32.9 C
Phnom Penh

លោក សម រង្ស៊ី រង​បណ្ដឹង​តុលា​ការ​​​​ជាប់​ៗ​គ្នា​រហូត​ដល់​ទៅ​​បី​​គ្រាន់​តែ​ក្នុង​រយៈ​ពេល​៣សប្ដាហ៍​​​សោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ហេង សំរិន ប្រធាន​រដ្ឋសភា​​​ គឺ​ជា​មន្ត្រី​រដ្ឋាភិបាល​ចុង​ក្រោយ​​​គេ​ដែល​បាន​ចោទ​​​ប្រកាន់​​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​​ប្រឆាំង​​ពីបទ​បរិហារកេរ្តិ៍ ដោយ​មេធាវី​​​តំណាង​​​​អតីត​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​​រូប​នេះ​​បាន​ដាក់​​ពាក្យ​​​ប្ដឹង​លោក សម រង្ស៊ី ពាក់​ព័ន្ធ​ការ​អះអាង​ថា ​របប​កុម្មុយនីស្ត​​​នាទសវត្សរ៍​ឆ្នាំ​១៩៨០ បានកាត់​ទោស​​​​ប្រហារ​ជីវិត​ព្រះមហា​ក្សត្រ នរោត្តម សីហនុ។

លោក​ សម រង្ស៊ី បាន​​​អះអាង​​បែប​នេះ​នៅ​​ក្នុង​​សារ​មួយ​​ដែល​លោក​​បាន​បង្ហោះ​​កាល​​ពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ​​ពោល​គឺ​មួយ​បន្ទាប់ពី​លោក​មិន​បាន​វិល​ត្រឡប់​​មក​កាន់​ប្រទេស​​កម្ពុជា ​វិញ​​តាម​ការ​គ្រោង​ទុក និង​បួន​ថ្ងៃ​បន្ទាប់ពី​​​មេធាវី​​តំណាង​លោក ហោ ណំាហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ បាន​ស្នើ​សុំ​​​ឲ្យ​​​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​​ស្រប​តាម​ការ​ផ្ដន្ទាទោស​​​​មួយ​ដែល​មិន​ទាន់​បាន​អនុវត្ត​​​​​​​​​​​​តាំង​ពី​ឆ្នាំ​២០១១ ពីបទ​បរិហារ​​កេរ្តិ៍​លោក ហោ ណាំហុង។

​ចាប់​តាំង​ពី​ពេល​នោះ​មក លោក សម រង្ស៊ី ​ដែល​បច្ចុប្បន្ន​កំពុង​និរទេស​ខ្លួន​នៅ​អឺរ៉ុប ដើម្បី​​​​​​​គេចវេះ​ការ​ចាប់​ខ្លួន​ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​​​​ខ្លួន​ទៅ​សាលា​ដំបូង​​​​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​​ ដើម្បី​ធ្វើ​ការ​សាក​សួរ​ទាក់​ទិន​ការ​​ពាក់​ព័ន្ធ​របស់​លោក​​ក្នុង​​សកម្មភាព​​ក្លែង​​សន្ធិសញ្ញា​ការ​ទូត​​មួយ​ជាមួយ​វៀតណាម។

ក្រោយ​ពីមាន​ពាក្យ​បណ្ដឹង​​​ចុង​​ក្រោយ​ពី​​លោក ហេង សំរិន លោក វង្ស ប៊ុនវិសុទ្ធ ​ព្រះ​រាជអាជ្ញា​រង​​អម​​សាលា​ដំបូង​​​រាជធានី​​​ភ្នំពេញ​ បាន​ចេញ​ដីកា​​​កាលពី​ម្សិលមិញ កោះ​ហៅ​លោក សម រង្ស៊ី​ ​ឲ្យ​ចូល​ខ្លួន​​ទៅ​​​តុលាការ​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃទី​៤ ខែ​មករា ដើម្បី​ធ្វើ​ការ​សាក​សួរ​​ពាក់​ព័ន្ធ​​សារ​ដែល​លោក​​​​​បាន​បង្ហោះ​តាម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ​ហើយ​នៅ​ក្នុង​សារ​​ដែល​​បង្ហោះ​​នោះ​​​​​មាន​វីដេអូ​​ឃ្លីប​មួយ​ដែល​​និយាយ​អំពីលោក​ ហេង សំរិន។​

លោក គី តិច មេធាវី​តំណាង​លោក ហេង សំរិន បាន​បក​ស្រាយ​កាលពី​ម្សិលមិញ​ថា “​ខ្ញុំ​សូម​បញ្ជាក់​ថា មូល​ហេតុ​ដែល​យើង​សម្រេច​​​​ដាក់ពាក្យ​បណ្ដឹង​​​គឺ​ថា ពាក្យ​ពេចន៍​ក្នុង​​​សារ​ដែល​បង្ហោះ​នោះ​ផ្ទុយ​ស្រឡះ​ពី​ការ​ពិត​ ​ដែល​​​​មាន​បំណង​បរិហារកេរ្តិ៍​ និង​​បង្ខូច​កេរ្តិ៍​ឈ្មោះ​​សម្ដេច​ ហេង សំរិន”។

​ក្នុង​សារ​​នោះ ​​លោក សម រង្ស៊ី បាន​​​បញ្ចូល​​​​វីដេអូ​​​​មួយ​ស្ដីពី​ព្រះអង្គម្ចាស់​ នរោត្តម សីហនុ បិតា​ឯករាជ្យ​កម្ពុជា​ និង​ជា​មេដឹកនាំ​​ចលនា​ប្រឆាំង​​របប​​របស់​លោក ហេង សំរិន ​ប្រឆាំង​តវ៉ា​​នៅ​​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០ ចំពោះ​រំហូរ​​​​​យ៉ាង​គំហុក​នៃ​ជនជាតិ​វៀតណាម ​ចូល​​ក្នុង​​ប្រទេស​កម្ពុជា​។

លោក សម រង្ស៊ី បាន​សរសេរ​​ក្នុង​ចំណង​​ជើង​រូប​​​ថា “​យើង​​ចាំបាន​ថា របប​​ដែល​ចាប់​កំណើត​​នៅ​ថ្ងៃ៧មករា ​ឆ្នាំ​១៩៧៩ ​​បាន​ប្រើ​ប្រាស់​តុលាការ​​របស់​ខ្លួន​​​​ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​​​​​​ព្រះករុណា​​​ព្រះបាទ​​ នរោត្តម សីហនុ ដោយ​ការ​ចោទ​ប្រកាន់​ព្រះអង្គ​ថា​ជា​​ជន​ក្បត់​ជាតិ”។

វីដេអូ​នោះ​បង្ហាញ​​​​ពីព្រះអង្គម្ចាស់​​ នរោត្តម សីហនុ ​​ប្រឆាំង​តវ៉ា​នឹង​របប​កុម្មុយនីស្ត​ថ្មី​របស់​​​លោក ហេង សំរិន ​ដែល​ត្រូវ​បាន​​ពួក​កុម្មុយ​នីស្ត​​វៀតណាម  ឈ្លានពាន​លើក​បន្តុប​ បន្ទាប់ពី​ពួកគេ​បាន​​ផ្ដួល​រំលំ​ ប៉ុល ពត។

ព្រះអង្គ​ម្ចាស់​​ នរោត្តម សីហនុ បាន​មាន​បន្ទូល​ក្នុង​វីដេអូ​នោះ​ថា “​យួន​បាន​បញ្ជូន​យួន​ឲ្យ​ចូល​ក្នុង​កង​ទ័ព​របស់​ ហេង សំរិន ហើយ​ខាង​យួន​ប្រាប់ទៅ​ពិភព​លោក​ថា ​ខ្លួន​អាច​​ចាក​ចេញ​ពី​កម្ពុជា ​​នៅ​៦​ឆ្នាំ​ក្រោយ ឬ​១០​ឆ្នាំ​ក្រោយ​យ៉ាង​យូរ​បំផុត​។ ហេតុ​អី​យួន​និយាយ​​​បែប​នេះ​? ពួកគេ​និយាយ​​បែប​នេះ​ពីព្រោះ​​ពួកគេ​នឹង​ប្រើ​ប្រាស់​រយៈ​ពេល​៧​ ៨ ៩ ឬ​១០​​​ឆ្នាំ​ក្រោយ​​​ដើម្បី​បន្ថែម​យួន​​កាន់​តែ​ច្រើន​​ទៅ​ក្នុង​មុខ​តំណែង​​ [ក្នុង​ជួរ​រដ្ឋាភិបាល​] ​ក្នុង​នាម​ជា​ខ្មែរ”។

មេធាវី គី តិច ​មាន​ប្រសាសន៍​ថា ទោះ​​​បី​ជា​លោក សម រង្ស៊ី មិន​បាន​​បញ្ចេញ​ឈ្មោះ​លោក ហេង សំរិន ​ចំៗ​ក៏​ដោយ ក៏​លោក​​បាន​បរិហារកេរ្តិ៍​លោក ហេង សំរិន ដែរ​តាម​រយៈ​ការ​អះអាង​របស់​លោក​ថា ​របប​ក្រោយ​ខ្មែរ​ក្រហម​បាន​​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ​ម្ចាស់​ នរោត្តម  សីហនុ ព្រោះ​លោក ហេង សំរិន គឺ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​​ក្នុង​​របប​នោះ​។

លោក​ថ្លែង​ថា “​សម្ដេច​ ហេង សំរិន គឺ​ជា​មេដឹកនាំ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​​កម្ពុជា ​ក្នុង​​​របប​ក្រោយ​ថ្ងៃ​៧មករា។ ពាក្យ​សម្ដី​បែប​នេះ​គឺ​ជា​ការ​បំផ្លើស​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ និង​ពិភព​លោក​វាយ​តម្លៃ​​លោក​ដោយ​មិន​ត្រឹម​ត្រូវ ហើយ​​ធ្វើ​ឲ្យ​ប៉ះពាល់​​ខ្លាំង​ដល់​​កិត្តិយស​របស់​លោក​​ក្នុង​ឋានៈ​ជា​​មេដឹកនាំ​នៃ​របប​នោះ”។

របប​របស់​​លោក ហេង សំរិន ​​មិន​​ដែល​​បាន​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ​ម្ចាស់ នរោត្តម សីហនុ ទេ។ ការ​​​កាត់​ទោស​បង្ហាញ​​ដែល​​បង្កើត​ឡើង​​​ដោយ​​​របប​​នេះ កាត់​ទោស​​​​​ប្រហារ​ជីវិត​តែ​​ ប៉ុល ពត និង​​ អៀង សារី រដ្ឋមន្ត្រី​​​ក្រសួង​ការ​បរទេស​ប៉ុណ្ណោះ​។ បន្ទាប់ពី​រាជា​ធិបតេយ្យ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហនុ បាន​លើក​លែង​ទោស​ អៀង សារី ឲ្យ​រួច​ផុត​ពី​ការ​ផ្ដន្ទាទោស​កាលពី​ខែ​កញ្ញា ឆ្នាំ​១​៩៩៦។

នៅ​ខែ​កក្កដា ឆ្នាំ​១៩៧០ របប​ លន់ នល់ ​​​ពិត​ជា​​បាន​កាត់​ទោស​​​ប្រហារ​ជីវិត​ព្រះ​អង្គ​ម្ចាស់​​ ​នរោត្តម សីហនុ ​ដោយ​កំបាំង​មុខ​ពីបទ​​ឧក្រិដ្ឋ​រួម​ទាំង​​ទោស​ក្បត់​ជាតិ​ផង​។

ពាក្យ​បណ្ដឹង​​របស់​លោក ហេង សំរិន ​ដែល​​កញ្ញា កឹម មនោវិទ្យា អនុប្រធាន​កិច្ចការ​សាធារណៈ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​បង្ហោះ​​តាម​អុីន​ធើណិត​ ​ត្រូវ​បាន​ដាក់​ប្ដឹង​កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ហើយ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​​​៣០០​លាន​រៀល​ (ប្រហែល​៧៥.០០០​ដុល្លារ​) និង​​ការ​​​ផ្ដន្ទាទោស​លោក សម រង្ស៊ី។

លោក សម រង្ស៊ី ​ប្រឈម​​ការ​ជាប់​ពន្ធនា​គារ​រយៈពេល​២​ឆ្នាំ​រួច​ទៅ​ហើយ​សម្រាប់​ការ​​ផ្ដន្ទាទោស​​​ក្នុង​​​ឆ្នាំ​២០១១​ពី​បទ​បរិហារ​កេរ្តិ៍​លោក ហោ ណាំហុង ហើយ​អាច​នឹង​​មាន​​​ទោស​ជាប់​ពន្ធនាគារ​​​១៧​ឆ្នាំ​ទៀត​​ពី​បទ​ពាក់​ព័ន្ធ​របស់​លោក​​​ក្នុង​វីដេអូ​មួយ​​បង្ហោះ​តាម​ហ្វេស​ប៊ុក​ ដែល​ក្នុង​នោះ​​​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​មួយ​រូប​​បាន​ធ្វើ​បទ​បង្ហាញ​សន្ធិសញ្ញា​ក្លែង​មួយ​​ដែល​បញ្ជាក់​ថា របប​​របស់​​លោក ហេង សំរិន បាន​ព្រម​ព្រៀង​រម្លាយ​​ព្រំដែន​ខាង​កើត​ជាមួយ​វៀតណាម​។

លោក ហុង សុខហួរ សមាជិក​​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង ​​កំពុង​ជាប់ពន្ធនាគារ​​​រួច​​ទៅ​ហើយ​ពាក់​ព័ន្ធ​​​វីដេអូ​ឃ្លីប​ខាង​លើ ​ចំណែកឯ​ជំនួយ​ការ​​ពីរ​រូប​​របស់​លោក​ សម រង្ស៊ី ​ត្រូវ​បាន​តុលាការ​​ចេញ​​ដី​កា​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ពីបទ​​ផលិត​វីដេអូ​នោះ​។ តាម​សេចក្ដី​រាយ​ការណ៍​​ថា ជំនួយ​ការ​ទាំង​ពីរ​​រូប​​នោះ​បាន​​​​ភៀស​ខ្លួន​ទៅ​ប្រទេស​ហ្វីលីពីន ​ហើយ​​ដើម្បី​គេច​ពី​ការ​​​ចាប់​ខ្លួន​។

សូម​បញ្ជាក់​ថា លោក ហេង សំរិន ​លោក ហោ ណាំហុង និង​ព្រះអង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ អតីត​នាយក​រដ្ឋមន្ត្រី​ទី​១​​ និង​ជា​​អតីត​ប្រធាន​រដ្ឋ​សភា សុទ្ធតែ​បាន​​​​ប្ដឹង​លោក​ សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍។ ​ពាក្យ​បណ្ដឹង​មួយ​​​កាល​ពី​ឆ្នាំ​២០០៥​​របស់​​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ បាន​នាំ​ឲ្យ​លោក សម រង្ស៊ី ​និរទេស​ខ្លួន​ជា​​លើក​ដំបូង​​ពី​ឆ្នាំ​២០០៥​​ដល់​ឆ្នាំ​​២០០៦។

ការ​លើក​លែង​ទោស​មួយ​​សម្រាប់​លោក សម រង្ស៊ី បាន​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​ វិញ​ដោយ​មាន​សេរីភាព​ ហើយ​​​​បាន​​ប្រកាស​ពី​​ការ​ព្យាយាម​លើក​ដំបូង​ដើម្បីបង្កើត ​​”វប្ប​ធម៌​​សន្ទនា​” ជាមួយ​លោក ហ៊ុន សែន ​កាលពី​ខែ​កុម្ភៈ ​​ឆ្នាំ​២០០៦។ ​ទោះ​ជា​យ៉ាង​ណា លោក​

បាន​ភៀស​ខ្លួន​​ចេញ​ពី​ប្រទេស​ម្ដង​ទៀត​​​​នៅ​ឆ្នាំ​២០០៩​ ដើម្បី​​គេច​វេះ​ពី​ការ​ផ្ដន្ទាទោស​បទ​​​ព្រហ្មទណ្ឌ​មួយ​ទៀត ហើយ​​​បន្ត​នៅ​បរទេស​រហូត​​​ដល់​​ខែ​កក្ក​ដា ឆ្នាំ​២០១៣។​​​​​

លោក សម រង្ស៊ី ​បាន​​​លើក​ឡើង​​​​តាម​រយៈ​សារ​អេឡិចត្រូនិក​​មួយ​កាលពី​ម្សិលមិញ​ថា ពាក្យ​បណ្ដឹង​របស់​លោក ហេង សំរិន គ្មាន​មូលដ្ឋាន​។

លោក​សរសេរ​ថា ​”​នៅ​ក្នុង​​សារ​ហ្វេស​ប៊ុក​​​​របស់​ខ្ញុំ​ចុះ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ​ខ្ញុំ​គ្រាន់​តែ​​និយាយ​សំដៅ​ដល់​ ‘របប​ដែល​ចាប់​កំណើត​នៅ​ថ្ងៃ​៧មករា ឆ្នាំ​១៩៧៩​’ ​ប៉ុណ្ណោះ​ដោយ​មិន​និយាយ​ពី​ឈ្មោះ​ណាមួយ​នៅ​​ក្នុង​ខំ​មិន (​ការ​បញ្ចេញ​​យោបល់) របស់​ខ្ញុំ​​​ទេ។​សម្ដេច​ឪ​ នរោត្តម សីហនុ របស់​យើង​បាន​​ មាន​បន្ទូល​អំ​​ពី​ឈ្មោះ​របស់​លោក​ ហេង សំរិន ​នៅ​​​​ក្នុង​សុន្ទរកថា​របស់​ព្រះអង្គ​​​​ក្នុង​វីដេអូ​ដែល​​​​​​ខ្ញុំ​បាន​បង្ហោះ។ ដូច្នេះ លោក ហេង សំរិន គ្មាន​​​​​មូលដ្ឋាន​​ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ខ្ញុំ​ទេ ពីព្រោះ​ខ្ញុំ​គ្រាន់​តែ​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​​​ដែល​​គេ​​ចុះ​ផ្សាយ​​​​សុះ​សាយ​តាម​​អុីនធឺណិត​​/យូធូប​​​​អស់​រយៈ​ពេល​ជាង​៣០​​ឆ្នាំ​មក​ហើយ​​ប៉ុណ្ណោះ​”។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​គណ​បក្ស​​​​​សង្គ្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍​​កាល​ពី​ម្សិល​​​មិញ​ថា ​​លោក​ជឿ​ថា ការ​​​ដាក់​ពាក្យ​បណ្ដឹង​​បរិហារកេរ្តិ៍​ចុងក្រោយ​នេះ​ គឺ​ជា​​ផ្នែក​មួយ​នៃ​យុទ្ធនាការ​នយោបាយ​របស់​រដ្ឋាភិបាល​។

លោក​ថ្លែង​​ថា ”​គណបក្ស​សង្គ្រោះ​ជាតិ​គិត​ថា សំណុំរឿង​ថ្មី​ៗ​​ដែល​​​បាន​កើត​ឡើង​ ​ហាក់​ដូច​​ជា​​រឿង​​នយោបាយ​ ហើយ​មិន​មែន​ជា​បញ្ហា​ប្រព័ន្ធ​តុលាការ​ទេ”។

ទោះ​ជា​យ៉ាង​ណា ​លោក គី តិច ​មេធាវី​តំណាង​​លោក ហេង សំរិន ​មាន​ប្រសាសន៍​ថា សំណុំរឿង​នេះ​​​​គឺ​ជា​បញ្ហា​​​បរិហារ​​កេរ្តិ៍​ប៉ុណ្ណោះ​។

លោក​​​បាន​លើក​ឡើង​​ទៀត​​ថា ​”​ខ្ញុំ​ជា​អ្នក​ជំនាញ​ខាង​ច្បាប់ ដូច្នេះ​យើង​បាន​ពិនិត្យ​មើល​​​គ្រប់​​​​មធ្យោបាយ​ផ្លូវ​ច្បាប់​​ មុន​ពេល​​​សម្រេច​​​​ចិត្ត​ប្ដឹង​ឯកឧត្ដម​ សម រង្ស៊ី។ ពាក្យ​បណ្តឹង​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​​ផ្អែក​លើ​ច្បាប់​”៕ សុខុម (រាយការណ៍​បន្ថែម​ដោយ Alex Willemyns)​​​​​​​​​​​​​​​​​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស