែត ​ខេមបូឌា ដេលី ទៅ​ទីតាំង​​កាប់​ឈើ​នៅ​ខេត្ត​កោះកុង។

យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ថា នៅ​ខាង​ក្រៅ​ប្រទេស​កម្ពុជា អ្នក​កាសែត​បរិស្ថាន​ត្រូវ​បាន​​គេ​សម្លាប់​​នៅ​ប្រទេស​ឥណ្ឌា “​បី​នាក់​” ប្រទេស​រុស្ស៊ី ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​ហ្វីលីពីន (ម្នាក់​ក្នុង​ប្រទេស​មួយ​) ចាប់​តាំង​ពី​ឆ្នាំ​​២០១០​។

របាយការណ៍​និយាយ​បន្ត​ថា “បញ្ហា​ទាក់​ទង​នឹង​អ្នក​កាសែត​បរិស្ថាន​បាន​ផ្ទុះ​ឡើង​​។ អត់ទេ​ គេ​មិន​ត្រឹម​តែ​​សរសេរ​អំពី​ការ​ការ​ពារ​ធម្មជាតិ​ សត្វព្រៃ និង​រុក្ខជាតិ​ប៉ុណ្ណោះ​ទេ គេ​ក៏​សរសេរ​អំពី​ការ​​កាប់​បំផ្លាញ​ព្រៃឈើ​ អាជីវកម្ម​ធនធាន​ធម្មជាតិ និង​ការ​បំពុល​បរិស្ថាន​ ជា​បញ្ហា​ដែល​តែង​តែ​ជាប់ទាក់​ទិន​​​លើស​ពី​​ការ​ការ​ពារ​បរិស្ថាន​ទៅទៀត​ ជា​ពិសេស​នៅ​ពេល​ដែល​ពួកគេ​បក​អាក្រាត​សកម្មភាព​ខុស​ច្បាប់​​នៃ​ក្រុម​ឧស្សាហកម្ម​ បទ​ឧក្រិដ្ឋ​​រៀបចំ​តាម​មូលដ្ឋាន និង​ថែម​ទំាំង​មន្ត្រី​រដ្ឋាភិបាល​ផង​ដែរ​”។

លោក មឿន ឈានណារិទ្ធ នាយក​​វិទ្យាស្ថាន​កម្ពុជា​​សម្រាប់​​ការ​​សិក្សា​​ផ្នែក​ព័ត៌មាន​​បាន​និយាយ​ថា អ្នក​កាសែត​ដែល​​​តាម​ដាន​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​​គឺ​ប្រថុយ​ខ្លាំង​ណាស់។

លោក ឈានណារិទ្ធ បាន​និយាយ​ថា “​យើង​ត្រូវ​ធ្វើ​ការ​យ៉ាង​ប្រុង​ប្រយ័ត្ន​​​​ពេល​យើង​​ជំរុញ​​ដែន​កំណត់​​នៃ​សេរីភាព​របស់​យើង​​។ លោក​បាន​និយាយ​បន្ថែម​ថា ​អ្នក​កាសែត​ខ្មែរ​ដែល​លើក​​ឈ្មោះ​មកនិយាយ​​ដោយ​​​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ ​លើក​លែង​តែ​លោក ឈុត វុទ្ធី ចេញ​គឺ​​​​ខ្វះ​វិជ្ជាជីវៈ​។

លោក ឈាន​ណារិទ្ធ បាន​និយាយ​ថា “​អ្នក​ដែល​មាន​មុខ​សញ្ញា​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​​កន្លង​មក​នេះ ​អ្នក​យក​ព័ត៌មាន​មក​ពី​បណ្ដា​ខេត្ត​​គឺ​មិន​មាន​វិជ្ជាជីវៈ​ទេ។ ពួកគេ​មិន​ចេះ​​ប្រើ​មធ្យោបាយ​សុវត្ថិភាព​ដើម្បី​ប្រមូល​ព័ត៌មាន​ទេ”។

នៅ​ក្នុង​ខេត្ត​រតនគិរី​​ដែល​មាន​ទំនាក់​ទំនង​ល្អក់​កក​រវាង​អ្នក​យក​ព័ត៌មាន​​និង​អាជ្ញាធរ​ ហើយ​​ព្រៃឈើ​ក្រាស់​នៅ​តាមព្រំដែន​វៀតណាម​​ដែល​ជា​កន្លែង​មាន​ការ​​កាប់​ឈើ​​ប្រណីត​ខុស​ច្បាប់​កើត​ឡើង​ភាគ​ច្រើន​ គឺ​ត្រូវ​បាន​ឈ្មួញ​រត់​ពន្ធ​ ដែល​ជា​បរិយាកាស​​​ឆាប់​មាន​​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​ដែល​​ស្វែង​រក​ចម្លើយ។

លោក ឆាយ ធី អ្នក​សម្របសម្រួលសិទ្ធិ​មនុស្ស​សមាគម​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី​ ដែល​ចំណាយ​ពេល​​ជា​ច្រើន​របស់​លោក​តាម​ដាន​ការ​កាប់​ឈើ​ខុស​ច្បាប់​​ និង​ផ្ដល់​ព័ត៌មាន​​ឲ្យ​អ្នក​កាសែត​ បាន​និយាយ​ថា ការ​សង​សឹក​​ និង​ការ​បក​អាក្រាត​បុគ្គល​ណាម្នាក់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​គឺ​​នឹង​កើត​​មាន​ឡើង​​។

លោក ធី បាន​និយាយ​ថា “​នៅខេត្ត​រតនគិរី​ អាជ្ញាធរ​តែង​តែ​គំរាម​អ្នក​កាសែត​ដែល​ប្រមូល​ព័ត៌មាន​រសើប​។ ​គ្រោះ​ថ្នាក់​ចំពោះ​អ្នក​កាសែត​នៅ​ស្រុក​ខ្មែរ​មិន​​ធ្ងន់ធ្ងរ​ពេក​ទេ ប៉ុន្តែ​ការ​គំរាម​កំហែង និង​​ភាពភ័យ​ខ្លាច​គឺ​តែង​តែ​កើនឡើង​”៕​ រើន (រាយការណ៍​បន្ថែម​ដោយ ឃី សុវុឌ្ឍី​)​​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស