27.5 C
Phnom Penh

បុរស​​​កសិករ​​​​​​​​​រត់​​​គេច​​​ខ្លួន​​​បន្ទាប់​​​ពី​​​កាប់​​​សម្លាប់​​​​​​គ្រួសារ​​​ឯង​​​យ៉ាង​​​រង្គាល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យដឹង​​​ថា នគរ បាល​នៅក្នុង​ខេត្ត​​​ចំនួនពីរ​​​​​កំពុង​​​តាមចាប់ខ្លួន​កសិករម្នាក់​​​រស់​នៅ​​​ទី​​​ជន​​​បទ​​​ក្នុង​ខេត្ត​​​កំពង់​​​ចាម​​​ ដែល​​​​​​ផ្ទុះកំហឹង​បន្ទាប់​ពី​ស្រវឹង​​​ជោក​​​កាល​​​ ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ​ហើយ​​​បាន​​​យក​កាំបិត​កាប់​​​​សម្លាប់​​​ ​​​ប្រពន្ធ​​​កូន​​​ពី​រ​​​នាក់​​​ និង​​​ម្តាយ​​​ក្មេក​​​របស់​​​ខ្លួន​​​​​​ក្នុង​ហេតុការណ៍​ដ៏ឃោរឃៅមួយ​​ ដែល​​​​​​​ឪពុកក្មេក​​​របស់​​​ជន​​​នេះ​​​បាន​តតាំង​​​ដើម្បី​​​​រួចជីវិត​។

នគរ​​​បាលនៅក្នុង​ខេត្ត​តាកែវ​​​​ក៏​​​កំពុង​​​​​​តាម​​​ស្វែង​​​រក​​​ជន​​​សង្ស័យ​​​ឈ្មោះ​​​ អេង ធី អាយុ​​​៤៦​​​​ឆ្នាំ ដែល​​​ធ្លាប់​មាន​​​ប្រវត្តិ​​​គំរាម​​​​​​ និង​​​ធ្វើបាប ​ប្រពន្ធ និង​​​ឪពុក​​​ម្តាយក្មេក​​​​របស់​​​ខ្លួន​​​ផ​​​ង​​​ដែរ​​​។

យោង​​​តាម​​​លោក ចាន់ ហោ នាយ​​​រង​​ការិ​​​យាល័យ​​​នគរបាល​យុត្តិធម៌​​​ខេត្ត​កំពង់​​​ចាម​​​បាន​លើកឡើង​​​​​ថា “​​​​​​យើង​​​បាន​​​ស្នើ​​​នគ​​​របាល​​​ខេត្ត​​​តាកែវ ឲ្យ​​​ជួយ​​​​សហការ​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​តាម​​​ស្វែង​​​រក​​​​​​ជន​​​សង្ស័យ​​​ ហើយ​​​យើង​​​បាន​​​ទាក់​​​ទង​​​នគរបាល​នៅ​​​ទូទាំង​​​​ប្រទេស​​​​ដើម្បី​​​​​​​ជូន​​​ដំណឹង​​​ថា ជន​​​នេះ​​​គឺ​​​ជា​​​មនុស្ស​​​ដែល​​​សមត្ថកិច្ច​កំពុង​តាម​​​ចាប់​​​ខ្លួន”។

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​ថា ​​​អេង​​​ ធី បាន​​​ផឹក​​​ស្រា​​​ស​​​អស់​​​ប្រហែល​​​កន្លះ​​​លីត្រ​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ច័ន្ទ​​​ ហើយក្រោយមក​ក៏​ឈ្លោះ​​​ប្រកែកគ្នា​យ៉ាងខ្លាំង​​​​ជាមួយ​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ដោយ​​​ធ្វើ​​​ឲ្យ​​​គាត់​យក​​​កូន​​​ពីរ​​​នាក់​​​ដែល​​​ម្នាក់​​​អាយុ​​​៤​​​ឆ្នាំ និង​​​ម្នាក់​​​ទៀត​អាយុ​​​៥​​​ឆ្នាំ ទៅ​​​ដេក​​​នៅ​​​​​​ផ្ទះ​​​របស់​​​ឪពុក​ម្ដាយគាត​់​​​​​ដែល​​​នៅ​​​ជាប់​​​របង​​​គ្នា។

លោក ហ៊ាង ម៉េង នាយ​​​ប៉ុស្តិ៍​​​​​នគរបាល​ឃុំ​​​ស្ពឺ ដែល​ស្ថិត​នៅក្នុង​ស្រុក​​​ចម្ការ​​​លើ បាន​​​លើក​​​ ឡើង​​​ថា ក្រោយ​ម៉ោង​​​១១និង​៣០នាទី​​​​យប់​បន្តិច​ ឪពុក​ម្តាយ​ក្មេក​របស់​ជន​នេះ​ ឈ្មោះ​ ម៉ៅ​​​ យាង អាយុ​​​៦៥​​​ឆ្នាំ និង​​​ ស្វាយ សាខន ​​​អាយុ​​​​​​ ៦៩​​​ឆ្នាំ​​​ បាន​​​ដឹង​​​ថា ផ្ទះ​​​របស់​​​ អេង ធី កំពុង​​​ឆាប​ឆេះ​​​ ហើយ​​​បាន​​​​​​ទៅ​​​មើល​​​ ប៉ុន្តែ ពួក​​​គាត់​​​​​​បាន​​​ជួប​​​កូន​​​ប្រសា​​​ដែល​​​កំពុង​​​តែ​​​កាន់​​​កាំបិត​​​ ពេល​ទៅ​​​ដល់​​​កាំ​​​ជណ្ដើរ​​​ផ្ទះ​​​របស់​​​ជន​​​េនះ​។​បន្ទាប់​​​ពី​​​កាប់​​​ក្បាល​​​ឪពុក​​​ម្តាយ​​​ក្មេក​​​រួច​​​ អេង  ធី បាន​​​ចូល​​​ក្នុង​​​ផ្ទះ​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​បាន​​​ឃើញ​​​ប្រពន្ធ​​​​​ឈ្មោះ ចន្ទី សុភានី អាយុ​​​៤៥​​​ឆ្នាំ និង​​​កូន​​​​​​ៗ​​​របស់​​​ខ្លួន​​​ រួច​ក៏យក​​​កាំបិត​​​កាប់​​​សម្លាប់​​​ពួក​​​គេ​​​តែ​​​ម្តង។

លោក​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​រង​​​គ្រោះ​​​​​​ទាំង​​​អស់​​​សុទ្ធ​​​តែ​​​ត្រូវ​​​កាប់​​​ចំ​​​ក និង​​​​​​គុម្ព​​​ត្រចៀក​​ ហើយ​​​សាក​​​សព​​​​​របស់​ពួក​គាត់​ប្រឡាក់​ សុទ្ធ​តែ​​​ឈាម​​​។ ជន​​​រង​​​គ្រោះ​​​ទាំង​​​បួន​​​នាក់​​​បាន​​​ ស្លាប់​​​ភ្លាម​​​ៗ​​​ ហើយ​​​ឪពុក​​​ក្មេក​​​​របស់​​​ជន​​​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​រាជធានី​ភ្នំពេញ​ដើម្បី​​​​​ព្យា​បាល​របួស​ដែល​មាន​សភាព​យ៉ាង​​​ធ្ងន់​​​ធ្ងរ​​​”។​

នៅ​​​ផ្នែក​សង្គ្រោះ​​​បន្ទាន់​​​​ក្នុង​មន្ទីរ​​​ពេទ្យ​​​មិត្ត​​​ភាព​​​ខ្មែរ-សូវៀត​​​កាល​​​ពី​​​ម្សិល​​​មិញ ​​​វេជ្ជ​​​បណ្ឌិត​​​ ​​​លឹម សារ៉ែន បាន​​​លើក​​​ឡើង​​​ថា គ្រូពេទ្យ​​​កំពុង ​​​ខិត​​​ខំ​​​​​​អស់​​​ពី​​​សមត្ថភាព ដើម្បី​​​ជួយ​​​សង្គ្រោះ ​លោក ស្វាយ​ សាខន​។

វេជ្ជបណ្ឌិត លឹម សារ៉ែន បាន​​​​​​លើក​​​ឡើង​​​ទៀត​ថា ជីតា​​​រូប​​​េនះ​​​បាន​​​ធ្វើការ​​​វះ​​​កាត់​​​ដើម្បី​​​ ព្យាបាល​​​របួស​​​​​​ដែល​​​ត្រូវ​​​កាំបិត​​​ខាង​​​ក្រោយ​​​លលាដ៍​​​ក្បាល​​​ ហើយ​​​គេ​​​មិន​​​ច្បាស់​​​ទេ​​​ថា តើ​គាត់​​​នឹង​​​រស់​​​រាន​​​មាន​​​ជីវិត​​​​ឬអត់នោះ​។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “របួស​​​ធ្ងន់​​​ធ្ងរ​​​ណាស់​​​។ យើង​​​កំពុង​​​តែ​​​ខិត​​​ខំ​​​អស់ពីសមត្ថ​​​ភាព​​​​​ដើម្បី​​​ជួយ​​​សង្គ្រោះ​​​គាត់ តែ​​​យើង​​​មិន​​​ច្បាស់​​​​ទេ​ថា តើ​​​​គាត់​​​មាន​​​ឱកាស​​​រស់​​​ ឬ អត់ ​ព្រោះ​​​គាត់​​​បាត់​​​បង់​​​ឈាម​​​ច្រើន​​​ណាស់​​​”។

លោក ហ៊ាង ម៉េង ដែល​​​បាន​​​ទៅ​​​ពិនិត្យ​នៅ​កន្លែង​​​កើត​​​ហេតុ​​​​​​បាន​​​លើក​​​ឡើងបន្ត​​​​ថា ​​​អេង ធី​​​ ធ្លាប់​​​មាន​​​ប្រវត្តិ​​​ឈ្លោះ​​​ប្រកែក​​​ជា​​​មួយ​​​ប្រពន្ធ ជា​​​ពិសេស​​​​​ពាក់​​​ពន្ធ​​​នឹង​​​ឪពុកម្តាយ​​​​ក្មេក​ ហើយថា​​​ការ​​​ផ្ទុះកំហឹង​ដែល​​​នាំ​​​ឲ្យ​​​ប្រពន្ធ​​​ និង​​​កូន​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​​​​ គឺ​​​ដោយសារ​​​តែ​​​ជន​​​សង្ស័យ​​​បាន​​​ដុត​​​ខោ​​​អាវ​​​របស់​​​ប្រពន្ធ​​​ខ្លួន​​​ចោល។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​​​​ថា “ជន​​​សង្ស័យ ​​​តែង​​​តែ​​​វាយ​​​តប់​​​ជាមួយ​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ពេល​​​ស្រវឹង​​​ស្រា​​​។ ជន​​​នេះ​​​ធ្លាប់​​​ត្រូវ​​​បាន​​​នាំ​​​ទៅ​​​កាន់​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​ឃុំ​​​ ដើម្បី​​​អប់​​​រំ​​​ប្រហែល​​​មួយ​​​ឆ្នាំ​​​មុន ពេល​​​ជន​​​នេះ​​​ជេរ​​​ប្រមាថ​​​ ឪពុក​​​ក្មេក​​​​ ​​​ហើយ​​​គំរាម​​​សម្លាប់​​​គាត់​​​ចោល​​​”។

អំឡុង​​​ពេល​​​នោះ អេង ធី បាន​​ប្រាប់​​​​​​នគរ​​​បាល​​​ថា ប្រពន្ធ​​​របស់​​​ខ្លួន​​​តែង​​​តែ​​​យក​​​ត្រី​​​ដែល​​​ខ្លួន​​​រក​​​បាន​​​ទៅ​​​ឲ្យ​​​ឪពុក​​​ម្តាយ​​​របស់​​​គាត់​​​ហើយ​​​ថា ឪពុក​​​ម្តាយ​​​ក្មេក​​​របស់​​​ខ្លួន​​​ស្រឡាញ់​​​ចៅ​​​ៗ​ផ្សេង​​​ជាង​​​កូន​​​ៗ​​​របស់​​​ខ្លួន។

សមាជិក​​​ម្នាក់ទៀត​​​របស់​​​ក្រុម​​​គ្រួសារ​​​​លោក​​​ ស្វាយ សាខន ក៏​​​បាន​​​និយាយ​​​រៀប​​​រាប់​​​អំពី​​​​​​​​​​​​បុរសដ៏​​​​ឃោរឃៅរូបនេះ​​​ ដែល​​​តែង​​​តែ​​​វាយ​​​តប់​​​គ្នា​​​យ៉ាង​​​ញឹក​​​ញាប់​​​ជាមួយ​​​ប្រពន្ធ​​​ពេល​​​ស្រវឹង​​​ស្រា​​​ផង​​​ដែរ។

អ្នកស្រី ប៊ន ស៊ីណាត​ ដែល​ជា​ក្មួយ​​​ស្រី​​​របស់​​​លោក ស្វាយ​​​ សាខន និង​ដែល​​​រស់​​​នៅ​​​ចម្ងាយ​​​ប្រហែល​​​៥០០ម៉ែត្រ​​​ពី​​​​​​កន្លែង​​​កើត​​​ហេតុ​​​បាន​​​និយាយ​​​ថា “ពេល​​​​វា​ស្រវឹង​​​ស្រា វា​តែ​​​ងតែ​​​ឈ្លោះ​​​ប្រកែក​​​ជាមួយ​​​ប្រពន្ធ​​​ ជួន​​​កាល​​​​​​​​​ប្រពន្ធ​​​របស់​​​វា​​​​បាន​​​រត់​​​ចេញ​​​ពី​​​ផ្ទះ ហើយ​​​មក​​​ដេក​​​​នៅ​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​ក៏​​​មានដែរ​​​​”។​ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ទៀត​​​ថា អ្នក​​​ជិត​​​ខាង​​​បាន​​​ឮហេតុ ការណ៍​ដែល​កើតឡើង​​​​នៅ​​​យប់​​​​កើតមាន​អំពើឃាតកម្មនេះ​​​​ ប៉ុន្តែ មិន​​​ហ៊ាន​​​ទៅ​​​ជួយ​​​ឃាត់ទេ​៕​ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស