34 C
Phnom Penh

តុលាការ​ចេញ​ដីកា​​ចាប់​ខ្លួន​អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេស​ប៊ុក​ដ៏មាន​​ប្រជាប្រិយ​​របស់​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ តុលាការ​​​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ជំនួយ​ការ​ម្នាក់​​របស់​​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​ប្រឆាំង​ ​ដែល​ជួយ​គ្រប់គ្រង​ទំព័រ​ហ្វេស​ប៊ុក​​​​ដ៏មាន​ប្រជាប្រិយភាព​របស់​លោក​ និងជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផលិត​វីដេអូ​ដែល​​​​ក្នុង​​នោះ​លោក ហុង សុខហួរ ​សមាជិក​ព្រឹទ្ធសភា​​ដែល​​កំពុង​ជាប់​​ពន្ធនាគារ​ ធ្វើ​បទ​បង្ហាញ​​អំពី​សន្ធិសញ្ញា​​ក្លែង​ក្លាយ​មួយ។

កាលពី​ខែ​សីហា ​លោក ហុង សុខហួរ ​ត្រូវ​​​​​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួនដោយ​​​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កើត​ជំងឺ​ដេក​មិន​លក់​​បន្ទាប់ពី​មើល​វីដេអូ​​​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ធ្វើ​បទ​បង្ហាញ​​សន្ធិសញ្ញា​ក្លែង​ក្លាយ​ដែល​បង្ហាញ​​ពី​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ប្រទេស​​វៀតណាម​​ ដើម្បី​​រម្លាយ​ព្រំដែន​ភាគ​​​​ខាង​កើត។

លោក សម រង្ស៊ី ដែល​ពេល​នេះ​កំពុង​និរទេស​ខ្លួន​​​នៅ​បរទេស​ដើម្បី​​គេច​វេះ​ដីកា​ចាប់​ខ្លួន​លោក​​ដែល​តុលាការ​បាន​ចេញ​កាល​​ពី​ខែ​មុន ត្រូវ​បាន​​​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​​​ទៅ​តុលាការ​នៅ​ថ្ងៃ​​សុក្រ ដើម្បី​ធ្វើ​ការ​សាក​សួរ​​ទាក់​ទិន​វីដេអូ​​​ខាង​លើ​តាម​ការ​ចោទ​ប្រកាន់​បណ្ដោះអាសន្ន​ពីបទ​សមគំនិត​​ក្លែង​បន្លំ​ឯកសារ និង​បទ​​ញុះញង់​។

ទោះជា​យ៉ាង​ណា លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា លោក​មិន​បាន​​ស្ថិត​​នៅ​ក្នុង​ប្រទេស​​​​កម្ពុជា​ទេ នៅ​ពេល​វីដេអូ​​នោះ​​ត្រូវ​បាន​បង្ហោះ ហើយ​មាន​ប្រសាសន៍​ថា ក្រុម​ការ​ងារ​ហ្វេសប៊ុក​របស់​លោក​ជា​អ្នក​បង្ហោះ​វីដេអូ​នោះ​ ហើយ​បន្ទាប់​មក​ក៏​បាន​លុប​វា​ចោល​វិញ​។

​ដីកា​​ចាប់​ខ្លួន​​កាលពី​ម្សិលមិញ គឺ​សម្រាប់​​​លោក សម្បត្តិ សត្យា ជា​សមាជិក​ម្នាក់​​ក្នុង​ចំណោម​សមាជិក​សំខាន់ៗ​នៃ​ក្រុម​ការងារ​​ហ្វេស​ប៊ុក​របស់​លោក សម រង្ស៊ី​។

ដីកា​ចាប់​ខ្លួន​​នេះ​​មាន​ខ្លឹមសារ​ថា “​​ឈ្មោះ សម្បត្តិ សត្យា ​កើត​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ​ឆ្នាំ​១៩៩០ ត្រូវ​ចោទ​ប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ប្រើ​​ប្រាស់​​​​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​​​​ភាព​វឹកវរ​​​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១២ និង​១៣​ ខែ​សីហា ឆ្នាំ​២០១៥”។

ដីកា​នេះ​បញ្ជាក់​ថា ​លោក​ សម្បត្តិ សត្យា ​ត្រូវ​គេ​ជឿ​ថា​កំពុង​រត់​គេច​ខ្លួន​ ហើយ​ “បញ្ជា​​ដល់​កម្លាំង​សាធារណៈ​​ឲ្យ​ស្រាវជ្រាវ​រក​ចាប់​​ និង​នាំ​ខ្លួន​ឈ្មោះ​ខាង​លើ​នេះ​មក​ប្រគល់​ជូន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​​ចាត់​ការ​តាម​ច្បាប់​”។

លោក មាស ច័ន្ទពិសិដ្ឋ ​ព្រះរាជ​អាជ្ញា​​រង​អម​សាលា​ដំបូង​​​​រាជធានី ​​មាន​ប្រសាសន៍​ថា លោក​បាន​ឃើញ​​ដីកា​​ចាប់​ខ្លួន​លោក សម្បត្តិ សត្យា ​ហើយ ព្រមទាំង​ដីកា​ដោយ​ឡែក​មួយ​ទៀត​សម្រាប់​ចាប់​ខ្លួន​លោក ​អ៊ុង ជុងលាង ​ប្រធាន​ក្រុម​ការងារ​​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក សម រង្ស៊ី ផង​ដែរ​។

លោក​បាន​លើក​ឡើង​ថា ”​ខ្ញុំ​បាន​ឃើញ​​ដីកា​​​ចាប់​ខ្លួន​នេះ​ហើយ ហើយ​ខ្ញុំ​​មិន​ចាត់​ការ​សំណុំ​​​រឿង​នេះ​ទៀត​ទេ។ មាន​មនុស្ស​ពីរ​នាក់​​”។

លោក ប៉ែន ពុទ្ធសភា​ ជា​ “អ្នក​រាយការណ៍​​ពិសេស​” ម្នាក់​​ដែល​ធ្វើការ​​សម្រាប់​កម្មវិធី​ព័ត៌មាន​ពេល​រាត្រី​​​លើ​ទំព័រ​​ហ្វេស​ប៊ុក​របស់​លោក សម រង្ស៊ី ​និយាយ​ថា លោក​​ សម្បត្តិ សត្យា លោក​ អ៊ុង ជុងលាង ​និង​ជំនួយ​ការ​ម្នាក់​ទៀត​​ដែល​ពាក់​ព័ន្ធ​ការ​ផលិត​​វីដេអូ​​នេះ ​បាន​​រត់​ភៀស​ខ្លួន​ទៅ​​ប្រទេស​ហ្វីលីពីន​​ ​បាត់​ហើយ​តាម​ការ​ណែនាំ​​ថា ពួកគេ​អាច​ប្រឈម​​​​​ការ​ចាប់​ខ្លួន​។ ​

លោក​បាន​​បន្ត​ថា ”​ពួកគេ​​កំពុង​ស្ថិត​នៅ​ក្នុង​​ប្រទេស​ហ្វីលីពីន​​​។ យើង​​​សុំ​ឲ្យ​យុវជន​ទាំង​អស់​នោះ​កុំ​ភ័យ​ស្លន់​ស្លោ​ ឬ​​ព្រួយ​បារម្ភ​អី ពីព្រោះ​​ចំណាត់​ការ​នេះ​គឺ​ដើម្បី​​បំបាក់​ស្មារតី​​របស់​​​​​យុវជន​​ ហើយ​បើ​យើង​​​ខ្លាច​​ការ​គំរាម​កំហែង​​របស់​ពួកគេ​​​ ប្រទេសជាតិ​នឹង​ចប់​​ ហើយ​​​​ប្រជាធិបតេយ្យ​នឹង​មិន​កើតឡើង​ទេ​”។

លោក​បាន​​​​និយាយ​​ទៀត​​ថា សមាជិក​ទី៣​នៃ​ក្រុម​នេះ​​គឺ​លោក សម្បត្តិ ដេវីដ ដែល​ជា​ជំនួយ​ការ​របស់​លោក ហុង សុខហួរ ​ប៉ុន្តែ​​លោក​មិន​ទាន់​ឃើញ​ដីកា​​ចាប់​ខ្លួន​​ជំនួយ​ការ​រូប​​នេះ​នៅ​​ឡើយ​ទេ​។

​ចំណែក​ឯលោក ឆៃ ស៊ីណារិទ្ធ ​អគ្គស្នង​​ការ​​​​រង​នគរ​បាល​ជាតិ​ទទួល​បន្ទុក​​សន្តិសុខ​ផ្ទៃ​​ក្នុង​បាន​មាន​ប្រសាសន៍​ថា លោក​​មិន​​ទាន់​ទទួល​បាន​ដីកា​ចាប់​ខ្លួន​ណាមួយ​ទេ។ ”​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើប​សួរ។ វា​​ទំនង​ជា​ធ្លាក់​ដល់​ដៃ​ក្រសួង​ ឬ​នគរ​បាល​ហើយ​ ប៉ុន្តែ​យើង​មិន​ទាន់​ទទួល​បាន​ទេ​”។

ឧត្តម​សេនីយ៍​ឯក​រូប​នេះ​​មាន​​ប្រសាសន៍​​​​ទៀត​ថា នគរ​បាល​​អាច​នឹង​ស្នើ​សុំ​ឲ្យ​នគរ​បាល​អន្តរ​ជាតិ​អាំង​ទែប៉ូល​​ជួយ​ស្វែង​រក​បុរស​​​​ដែល​​​​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​ទាំង​នេះ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ប្រសិន​បើ​​អាច​​កសាង​សំណុំ​​​រឿង​​​​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​។

លោក​បាន​គូស​បញ្ជាក់​ថា ”​យើង​ចាំបាច់​ត្រូវ​​​​ពិនិត្យ​មើល​វិធាន​​ និង​គោលការណ៍​​របស់​​អាំង​ទែប៉ូល​។ ​​ប្រសិន​​បើ​សំណុំ​រឿង​នេះ​​​ស្រប​​​​​តាម​គោលការណ៍​របស់​អាំង​ទែ​ប៉ូល យើង​​នឹង​ធ្វើ​ការ​ស្នើ​សុំ​ ពីព្រោះ​អាំង​ទែ​ប៉ូល​ត្រូវ​ការ​ភ័ស្តុ​តាង និង​អ្វី​ជាច្រើន​ផ្សេង​ទៀត​”។

សូម​រំឭក​​​​ថា កាលពី​ខែ​មុន ​​លោក សម រង្ស៊ី ថ្លែង​​​​ថា លទ្ធភាព​នៃ​ការ​ចោទ​ប្រកាន់​លោក​​ទាក់​ទិន​វីដេអូ​ខាង​លើ​​នេះ​ដែល​អាច​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​១៧​ឆ្នាំ គឺ​មិន​សម​រម្យ​ឡើយ ពីព្រោះ​លោក​មិន​ជាប់​ពាក់​ព័ន្ធ​​នឹង​​ការ​ផលិត​វីដេអូ​​​នោះ​។

លោក​ សម រង្ស៊ី បាន​សរសេរ​​​ក្នុង​សារ​អេឡិច​ត្រូនិក​មួយ​កាលពី​ថ្ងៃទី​​២១ ខែ​វិច្ឆិកា​ថា ​​”លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​ បាន​បង្ហោះ​​ការ​ធ្វើ​បទ​បង្ហាញ​/ឯកសារ​​របស់​លោក​​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្ញុំ​កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥។ វា​ត្រូវ​បាន​លុប​​​​ចេញ​វិញ​​មិន​ដល់​២៤​ម៉ោង​​ក្រោយ​ផង​កាល​ពី​ថ្ងៃទី​១៣ ខែ​សីហា។ ចាប់​ពី​សប្ដាហ៍​ទី៤ នៃ​ខែ​កក្កដា ដល់​ថ្ងៃទី​១៥ ខែ​សីហា ខ្ញុំ​ស្ថិត​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប ឬ​កំពុង​ជិះយន្ត​ហោះ ហើយ​​ទើប​តែ​ត្រឡប់​មក​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ប៉ុណ្ណោះ។ ទំព័រ​ហ្វេស​ប៊ុក​​​របស់​ខ្ញុំ​មាន​អ្នក​គ្រប់​គ្រង​ពីរ​នាក់ និពន្ធ​នាយក​ពីរ​នាក់ និង​​អ្នក​សម្របសម្រួល​ពីរ​នាក់​”។

ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​​ដែល​​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​ដំណើរ​​ទៅ​ដល់​ទីក្រុង​ព្រុចសែល​នៅ​ថ្ងៃ​ច័ន្ទ​ មិន​អាច​ទាក់​ទង​តាម​ទូរស័ព្ទ​បានទេ​កាលពី​ម្សិលមិញ​ ហើយ​លោក​​​​​មិន​បាន​ឆ្លើយ​តប​សារ​អេឡិច​ត្រូនិក​​ដែល​ស្នើ​សុំ​ឲ្យ​​លោក​ឆ្លើ​បំភ្លឺ​​​ជុំវិញ​ដីកា​ចាប់​ខ្លួន​​ចុង​ក្រោយ​​​នេះ​ឡើយ​៕ សុខុម (រាយការណ៍​បន្ថែម​ដោយ Alex Willemyns)​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស