នគរបាលខេត្តត្បូងឃ្មុំនិយាយថា ខ្លួនចាប់បានកសិករម្នាក់នៅស្រុកមេមត់ ដែលសារភាពថាបានចាប់រំលោភក្មេងស្រីអាយុ៧ឆ្នាំម្នាក់កាលពីថ្ងៃសុក្រ។
ប៉ុន្តែយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការសិទ្ធិមនុស្សលីកាដូបង្ហាញថា ករណីចាប់រំលោភភាគច្រើននៅក្នុងប្រទេស ត្រូវបានដោះស្រាយ និងបញ្ចប់ទៅដោយខុសច្បាប់ជាញឹកញាប់ ទាំងមិនទាន់បានឈានដល់ការបើកសវនាការ ឬនាំទៅរកការផ្ដន្ទាទោសដែលមានភាពខ្វះចន្លោះ នៅពេលមានការបើកសវនាការជំនុំជម្រះ ដែលបង្ហាញពី “បរាជ័យយ៉ាងធំធេង” នៃប្រព័ន្ធតុលាការនៅក្នុងការដោះស្រាយអំពើហិង្សាផ្លូវភេទ។
សម្រាប់របាយការណ៍របស់ខ្លួនដែលមានចំណងជើងថា “ការរួចខ្លួន៖ ឥរិយាបថចំពោះករណីចាប់រំលោភក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា” ដែលបានចេញផ្សាយកាលពីម្សិលមិញ អង្គការលីកាដូបានពិនិត្យផ្ទៀងផ្ទាត់ការចាប់រំលោភ និងការប៉ុនប៉ុងចាប់រំលោភចំនួន៧៦២ករណីដែលខ្លួនបានស៊ើបអង្កេតចាប់ពីដើមឆ្នាំ២០១២រហូតមកទល់ដំណាច់ឆ្នាំ២០១៤ ដោយផ្ដោតលើ៤២៤ករណីដែលត្រូវបានបិទចោល។
របាយការណ៍នេះបានលើកឡើងថា ក្នុងចំណោមករណីដែលបិទចោលទាំងនោះ មាន១ភាគ៣បានបញ្ចប់ទៅដោយមានការផ្ដន្ទាទោសត្រឹមត្រូវ។ ប៉ុន្តែ១ភាគ៣ត្រូវបានបិទចោលមុនសវនាការ ដែលជាញឹកញាប់កើតឡើងដោយសារមានដំណោះស្រាយរៀបចំដោយនគរបាល និងមន្ត្រីតុលាការ ដែលបានកាត់យកចំណែកនៃប្រាក់សំណងជាថ្នូរនឹងការបិទនីតិវិធីព្រហ្មទណ្ឌដោយគ្មានច្បាប់ទម្លាប់។ចំណែកឯមួយភាគបីចុងក្រោយ មានករណីជាច្រើនបានបញ្ចប់ទៅដោយមានការផ្ដន្ទាទោសរយៈពេលខ្លី ឬទោសព្យួរ ឬក៏ការសម្រេចឲ្យរួចពីការចោទប្រកាន់។
អង្គការលីកាដូបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា ”របាយការណ៍នេះរកឃើញថា ខណៈករណីដែលបិទចោលមានភាពខ្វះចន្លោះក្នុងវិធីខុសៗគ្នាជាច្រើន មានទស្សនៈរួមមួយដែលបានរួមបញ្ចូលវា នោះគឺអំពើពុករលួយ។ ក្នុងករណីស្ទើរគ្រប់ប្រភេទ រាប់ចាប់ពីករណីបញ្ចប់ដោយមានសំណងដែលត្រូវបានចរចានៅស្នាក់ការនគរបាលរហូតដល់ករណីដែលបានបើកសវនាការឃើញថា អំពើពុករលួយគឺជាផ្នែកមួួយដ៏សំខាន់”។
លោកស្រី ណាលី ពីឡូក នាយកអង្គការលីកាដូ ត្រូវបានដកស្រង់ប្រសាសន៍ដូច្នេះថា “អំពើពុករលួយមាននៅគ្រប់កន្លែង។ រាល់ពេលជនរងគ្រោះមកទាក់ទងមន្ត្រីសាធារណៈពួកគាត់ទំនងជាត្រូវសូកប៉ាន់ ហើយប្រសិនបើជនសង្ស័យមានប្រាក់ គេប្រហែលជាអាចទិញសេរីភាពរបស់ខ្លួនបាន។ ពេលខ្លះ សមត្ថកិច្ចហាក់ដូចមិនខ្វាយខ្វល់រឿងយុត្តិធម៌ទេ។ ផ្ទុយទៅវិញ ករណីចាប់រំលោភគ្រាន់តែជាវិធីមួយសម្រាប់ពួកគេរកលុយប៉ុណ្ណោះ”។
ក្នុងរបាយការណ៍របស់ខ្លួន អង្គការលីកាដូបានទទួលស្គាល់ថា ភ័ស្តុតាងច្បាស់លាស់បញ្ជាក់ពីការសូកប៉ាន់ គឺពិបាកទទួលបានណាស់។ ប៉ុន្តែអង្គការនេះថា ភ្នាក់ងារឃ្លាំមើលរបស់ខ្លួនក្នុងវិស័យនេះ នៅតែរកឃើញភ័ស្តុតាងរឹងមាំបង្ហាញពីការអនុវត្តទាំងរបស់ជនរងគ្រោះ និងប្រភពតុលាការ ដែលមានការសូកប៉ាន់ចាប់ពីតិច១៥ដុល្លាររហូតដល់រាប់ពាន់ដុល្លារជាថ្នូរនឹងការរៀបចំឲ្យមានដំណោះស្រាយ។
របាយការណ៍នេះបញ្ជាក់ថា ”ភ្នាក់ងារឃ្លាំមើលទាំងអស់បាននិយាយថា ពួកគាត់ជឿថា ករណីជិត១០០ភាគរយដែលត្រូវបានដោះស្រាយដោយសំណង ពាក់ព័ន្ធការសូកប៉ាន់មន្ត្រីដែលជាប់ពាក់ព័ន្ធ ទាំងពីជនសង្ស័យ ឬជនរងគ្រោះតាមរយៈការកាត់យកចំណែកប្រាក់សំណងរបស់ពួកគាត់”។
សមត្ថកិច្ចដែលសម្របសម្រួលឲ្យមានការព្រមព្រៀងគ្នា ក៏កំពុងតែល្មើសក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសដែរ។ អង្គការលីកាដូបានគូសបញ្ជាក់ថា ខណៈការដោះស្រាយសំណងរដ្ឋប្បវេណីជារឿងស្របច្បាប់ ក្រមព្រហ្មទណ្ឌចែងថា ការដោះស្រាយបែបនេះមិនអាចបញ្ឈប់នីតិវិធីព្រហ្មទណ្ឌបានឡើយ។
របាយការណ៍នេះមានខ្លឹមសារដូច្នេះថា “ទោះជាយ៉ាងណា ក្នុងករណីដែលត្រូវបានពិភាក្សាក្នុងរបាយការណ៍នេះ ដំណោះស្រាយត្រូវបានចរចាឈរលើស្មារតីយោគយល់ដែលជនរងគ្រោះនឹងដកពាក្យបណ្ដឹងព្រហ្មទណ្ឌ ព្រមទាំងបណ្ដឹងរដ្ឋប្បវេណីទៀងផង ហើយការធ្វើបែបនេះមិនត្រូវបានអនុញ្ញាតឡើយតាមច្បាប់របស់កម្ពុជា”។ សូម្បីគ្មានការសូកប៉ាន់ក្តី ក៏ក្រមព្រហ្មទណ្ឌហាមដាច់ខាតមិនឲ្យនគរបាលរារាំងនីតិវិធីព្រហ្មទណ្ឌឡើយ នៅពេលមានដំណោះស្រាយរដ្ឋប្បវេណី ហើយពួកគេ ”អាចនឹងទទួលខុសត្រូវបទព្រហ្មទណ្ឌ ប្រសិនបើពួកគេធ្វើដូច្នេះ”។
អង្គការលីកាដូបានគូសបញ្ជាក់ថា ក្រៅពីបង្ហាញថាការចាប់រំលោភមិនមែនជាបទ ល្មើសធ្ងន់ធ្ងរ និងការធ្វើឲ្យសាធារណជនបាត់បង់ជំនឿចិត្តលើតុលាការ ការដោះស្រាយករណីទាំងនេះមុនសវនាការ “ក៏ធ្វើឲ្យអនុភាពរារាំងនៃច្បាប់ចុះខ្សោយដែរ ប្រជាពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែដឹងថា បញ្ហាព្រហ្មទណ្ឌអាចដោះស្រាយបានដោយលុយ ហើយជាលទ្ធផល មានគ្រឿងរារាំងតិចតួចណាស់ចំពោះប្រព្រឹត្តបទល្មើសកម្រិតធ្ងន់ដូចជាការចាប់រំលោភជាដើម”។
លើកចុងក្រោយដែលអង្គការលីកាដូបានពិនិត្យផ្ទៀងផ្ទាត់យ៉ាងទូលំទូលាយលើករណីចាប់រំលោភដែលខ្លួនបានដោះស្រាយ គឺនៅឆ្នាំ២០០៤។
តាមរយៈសារអេឡិចត្រូនិកមួយ លោកស្រី ណាលី ពីឡូក បានលើកឡើងថា បើប្រៀបធៀបទៅនឹងរបាយការណ៍មុនរបស់អង្គការលីកាដូ មួយភាគធំនៃករណីដែលខ្លួនបានពិនិត្យផ្ទៀងផ្ទាត់សម្រាប់របាយការណ៍កាលពីម្សិលមិញ ត្រូវបានចាត់ទុកថាមានការផ្ដន្ទាទោសត្រឹមត្រូវ។ ប៉ុន្តែដោយសារតែការចុះបញ្ជីករណីដោយអង្គការលីកាដូ គ្មានលក្ខណៈទូលំទូលាយ គេពិបាកនឹងចាត់ទុកថាវាជាការប្រសើរឡើងណាស់។
លោកស្រីមានប្រសាសន៍ថា ម្យ៉ាងវិញទៀត ភ្នាក់ងារឃ្លាំមើលរបស់អង្គការលីកាដូ ដែលបានធ្វើការងារពាក់ព័ន្ធករណីចាប់រំលោភអស់រយៈពេលជាច្រើនឆ្នាំមកហើយ បានមើលឃើញថា តាមរយៈការដោះស្រាយករណីមួយមិនបានត្រឹមត្រូវពីសំណាក់នគរបាល និងព្រះរាជអាជ្ញា ធ្វើឲ្យជនរងគ្រោះថ្មីៗរក្សាភាពស្ងាត់ស្ងៀម។
លោកស្រីបានលើកឡើងបន្តទៀតថា “ប្រសិនបើមនុស្សម្នាក់នៅតំបន់មួយមានបទពិសោធន៍អាក្រក់ដែលពួកគាត់ប្រឈមការទាមទារការសូកប៉ាន់ ហើយទីបំផុតជនល្មើសរួចខ្លួន អ្នកជិតខាងទំនងជាឮរឿងនេះ ដំណឹងចេះតែផ្សាយតៗគ្នា ហើយជនរងគ្រោះថ្មីៗនឹងមានការរារែក”។
ទាក់ទិនបញ្ហានេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មានប្រសាសន៍ថា លោកបានឃើញរបាយការណ៍របស់អង្គការលីកាដូនេះហើយ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើលទ្ធផលរកឃើញជាក់លាក់របស់អង្គការនេះឡើយ ពីព្រោះលោកយល់ថា វាមិនបានពន្យល់ឲ្យបានគ្រប់គ្រាន់អំពីវិធីសាស្ត្ររបស់ខ្លួន។ លោកថ្លែងថា ជាទូទៅតុលាការ និងនគរបាលអនុវត្តតាមច្បាប់ ហើយអ្នកណាក៏ដោយដែលមានភ័ស្តុតាងផ្ទុយពីនោះ “អាចរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចបាន ហើយយើងនឹងចាត់វិធានការ”។
ទោះជាយ៉ាងណា លោកបានទទួលស្គាល់ថា ករណីចាប់រំលោភខ្លះប្រហែលជាត្រូវបានដោះស្រាយដោយការសូកប៉ាន់ ហើយថា ករណីព្រហ្មទណ្ឌខ្លះប្រហែលជាត្រូវបានបញ្ចប់ដោយមិនត្រឹមត្រូវ។ ប៉ុន្តែលោកបានបន្ថែមថា កំណែទម្រង់បានឈានទៅដល់ការចាប់ខ្លួនមន្ត្រីពុករលួយ។
លោកបានគូសបញ្ជាក់ថា “ជាទូទៅយើងដឹងថា មានភាពមិនប្រក្រតីខ្លះក្នុងតុលាការ។ នោះជាមូលហេតុដែលមន្ត្រីតុលាការមួយ ចំនួនត្រូវបានផ្ដន្ទាទោស។ យើងគ្មានស្ថិតិ ឬទិន្នន័យច្បាស់លាស់ទេ ប៉ុន្តែយើងដឹងថា មានការចាត់វិធានការផ្លូវច្បាប់មួយចំនួន ហើយជនល្មើសច្បាប់ត្រូវបានផ្ដន្ទាទោស”។
និយាយពីករណីចាប់រំលោភថ្មីបំផុតដែលត្រូវបានរាយការណ៍នៅខេត្តត្បូងឃ្មុំ លោក បេង រិទ្ធី នាយប៉ុស្តិ៍ឃុំជាំក្រវៀន បានមានប្រសាសន៍កាលពីម្សិលមិញថា យុវជនឈ្មោះ នឹម ពៅ អាយុ១៩ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃសៅរ៍ បន្ទាប់ពីត្រូវនគរបាលដេញតាមចាប់ខ្លួនដល់ក្នុងចម្ការដំឡូងមីដែលស្ថិតនៅក្រៅភូមិរបស់ជនល្មើស។
លោកថ្លែងថា យុវជន នឹម ពៅ ត្រូវបានតាមទាន់ពេលកំពុងធ្វើសកម្មភាពចាប់រំលោភក្មេងស្រីជិតខាងអាយុ៧ឆ្នាំដោយក្មេងស្រីម្នាក់ទៀតដែលបានឃើញពួកគេពេលកំពុងជិះម៉ូតូ និងដែលបានដឹកក្មេងស្រីរងគ្រោះទៅផ្ទះ នៅពេលជនល្មើសរត់គេចខ្លួន។
លោក ចាន់ ឌុល នាយការិយាល័យនគរបាលយុត្តិធម៌នៃអធិការដ្ឋានស្រុកមេមត់ បានមានប្រសាសន៍ថា កាលពីម្សិលមិញ យុវជន នឹម ពៅ ត្រូវបានចោទប្រកាន់ពីបទចាប់រំលោភមានស្ថានទម្ងន់ទោស ហើយត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន៕ សុខុម (រាយការណ៍បន្ថែមដោយ កង សុធា)