ប័ណ្ណសារ

បុរសម្នាក់ត្រូវក្រុម​​​ចោរ​​​ប្រដាប់អាវុធបាញ់​​​​​​​ត្រូវ​​​ខ្នង​​ប្លន់យក​​​ម៉ូត​ូ​នៅក្នុង​​​ខណ្ឌ​​​សែនសុខ

By

December 01, 2015

យោង​តាម​នគរបាល​បាន​ឲ្យ​ដឹងថា ជាង​​​ផ្សារ​​​ដែក​​​វ័យ​​​ក្មេង​​​ម្នាក់​​​ ត្រូវ​​​បាន​​​បាញ់​​​ចំ​​​ខ្នង​​​ ហើយ​​​ប្លន់​​​យក​​​ម៉ូតូ​​​ហុង​​​ដា​​​ឌ្រីម​​​ អំឡុង​​​ការ​ស្ទាក់ប្លន់តាមចិញ្ចើម​​​ផ្លូវ​​​នៅ​​​ជាយ​​​រាជ​ធានី​ភ្នំពេញ កាល​​​ពី​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ម្សិលមិញ ជា​​​អំពើ​​​ប្លន់​​​ថ្មី​​​បំផុត​​​​​​ក្នុង​​​ចំណោម​អំពើប្លន់​​​ម៉ូតូ​ប្រដាប់​​​អាវុធ​​​ជា​​​ច្រើន​​​លើក​​​ដែល​​​​​​បាន​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ប្រាំពីរ​​​នាក់​​​រង​​​របួស និង​​​ក្មេង​​​ប្រុស​​​អាយុ​​​១៣​​​ឆ្នាំ​​​ម្នាក់​​​ស្លាប់។

លោក​​​ ម៉ក់ ហុង អធិការ​​​នគរបាល​​​ខណ្ឌ​​​សែនសុខ​បាន​​​មាន​​​ប្រសាសន៍​​​ថា រី មករា ​​​អាយុ ​​​​​​២៨​​​ឆ្នាំ ដែល​​​ធ្វើការ​​​នៅ​​​កន្លែង​​​ផ្សារ​​​ដែក​​​មួយ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​មក​​​លេង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​ចូល​​​រួម​​​ពិធីបុណ្យ​​​អុំ​​​ទូក​​​ ហើយ​​​បាន​​​ធ្វើ​​​ដំណើរ​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ​​​ជា​​​មួយ​​​មិត្ត​​​ស្រី​​​របស់​​​ខ្លួន​​​ឆ្លងកាត់​​​​ខណ្ឌ​​​សែន​​​សុខ ស្រាប់​​​តែ​​​ហេតុការណ៍​​​នេះ​បាន​​​កើត​​​ឡើង​​​។

លោក ម៉ក់ ហុង បាន​​​ថ្លែង​​​ថា អ្នក​​​ទាំង​​​ពីរ​​​បាន​​​ជិះ​​​ម៉ូតូ​​​​​​ហុង​​​ដា ឌ្រីម ស៊េរី​​​ឆ្នាំ​​​២០១៣ ​​​របស់​​​​​​ឈ្មោះ មករា តាម​​​ទំនប់​​​កប់​​​ស្រូវ​​​​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​រំលង​​​​​អធ្រាត្រ​​​ ស្រាប់តែ​​​នៅ​​​ពេល​នោះ​​​ពួក​​​គេបាន​ឃើញ​​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ដាក់​​​រាំង​​​ផ្លូវ​​​ ហើយ​​​បុរស​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​បី​​​ទៅ​​​បួន​​​នាក់​​​នៅ​​​ឈ​​​រ​​​ក្បែរ​​​នោះ​។

លោក​​​ ម៉ក់ ហុង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​”ជន​​​សង្ស័យ​​​បាន​​​ស្រែក​​​ឲ្យ​​​អ្នក​​​ទាំង​​​ពីរ​​​ចុះ​​​ពី​​​លើ​ម៉ូតូ ហើយ​​​ប្រគល់​​​សោ​​​ឲ្យ​​​ពួក​​​គេ​​​ ប៉ុន្តែ  ជន​​​រង​​​គ្រោះ​​​មិនព្រម​​​​ឲ្យ​​​ បន្ទាប់​​​មក​​​ជន​​​សង្ស័យ​​​​​​ម្នាក់​​​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​នោះ​បាន​​​បាញ់​​​សំដៅ​​​ពួក​​​គេ​​​តែ​​​ម្តង​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុម​​​ចោរ​​​ប្លន់​​​បាន​​​បាញ់​​​បី​​​គ្រាប់​​​សំដៅ​​ពួកគេ​ទាំង​ពីរ​នាក់​។

លោក​​​​​​ ម៉ក់ ហុង បាន​​​ថ្លែង​​​ថា បន្ទាប់​​​មក​​​ក្រុម​​​ចោរ​​​បាន​​​យក​​​សោ​​​ម៉ូតូ​​​របស់​​​ មករា ​​​ហើយ​​​​​​ ជិះ​​​ចេញ​​​យ៉ាង​​​​​​លឿន។ លោក​​​បាន​​​បន្ថែម​​​ថា ​​​ដោយ​​​គ្មាន​​​នគរ​​​បាល​​​នៅ​​​ក្បែរ​​​នោះជាង​​​ផ្សារ​​​ដែក​​​រូប​​​នេះ​​​បាន​​​ទូរស័ព្ទ​​​ទៅ​​​វិទ្យុ​​​ABC ប្រហែល​​​ ១៥​​​នាទី​​​ក្រោយ​​​មក​​​ ហើយ​​​បាន​​​សុំ​​​ឲ្យ​​​​​​អ្នក​​​អត្ថា​ ធិប្បាយ​​​រាយការណ៍​​​ទៅ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​។

អធិការ​​​នគ​​​របាល​​​រូប​​​េនះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រោយ​​​មក​​​ក្រុម​​​សើុប​​​អង្កេត​​​បាន​​​រក​​​ឃើញ​​​សម្បកគ្រាប់​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ ហើយ​​​បាន​​​កំណត់​​​ថា ក្រុមចោរប្រើ​កាំភ្លើង ​​​K-59 ​ប៉ុន្តែ នគរ​​​បាល​​​មិន​​​មាន​​​តម្រុយ​​​ក្នុង​​​ហេតុការណ៍​​​នេះ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មករា កំពុង​សម្រាកព្យាបាល​នៅ​​​ក្នុង​​​​​​​​មន្ទីរ​​​ពេទ្យ​​​​​។

អំពើ​​​ប្លន់​​​នេះ​​​បាន​​​កើត​​​ឡើង​​​បន្ទាប់ពី​​​ហេតុការណ៍​​ស្រដៀងគ្នា​​បីករណី​​​ទៀត​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​សប្តាហ៍​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ខែ​​​វិច្ឆិកា បុរស​​​ពី​​​រ​​​នាក់​​​បាន​​​ប្រើ​​​កាំភ្លើង​​​ AK-47​​​ បាញ់​​​ត្រូវ​​​ក្មេង​​​ប្រុស​​​អាយុ​​​១៣​​​ឆ្នាំ​ម្នាក់​​​ស្លាប់​​​ នៅ​​​ពេល​​​ប៉ុន​​​ប៉ង​​​​​​ប្លន់​​​​​ម៉ូតូ​​​ ហុង​​​ដា ឌ្រីម របស់​បង​​​ប្រុស​​​​​វា​​​​​​ក្នុង​​​ខេត្ត​​​កំពត ​​​​​​ក៏​​​បាន​​​រង់​​​ចាំ​​​នៅ​​​តាម​​​ផ្លូវ​​​កាលពី​រំលង​អធ្រាត្រពេល​ជន​រងគ្រោះ​ឆ្លងកាត់ ដែរ។

មួយ​​​សប្តាហ៍​​​ក្រោយ​​​មក ​​​បុរស​​​បួន​​​នាក់​​​បាន​​​បាញ់​​​មនុស្ស​​​បី​​​នាក់​​​ត្រូវ​​​ជើង​​​មុន​​​ពេល​​​ប្លន់​​​យក​​​ម៉ូតូ KTM Duke នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​រាជ​​​ធានីភ្នំពេញ មុនម៉ោង​​​២​​​រំលង​​​អធ្រាត្រ​​​បន្តិច​​​។  (ម៉ូតូ​​​េនះ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​វិញ​​​​​​កាល​​​ពី​​​ម្សិលមិញ នៅ​​​ពេល​​​នគរ​​​បាល​​​ចាប់​​​ខ្លួន​​​​​​បាន​​​ជន​​​សង្ស័យ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ពួក​​​វា​​​បួន​​​នាក់​​​នេះ​​​បើ​​​យោង​​​តាម​​​លោក សុង លី នាយ​​​ការិ យាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ស្រាល​​​រាជធានី​)។

ហើយ​​​នៅ​​​ព្រឹក​​​ព្រលឹម​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ជន​​​សង្ស័យ​​​បួន​​​នាក់​​​ទៀត​​​បាន​​​បាញ់​​​ទៅ​​​លើ​​​យុវ ជន​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​១៨​​​នាក់​​​ ធ្វើ​​​ដំណើរ​​តាម​​​ម៉ូតូ​​​៨​​​គ្រឿង​​​​​​ក្នុង​​​ខណ្ឌ​​​ដដែល​​​នេះ​​​ ដោយ​​​បាញ់​​​ ត្រូវ​បុរស​​​បី​​​នាក់​​​ធ្លាយ​​​ជង្គង់ ហើយ​​​បាន​​​រត់​​​គេច​​​​​​ ជាមួយ​​ម៉ូតូ​​​ហុង​​​ដាស៊េរីថ្មីបំផុត​​​ពីរ​​​គ្រឿង​​​។

នគរ​​​បាល​​​បាន​​​តាម​​ខ្មាន់កាំភ្លើង​ម្នាក់​​​ក្នុង​​​ចំណោម​​​ពួកវា​បួន​​​នាក់​​​ទៅ​​​​​​ដល់​​​ផ្សារ​​​មួយ​​​នៅ​​​ជិត​​​មជ្ឈមណ្ឌល​​​ម៉ុង​​​ឌីយ៉ាល់​​​ ទីដែល​​​ពួក​​​គេ​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​នេះ​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ព្រហស្បតិ៍​​ខណៈដែល​​​​​​ជន​​​នេះ​​​បាន​​​ព្យាយាម​​​លក់​​​ម៉ូតូ​​​មួយ​គ្រឿង​​​។

កាល​​​ពី​​​ម្សិល​​​មិញ លោក តី វិសាល  នាយក​​​រង​​​ការិយាល័យ​​​ព្រហ្មទណ្ឌ​​​រាជធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​​​​​​​ដែល​​​សើុប​​​អង្កេត​​​ករណី​​​នេះមិន​​​ទាន់​​​​​ចាប់​​​ខ្លួន​​​បានជន​​​សង្ស័យ​​​ថ្មី​​​នៅឡើយ​ទេ​​ ប៉ុន្តែ ថា បុរស​​​ដែល​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​តុលាការ​​​ ​​​ហើយ​បាន​ធ្វើការ​ចោទ​​​ប្រកាន់បណ្តោះ​អាសន្ន​​​​ពីបទ​​​ប្លន់​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​។

លោក អេង សោភា នាយ​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ ថា លោក​​​មិន​​​អាច​​​ពន្យល់​​​ពី​​​អំពើ​​​ប្លន់​​​​​​ដ៏​​​ហិង្សា ទាំង​​​នេះ​​​បាន​​​ទេ ប៉ុន្តែ បាន​​​លើកឡើង​​​ថា ការ​​​បាញ​​​់​​​បាន​​​កើត​​​ឡើង​​​នៅ​​​ពេល​​​ជន​​​រង​​​គ្រោះ​​​បាន​​​ព្យាយាម​​​តដៃ​​​តែ​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​រង​​​គ្រោះ​​​ បាន​​​ព្យាយាម​​​តដៃ​​​ជាមួយ​​​ជន​​​សង្ស័យ​​​។​​​ ជន​​​សង្ស័យ​​​មិន​​​ចង់​​​បាញ់​​​ឲ្យ​ឮ​​​ដល់​​​នគរ​​​បាល​​​ទេ”៕​​​ សារុន (រាយការណ៍​​​បន្ថែម​​​ដោយ ​​​ឃី សុវុឌ្ឍី និង​​​ ​​​សាំង  សុឥន្ទរិទ្ធ)​​​​