សាលាឧទ្ធរណ៍ថ្ងៃនេះបានបដិសេធមិនទទួលយកពាក្យបណ្តឹងទាស់នឹងការឲ្យមានការស៊ើបអង្កេតឡើងវិញរបស់តុលាការក្រុងភ្នំពេញ ដែលប្តឹងដោយមេធាវីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងដែលរងការចោទប្រកាន់ពីបទក្លែងឯកសារសាធារណៈ និងញុះញង់។
ក្រោយពីបើកសវនាការប្រហែល២០នាទី លោក ប្លង់ សំណាង ប្រធានចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ បានប្រកាសថា “ពាក្យបណ្តឹងរបស់មេធាវី ហុង សុខហួរ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ធ្វើខុសពីទម្រង់ច្បាប់ ដែលមិនអាចទទួលយកបានទេ”។
លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ពោលគឺពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនលោកក្រោយពេលឃើញវីដេអូឃ្លីបបង្ហោះតាម ហ្វេសប៊ុកដែលក្នុងនោះលោកបានធ្វើបទបង្ហាញអំពីសន្ធិសញ្ញាក្លែងក្លាយមួយរវាងកម្ពុជា និងវៀតណាម។
លោក ជួង ជូងី មេធាវីការពារក្តីរបស់លោក សុខហួរ បាននិយាយថា ការសម្រេចរបស់សាលាឧទ្ធរណ៍មិនទទួលយកពាក្យបណ្តឹងរបស់លោក គឺមិនត្រឹមត្រូវទេ ហើយលោកនឹងពិភាក្សាជាមួយលោក សុខហួរ ថាតើកូនក្តីលោកនឹងប្តឹងទៅតុលាការកំពូលឬយ៉ាងណា។
កាលពីខែតុលា តុលាការក្រុងភ្នំពេញបានបញ្ជាឲ្យមានការស៊ើបអង្កេតស្រាវជ្រាវឡើងវិញចំពោះ វីដេអូឃ្លីប ដែលបង្ហោះលើហ្វេសប៊ុករបស់លោក សុខហួរ ដោយសម្រេចឲ្យសមាជិកព្រឹទ្ធសភា អាយុ៥៩ឆ្នាំរូបនេះ ដាក់កាលបរិច្ឆេទឲ្យបានច្បាស់អំពីឯកសារដែលដកចេញពីអ៊ិនធឺណិត និងបញ្ជាក់លេខម៉ាស៊ីន និង សម្ភារដល់តុលាការ។
ក្នុងសវនាការកាលពីខែតុលាដែរ លោក សុខហួរ បានបដិសេធថាមិនបានក្លែងឯកសារទេ ដោយនិយាយថា លោកបានរកឃើញឯកសារនោះតាមអ៊ិនធឺណិតច្រើនឆ្នាំមកហើយ៕