យោងតាមតួលេខថ្មីពីអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍បានឲ្យដឹងថា អត្រាឆ្លងមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជាបានថយចុះកាលពីឆ្នាំមុន ប៉ុន្តែអ្នកជំនាញលើកឡើងថា ចាំបាច់ត្រូវធ្វើការងារបន្ថែមទៀតដើម្បីទប់ស្កាត់ការឆ្លងមេរោគថ្មី និងបង្កើនការទទួលបានការព្យាបាលជំងឺ។
ថ្លែងនៅសាលសន្និសីទចតុមុខក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញអំឡុងព្រឹត្តិការណ៍ដើម្បីរំឭកទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ លោក អៀង មូលី ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ ថា ក្នុងចំណោមមនុស្សអាយុចន្លោះពី១៥ឆ្នាំដល់៤៩ឆ្នាំ អត្រាឆ្លងមេរោគអេដស៍ បច្ចុប្បន្ន នេះគឺ០,៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុនដែលមាន០,៧ភាគរយ។

លោក អៀង មូលី បានថ្លែងថា “បច្ចុប្បន្ននេះ មានមនុស្សប្រហែល៧០.០០០នាក់ផ្ទុកមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា និងប្រហែល៥០.០០០នាក់ទទួលបានការព្យាបាល” ដោយលោកសង្កត់ធ្ងន់ពីតម្រូវការនៃយុទ្ធនាការយល់ដឹងថ្មីដែលផ្ដោតគោលដៅលើយុវជន ដែលមិនចាំពីការរីករាលដាលជំងឺអេដស៍នាចុងទសវត្សរ៍ឆ្នាំ១៩៩០នៅ ពេលអត្រាឆ្លងមានរហូតដល់១,៧ភាគរយ។
លោកបានមានប្រសាសន៍ថា “យុវជនមួយ ចំនួនមិនទទួលបានការអប់រំដូច១០ឆ្នាំទៅ២០ឆ្នាំមុនឡើយ នៅពេលព័ត៌មាននោះត្រូវ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយអំឡុងយុទ្ធនាការ ដូច្នេះយើងត្រូវចាប់ផ្ដើមម្ដងទៀត”។
នៅពេលត្រូវបានទាក់ទងបន្ទាប់ពីព្រឹត្តិការណ៍ នៅសាលសន្ធិសីទចតុមុខ លោក ទា ផល្លា អនុប្រធានមជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានមានប្រសាសន៍ថា ករណីជាច្រើនដូចជាការផ្ទុះឡើងយ៉ាងខ្លាំងនូវមេរោគអេដស៍ ក្នុងឃុំរកា ខេត្តបាត់ដំបង ដែលគេជឿថា បណ្ដាល មកពីគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណដែលបានសារភាពថា បានប្រើប្រាស់សឺរ៉ាំងឡើងវិញនោះ បង្ហាញឲ្យឃើញពីបញ្ហាជាប្រព័ន្ធទាក់ទងប្រព័ន្ធគាំពារសុខភាព។ ហើយដោយជំនួយពីបរទេសធ្លាក់ចុះខណៈដែលប្រទេសកម្ពុជាឈានដល់ស្ថានភាព ចំណូលមធ្យម លោក ផល្លា បានថ្លែងថា រដ្ឋាភិបាលត្រូវតែប្រឹងប្រែងបន្តធ្វើការងារនេះ។
លោកបានថ្លែងថា ”ប្រទេសផ្ដល់ជំនួយហាក់ដូចជា វិនិច្ឆ័យលើស្ថានភាពរបស់យើងថាមិនមែនជាស្ថានភាពបន្ទាន់ ពីព្រោះយើងសម្រេចបានច្រើនណាស់។ ការផ្ដោតគឺទៅលើគម្រោង និងកម្មវិធី មិនផ្ដោតច្រើនទៅលើការគាំទ្រស្ថាប័នទេ។ ឥឡូវនេះចាំបាច់ត្រូវធ្វើតាមរយៈរដ្ឋាភិបាល និងតាមរយៈ សេវាសុខភាព”។
កាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាលុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មីៗនៅក្នុងប្រទេសកម្ពុជាឲ្យបានត្រឹមឆ្នាំ២០២០ហើយបានផ្ដល់មូលនិធិ ៣,៧លានដុល្លារដើម្បីទិញថ្នាំប្រឆាំងមេរោគអេដស៍ សម្រាប់អ្នកដែលបានឆ្លងរួចហើយ។
លោក ផល្លា បានថ្លែងទៀតថា លោកជឿ ថា ការឆ្លងមេរោគអេដស៍ថ្មីអាចលុបបំបាត់ត្រឹមឆ្នាំ២០២៥ ប៉ុន្តែថា រដ្ឋាភិបាលចាំបាច់ត្រូវដាក់កម្រិតឲ្យកាន់តែសកម្មថែមទៀតទៅលើប្រព័ន្ធគាំពារសុខភាព។
លោកបានថ្លែងថា “ក្រសួងសុខាភិបាលត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋកុំឲ្យទៅរកគ្រូពេទ្យដែលគ្មានសុវត្ថិភាព ហើយក៏ត្រូវដាក់ទោសអ្នកដែលបើកអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណផងដែរ”។
លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា ជាអង្គការមិនមែនរដ្ឋាភិបាលគាំទ្រ និងទប់ស្កាត់មេរោគអេដស៍បានមានប្រសាសន៍ថា មនុស្សប្រហែល១៧.០០០នាក់ដែលបានឆ្លងមេរោគនេះទទួលបានថ្នាំប្រឆាំងមេរោគអេដស៍នៅមានកម្រិតនៅឡើយ។
ដោយពន្យល់ពីអត្រានៃការឆ្លងរាលដាលនៅតែខ្ពស់នៅឡើយ លោកបានថ្លែងថា “អ្នកទាំងនេះនៅតែរស់នៅក្នុងស្ថានភាពលាក់បាំងដដែល៖ ពួកគាត់មិនបានទៅរកសេវាព្យាបាល ឬពួកគាត់មិនដឹងអំពីស្ថានភាពរបស់ខ្លួន”។
លោកបានបន្ថែមថា “មនុស្សសំខាន់គឺស្ត្រីរកស៊ីផ្លូវភេទ បុរស[ដែលរួមភេទជាមួយបុរស] មនុស្សដែលប្តូរភេទ និងមនុស្សដែលចាក់ថ្នាំញៀន”៕ សារុន