35 C
Phnom Penh

ខេត្ត​​​កែប​​​មាន​​​​ខណ្ឌ​រដ្ឋបាល​ជល​​​ផល​ ប៉ុន្តែ ​កំពុង​​​​រង់​​​ចាំ​​​​ទូក​​​​ល្បាត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុង​​​កែប​​​-កាល​​​ពី​​​ម្សិល​​​មិញ អភិបាល​​​ខេត្ត​​​ កែប​​​ បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​បញ្ឈប់​​​​ការ​​​នេសាទ​​​ខុស​​​ច្បាប់​​​ដែល​​​​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សមុទ្រ​​​នៅ​​​ទី​​​នេះ​​​ ប៉ុន្តែ​អ្នក​​​ដែល​​​ទទួល​​​បន្ទុក​​​អនុវត្ត​​​បទ​បញ្ជា​​​នេះ​​​បាន​​​ពន្យល់​​​ពី​​​ការ​លំបាក​​​​​​​​ក្នុង​​​ការ​​​​​​លុប​​​បំបាត់​​​សហគមន៍​​​នេសាទ​​​ដែល​​​មាន​​​ជា​​​យូរ​​​មក​​​ហើយ ជា​​​ពិសេស​​​ដោយ​​​សារ​​​ពួក​​គេ​​​គ្មាន​​​ទូក​​​ល្បាត​​​។

ការ​​​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ខណ្ឌ​​​រដ្ឋ​​​បាល​​​​​​ជល​​​ផល​​​ខេត្ត​​​កែប​​​កាល​​​ពី​​​ម្សិល​​​មិញ ​​​ត្រូវ​​​លោក​​​ កែន សត្ថា អភិបាល​​​ខេត្ត​​​នេះ​​​ចាត់​​​ទុក​​​ថាជា​​​ការ​​​ផ្លាស់​​​ប្តូរ​​​ស្ថាន​​​ការ​​ណ៍​ក្នុង​​​ការ​​​បង្ក្រាប​​​ដើម្បី​​​ជួយ​ស្រោចស្រង់​ប្រព័ន្ធ​អេកូឡូសីុ​​​

ក្នុងទឹក​​​ដ៏​​​សំខាន់​​​នៅ​​​ទី​​​នេះ​​​​​​ ​​​ដែល​​​ត្រូវ​​​បាន​​​បំផ្លាញ​​​ដោយ​​​សារ​​​ការ​​​រុំ​​​ជាប់​​​នឹង​​​ចៃ​​​រ៉ា​​​ស្ទើរ​​​រៀង​​​ រាល់​​​យប់​​​ពេល​​​ទូក​​​​​​នេសាទ​​​អូស​​​ចៃរ៉ា​​​ឆ្លង​​​កាត់​​​បាត​​​សមុទ្រ​​​ដែល​​​​​​ងាយ​រង​​​ផល​ប៉ះពាល់​​​។

លោក សត្ថា បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​​​​ក្នុង​​​ពិធី​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើប្រាស់​​​​​ខណ្ឌ​​​រដ្ឋបាល​​​ជល​​​ផល​​​ថ្មី​​​នេះ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ខេត្ត​​​កែប​​​មាន​​​អ្វី​​​ៗ​ដូច​​​ខេត្ត​​​មាត់​​​សមុទ្រ​​​​​ផ្សេង​​​ៗ​​​ទៀតដែរនោះ​​​​ថា “ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​មួយ​​​ឆ្នាំ​​​ យើង​​​ឃើញ​​​ថា ធន​​​ធាន​​​សមុទ្រ​​​របស់​​​យើង​​​ចេះ​​​តែ​​​ថយ​​​ចុះ​​​ទៅ​​​ៗ​​​​។ ​​​មិន​​​សូវ​​​ជា​​​មាន​​​ការ​​​នេសាទ​​​ស្រប​​​ច្បាប់​​​ទេ​​​នៅ​​​ទី​​​នេះ​​​។ សូម​​​អាជ្ញាធរ​​​ទាំង​​​អស់​​​សហការ​​​ជា​​​មួយ​​​​​​មន្ត្រី​​​ជល​​​ផល​​​ ដើម្បី​​​ការ​​​ពារ​​​ធន​​​ធាន​​​សមុទ្រ​​​​​​ របស់​​​យើង​​​ និង​​​បញ្ឈប់​​​​​​ការ​​​នេសាទ​​​ខុស​​​ច្បាប់​​​”។

​​​ពិធី​​​នេះ​​​បាន​​​ដំឡើង​​​លោក គុជ វីរៈ ពី​​​តំណែង ​​​ជានាយ​រង​ខណ្ឌ​​​រដ្ឋបាល​​​ជល​​​ផល​​​ខេត្ត​​​កំពត​​​ទៅ​​​ជា​​​នាយ​​​​ខណ្ឌ​​​រដ្ឋ​​​បាល​​​ជល​​​ផល​​​ខេត្ត​​​កែប​​​​​​​ ​​​ដោយលោក​នឹង​ធ្វើការ​​​ជាមួយ​ក្រុម​​​ការ​​​ងារ​​​ដែល​​​មាន​​​​​​នាយ​​​រងខណ្ឌ​​​​ចំនួន​​​បី​​​រូប​ និង​​​មន្ត្រី​​​ចំនួន​​​១០​​​រូប​ផ្សេង​ទៀត​ នៅក្នុង​ការ​​​​ចុះ​​​បង្ក្រាប​​​ទូក​​​ប្រហែល​​​៥០​​​គ្រឿង ​​​ដែល​​​ភាគ​​​ច្រើន​​​មក​​​ពី​​​ភូមិ​​​ព្រែក​​​តានិន​​​ និង​​​ដែល​​​បន្ត​​​​​​បើក​​​បរ​​​ឆ្លង​​​កាត់​​​ទៅ​​​វិញ​​​ទៅ​​​មក​​​ក្នុង​​​ដែន​​​ទឹក​​​នេះ​​​ ទោះ​​​បី​​​ជា​​​​​​មាន​​​ការ​​​បង្កើន​​​ការ​​​ដាក់​​​សម្ពាធ​​​​​​ ឲ្យ​​​បញ្ឈប់​​​ការ​​​ធ្វើ​​​ដូច្នេះ​​​​ក៏​​​ដោយ​​​។

លោក​​​ សត្ថា បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “អ្នក​​​នេសាទ​​​ទាំង​​​នោះ​​​មាន​​​វិធី​​​សាស្ត្រ​​​ ច្រើន​​​ណាស់​​​ ហើយ​​​យើង​​​មិន​​​ដែល​​​មាន​​​​​​ឧបករណ៍​​​ដើម្បី​​​បញ្ឈប់​​​ពួក​​​គេ​​​ឡើយ​​​។ មាន​​​តែ​​​មន្ត្រី​​​ជល​​​ផល​​​បួន​​​នាក់​​​​ប៉ុណ្ណោះ​​​ ហេតុ​​​ដូច្នេះ​​​ពេល​​​ពួក​​​គេ​​​ប្រឈម​​​មុខ​​​ជាមួយ​​​ជ​ន​​​សង្ស័យ​​​​​​ វា​​​តែង​​​តែ​​​មាន​​​ការ​​​ប្រថុយ​​​ប្រថាន​​​​នឹង​គ្រោះ​​​ថ្នាក់”។

ទោះ​​​ជា​​​យ៉ាង​​​ណា ​​​ខណៈ​​​លោក គុជ វីរៈ ​​​ត្រូវ​​​បាន​​​ផ្តល់​​​សិទ្ធិ​​​ និង​​​ក្រុម​​​ការងារ​​​ឲ្យ​​​ចុះ​ទៅ​​​បង្ក្រាប​​​ទូក​​​អូស​​​ចៃរ៉ា​​​ ដែល​​​ជារឿង​តែងតែ​ប្រើ​​​ប្រាស់​​​ចរន្ត​​​អគ្គិសនី​​​​​​​ឆក់​​​​​​​​​សត្វ​​​​សមុទ្រ​​​ ដើម្បី​​​​​ធ្វើ​ឲ្យ​ការ​​​នេសាទ​របស់​​​ពួកគេ​​​កាន់តែ​ងាយ​​​ស្រួល​​​នោះ​​​ លោក​​​​​​នៅតែ​​​ខ្វះ​​​ឧបករណ៍​​​ដ៏​​​សំខាន់​​​ដដែល​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​គ្មាន​​​ទូក​ល្បាត​​​ទេ​​​​​​ ហើយ​​​យើង​​​មិន​​​ដឹង​​​ថា ពេល​​​ណា​​​ នឹង​​​ទទួល​​​បាន​​​ឡើយ​​​”។ លោក​​​បាន​​​ពន្យល់​​​​​​ ថា  ក្រសួង​​​កសិកម្ម រុក្ខា​​​ប្រមាញ់ និង​​​នេសាទ​​​​​​​បច្ចុប្បន្ន​​ ​កំពុង​ពិភាក្សាថា ​​​​​​តើ​​​ត្រូវ​​​ផ្តល់​​​ទូក​​​ល្បាត​​​ ជូន​​​ខណ្ឌ​​​រដ្ឋបាល​​​ជល​​​ផល​​​ថ្មី​​​​​​តាម​​​របៀប​​​ណា”។ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​នេះ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ឡើយ​​។

ស្រប​​​ពេល​​​ដំណាល​​​គ្នា​​​នេះ​​​ លោក ​​​វីរៈ ​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​សហការ​​​ជាមួយ​​​​​​ អង្គការ​​​អភិរក្ស​​​សមុទ្រ​​​នៅ​​​កម្ពុជា​​​​​​ ជា​​​អង្គការ​​​មាន​​​ទ​​​ី​​​តាំង​​​លើ​​​កោះ​​​សេះ ដែល​​​ធ្លាប់​​​​​​ឲ្យ​​​មន្ត្រី​​​ជល​​​ផល​​​ខ្ចី​​​ទូក​​​ពី​​​មុន​​​ៗ​​​មក​​​។

ច្បាប់​​​ជល​​​ផល​​​ឆ្នាំ២០០៦​​​របស់​​​កម្ពុជា​​​បាន​​​ចាត់​​​ទុក​​​ការ​​​នេសាទ​​​ដោយ​​​អូស​​​ចៃរ៉ា​​​ជា​​​ការ​​​ខុស​​​ច្បាប់​​​​ក្នុង​​​តំបន់​​​ទឹក​​​រាក់​​​​​​ក្បែរ​ឆ្នេរ​​​កែប​​​។ ​​​ការ​​​នេសាទ​​​ដោយ​​​ការ​​​ឆក់​​​​​​ក៏​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា​​​ខុស​​​ច្បាប់​​​នៅ​​​ទូទាំង​​​ប្រទេស​​​ដែរ​។ ហើយ​​​ ​​​ខណៈ​​​លោក វីរៈ លើក​​​ឡើង​​​ថា លោក​​​​​​ចង់​​​បំបាត់​​​វិធី​​​សាស្ត្រ​​​ទាំង​​​នេះ​​​ចោល​​​ដែល​​​អ្នក​​​អភិរក្ស​​​និយាយ​​​ថា បាន​​​ធ្វើ​​​ឲ្យ​​​បរិមាណ​​​ត្រី​​​ខេត្ត​​​កែប​​​​​​ និង​​​កន្លែង​​​ត្រី​​​ពង​​​ហិន​​​ហោច​​​ស្ទើរ​​​គ្មាន​​​ថ្ងៃ​​​អាច​វិល​​​មក​​​រក​​​ដូច​ដើម​​​វិញ​នោះ​​​លោក ក៏​​​បាន​​​​​​ព្រមាន​​​ពី​​​ភាព​​​ចលាចលសង្គម​​​​ដែល​​​អាច​​​នឹង​​​កើត​​​មាន​​​​​​ផង​​​ដែរ បើ​​​អ្នក​​​នេសាទ​​​​​​នៅ​​​ភូមិ​​​ព្រែក​​​តានិន​​​ ត្រូវ​​​បាន​​​កាត់​​​ផ្តាច់​​​ចេញ​​​ពី​​​ប្រភព​​​ចំណូល​​​ដែល​​​ពួក​​​គាត់​​​ពឹង​​​ផ្អែក​​​ជា​​​យូរ​​​មក​​​ហើយ។

លោក វីរៈ បាន​​​មាន​​​ប្រសាសន៍​​​​​​បន្ត​​​ថា ​​​”យើង​​​​​​ ចាំ​​​បាច់​​​ត្រូវ​​​​​​តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​​​ការ​​​ពិចារណា​​​ឲ្យ​​​បាន​​​ច្រើន​​​​​​ថា តើ​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ជាមួយ​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​ដែល​​​​​​ប្រើ​​​ប្រាស់​​​មធ្យោបាយ​​​នេសាទ​​​​​​ដែល​​​ពួក​​​គាត់​​​ចាត់​​​ទុក​​​ថា​​​តាម​​​ប្រពៃណី​​​របស់​​​ខ្លួន​​​ដោយ​​​របៀប​​​ណា​​​។ពួក​​​កាត់​​​បាន​​​និង​​​កំពុង​​​នេសាទ​​​នៅ​​​តំបន់​​​នេះ​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩២​​​មក​​​ម្លេ៉ះ​​​ ហើយ​​​ច្បាប់​​​កើត​​​មាន​​​ក្រោយ​​​​​​ប៉ុណ្ណោះ​​​ហេតុដូច្នេះ​​​ត្រូវ​​​តែ​​​មាន​​​ការ​​​ពិភាក្សា​​​ឲ្យ​​​បាន​​​ច្រើន​​​បន្ថែមទៀត​​​​”។

លោក សៅ សារិន នាយ​​​ខណ្ឌ​​​រដ្ឋបាល​​​ជល​​​ផល​​​ខេត្ត​​​កំពត​​​​​​ ជាទី​ដែល​​​ការ​​​នេសាទ​​​ខុស​​​ច្បាប់ក៏​​​​កើត​​​មាន​​​ច្រើន​​​ដែរ​​​នោះ​​​ ក៏​​​បាន​​​​​​មក​​​ចូល​​​រួម​​​ពិធី​​​កាល​​​ពី​​​ម្សិលមិញ​​​ដែរ ហើយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ដំណោះ​​​ស្រាយ​​​គួរ​​​តែ​​​លះបង់​​​សមុទ្រ​​​មួយ​​​ផ្នែក​​​​​​ឲ្យ​ម្ចាស់​ទូក​​​​អូស​​​ចៃរ៉ា​​​ជា​​​ថ្នូរ​​​នឹង​​​ការ​ឲ្យ​​​ពួក​​​គាត់​​​ទុក​​​​តំបន់​​​នៅ​​​សេស​​​សល់​​​ឲ្យមាន​​​ការ​​​លូត​​​លាស់​​​​​​បាន​​​ល្អ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ត្រូវ​​​តែ​​​​​​​​​ញែក​​​សារាយ​​​សមុទ្រ​​​ចេញ​​​ឲ្យ​​​ដាច់​​​ពី​​​ការ​​​នេសាទ​​​ដោយ​​​អូសចៃរ៉ា”។ លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា ​​​ការ​​​បិទ​​​មិន​​​ឲ្យ​​​មានការ​នេសាទខុស​​​ច្បាប់​​​​​​ទាំង​​​ស្រុង​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ។ “​​​តើ​​​​​ចង់​​​បញ្ឈប់​​​ឲ្យអស់​​​ឬ? បានតើ​​​ អ៊ីចឹង​​​​យក​​​ទូក​​​ទាំង​​​អស់​​​ទៅទុក​​​​ទី​​​គោក​​​ទៅ​”។

អំឡុង​​​ និង​​​ក្រោយ​​​ពិធី​​​​​​​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ខណ្ឌ​​​រដ្ឋ​​​បាល​​​ជល​​​ផល​​​ថ្មី​​​នេះ ​​​វិស័យ​​​ ទេស​​​ចរណ៍​​​មាន​​​ការ​​​កើន​​​ឡើង​​​ហើយ​​​កើន​​​ឡើង​​​ ទៀត​​​ ដោយ​​​សារ​​​ហេតុផល​​​បិទ​​​មិន​​​ឲ្យ​​​មាន​​​ទូក​​​​អូស​​​ចៃរ៉ា​​​ខុស​​​ច្បាប់​​​នេះ​​​ ដែល​​​នៅ​​​យប់ មួយ​​​​បាន ​​​​ប្រែ​​​ក្លាយ​​​ទឹក​​​ដ៏​​​​​​ថ្លា​​​ឈ្វេង​​​​​​​ទៅ​​​ជា​​​ទឹក​​​ដ៏​​​ល្អក់​​​។

លោក​​​ សោម​ ចិន្តា ប្រធាន​​​មន្ទីរ​​​ទេស​​​ចរណ៍​​​ ខេត្ត​​​កែបនេះ​​​​បាន​​​អះ​​​អាង​​​ថា ខេត្ត​​​របស់​​​លោក​​​ ទទួល​​​បាន​​​ភ្ញៀវ​​​ទេសចរ​​​លើស​​​ពី​​​១លាន​​​នាក់​​​ទៅ​​ហើយ​​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ (ពោល​​​គឺ​​​កើន​​​ឡើង​​​ពី​​​៧០០.០០០នាក់​​​ពេញ​​​មួយ​​​ឆ្នាំ​​​២០១៤)​​​ហើយ​​​ថា ការ​​​បំបាត់​​​​​​ទូក​​​អូសចៃរ៉ា​​​គឺ​​​ជា​​​​​​វិធី​​​ដ៏​​​សំខាន់​​​ដែល​​​ធ្វើ​​​ឲ្យ​​​តំបន់​​​ដ៏​​​ទាក់​​​ទាញ​​​នៅ​​​ក្នុង​​​ចំណោម​តំបន់​​​​​​ដ៏ទាក់​​​ទាញ​​​បំផុត​​​នៅ​ខេត្ត​​​នេះ​​​មាន​​​ការ​​​រស់​​​រាន​​​ឡើង​​​វិញ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ក្តាម​​​​​​មាន​មិន​​​គ្រប់​​​គ្រាន់​​​​​​សម្រាប់​​​ភ្ញៀវ​​​ទេសចរ​​​ដែល​​​មក​​​លេង​​​ខេត្ត​​​កែបឡើយ។​​​អភិបាល​​​ខេត្ត​​​ក៏​​​បាន​​​​​​និយាយ​​​អំពី​​​បញ្ហា​​​នេះ​​​ដែរ​​​។ ក្តាម​​​នៅ​​​កែប​​​ល្អ​​​ៗ​​​ហើយ​​​ឆ្ងាញ់​​​ណាស់​​​។ គ្មាន​​​ទូក​​​អូស​​​ចៃរ៉ា​​​មាន​​​ន័យ​​​ថា ​​​នឹង​​​មាន​​​ក្តាម​​​កាន់​​​តែ​​​ច្រើន​​​។ ​​​ មាន​​​ក្តាម​​​ច្រើន​​​ មាន​​​ភ្ញៀវ​​​ទេសចរ​​​ក៏ច្រើនដែរ​​​​”។

ការ​​​មុជ​​​ទឹក​​​ ក៏​​​អ៊ីចឹង​​​ដែរ​​​​​​​​​ គឺមាន​​​សក្ដានុពល​​​យ៉ាង​​​ខ្លាំង​​​នៅ​​​ក្នុង​​​សមុទ្រ​​​ខេត្ត​​​កែប និង​​​ប្រជុំ​​​

កោះ​​​ដែល​​​​​​លាត​​​សន្ធឹង​​​ពី​​​ឆ្នេរ​​​កែប​​​ទៅ​​​ភាគ​​​ខាង​​​ត្បូង​​​ នេះ​​​បើ​​​យោង​​​តាម​​​លោក ផល​​​​ហ្វឺប័រ (Paul Ferber)​​​ ប្រធាន​​​អង្គការ​​​​​​ការ​​​អភិរក្ស​​​សមុទ្រ​​​នៅ​​​កម្ពុជា​​​​​​ ដែល​​​កំពុង​​​ធ្វើ​​​ការ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​សារាយ​​​សមុទ្រ​​​នៅ​​​ក្នុង​​​តំបន់​​​កោះ​​​សេះ​​​លូត​​​លាស់​​​បាន​​​ល្អ​​​ឡើង​​​វិញ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កន្លែង​​​នេះ​​​អាច​​​ជា​​​កន្លែង​​​ដ៏​​​ល្អ​​​ឥត​​​ខ្ចោះ​​​សម្រាប់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​មក​​​រៀន​​​មុជ​​​ទឹក​​​។ គ្មាន​​​ចរន្ត​​​ទឹក​​​ហូរ​ទេ​​​ ហើយ​​​ទឹក​​​មិន​​​​​ជ្រៅ​​​ឡើយ​​​។ វា​​​អាច​​​ជា​​​កន្លែង​​​សម្រាប់​​​​​​រៀន​​​​​​មុជ​​​ទឹក​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “វា​​​ក៏​​​មាន​​​សក្ដានុពល​​​ខ្លាំង​​​សម្រាប់​​​អ្នក​​​​​​មុជទឹក​​​ដ៏​​​ចំណាន​​​ផង​​​ដែរ។ ​​​មាន​​​ថ្ម​​​ប៉ប្រះនៅតំបន់ទឹករាក់​ ​​​​​​​​​ហើយវាមាន​សត្វសមុទ្រ​ប្លែកៗ​​​​ច្រើន​​​ជាង​​​នៅ​ក្រុង​​​ព្រះ​​​សីហនុ ដូច​​​ជា​​​មាន​​​សេះស​​​មុទ្រ និង​​​ប្រភេទ​​​សត្វ​​​សមុទ្រ​​​​​​កម្រ​​​​​​​​​​​​​​​ ដែល​​​យើង​​​មិន​​​ដែល​​​ឃើញ​​​នៅ​​​កន្លែង​​​ផ្សេង​​​ៗ​​​ទៀត​​​។ សម្រាប់​​​អ្នក​​​ថត​​​រូប​​​ក្នុង​​​​​​ទឹក​​​ វា​​​​​​​ជា​​​កន្លែង​​​​​​ដ៏​​​ទាក់​​​ទាញ​​​ខ្លាំងណាស់​​​​”។

លោក​ ហ្វឺប័រ បាន​​​លើក​​​ឡើង​​​ថា លោក​​​ធ្លាប់​​​រៀបចំ​​​ដំណើរ​​​កម្សាន្ត​​​ទៅ​​​មុជ​​​ទឹ​​​ក​​​នៅ​​​ទី​​​នេះ​​​ពី​​​មុន​​​មក​​​ ប៉ុន្តែ បានបង្ខំ​​​ចិត្ត​​​បោះ​​​បង់​​​ចោល​​​ ​​​វិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ស្ថាន​​​ភាព​​​​​​មិន​​​អាច​​​ទុក​​​ចិត្ត​​​បាន​​​ឡើយ​​​។ ប្រសិន​​​បើ​​​ទូក​​​អូស​​​ចៃរ៉ា​​​ចេញ​​​មក​​​នេសាទ​​​មួយ​​​យប់​​​មុន​​​ គឺ​​​យើង​​​មិន​​​អាច​​​មើល​​​ឃើញ​​​សិស្ស​​​របស់​​​យើង​​​នៅ​​​ពី​​​មុខ​​​យើង​​​បាន​​​ទេ​​​​​​​”៕ស៊ុយឈាង

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស