26 C
Phnom Penh

ក្រុម​សមាជិកសភា​គណបក្ស​ប្រឆាំង​ចាប់​​​ផ្តើម​​​ធ្វើពហិការ​កិច្ច​ប្រជុំ​សភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទាំង​​​៥៥​​​រូប នឹង​​​ធ្វើ​​​ពហិការ​​​កិច្ច​​​ប្រជុំ​​​រដ្ឋ​​​សភា​​​នៅ​​​ព្រឹក​​​​​​នេះ​​​ និង​​​កិច្ច​​​ប្រជុំ​​​ទាំង​​​អស់​​​នាពេល​​​អនា​​​គត ​​​​​​រហូត​​​ដល់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ធានា​​​សុវត្ថិភាព​​​របស់​​​ពួក​​​គេ ហើយ​ងា​​​ក​​​ទៅ​​​រក​​​ស្មារតី​​​នៃ​​​កិច្ច​​​សហប្រតិបត្តិការ​​​សភា​វិញ​។

នៅ​​​ក្នុង​​​រយៈ​​​ពេល​​​តែ​មួយ​​​ខែ​​​ តំណាង​​​រាស្ត្រ​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពីរ​​​រូប​​​​​​​​​ត្រូវ​​​បាន​​​វាយ​​​ដំ​​​ដោយ​​​ក្រុម​​​បាតុករ​​​គាំទ្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ខណៈ​​​រូប​​​លោកទាំងពីរ​​​​ចេញ​​​ពី​​​ប្រជុំ​​​​សភា​​​ លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​អនុប្រធាន​​​រដ្ឋ​​​សភា​​​ ហើយ​​​លោក​​​ សម រង្ស៊ី ត្រូវ​​​បាន​​​​​​ដក​​​ចេញ​​​សមាជិក​​​សភា​​​ បន្ទាប់​​​ពី​​​មាន​​​ដីកា​​​ចាប់​​​ខ្លួន​​​ជុំ​​​វិញ​​​ការ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ចាស់​​​ពាក់​​​ព័ន្ធ​​​បទ​​​បរិហារ​​​កេរ្តិ៍។

សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចូល​​​រួម​​​សម័យ​​​ប្រជុំ​​​រដ្ឋ​​​សភា​​​ កាល​​​ពី​​​ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១៤។  លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ថា សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​នឹង​​​ធ្វើ​​​ពហិការ​​​កិច្ច​​​ប្រជុំ​​​សភា​​​នៅ​​​ព្រឹក​​​នេះ។ រូបថតៈ សីុវ​​​  ចាន់​​​ណា/The Cambodia Daily
សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចូល​​​រួម​​​សម័យ​​​ប្រជុំ​​​រដ្ឋ​​​សភា​​​ កាល​​​ពី​​​ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១៤។ លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ថា សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​នឹង​​​ធ្វើ​​​ពហិការ​​​កិច្ច​​​ប្រជុំ​​​សភា​​​នៅ​​​ព្រឹក​​​នេះ។ រូបថតៈ សីុវ​​​ ចាន់​​​ណា/The Cambodia Daily

រដ្ឋ​​​សភា​​​នឹង​​​បើក​​​កិច្ច​​​ប្រជុំ​​​នៅ​​​ថ្ងៃ​​​នេះ​​​​​​ជា​​​លើក​​​ដំបូង​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​៣០​​​ ខែ​​​តុលា​​​មក​​​ នៅ​​​ពេល​​​លោក កឹម សុខា ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​អនុប្រធាន​​​រដ្ឋ​​​សភា​​​​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​​​​ឆ្នោត​​​គួរ​​​ឲ្យ​​​សង្ស័យ​​​មួយ​​​ដែលរយៈពេល​​​​​​​តែ​​​បួន​​​ថ្ងៃ​​​ប៉ុណ្ណោះ បន្ទាប់​​​ពី​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពីរ​​​រូប​​​ត្រូវ​​​បាន​​​វាយ​​​ដ​​​ំ​​​ដោយ​​​ក្រុមបាតុករ​​​គំាទ្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​ដែល​​​រួម​​​មាន​​​ទាហាន​​​ស្លៀក​​​ពាក់​​​សីុវិល​​​ផង។

លោក សម រង្ស៊ី ដែល​​​បច្ចុប្បន្ន​​​​​​ស្ថិត​​​ក្នុង​​​ភាព​​​និរទេស​​​ខ្លួនដោយ​ខ្លួន​ឯង​នៅ​​​​​​ក្នុង​​​ប្រទេស​​​ ​​​បារាំង​​​ដើម្បី​​​គេច​​​ចេញ​​​ពី​​​ការ​​​ចាប់​​​ខ​​​្លួននោះ​បាន​​​មាន​​​ប្រសាសន៍ថា​​​ លោក និងលោក​ កឹម​ សុខា បាន​​​សម្រេច​​​កាល​​​ពី​​​យប់​​​មិញ​​​ថា គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​មិន​​​ចូល​​​រួម​​​​​​កិច្ច​​​ប្រជុំ​​​សភា​នៅ​​​ក្រោម​​​កាលៈទេសៈ​​​ដូច​​​េនះ​​​ឡើយ​​​។ ​​​ការ​​​បោះឆ្នោត​​​លើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ថវិកា​​​ជាតិ​​​ឆ្នាំ​​​២០១៦ គ្រោង​​​ធ្វើ​​​ឡើង​នៅ​​​ថ្ងៃ​​​នេះ​​​។​​​

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”ស្ថាន​​​ភាព​​​មិនដូច​​​​ធម្មតាទេ​​​ ដូច្នេះ​​​យើង​​​នឹង​​​​​​មិន​​​ធ្វើ​​​ការ​​​ងារ​​​របស់​​​យើង​​​ដូច​​​ធម្មតា​​​ឡើយ។ ​​​យើង​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ធានា​​​ដល់​​​សន្តិសុខ និង​​​សុវត្ថិ​ភាព​​​របស់​​​យើង​​​… ពីព្រោះ​​​មិន​​​មាន​​​សញ្ញា​​​នៃ​​​ការ​​​សើុប​​​អង្កេត​​​ឲ្យ​​​បាន​​​ហ្មត់​​​ចត់​​​អំពី​​​ការ​​​វាយ​​​ដំ​​​នោះ​​​ឡើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​មិន​​​បាន​​​ទទួល​​​ការ​​​ធានា​​​ណា​​​មួយ​​​​​​អំពី​​​សន្តិសុខ​​​ឡើយ​​​ ពួក​​​គេ​​​បន្ត​​​បំភិត​​​បំភ័យ ហើយ​​​បរិយាកាស​​​នៅ​​​មាន​​​ភាព​​​តាន​​​តឹង​​នៅឡើយ​​​។ ដូច្នេះ​​​យើង​​​ចង់​​​ឲ្យ​​​បរិយា​កាស​​​​មាន​​​ភាព​​​ស្ងប់​​​ស្ងាត់​​​។ នៅ​​​ពេល​​​មាន​​​ភាព​​​ស្ងប់​​​ស្ងាត់​​​ហើយ យើង​​​អាច​​​ត្រឡប់​​​​​ទៅ​​​ធ្វើ​​​ការ​​​ងារ​​របស់​​​យើង​​​វិញ”។

មាន​​​ទាហាន​​​តែ​​​បី​​​នាក់​​​ប៉ុណ្ណោះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ចំពោះ​​​ការ​​​វាយ​​​ដំ​​​យ៉ាង​​ព្រៃផ្សៃ​ទៅ​​​លើ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ គឺ​​​លោក ញ៉យ​​​ ចំរើន និង​​​លោក គង់ សភា ​​​ ដែល​​​ រួម​​​មាន​​​ការ​​ឡើង​​ជាន់លើ​​​​​​​ទ្រូង​​​ និង​​​ការ​​​ទាត​​​់​​​ធាក់​​​ផ្ទៃ​​​មុខ​​​ជា​​​ដើម​​​។ អាជ្ញាធរ​​​បាន​​​បដិសេធ​​​មិន​​​បង្ហាញ​​​ថា តើ​​​ទាហាន​​​ទាំង​​​បី នាក់​​​នេះ​​​មក​​​ពី​អង្គភាព​​​ណា​​​នោះ​​​ឡើយ​​​។

លោក សម រង្ស៊ី បាន​​​ថ្លែង​​​ថា ការ​​​ដក​​​លោក​​​  កឹម សុខា ពី​​​អនុប្រធាន​​​រដ្ឋ​​​សភា​​​ដែល​​​គណ​​​បក្ស​​​ប្រឆាំង​​​លើក​​​ឡើង​​​ថា មិន​​​ស្រប​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញ ហើយ​​​ថា ការ​​​ដក​​​រូប​​​លោក​​​ចេញ​​​ពី​​​សមាជិក​​​សភា​​​កាល​​​ពី​​​ពី​​​រសប្តាហ៍​​​មុន​​​ ក៏​​​មិន​​​ស្រប​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញ​​​ដែរ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ដោយ​​​សារ​​​ ភាព​​​ធ្ងន​​​់ធ្ងរ​​​នៃ​​​ការ​​​រំលោភ​​​បំពាន​​​ច្បាប់​​​ យើង​​​​​​នឹង​​​មិន​​​ទៅ​​​​លេង​​​ល្បែង​​​នោះ​​​ឡើយ​​​។  ភាគី​​​ផ្សេង​​​​មិន​​​ពិចារណា​​​អំពី​​​មតិ​​​យោបល់​​​របស់​​​យើង​ទេ​​​ ហើយ​​​ពួក​​​គេ​​​រំលោភ​​​បំពាន​ច្បាប់។ ​​​វា​​​មិន​​​ត្រឹម​​​ត្រូវ​​​ឡើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “នៅ​​​ពេល​​​ការ​​​​​​សន្ទនា​​​ ត្រូ​​​វ​​​បាន​​​បង្កើត​​​ឡើង​​​វិញ​​​ដែធ្វើ​ឲ្យ​យើង​​​ទទួល​​​​​​បាន​​​ការ​​​ធានា​​ដល់​សុវត្ថិភាព​​​របស់​​​យើង និងការ​ពិចារណាមួយ​ចំនួន​ នោះ​​​វា​​​នឹង​​​ជា​​​កិច្ច​​​សហ​ប្រតិបត្តិការ​​​ដ៏សំខាន់​។ រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​វា​​​មាន​​​តែ​​​ឯកតោ​​​ភាគី​​​​​​​​ប៉ុណ្ណោះ​​​ដូច្នេះ​​​វា​​​គ្មាន​​​ន័យ​​​សម្រាប់​​​យើង​​​ក្នុង​​​ការ​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​សភា​​​ឡើយ​​​”។

លោក ឡេង ប៉េង​​​ឡុង អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋ​​​សភា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ប្រជុំ​​​នៅ​​​ថ្ងៃ​​​នេះ​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​​ដូច​​​ធម្មតា​​​ ទោះ​​​មាន​​​ ឬ​​​គ្មាន​​​វត្ត​​​មាន​​​សមាជិកសភាគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក៏​​​ដោយ ពីព្រោះ​​​សមាជិក​​​សភា​​​៦៨​​​រូប​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ចាត់ទុកជា​កូ​រ៉ុម​គ្រប់​គ្រាន់​​​​ទៅ​​​ហើយ។

លោក ឡេង ប៉េងឡុង​​​​​​ បាន​​​ថ្លែង​​​ថា ​​​”យើង​​​ នឹង​​​មាន​​​កិច្ច​​​ប្រជុំ​​​ដូច​​​ធម្មតា។ វា​​​ជា​​​សិទ្ធិ​​​របស់​​​ពួក​​​គេ​​​ ហើយ​​​យើង​​​​​​នឹង​​​ចាំ​​​មើល​​​នៅ​​​​​​ថ្ងៃ​​​ស្អែក​​​ថា តើ​​​ពួក​​​គេ​​​​​​ចូល​​​រួម​​​ប្រជុំ​​​ ឬមិន​​​ចូល​​​​”។

cam-photo-politics1លោក សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា ​​​លោក​​​មិន​​​បារម្ភ​​​អំពី​​​ការ​​​ធ្វើ​​​ពហិការ​​​កិច្ច​ប្រជុំ​​​សភា​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឡើយ ​​​ដោយ​​​លោក​​​កត​់​​​​សម្គាល់​​​ថា គណបក្ស​​​កាន់​​​អំណាច​​​ងាយស្រួលដោយមាន​​​​សំឡេង​​​ភាគ​​​ច្រើន​​​ចាំ​​​បាច់​​​ក្នុង​​​ការ​​​អនុម័ត​​​ច្បាប់នានា​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​ដែល​​​មាន​​​សមាជិក​​​១២៣​​​រូប​​​។

លោក សុខ ឥសាន បាន​​​មាន​​​ប្រសាសន៍​​​ថា “មិន​​​មាន​​​បញ្ហា​​​ទេ​​​ ពីព្រោះ​​​ថ្ងៃ​​​ស្អែក​​​ កម្មវត្ថុ​​​នៃ​​​កិច្ច​​​ប្រជុំ​​​គឺ​​​ត្រូវ​​​អនុម័ត​​​ច្បាប់​​​ថវិកា​​​ជា​តិ​ឆ្នាំ​​​២០១៦។ ប្រសិន​​​បើ​​​យើង​​​មាន​​​ពេល​​​វេលា​​​​​​ យើង​​​នឹង​​​អ នុម័ត​​​ច្បាប់​​​មួយ​​​​​​ទៀត គឺ​​​ច្បាប់​​​ស្តី​​​ពី​​​ទូរគមនាគមន៍​​​”។

អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​បន្ថែម​​​ថា “ច្បាប់​​​តម្រូវ​​​ឲ្យ​​​មាន​​​សំឡេង​​​៥០​​​បូក​​​១…។​​​ ហេតុ​​​ដូច្នោះ​​​ហើយ​​​​​​សមាជិក​​​សភា​​​៦៣​​​រូប​​​គឺ​​​គ្រប់​​​គ្រាន់​​​ទៅ​​​ហើយ​​​ ហើយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​មាន​​​សមាជិក​​​សភា​​​៦៨​​​រូប ដូច្នេះ​​​យើង​​​មិន​​​បារម្ភ​​​អំពី​​​រឿង​​​ហ្នឹង​​​​ឡើយ”។

លោក​​​បាន​​​​​​ថ្លែង​​​ថា “ពួក​​​គេ​​​ចង់​​​ដាក់​​​លក្ខ​​​ខណ្ឌ​​​ថា លុះ​​​ណា​​​តែ​​​មាន​​​ដំណោះ​​​ស្រាយ​​​នយោ​បាយ​​​ បើមិន​​​ដូច្នោះ​​​ទេ ពួក​​​គេ​​​នឹង​​​មិន​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​​​ឡើយ ប៉ុន្តែ​​​នេះ​​​មិន​​​គួរ​​​និយាយ​​​ អំពី​​​ការ​​​ដាក់​​​លក្ខខណ្ឌ​​​ទេ​​​ វា​​​ជា​​​ភារកិច្ច​​​របស់​​​ពួក​​​គេ​​​ក្នុង​​​នាម​​​ជា​​​តំណាង​​​រាស្ត្រ​​​ដើម្បី​​​ចូល​​​រួម​​​ប្រជុំ​​​”។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​​​នាំ​​​ពាក្យ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​សមាជិក​​​សភា​​​ទាំង​​​អស់​​​របស់​​​គណបក្ស​​​ប្រឆាំង​​​នឹង​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​របស់​​​គណបក្ស​​​នៅ​​​ព្រឹក​​​នេះ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ថវិកា​​​ជាតិ​​​នេះ ហើយ​​​បន្ទាប់​​​មក​​​នឹង​​​ធ្វើ​​​សន្និសីទ​​​កាសែត។

លោក យ៉ែម បុញ្ញឫទ្ធិ បាន​​​ថ្លែង​​​ថា ​​​”តំណាង​​​ រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ទាំង​​​អស់​​​នឹង​​​ជួប​​​​​​ជុំ​​​គ្នា​​​ដើម្បី​​​បង្ហាញ​​​ពី​​​ជំហរ​​​របស់​​​យើង​​​ទាក់​​​​​​ទង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​នៅ​​​ម៉ោង​​​ប្រហែល ​​​១០​​​ព្រឹក​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល ​​​គណបក្ស​​​។ វា​​​ជា​​​ការ​​​សោក​​​ស្តាយ​​​ ដែល​​​​​​មិន​​​មាន​​​ជំនួប​​​រវាង ​​​សំឡេង​​​ភាគ​​​ច្រើន និង​​​សំឡេង​​​ភាគ​​​តិច​​​”។

លោក កែម ឡី អ្នក​​​វិភាគ​​​នយោបាយ​​​ និង​​​ជា​ស្ថាបនិក​​​ក្រុម​​​តស៊ូ​​​មតិ​​​មូល​​​ដ្ឋាន​​​” ខ្មែរ​​​ដើម្បី​​​ខ្មែរ​​​” បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿ​​​ថា ​​​គណ​​​ បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ធ្វើការ​​​សម្រេច​​​ចិត្ត​​​ត្រូវ​​​ ប៉ុន្តែ​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ​​​ទំនង​​​​​​ជា​​​មិន​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ដូច​​​ការ​​​ធ្វើ​​​ពហិការ​​​មុន​​​ៗ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ឡើយ​​​។

លោក​​​ កែម ឡី បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្វី​​​ៗ​​​​​​ មាន​​​ការ​​​បែក​​​បាក់​​​ក្នុង​​​ពេល​​​ឥឡូវ​​​នេះ ​​​ប្រព័ន្ធ​​​នេះ​​​កំពុង​​​ដំណើរ​​​ការ​​​ក្នុង​​​ផ្លូវ​​​ខុស ដូច្នេះ​​​តើ​​​ពួក​​​គេ​​​អាច​​​កសាង​​​បញ្ហា​​​នេះ​​​ដោយ​​​របៀប​​​ណា​​​?។​​​ កិច្ច​​​ប្រជុំ​​​រដ្ឋ​​​សភា​​​ត្រូវ​​​តែ​​​ត្រឹមត្រូវ​ និង​​​ប្រកប​​​ដោយ​​​​​​ប្រជា​​​ធិបតេយ្យ ប៉ុន្តែ វាមិន​​​ដូច្នេះ​​​ឡើយ  ពីព្រោះ​​​គណបក្ស​​​កាន់​​​អំណាច​​​ធ្វើ​​​អ្វី​​​ៗ​​​តាម​​​​​​តែ​​​ចិត្ត​របស់ពួកគេ​ក្នុង​ពេល​ឥឡូវ​នេះ”។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “សមាជិក​​​សភា​​​៦៨​​​រូប គឺ​​​គ្រប់​​​កូរ៉ុម។ មិន​​​ថា គណបក្ស​​​សង្គ្រោះ ជាតិ​​​ចូល​​​រួម ឬ​​​មិន​​​ចូល​​​រួម​​​ឡើយ​គណ​​​បក្ស​​​កាន់​​​អំណាច​មិន​​​បារម្ភ​​​ឡើយ​​​។ ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​ស្វែង​​​រក​​​វិធី​​​ផ្សេង​​​។ ​​​ប្រសិន​​​ បើ​​​ពួក​​​គេ​​​​​​ធ្វើ​​​តែពហិការ​​​នោះវា​​​គ្រាន់​​​​​​តែ​​​ជា​​​ចម្រៀង​​​ដដែល​​​ដូច​​​ពី​​​មុន​​​អ៊ីចឹង​​​”។

ចាប់​​​តាំង​​​ពី​​​លោក សម រង្ស៊ី ចុងក្រោយ​ស្ថិត​នៅក្នុង​ប្រទេស​​​កម្ពុជា​​កាលពី​​​​ថ្ងៃ​​​ទី​​​៦ ខែ​​​វិច្ឆិកា លោក​​​បាន​​​បន្ត​​​យុទ្ធនាការ​​​ធ្វើ​​​យ៉ាង​ណា​​​ឲ្យ​​​រដ្ឋាភិបាល​​​របស់​​​លោក ហ៊ុន សែន ឃើញ​​​ថា ​​​​​​ខុស​​​ច្បាប់​​​ ហើយ​​​បាន​​​ដាក់​​​សម្ពាធ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី អនុញ្ញាត​​​ឲ្យ​​​លោក​​​ត្រឡប់​​​មក​​​វិញ​​​ដោយ​​​សេរី​​​។

អ្នក​​​ធ្វើ​​​របាយការណ៍​​​ពិសេស​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ​​​ប្រទេស​​​េនះ​​​ប្រហែលជា​ជិត​​​ឈាន​​​​​​ដល់​​​​”ដំណាក់​​​កាល​​​​​​ចុង​​​​​​ក្រោយ​​​ប្រកប​​​ដោយ​​​គ្រោះ​​​ថ្នាក់” ​​​ខណៈ​​​ដែល​​​ក្រសួង​​​​​​ការ​​​បរទេស​​​សហរដ្ឋ​​​អាមេរិក​​​បាន​​​​​​លើក​​​ឡើង​​​ថា ការ​​​វាយ​​​ប្រហារ​​​នយោបាយ​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​ “ធ្វើឲ្យ​នឹក​​​ឃើញ ដល់​​​សម័យ​​​កាល​​​​​​ផ្តាច់​​​ការ​​​ជាង​​​នេះ​​​នៅ​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​ថ្មី​​​ៗ​​​របស់​ប្រទេស​​​កម្ពុជា”​​​។

កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ សភា​​​អឺរ៉ុប​​​ បាន​​​អនុម័ត​​​សេចក្តី​​​សម្រេច​​​ដោយ​​​អំពាវ​​​នាវ​​ឲ្យ​​​​ប្រទេស​​​កម្ពុជា​​​​​​លើក​​​លែង​​​ដីកា​​ចាប់​​​ខ្លួន​​​លោក សម រង្ស៊ី ដោយ​​​សមាជិក​​​សភា​​​របស់​​​ខ្លួន​​​គំរាម​កាត់​​​ផ្តាច់​​​ទឹក​​​ប្រាក់​ប្រហែល​​​៤៣៥​​​លាន​​​ដុល្លារ​​​ជា​ជំនួយ​របស់​​​​សហភាព​​​អឺរ៉ុប​​​ពី​​​ឆ្នាំ​​​២០១៤ ដល់​​​ឆ្នាំ​​​២០២០ ប្រសិ​​​ន​​​បើការ​​​អំពាវ​​​នាវ​​​របស់​​​ពួក​​​គេ​​​មិនត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ទេនោះ​​​។

ប៉ុន្តែ លោក​​​ សម រង្ស៊ី បាន​​​ទទួល​​​ស្គាល់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ អាច​​​បន្ត​​​តែម្នាក់​​​ឯង​​​ដោយ​​​គ្មាន​​​បញ្ហា​​​ច្រើន​​​ឡើយ។ មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា “ពួក​​​គេ​​​អាច​​​បន្ត​​​បាន​​​ ដោយ​​​ ដឹង​​​ថា វា​​​បាន​​​ងាក​​​ទៅ​​​រក​​​ប្រព័ន្ធឯកបក្ស​​​​​​”៕​​​ សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស