កាលពីម្សិលមិញ ក្រសួងយុត្តិធម៌បានសម្រេចលើកពេលនៃការប្រឡងជ្រើសរើស ចៅក្រមនិងព្រះរាជអាជ្ញាជំនាន់ទី៧ បន្ទាប់ពីសំណើសុំអ្នកសង្កេតការណ៍ត្រូវបានបដិ សេធ ដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។
កាលពីថ្ងៃសុក្រ អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតមួយនិយាយថា ខ្លួនបានបដិសេធសំណើមួយពីរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការសុំផ្តល់អ្នកសង្កេតការណ៍សម្រាប់ការប្រឡងនៅថ្ងៃទី៨និងទី៩ខែធ្នូពីព្រោះរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ “គ្មានឆន្ទៈនិងមិនសហការល្អជាមួយអង្គភាពប្រឆាំងអំពើពុករលួយ”។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីម្សិលមិញ ក្រសួងយុត្តិធម៌ ដែលមើលខុសត្រូវរាជបណ្ឌិត្យសភានេះបាននិយាយថា ខ្លួនបានដឹកនាំការប្រជុំមួយ ដែលចូលរួមដោយលោក ឈន ព្រលឹង ប្រធានរាជបណ្ឌិត្យសភា វិជ្ជាជីវៈតុលាការ ដើម្បីពិភាក្សាអំពីភាពទល់ច្រកនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចនៅអំឡុងកិច្ចប្រជុំនោះថា រាជ បណ្ឌិត្យ សភាវិជ្ជាជីវៈតុលាការនឹងលើកកាលបរិច្ឆេទនៃការប្រឡងជ្រើសរើសសិស្សចៅក្រមថ្មី និងសម្រេចបញ្ជូនក្រុមការងារមួយក្រុមដើម្បីធ្វើការពិនិត្យឡើងវិញនូវបែបបទ និងនីតិវិធីនៃការប្រឡងខាងលើក្នុងគោលបំណងធានាឲ្យកាន់តែមានតម្លាភាព និងភាពត្រឹមត្រូវយុត្តិធម៌”។
ចំណែកឯលោក សន សុភ័ណ ប្រធានខុទ្ទកាល័យក្រសួងយុត្តិធម៌បានបដិសេធមិននិយាយថា ពេលណាការប្រឡងនេះនឹងធ្វើឡើងនោះទេ។
ប្រធានផ្នែកសើុបអង្កេតនៃអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃុន សំបូរ បានមានប្រសាសន៍ថា អង្គភាពនេះបានបដិ សេធសំណើសុំអ្នកសង្កេតការណ៍ចូលរួម ដោយសារតែបទពិសោធន៍របស់ខ្លួនដែលជួយរាជបណ្ឌិត្យសភានេះរៀបចំការប្រឡងជ្រើសរើសក្រឡាបញ្ជីកាលពីពីរបីខែកន្លងទៅនេះ។
លោកបានមានប្រសាសន៍ថា ”យើងទាម ទារឲ្យរាជបណ្ឌិត្យសភាដាក់កាមេរ៉ានៅគ្រប់បន្ទប់ប្រឡង ប៉ុន្តែ ពួកគេបានបដិសេធ។ ហើយនៅពេលយើងធ្វើសំណើដើម្បីធ្វើយ៉ាងណាឲ្យការប្រឡងមានលក្ខណៈល្អប្រសើរពួកគេបានចោទយើងថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ពួកគេ”។
ដោយលើកឡើងថា លោក ឈន ព្រលឹង ប្រធាន រាជបណ្ឌិត្យសភាស្និទ្ធនឹងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នោះ លោកបានមានប្រសាសន៍ ថា “អនុរក្សនិងអ្នកត្រួតពិនិត្យអគារមួយចំនួនបានសម្លឹងមើលអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ និងមើលងាយពួកគេ…។ ហេតុដូច្នេះហើយ ប្រធានរបស់ខ្ញុំមិនសប្បាយចិត្ត”។
លោក ឃុន សំបូរ ក៏បានចោទប្រកាន់រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការថា ព្យាយាមលាក់បាំងកិរិយាមិនត្រឹមត្រូវរបស់ខ្លួនផងដែរ។
លោកបានមានប្រសាសន៍ទៀតថា “ពួកគេខ្លាចយើងចូលខាងក្នុងផ្ទះ ហើយរកឃើញ ភាពមិនប្រក្រតី”។
ជាការការពារខ្លួន លោក ឈន ព្រលឹងបានមានប្រសាសន៍ថា មិនមែនលក្ខខណ្ឌប្រឡងទាំងអស់ស្ថិតក្នុងការគ្រប់គ្រងរបស់លោកទេ។ ដោយមិនរៀបរាប់ច្រើន លោកបាននិយាយថា “បញ្ហាទាំងនេះបានកើតឡើង ក្នុងពេលកន្លងមក ហើយយើងបានដោះស្រាយវារួចរាល់ហើយ។ ក្នុងនាមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ខ្ញុំមិនមានសិទ្ធិសម្រេចទាំងអស់ទេ។ សូមគិតរឿងនេះផង។ ខ្ញុំមិនខ្វល់ទេ ដូច្នេះ អង្គភាពប្រឆាំងអំពើពុករលួយអាចនិយាយអ្វីដែលខ្លួនចង់”៕ និត