33 C
Phnom Penh

សមាជិក​សភាគណបក្ស​ប្រឆាំង​​​មួយរូប​និរទេស​ខ្លួន​ជាមួយ​លោក​ សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក អ៊ុំ សំអាន សមាជិក​សភា​គណបក្ស​ប្រឆាំង​ដែល​​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​របស់​គណបក្ស​សង្គ្រោះ​​​ជាតិ​កាលពី​ដើម​ឆ្នាំ​នេះ​ក្នុង​ការ​បង្ហាញ​ពី​ការ​រំលោភ​​យកទឹកដីកម្ពុជាពីសំណាក់វៀត​ណាមនោះ ​​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​​​មិញ​ថា លោក​​បាន​និរទេស​ខ្លួន​ដោយ​ខ្លួន​ឯង​ជាមួយ​លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែរ​។

លោក អ៊ុំ សំអាន ​កាលពី​មុន​បាន​លើក​ឡើង​ថា លោក​នឹង​វិល​ត្រឡប់​មក​​ពី​បេសក​​​កម្ម​ស្វែង​រក​ការ​ពិត​ទៅ​កាន​់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុបដើម្បី​ប្រមូល​ផែនទី​ព្រំដែន​នៅ​ដំណាច់​ខែ​វិច្ឆិកា​នេះ។ ប៉ុន្តែ​កាល​​​ ពី​ម្សិលមិញ​លោក​បាន​និយាយ​ពី​សហរដ្ឋ​​​អាមេរិក​ថា លោក​បាន​ពន្យារ​ពេល​ដំណើរ​វិល​ត្រឡប់​របស់​លោក ​​រហូត​ដល់​​ស្ថាន​ភាព​នយោបាយ​បច្ចុប្បន្ន​មាន​ភាព​ស្ងប់​ស្ងាត់។

​លោក​បាន​​មាន​ប្រសាសន៍​ថា “​ដំបូង​ ​ខ្ញុំ​មាន​គម្រោង​ត្រឡប់​មក​​ប្រទេស​កម្ពុជា​វិញ​នៅ​ខែ​វិច្ឆិកា ប៉ុន្តែ​ខ្ញុំ​មិន​អាចត្រឡប់​​មក​វិញ​តាម​ការ​គ្រោង​ទុក​បាន​ឡើយ ដោយ​សារ​​ភាព​តាន​តឹង​​នយោបាយ​នាពេល​បច្ចុប្បន្ន​នេះ សូម្បី​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ក៏​មិន​ទាន់​អាច​វិល​ត្រឡប់​​មក​ប្រទេស​​​​កម្ពុជា​វិញ​ដែរ​។ នៅ​ពេល​លោក សម ​​​ រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​អាច​​​វិល​​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ខ្ញុំ​នឹង​វិល​ត្រឡប់​មក​វិញ​ឆាប់ៗ​តាមដែល​អាច​ធ្វើទៅ​​​បាន​ដែរ​”។

បើទោះ​ជា​ពី​មុន​លោក​និយាយ​ថា លោក​មិន​ខ្លាច​ការ​ចាប់​ខ្លួន​នៅ​ពេល​លោក​ត្រឡប់​មក​វិញ​ក៏ដោយ ក៏​លោក​ ​អុ៊ំ សំអាន បាន​ថ្លែង​ថា ប្រហែល​ជា​​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​​ ដូច្នេះ ហើយ​​លោក​សម្រេច​​ស្ថិត​នៅ​បរទេស​​សិន​​។

លោក​បាន​ថ្លែង​ថា ​”​ដូច​យើង​​ទាំងអស់​គ្នា​​​​ដឹង​ស្រាប់​ហើយ អ្នក​​​ដែល​រិះគន់​បញ្ហា​ព្រំដែន ​ប្រឈម​​បញ្ហា​ជាច្រើន​ ជា​ពិសេស​យើង​អាច​​ប្រឈម​ការ​ជាប់​ពន្ធនាគារ​។ ទន្ទឹម​នឹង​នេះ​ដែរ ការ​ស្ថិត​នៅ​ក្រៅ​ប្រទេស​​ ខ្ញុំ​អាច​និយាយ​​ ដោយ​សេរី​​អំពី​បញ្ហា​ព្រំដែន​”។

កាលពី​ខែ​សីហា បន្ទាប់ពី​​ការ​រិះគន់​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​រយៈ​ពេលជាច្រើន​ខែ​​ជុំវិញ​ការ​កំណត់​​ព្រំដែន​​ភាគ​ខាង​កើត​របស់​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​គំរាម​ចាប់​ខ្លួន​នរណា​ដែល​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រើ​ប្រាស់​ផែនទី​ខុស​ច្បាប់​។ លោក អ៊ុំ សំអាន ​​មិនអើ​ពើ​នឹង​ការ​គំរាម​កំហែង​នោះ​ទេ ដោយបន្ត​​អះអាង​ថា រដ្ឋា​ភិបាល​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​ ដោយ​ប្រើ​ប្រាស់​ផែនទី​មិន​ត្រឹម​ត្រូវ​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា វា​អាស្រ័យ​លើ​តុលាការ​ក្នុង​ការ​ សម្រេច​​ថា​តើ​​ត្រូវ​ផ្ដន្ទាទោស​លោក អ៊ុំ​ សំអាន   ឬ​យ៉ាង​ណា​​​នៅ​ពេលគាត់​វិល​​ត្រឡប់​មក​វិញ​ ប៉ុន្តែ​បាន​លើក​ឡើង​ថា គាត់​មាន​ពិរុទ្ធភាព​ពីបទ​បរិហារកេរ្តិ៍។

លោក​​ថ្លែង​ថា “​មាន​​​ការ​រិះគន់​​ពី​រប្រភេទ​ ខុស​គ្នា​នៅ​ទីនេះ គឺ​១​ការ​រិះគន់​ក្នុង​ន័យ​​ស្ថាបនា ​​​និង​មួយទៀត​ការ​​រិះគន់​មានលក្ខណៈ​បរិហារ​​​កេរ្តិ៍​”។ លោក​បាន​បន្ថែម​ថា “​​គាត់​​ធ្លាប់​ចោទ​រដ្ឋាភិ បាល​​ថា​បាន​ប្រើ​ប្រាស់​ផែនទី​ក្លែង​ក្លាយ។ នេះ​មិន​ហៅ​ថា ការ​​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ទេ គឺ​ហៅថា ការ​​បរិហារកេរ្តិ៍៕ សារុន​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស