ប័ណ្ណសារ

លោក កឹម សុខា ដាស់​​​តឿន​​​ឲ្យប្រុង​ប្រយ័ត្ន​ចំពោះការ​ប្រើប្រាស់​ហ្វេស​ប៊ុក

By

December 04, 2015

កាលពី​ម្សិលមិញ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ប្រឆាំង​បាន​និយាយ​​ទៅ​កាន់​មេដឹកនាំ​យុវជន​ប្រចាំ​ខេត្ត​របស់​​​គណ​បក្ស​សង្គ្រោះជាតិ​​ឲ្យ​ប្រុង​ប្រយ័ត្ន​ជាមួយ​អ្វី​ដែល​ពួកគេ​​បង្ហោះ​តាម​ហ្វេសប៊ុក​ ដោយ​​សុំ​ឲ្យ​ពួកគេ​​ចេះ​គួរ​សម​នៅពេលមាន​​វិវាទ​នយោ​​បាយ​​ ដើម្បី​ទប់​ស្កាត់​ការ​បង្ក​​បញ្ហា​​​ណាមួយ​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា។

​ជា​ប្រធាន​អង្គប្រជុំ​នៅ​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះជាតិ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​អវត្តមាន​​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​​​​ស្ថិត​ក្នុង​ភាព​និរទេស​ខ្លួន​ដោយ​ខ្លួន​ឯង​​​ទៅ​កាន់​​តំបន់​អឺរ៉ុប​ដើម្បី​ចៀសពីការ​ចាប់​ខ្លួន លោក កឹម សុខា បាន​​​អំពាវ​នាវ​ឲ្យ​​មេដឹកនាំ​យុវជន​​ដែល​មក​ជួប​ជុំគ្នា​​កុំ​ឲ្យ​​ប្រើ​លេស​ណាមួយ​​វាយ​ប្រហារ​​

ទៅ​លើ​គណបក្ស​សង្គ្រោះជាតិ​​។

លោក កឹម សុខា បាន​កត់​សម្គាល់​ថា ការ​វាយ​ដំ​ជា​ច្រើន​លើក​​ទៅ​លើ​គណបក្ស​សង្គ្រោះ​​​​ជាតិ​ក្នុង​រយៈ​ពេល​២​ខែ​កន្លង​មកនេះ​ រួម​មាន​​ការ​វាយ​ដំ​ទៅ​លើ​​តំណាង​រាស្ត្រ​ពីរ​រូប​ ការ​​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​ការ​​បណ្ដេញ​​រូប​លោក​ផ្ទាល់​ដ៏​គួរ​ឲ្យ​អស់​សំណើច​ពី​​អនុប្រធាន​ទី១​រដ្ឋសភា​​បាន​ធ្វើ​​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​​អន្តរជាតិ​​ទៅ​លើ​គណបក្ស​ប្រជា​ជន​កម្ពុជា​។

លោក កឹម សុខា ​​បាន​មាន​ប្រសាសន៍​ថា “​វា​​​​ដូច​ជាវា​​ជួយ​យើង​ឲ្យ​ផ្សព្វ​ផ្សាយអ៊ីចឹង ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​គ្រោះ​ថ្នាក់​ទាំង​នេះ​កើត​ឡើង​​​​ទេ យើង​ស្អប់​អំពើ​ហិង្សា និង​ភាព​អយុត្តិ​ធម៌។ យើង​​​មិន​គួរ​លេង​ល្បែង​​ដែល​គេ​គូរ​ឲ្យ​យើង​​​ដើរ​តាមដើម្បីធ្វើ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​ ជា​ពិសេស​តាម​ទំព័រ​ហ្វេសប៊ុក”។

លោក​បាន​បន្ថែម​ថា “​ខ្ញុំស​ូម​អំពាវ​នាវ​ឲ្យ​អ្នក​គ្រប់​គ្នា​​ប្រុង​ប្រយ័ត្ន​ជាមួយ​ការ​ប្រើ​​ប្រាស់​ហ្វេសប៊ុក ហើយ​កុំ​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​របស់​ពួកគេ និង​កុំប្រើ​ពាក្យអសុរស​”។

លោក​​​ថ្លែង​ថា “​កុំ​បង្រៀន​យុវជន​ឲ្យ​វាយ​ប្រហារ​យុវជន​។ វា​​មិន​ល្អ​មើល​ឡើយ។ ​​ពី​មុន​អ្នក​នយោបាយ​​ចាស់ៗ​​ធ្លាប់​​បង្កគ្រោះ​​ថ្នាក់​​​ដល់គ្នា ប៉ុន្តែ​សូម​កុំ​ចម្លង​ជំងឺ​នេះទៅ​ដល់​យុវ​ជន ​​អី។ វា​ដល់​ពេល​ត្រូវ​បញ្ចប់​បញ្ហានេះ​ហើយ”។

ខណៈ​ដែល​លទ្ធផល​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​​គណបក្ស​ប្រឆាំង​​​នៅការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស់​កាលពី​ឆ្នាំ​២០១៣ គឺ​​​បាន​​​មក​​​​​​ដោយសារ​ការ​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​​នោះ​​​វា​​​[បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​នេះ] ក៏ធ្វើ​​​ឲ្យ​​​គណ បក្ស​​​នេះ​​​មាន​​​បញ្ហា​​​ផង​​​ដែរ​​​នៅ​​​ពេ​​​ល ក្រោយ​​​​។

​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ស្ថិត​ក្នុង​ពន្ធនាគារ​​ជុំវិញ​​ការ​បង្ហោះ​រូបភាពវីដេអូ​តាម​ទំព័រ​ហ្វេសប៊ុក ដែល​​​ក្នុង​នោះ​លោក​បាន​បង្ហាញ​អំពី​សន្ធិសញ្ញា​ការ​ទូត​ក្លែង​ក្លាយ​ ចំណែក​លោក សម រង្ស៊ី កំពុង​ប្រឈម​​បណ្ដឹង​​​បទបរិហារកេរ្តិ៍មួយទៀត​នៅឡើយ​​ជុំវិញ​ការ​អះអាង​មិន​ពិត​ដែល​លោក​បាន​បង្ហោះ​​ក្នុង​ទំព័រ​ហ្វេសប៊ុក​ក្រោយ​​ពី​ការ​​​និរទេស​ខ្លួន​។

តុលាការ​​ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​អ្នក​គ្រប់​គ្រង​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ពីរ​នាក់​ជុំវិញ​​រូប​ភាព​វីដេអូ​ដែល​​​មាន​​​វត្ត​​​មាន​​​​លោក ហុង សុខហួរ ។

លោកស្រី សៅ សុគន្ធា ប្រធាន​ក្រុម​យុវ​ជន​​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​បាត់​​​ដំបង​បាន​មាន​ប្រសាសន៍​ថា លោកស្រី​​ក៏បាន​ឃើញ​​​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​បញ្ចេញ​​​កំហឹង​​​ ពេល​​មាន​ជម្លោះ​​​​នយោបាយ​តាម​ទំព័រ​ហ្វេស​ប៊ុកផងដែរ​។

លោកស្រី​បាន​ថ្លែង​ថា ”​នៅ​ពេល​យើង​មាន​កំហឹង​ជាមួយ​ពួកគេ យើង​ចង់​បង្ហាញ​ពី​កំហឹង​របស់​យើង​​ ហើយ​ថា យើង​ស្អប់​មនុស្ស​​​​នេះ​ យើង​សរសេរ​​អ្វី​ៗ​តាម​អារម្មណ៍​របស់​យើង​។ យើង​ដឹង​ហើយ​ថា ​តុលាការ​កម្ពុជា​មិន​ឯករាជ្យ​​ ហើយ​នៅ​ពេល​ពួកគេ​​ចាប់​​យើង​​​​ដាក់​គុក​ តើ​យើង​អាច​ជួយ​សង្គម​របស់​យើង​ដោយ​របៀប​ណា​ទៅ?”។

ទោះ​ជា​យ៉ាង​ណា លោក យ៉ុន គឹមដន ប្រធាន​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពត​បានកត់សម្គាល់ថា ​ហ្វេសប៊ុក​មិន​មែន​ជា​​កន្លែង​​តែ​មួយ​ដែល​​មាន​ការ​ពិភាក្សា​​​​​​នយោបាយ​ឡើយ។

លោក​បាន​ថ្លែង​ថា “​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​កាន់​តែ​ក្ដៅ​គគុក​នៅ​ថ្នាក់​ជាតិ ប៉ុន្តែ​​សម្រាប់​ថ្នាក់​មូលដ្ឋាន​​ក្នុង​ខេត្ត​កំពតវិញ ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​គិត​ថា សកម្មភាព​ទាំង​នេះ​​នឹង​កាត់​បន្ថយអំណាច​​របស់អ្នកគ្រាំទ្រ​​គណបក្ស​ប្រឆាំង​”។

លោក​បាន​បន្ថែមថា “​ផ្ទុយ​ទៅ​វិញ​​ នៅ​តាម ​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​មួយ​ចំនួន​​​​​​ក្នុង​ខេត្ត​កំពត មាន​ការ​ពិភាក្សា​​​ច្រើន​​អំពី​ស្ថាន​ភាព​នយោបាយ​។ ពីមុន​ពួកគេ​មិន​ដែល​ហ៊ាន​​​​និយាយ​ទេ​ ពេល​ពួកគេ​​បាន​បង្ក​ព្យុះ​ភ្លៀង​​​​ទាំង​នេះ​លើ​​​​គណបក្ស​ប្រឆាំង​របស់​យើង​”៕ សារុន​​​​​​​​​