33.3 C
Phnom Penh

ជម្លោះ​​​ទាក់ទិន​​​អ្នក​​​សង្កេតការណ៍​​​ធ្វើ​​​ឲ្យ​​​លើក​​​ពេល​​​​​​ប្រឡង​​​ជ្រើសរើស​​​សិស្ស​​​ចៅក្រម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ក្រសួង​​​យុត្តិធម៌​​​បាន​​​សម្រេច​​​លើក​​​ពេល​​​នៃ​​​ការ​​​ប្រឡង​​​ជ្រើស​​​រើស​ ចៅក្រម​​​និង​​​ព្រះរាជ​​​អាជ្ញា​​​ជំនាន់​​​ទី​​​៧ បន្ទាប់​​​ពី​​​សំណើ​​​សុំ​​​អ្នក​​​សង្កេតការណ៍​​​ត្រូវ​​​បាន​​​បដិ សេធ​​​ ដោយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ (ACU)។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​ចេញ​​​លិខិត​​​មួយ​​​និយាយ​​​ថា ខ្លួន​​​បាន​​​បដិសេធ​​​សំណើ​​​មួយ​​​ពី​​​រាជបណ្ឌិត្យ​​​សភា​​​វិជ្ជាជីវៈ​​​តុលាការ​​​សុំ​​​​​ផ្តល់​​​អ្នក​​​សង្កេតការណ៍​​​សម្រាប់​​​ការ​​​ប្រឡង​​​នៅ​​​ថ្ងៃ​​​ទី​​​៨​​​និង​​​ទី​​​៩​​​ខែ​​​ធ្នូ​​​ពីព្រោះ​​រាជបណ្ឌិត្យសភា​​វិជ្ជាជីវៈ​​​តុលាការ​ “គ្មាន​​​ឆន្ទៈ​​​និង​​​មិន​​​សហការ​​​ល្អ​​​ជាមួយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ”។

ក្នុង​​​សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ ក្រសួង​​​យុត្តិធម៌ ដែល​​​មើល​​​ខុស​​​ត្រូវ​​​រាជបណ្ឌិត្យសភា​​​នេះ​​​បាន​​​និយាយ​​​ថា ខ្លួន​​​​​​បាន​​​ដឹកនាំ​​​ការ​​​ប្រជុំ​​​មួយ​​​ ដែល​​​ចូល​​​រួម​​​ដោយ​​​លោក​​​ ឈន ព្រលឹង ប្រធាន​​​រាជបណ្ឌិត្យ​​​សភា​ វិជ្ជាជីវៈ​​​តុលាការ ដើម្បី​​​ពិភាក្សា​​​អំពី​​​ភាព​​​ទល់​​​ច្រក​​​នេះ។

ក្នុង​​​សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​នោះ​​​ លោក  អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​​​ក្រសួង​​​យុត្តិធម៌ បាន​​​សម្រេច​​​នៅ​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​នោះ​​​ថា រាជ បណ្ឌិត្យ សភា​​​វិជ្ជាជីវៈ​​​តុលាការ​​​​​​នឹង​​​លើក​​​កាល​​​បរិច្ឆេទ​​​នៃ​​​ការ​​​ប្រឡង​​​ជ្រើស​​​រើស​​​សិស្ស​​​ចៅក្រម​​​ថ្មី​​​ និង​​​សម្រេច​​​បញ្ជូន​​​ក្រុម​​​ការងារ​​​​​​មួយ​​​ក្រុម​​​ដើម្បី​​​ធ្វើ​​​ការ​​​ពិនិត្យ​​​ឡើង​​​វិញ​​​នូវ​​​បែបបទ​​​ និង​​​នីតិវិធី​​​នៃ​​​ការ​​​ប្រឡង​​​ខាង​​​លើ​​​ក្នុង​​​គោល​​​បំណង​​​ធានា​​​ឲ្យ​​​កាន់​​​តែ​​​មាន​​​តម្លាភាព​​​ និង​​​ភាព​​​ត្រឹម​​​ត្រូវ​​​យុត្តិធម៌”។

ចំណែកឯលោក សន សុភ័ណ​​​ ប្រធាន​​​ខុទ្ទកាល័យ​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​​​​ថា ពេល​​​ណា​​​ការ​​​ប្រឡង​​​នេះ​​​នឹង​​​ធ្វើ​​​ឡើង​​​នោះ​​​ទេ។

ប្រធាន​​​ផ្នែក​​​សើុប​​​អង្កេត​​​​​​នៃ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ លោក ឃុន សំបូរ  បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គភាព​​​នេះ​​​បាន​​​បដិ សេធ​​​សំណើ​​​សុំ​​​អ្នក​​​សង្កេតការណ៍​​​ចូល​​​រួម​​​ ដោយសារតែ​​​បទ​​ពិសោធន៍​​​របស់​​​ខ្លួន​​​ដែល​​​ជួយ​​​រាជបណ្ឌិត្យ​​​សភា​​​នេះ​​​រៀបចំ​​​ការ​​​ប្រឡង​​​ជ្រើស​​​រើស​​​ក្រឡា​​​បញ្ជី​​​កាលពី​​​ពីរ​​​បី​​​ខែ​​​កន្លង​​​ទៅ​​​នេះ។

លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា ”យើង​​​ទាម ទារ​​​ឲ្យ​​​រាជបណ្ឌិត្យសភា​​​ដាក់​​​កាមេរ៉ា​​​នៅ​​​គ្រប់​​​បន្ទប់​​​ប្រឡង​​​ ប៉ុន្តែ ពួក​​​គេ​​​បាន​​​បដិសេធ​​​។  ហើយ​​​នៅ​​​ពេល​​​យើង​​​ធ្វើ​​​សំណើ​​​ដើម្បី​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​ការ​​​ប្រឡង​​​មាន​​​លក្ខណៈ​​​ល្អ​​​ប្រសើរ​​​ពួក​​​គេ​​​បាន​​​ចោទ​​​យើង​​​ថា បាន​​​ជ្រៀត​​​ជ្រែក​​​កិច្ច​​​ការ​​​ផ្ទៃ​​​ក្នុង​​​របស់​​​ពួក​​​​​​គេ”។

ដោយ​​​លើក​​​ឡើង​​​ថា លោក​​​ ឈន ព្រលឹង​​​ ប្រធាន ​​​រាជបណ្ឌិត្យសភា​​​ស្និទ្ធ​​​នឹង​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​​នោះ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ ថា “អនុរក្ស​​និង​​​អ្នក​​​ត្រួត​​​ពិនិត្យ​​​អគារ​​​មួយ​​​ចំនួន​​​បាន​​​សម្លឹង​​​មើល​​​អ្នក​​​សង្កេតការណ៍​​​របស់​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ និង​​​មើល​​​ងាយ​​​ពួក​​​គេ​​​…។ ហេតុ​​​ដូច្នេះ​​​ហើយ ប្រធាន​​​របស់​​​ខ្ញុំ​​​មិន​​​សប្បាយ​​​ចិត្ត”។

លោក ឃុន សំបូរ ក៏​​​បាន​​​ចោទប្រកាន់​​​រាជបណ្ឌិត្យសភា​​​វិជ្ជាជីវៈតុលាការ​​​ថា ​​​ព្យាយាម​​​លាក់​​​បាំង​​​កិរិយា​​​មិន​​​ត្រឹម​​​ត្រូវ​​​របស់​​​ខ្លួន​​​ផង​​​ដែរ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ពួក​​​គេ​​​ខ្លាច​​​យើង​​​ចូល​ខាង​​​​ក្នុង​​​ផ្ទះ​​​ ហើយ​​​រក​​​ឃើញ​​​ ភាព​​​មិន​​ប្រក្រតី”។

ជា​​​ការ​​​ការពារ​​​ខ្លួន​​​ លោក​​​ ឈន ព្រលឹង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មិន​​​មែន​​​លក្ខខណ្ឌ​​​ប្រឡង​​​ទាំង​​​អស់​​​ស្ថិត​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​លោក​​​ទេ។ ដោយ​​​មិន​​​រៀប​​​រាប់​​​ច្រើន លោក​​​បាន​​​​​​​​​​​​និយាយ​​​ថា “បញ្ហា​​​ទាំង​​​នេះ​​​បាន​​​កើត​​​ឡើង​​​ ក្នុង​​​ពេល​​​កន្លង​​​មក​​​ ហើយ​​​យើង​​​បាន​​​ដោះ​​​ស្រាយ​​​វា​​​រួច​​​រាល់​​​ហើយ​​​។ ក្នុង​​​នាម​​​នៃ​​​រាជ​​​បណ្ឌិត្យសភា​​​វិជ្ជាជីវៈ​​​តុលាការ​​​ ខ្ញុំ​​​​​​មិន​​​មាន​​​សិទ្ធិ​​​សម្រេច​​​​​​ទាំង​​​អស់​​​ទេ។ សូម​​​គិត​​​រឿង​​​នេះ​​​ផង។ ​​​ខ្ញុំ​​​មិន​​​ខ្វល់​​​ទេ​​​ ដូច្នេះ​​​ អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​អាច​​​និយាយ​​​​​​អ្វី​​​ដែល​​​ខ្លួន​​​ចង់”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស