យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃសុក្រឲ្យដឹងថា ការងារសម្រាប់អ្នកនាំពាក្យក្រសួងមហាផ្ទៃដែលកាន់ដោយនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ត្រូវបែងចែក និងប្រគល់ជូនមន្ត្រី២២រូបនៅក្រសួងមហាផ្ទៃ ប៉ុន្តែលេខទាក់ទងលម្អិតមិនមានចេញផ្សាយទេ។
ឯកសារចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានសមាសភាពអ្នកនាំពាក្យពីររូបសម្រាប់អគ្គនាយកដ្ឋានមួយ ឬអង្គភាពមួយក្នុងបណ្តាអគ្គនាយកដ្ឋាននិងអង្គភាព១១ចំណុះក្រសួងមហាផ្ទៃ ហើយក៏ជួយសម្រាលបន្ទុករបស់នាយឧត្តមសេនីយ៍ សុភ័គ ដែរ។
នាយឧត្តមសេនីយ៍ សុភ័ក បានមានប្រសាសន៍ថា “យើងត្រូវមានមនុស្សច្រើននិយាយជាមួយប្រព័ន្ធសារព័ត៌មាន។ មានអ្នកកាសែតច្រើនណាស់សួរសំណួរសព្វថ្ងៃនេះ។ ជាធម្មតា ខ្ញុំទទួលបានការហៅចូល៨០ដងក្នុងមួយថ្ងៃ។ តើមនុស្សម្នាក់អាចធ្វើម្ដេចកើតទៅ?” នាយឧត្តមសេនីយ៍ សុភ័គ បានរំឭកអ្នកយកព័ត៌មានថា លោកជាមន្ត្រីប៉ូលិសដំបូងគេបំផុតដែលធ្វើកិច្ចការអ្នកនាំពាក្យនេះ។
នាយឧត្តមសេនីយ៍ សុភ័គ បានមានប្រសាសន៍ថា “ឥឡូវនេះ ការទទួលខុសត្រូវធ្លាក់ទៅលើអគ្គនាយកដ្ឋានមួយៗផ្ទាល់ ដើម្បីផ្តល់ព័ត៌មានដល់សារព័ត៌មាន និងសាធារណជន”។
នាយឧត្តមសេនីយ៍ សុភ័គ នឹងនៅតែជាអ្នកនាំពាក្យសម្រាប់ក្រសួងមហាផ្ទៃដដែល ប៉ុន្តែបាននិយាយថា ការផ្ទេរការទទួលខុសត្រូវនឹងផ្តល់ផលប្រយោជន៍ដល់អ្នកកាសែត ដែលពេលនេះអាចទទួលព័ត៌មានផ្ទាល់ពីអគ្គនាយកដ្ឋានពាក់ព័ន្ធ។ លោក សុភ័គ បាននិយាយថា លោកនឹងបណ្តុះបណ្តាលអ្នកនាំពាក្យថ្មី។
នាយឧត្តមសេនីយ៍ សុភ័គ បាននិយាយថា “ខ្ញុំផ្ទាល់ធ្វើជាអ្នកនាំពាក្យជិត២០ឆ្នាំហើយ។ ខ្ញុំមានសញ្ញាប័ត្រផ្នែកកាសែតពីសាកលវិទ្យាល័យមួយនៅក្រុងញូវដេលី។ ជាសញ្ញាប័ត្រទាប មិនមែនសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតទេ ដូច្នេះខ្ញុំមានបទពិសោធន៍ និងចំណេះដឹងខ្លះ ដើម្បីចែករំលែក”។សេចក្តីថ្លែងការណ៍មានរៀបរាប់ឈ្មោះ និងឋានន្តរសក្តិនៃអ្នកនាំពាក្យថ្មីដែលមាន១២រូបជាឧត្តមសេនីយ៍ឯក ២រូបជាឧត្តមសេនីយ៍ទោ ប៉ុន្តែមិនបានផ្តល់លេខទាក់ទងទេ។
នាយឧត្តមសេនីយ៍ សុភ័គ បាននិយាយបន្ថែមថា “យើងនឹងព្យាយាមធ្វើឲ្យបាន។ យើងចង់ឲ្យមានលេខទាក់ទងលម្អិត។ ប្រហែលយើងនឹងចេញផ្សាយនៅលើទំព័រហ្វេសប៊ុកខ្ញុំ”។
លោក ឆាន់ ចន្ទសុភក្តិ ជាអ្នកនាំពាក្យថ្មីរបស់អគ្គនាយកដ្ឋានរដ្ឋបាលបាននិយាយថា ជាកិត្តិយសដែលលោកមានឈ្មោះជាអ្នកនាំពាក្យ។
លោក ចន្ទសុភក្តិ បាននិយាយថា “ខ្ញុំមានមោទនភាពណាស់ដែលថ្នាក់ដឹកនាំ[អគ្គនាយក ប្រាក់ សំអឿន] ជឿជាក់លើខ្ញុំ ហើយតែងតាំងខ្ញុំជាអ្នកនាំពាក្យឲ្យអគ្គនាយកដ្ឋាននេះ។ ឯកឧត្តម ខៀវ សុភ័គ នៅតែជាន់ខ្ពស់ ហើយយើងគ្រាន់តែជាអ្នកនាំពាក្យតូចសម្រាប់អគ្គនាយកដ្ឋានប៉ុណ្ណោះ”៕ រើន