យោងតាមលិខិតមួយបង្ហោះតាមគេហទំព័រ របស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីម្សិលមិញបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានបដិសេធសំណើមួយពីរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការសុំផ្តល់អ្នកសង្កេតការណ៍ក្នុងការប្រឡងជ្រើសរើសចៅក្រម និងព្រះរាជអាជ្ញាថ្មីនៅពេលខាងមុខ។
លិខិត ដែលចុះកាលបរិច្ឆេទថ្ងៃសុក្រ និងចុះហត្ថលេខាដោយ លោក ឱម យិុនទៀងប្រធានACU បាននិយាយថា អង្គភាពប្រឆាំងអំពើពុករលួយនឹងមិនសង្កេតការណ៍លើការប្រឡងប្រចាំឆ្នាំនៅថ្ងៃទី៨និងទី៩ ខែធ្នូនេះទេ ពីព្រោះសាលានេះមិនបានសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ។
លិខិត ដែលសរសេរទៅលោក ឈន ព្រលឹង នៃរាជបណ្ឌិត្យសភានេះ និយាយថា ”ខ្ញុំសូមជម្រាបឯកឧត្ដមជ្រាបថា អង្គភាពប្រឆាំងអំពើពុករលួយបដិសេធមិនចូលរួមក្នុងការសង្កេតការណ៍លើដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៧នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការទេ ដោយហេតុថា រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការគ្មានឆន្ទៈ និងមិនមានការសហការល្អជាមួយអង្គភាពប្រឆាំងអំពើពុករលួយ”។
លិខិតនោះមិនបានរៀបរាប់លម្អិតថា រាជបណ្ឌិត្យសភា ដែលមើលការខុសត្រូវដោយក្រសួងយុត្តិធម៌ មិនបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយរបៀបណានោះទេ។ លោក ឱម យិុនទៀង មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
លោក ឈន ព្រលឹង បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមានផែនការជួបជាមួយអង្គភាពប្រឆាំងអំពើពុករលួយដើម្បីស្វែងរកដំណោះស្រាយមួយរវាងស្ថាប័នទាំងពីរ ពីព្រោះក្រសួងយុត្តិធម៌តម្រូវឲ្យការប្រឡងនេះមានការឃ្លាំមើលទាំងពីសំណាក់មន្ត្រីក្រសួង ទាំងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។
លោកបានមានប្រសាសន៍ថា “យើងតែងតែសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយក្នុងការប្រឡងកន្លងមក។ ការប្រឡងនេះតម្រូវឲ្យមានវត្តមានអ្នកសង្កេតការណ៍ ហើយខ្ញុំនឹងជួបជាមួយអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃច័ន្ទ ដើម្បីពិភាក្សារឿងនេះ ហើយនឹងចង់បានការពន្យល់ចំពោះអ្វីដែលពួកគេចង់ឲ្យយើងធ្វើ”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា ការការពារកុំឲ្យមានអំពើពុករលួយក្នុងការប្រឡងជ្រើសរើសចៅក្រម និងព្រះរាជអាជ្ញាថ្មី គឺជាជំហានដ៏សំខាន់មួយក្នុងការលុបបំបាត់អំពើពុករលួយពីប្រព័ន្ធតុលាការមួយដែលមានការជឿទុកចិត្តតិចតួចពីសាធារណជន។
លោកមានប្រសាសន៍ថា “ចៅក្រមជាផ្នែក ដ៏សំខាន់មួយនៃប្រព័ន្ធតុលាការក្នុងប្រទេសរបស់យើង ប្រសិនបើ ការប្រឡងនេះមិនប្រក្រតីនិងពុករលួយ វានឹងប៉ះពាល់ជាអវិជ្ជ មានដល់ប្រព័ន្ធតុលាការ ពីព្រោះសាធារណ ជនតែងតែរិះគន់ប្រព័ន្ធតុលាការយើង”។
“អង្គភាពប្រឆាំងអំពើពុករលួយដើរតួនាទីដ៏សំខាន់មួយក្នុងការប្រឡងមធ្យមសិក្សា ទុតិយភូមិរាល់ឆ្នាំ ហើយការប្រឡងជ្រើសរើសសិស្សចៅក្រមនេះ គឺរឹតតែសំខាន់ថែមទៀត ពីព្រោះវិជ្ជាជីវៈនៃប្រព័ន្ធតុលាការកំពុងទទួលរងការរិះគន់”៕និត