ដោយគណបក្សសង្គ្រោះជាតិធ្វើពហិការការប្រជុំសភាកាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានកេងចំណេញពីវត្តមានផ្ដាច់មុខរបស់ខ្លួននៅក្នុងសភា ដើម្បីអនុម័តច្បាប់ដោយឡែកចំនួនបីជាឯកច្ឆន្ទ ដោយមានការពិភាក្សាឬការដេញដោលតិចតួចបំផុត។
អង្គុយប្រជុំពីម៉ោង៨ព្រឹករហូតដល់ម៉ោង៣រសៀល តំណាងរាស្ត្រ៦៦រូបក្នុងចំណោមតំណាងរាស្ត្រទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា បានអនុម័តច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៦ ច្បាប់ស្ថិតិ និងច្បាប់ទូរគមនាគមន៍ ដោយតំណាងរាស្ត្រគ្រាន់តែលើកឡើងត្រួសៗប៉ុណ្ណោះអំពីគុណសម្បត្តិនៃច្បាប់នីមួយៗមុនពេលអនុម័តច្បាប់ទាំងនោះ។

ល្បឿននៃការអនុម័តរបស់រដ្ឋសភានេះគឺលឿនដូចផ្លេកបន្ទោរបើប្រៀបធៀបទៅនឹងសម័យប្រជុំផ្សេងៗទៀតនៃរដ្ឋសភាដែលធ្វើឡើងនៅឆ្នាំនេះជាមួយតំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិ ដែលពេលខ្លះច្បាប់ត្រូវបានពិភាក្សាដេញដោលជាច្រើនថ្ងៃ។
ទោះជាយ៉ាងណា លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ការបោះឆ្នោតលឿនបែបនេះគ្មានអ្វីខុសនោះទេ ពីព្រោះច្បាប់ទាំងនេះត្រូវបានគណៈកម្មការសភាដែលពាក់ព័ន្ធពិនិត្យផ្ទៀងផ្ទាត់យ៉ាងប្រុងប្រយ័ត្នជាមុនរួចទៅហើយ។
លោកបានមានប្រសាសន៍បន្ទាប់ពីការប្រជុំក្នុងថ្ងៃនោះថា ”វាពិតជាមានតម្លាភាព ពីព្រោះរដ្ឋសភាបានអនុម័តច្បាប់ទាំងនេះដោយមានតំណាងរាស្ត្រ៦៨រូបដែលតំណាងឲ្យប្រជាពលរដ្ឋទូទាំងប្រទេស។ វាមិនមែនជាលើកទី១ទេដែលរដ្ឋសភាបានអនុម័តច្បាប់ចំនួនបីក្នុងពេលមួយថ្ងៃ។ យើងបានធ្វើបែបនេះជាញឹកញាប់មកហើយ ពីព្រោះយើងបានពិភាក្សារួចហើយនៅក្នុងគណៈកម្មការជំនាញ។ គ្មានប្រទេសណាពិភាក្សាដេញដោលរឿងផ្សេងៗអំឡុងសម័យប្រជុំសភាពេញអង្គទេ។ សវនាការត្រូវបានធ្វើឡើងនៅក្នុងគណៈកម្មការ សូម្បីនៅអាមេរិក និងបារាំងក៏គេធ្វើអ៊ីចឹងដែរ។ ប្រជាធិបតេយ្យមិនមានន័យថា ទាល់តែពិភាក្សាដេញដោលនៅក្នុងសម័យប្រជុំពេញអង្គទេ។ យើងត្រូវធ្វើការជាមួយគ្នានៅក្នុងគណៈកម្មការជំនាញ”។
សូមរំឭកថា បន្ទាប់ពីកិច្ចព្រមព្រៀងនយោបាយកាលពីឆ្នាំមុន គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិគ្រប់គ្រងម្នាក់ប្រាំនៃគណៈកម្មការសភាទ្វេបក្សដែលទទួលបន្ទុកគោលនយោបាយជាក់លាក់រៀងៗខ្លួនដូចជាវិស័យអប់រំ ការពារជាតិ ឬបញ្ហាស្ត្រីជាដើម។ គណៈកម្មការនីមួយៗត្រូវពិនិត្យផ្ទៀងផ្ទាត់ច្បាប់ក្រោមរង្វង់សមត្ថកិច្ចរបស់ខ្លួន។
ខណៈក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចមានសំឡេងភាគច្រើននៅក្នុងសភាដែលមាន១២៣អាសនៈ សម័យប្រជុំចាប់តាំងពីខែសីហាកន្លងទៅក៏បានបង្ហាញពីសំឡេងប្រឆាំងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែរ។
ទោះជាយ៉ាងណា កាលពី៦សប្ដាហ៍មុនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបបានរងការវាយដំពីសំណាក់ក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលរួមមានទាំងទាហានស្លៀកពាក់ស៊ីវិលផង ខណៈពួកលោកចេញពីប្រជុំសភា។ ការវាយប្រហារដ៏សាហាវនេះបានកើតមានបួនថ្ងៃមុនពេលគណបក្សប្រជាជនកម្ពុជាទម្លាក់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងចេញពីតំណែងអនុប្រធានរដ្ឋសភា។
បន្ទាប់មក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានតុលាការបង្គាប់ឲ្យចាប់ខ្លួនកាលពីខែមុន ហើយឋានៈជាតំណាងរាស្ត្ររបស់លោកត្រូវបានដកចេញភ្លាមៗ។ ជាលទ្ធផល កាលពីថ្ងៃអាទិត្យគណបក្សសង្គ្រោះជាតិបានប្រកាសធ្វើពហិការមិនចូលប្រជុំសភារហូតទាល់តែសុវត្ថិភាពរបស់ពួកគាត់ត្រូវបានធានា ហើយកិច្ចសហប្រតិបត្តិការត្រូវបានស្ដារឡើងវិញ។
ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជាហាក់ដូចជាមិនភ្ញាក់ផ្អើលឡើយកាលពីម្សិលមិញ។ អំឡុងសុន្ទរកថារបស់ខ្លួនស្ដីពីថវិកាជាតិសម្រាប់ឆ្នាំក្រោយ ដែលរួមមានការដំឡើងការចំណាយ១២,៣ភាគរយដល់៤,២៧ពាន់លានដុល្លារនៅឆ្នាំក្រោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងបន្តការងារ។
លោកបានថ្លែងថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាបានបង្ខំឲ្យរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបង្កើនកម្ចីសាធារណៈពី៨២២លានដុល្លារនៅឆ្នាំនេះដល់ប្រហែល៩៦០លានដុល្លារនៅឆ្នាំក្រោយ ដើម្បីបង្គ្រប់ថវិកាជាតិ។
លោកលើកឡើងទៀតថា ”ការបង្កើនកម្ចីនេះ គឺដើម្បីទូទាត់ការធ្លាក់ចុះហិរញ្ញប្បទានឥតសំណងពីបណ្ដាដៃគូអភិវឌ្ឍន៍ ដោយសារតែនៅកម្ពុជាមានការរីកចម្រើនជាងមុន ដែលធ្វើឲ្យដៃគូអភិវឌ្ឍន៍បង្វែរទៅជាឥណទានអនុគ្រោះជំនួសឲ្យហិរញ្ញប្បទានឥតសំណង។ ប្រទេសមួយចំនួនដែលធ្លាប់ផ្ដល់ហិរញ្ញប្បទានឥតសំណងដល់យើង ក៏កំពុងប្រឈមការលំបាកខ្លះដែរ”។
នៅឆ្នាំនេះ កម្ពុជាគ្រោងនឹងបង្កើនឋានៈពីប្រទេសដែលមាន “ប្រាក់ចំណូលទាប” ទៅជាប្រទេសដែលមាន ”ប្រាក់ចំណូលក្រោមមធ្យម” តាមការវាស់ស្ទង់របស់ធនាគារពិភពលោក នៅពេលខ្លួនឆ្លងផុតតួលេខផលិតផលជាតិសរុបក្នុងម្នាក់ៗ១.០៤៥ដុល្លារ ដោយកាត់បន្ថយការទទួលបានជំនួយរបស់ខ្លួន។
ការបង្កើនកម្ចីរួមជាមួយនឹងកំណែទម្រង់ប្រមូលពន្ធកាលពីពេលថ្មីៗនេះ នឹងជួយដល់ការបង្កើនខ្ទង់ចំណាយ១២,៣ភាគរយនៅឆ្នាំក្រោយ ដែលរួមមានទាំងការបង្កើនការចំណាយ២៨ភាគរយសម្រាប់វិស័យអប់រំរហូតដល់ជិតកន្លះពាន់លានដុល្លារ និងការបង្កើនការចំណាយ១៧ភាគរយសម្រាប់វិស័យការពារជាតិរហូតដល់ប្រហែល៣៧៩លានដុល្លារ។
ទោះជាយ៉ាងណា លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានអំឡុងពេលចេញពីប្រជុំសភាថា លោកជឿថា ក្រសួងរបស់លោកមិនទទួលបានការដំឡើងទេ ដោយលោកបកស្រាយថា ភាគច្រើននៃការដំឡើងនោះគឺធ្លាក់ទៅលើមន្ត្រី និងទាហានដោយផ្ទាល់។
លោកបានគូសបញ្ជាក់ថា “បើពិនិត្យមើលថវិកាឲ្យទូលំទូលាយ ខ្ញុំមិនឃើញកំណើនណាមួយនៅក្នុងវិស័យការពារជាតិទេ។ ភាគច្រើនគឺយើងនឹងដំឡើងប្រាក់ខែ”។
ច្បាប់ចម្លងមួយនៃច្បាប់ថវិកាជាតិបញ្ជាក់ថា ប្រហែល៨០ភាគរយនៃថវិកាការពារជាតិ នឹងធ្លាក់ទៅលើប្រាក់ខែដែលគណបក្សសង្គ្រោះជាតិបានគាំទ្រជាគោលការណ៍ ប៉ុន្តែទន្ទឹមនឹងនេះគណបក្សប្រឆាំងមួយនេះក៏បានព្រមានដែរចំពោះវត្តមានមន្ត្រី “ខ្មោច” ឬក្លែងក្លាយដែលមាននៅក្នុងបញ្ជីប្រាក់បៀវត្សរ៍ដើម្បីឲ្យអ្នកផ្សេងប្រមូលយកប្រាក់ខែរបស់ពួកគេ។
នៅឯទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីម្សិលមិញ គណបក្សប្រឆាំងបានរៀបចំកិច្ចពិភាក្សាផ្ទាល់ខ្លួនក្នុងពេលដំណាលគ្នាស្ដីពីថវិកាជាតិសម្រាប់ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ប៉ុល ហំម ប្រធានស្ដីទី ខណៈលោក សម រង្ស៊ី និងលោក កឹម សុខា កំពុងស្ថិតនៅបរទេស។
បច្ចុប្បន្ន លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅអឺរ៉ុបដើម្បីគេចវេះពីការចាប់ខ្លួន។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍បន្ទាប់ពីការប្រជុំថា លោកមិនដឹងច្បាស់ថាលោក កឹម សុខា នៅទីណាទេ ប៉ុន្តែគណបក្សបានសម្រេចហើយថា តំណាងរាស្ត្ររបស់ខ្លួនមិនគាំទ្រថវិកាជាតិនេះទេ។
ដោយចង្អុលបង្ហាញថា ការបង្កើនកម្ចីបរទេសគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាពាក់ព័ន្ធថវិកាជាតិ លោកបានមានប្រសាសន៍ថា ”នៅក្នុងថវិកាជាតិសម្រាប់ឆ្នាំ២០១៦យើង មើលឃើញចំណុចវិជ្ជមានខ្លះ និងអវិជ្ជមានខ្លះ។ យើងត្រូវការឲ្យចំណូល និងឥណទានមានតុល្យភាព។ ដើម្បីតុល្យភាពល្អប្រសើរគឺត្រូវប្រមូលចំណូលឲ្យបានហ្មត់ចត់ និងពន្ធដារឲ្យបានត្រឹមត្រូវ ហើយកាត់បន្ថយការចំណាយមិនចាំបាច់។ និយាយរួម យើងមិនគាំទ្រសេចក្ដីព្រាងច្បាប់នោះទេ”។
អ្នកនាំពាក្យរូបនេះបានលើកឡើងបន្តថា លោកមានការសោកស្ដាយដែលគណបក្សសង្គ្រោះជាតិមិនអាចចូលសភាបាន ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលធានាសុវត្ថិភាពរបស់តំណាងរាស្ត្រគណបក្សប្រឆាំង ហើយវិលទៅរកស្មារតីនៃកិច្ចសហប្រតិបត្តិការសភាក្នុងពេលឆាប់ៗ។
ទាក់ទិនបញ្ហានេះ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រមួយរូបទៀតរបស់គណបក្សសង្គ្រោះជាតិប្រើពាក្យមិនសូវធ្ងន់ធ្ងរប៉ុន្មានទេ ដោយលោកបានបង្ហោះសេចក្ដីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃនោះ ដោយពណ៌នាអំពីសម័យប្រជុំសភាដែលគ្មានវត្តមានគណបក្សប្រឆាំងចូលរួមថា គ្មានរសជាតិ។
លោកបានសរសេរថា “ការប្រជុំរដ្ឋសភានៅថ្ងៃនេះដោយគ្មានវត្តមានអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិអាចប្រៀបបានទៅនឹងសម្លដែលមានតែទឹក និងត្រី ហើយគ្មានអំបិល បន្លែ ឬគ្រឿងផ្សំផ្សេងទៀត”៕ សុខុម (រាយការណ៍ដោយ ម៉ិច ដារ៉ា)