កាលពីម្សិលមិញ សកម្មជនជាព្រះសង្ឃជាច្រើនអង្គបានមកជួបជុំគ្នានៅវត្តស្ទឹងមានជ័យ តវ៉ាទៅនឹងសេចក្ដីសម្រេចផ្សឹកព្រះសង្ឃមួយអង្គដែលតាមចោទថា បានបោះពុទ្ធប្បដិមាចូលទៅក្នុងស្រះទឹកកខ្វក់ ដោយអះអាងថា ព្រះអង្គត្រូវបានគេទម្លាក់កំហុស ពីព្រោះព្រះអង្គជាព្រះសង្ឃខ្មែរក្រោម ហើយគេដឹងថា គាំទ្រសកម្មជនដីធ្លី។
កាលពីថ្ងៃសៅរ៍ ព្រះសង្ឃជាន់ខ្ពស់នៅវត្តនេះបានសម្រេចនៅក្នុងការប្រជុំមួយផ្សឹកព្រះតេជគុណ គឹម សិលា ព្រះជន្ម៥២ព្រះវស្សា បន្ទាប់ពីមានការចោទប្រកាន់ពីព្រះសង្ឃដទៃទៀតថា ព្រះអង្គបានបោះពុទ្ធប្បដិមាប្រហែល១០អង្គ និងវត្ថុបុរាណមួយចំនួនទៀតចូលទៅក្នុងស្រះទឹកក្បែរនោះដែលសុទ្ធតែសំរាមនៅពេលបោសសម្អាតកុដិថ្មីរបស់ព្រះអង្គ ជាការចោទប្រកាន់ដែលព្រះសង្ឃអង្គនេះបានបដិសេធកាលពីម្សិលមិញ។
ព្រះតេជគុណ ថៃ ប៊ុនធឿន ព្រះចៅអធិការស្ដីទីបានមានសង្ឃដីកាថា ពុទ្ធប្បដិមាដែលត្រូវបានបោះចោលនេះត្រូវបានអ្នករត់ម៉ូតូឌុបម្នាក់រកឃើញនៅក្នុងស្រះទឹកកាលពីថ្ងៃសៅរ៍។
ព្រះអង្គមានសង្ឃដីកាថា “ដូនជី និងពុទ្ធបរិស័ទបានមកតវ៉ាដោយចោទប្រកាន់ព្រះសង្ឃអង្គនេះថា បានយកពុទ្ធប្បដិមាទៅបោះចោលនៅក្នុងស្រះទឹក”។ ព្រះអង្គបានបន្ថែមថា ព្រះអង្គមិនបានឃើញព្រះតេជគុណ គឹម សិលា បោះពុទ្ធប្បដិមា និងវត្ថុបុរាណទាំងនេះចោលដោយផ្ទាល់ព្រះនេត្រទេ។
ព្រះអង្គបានមានសង្ឃដីកាថា “អាត្មាបានកោះប្រជុំ ហើយបានសម្រេចថា មានដំណោះស្រាយពីរសម្រាប់ព្រះសង្ឃអង្គនេះ ប្រសិនបើត្រូវបានរកឃើញថា មានកំហុស។ទី១ត្រូវបណ្ដេញចេញពីវត្ត និងទី២គឺត្រូវផ្សឹក។ ចំពោះព្រះសង្ឃដែលធ្វើឲ្យប៉ះពាល់ដល់ពុទ្ធប្បដិមា ព្រះបរមសារីរិកធាតុ ចេតិយ ឬដើមពោធិព្រឹក្ស គឺជាកំហុសដែលយើងមិនអាចអត់ឱនឲ្យបានឡើយ។
ព្រះតេជគុណបានបន្ថែមថា សេចក្ដីសម្រេចនេះមិនទាន់ចប់ទេ ពីព្រោះព្រះសង្ឃ ទាំងអស់នៅតែចង់ស្ដាប់ការបកស្រាយពីរបស់ព្រះតេជគុណ គឹម សិលា ដដែល។ យើង នឹងព្យាយាមនិយាយជាមួយព្រះសង្ឃអង្គនេះដើម្បីបន្តស្វែងរកដំណោះស្រាយ”។
ទោះជាយ៉ាងណា កាលពីយប់ថ្ងៃសៅរ៍ ព្រះសង្ឃប្រហែល១០០អង្គនៅក្នុងវត្តនេះបានមកឡោមព័ទ្ធកុដិចាស់របស់ព្រះតេជគុណ គឹម សិលា ដែលព្រះអង្គកំពុងគង់នៅ ដោយទាមទារឲ្យផ្សឹកព្រះសង្ឃអង្គនេះ។ កាលពីម្សិលមិញ ព្រះសង្ឃប្រហែល៥០អង្គដែលភាគច្រើនជាព្រះសង្ឃខ្មែរក្រោមបាននិមន្តមកដល់វត្តនេះនៅម៉ោងប្រហែល២រសៀល ដើម្បីបង្ហាញការគាំទ្រដល់ព្រះតេជគុណ គឹម សិលា ហើយមានសង្ឃដីកាការពារព្រះអង្គពីព្រះសង្ឃមួយក្រុមដែលមានកំហឹង។
បន្ទាប់មក ក្រុមព្រះសង្ឃខ្មែរក្រោមបានទូលព្រះតេជគុណ គឹម សិលា កុំឲ្យទៅចូលរួមការប្រជុំតាមការគ្រោងទុកជាមួយព្រះចៅអធិការស្ដីទី លុះណាតែអង្គការសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយត្រូវបានអនុញ្ញាតឲ្យចូលរួម ជាសំណើដែលព្រះសង្ឃជាន់ខ្ពស់ត្រូវបានបដិសេធ។
មានសង្ឃដីកានៅកុដិរបស់ព្រះអង្គកាលពីម្សិលមិញ ព្រះតេជគុណ គឹម សិលា បានបដិសេធថា ព្រះអង្គមិនបានបោះពុទ្ធប្បដិមាចូលទៅក្នុងស្រះទឹកទេ។ ព្រះអង្គមានសង្ឃដីកាថា ”ការចោទប្រកាន់នេះមិនពិតឡើយ។ អាត្មាគិតថា មានគេទម្លាក់កំហុសមកលើអាត្មា”។
ព្រះសង្ឃអង្គនេះដែលបានមកគង់នៅវត្តនេះរយៈពេល១៥ព្រះវស្សាមកហើយនោះ មានសង្ឃដីកាថា ពុទ្ធប្បដិមាទាំងនេះប្រាកដជាត្រូវបានយកទៅបោះចោលបន្ទាប់ពីព្រះអង្គបានសុំឲ្យក្មេងវត្តជួយបោសសម្អាតកុដិថ្មីរបស់ព្រះអង្គ ដែលព្រះអង្គបានជាវពីព្រះសង្ឃផ្សេងទៀតកាលពីថ្ងៃសុក្រ មុនពេលរើមកគង់នៅ។
ព្រះតេជគុណ គឹម សិលា ដែលមានអាពាធ និងបន្តោកសេរ៉ូមកាលពីម្សិលមិញបានមានសង្ឃដីកាថា “អាត្មាអស់កម្លាំង ដូច្នេះអាត្មាបានប្រាប់មេកុដិចាស់សុំឲ្យក្មេងវត្តជួយបោសសម្អាត”។
ព្រះអង្គមានសង្ឃដីកាថា វាពិតណាស់ដែលអាត្មាត្រូវគេទម្លាក់កំហុស ពីព្រោះពុទ្ធប្បដិមាទាំងនោះងាយស្រួលយកចេញណាស់។ ព្រះតេជគុណ គឹម សិលា មានសង្ឃដីកាថា “ប្រសិនបើអាត្មា ពិតជា [បានយកទៅបោះចោលមែននោះ] ហេតុអ្វីបានជាពុទ្ធប្បដិមាទាំងនោះត្រូវបានគេប្រទះឃើញនៅក្បែរមាត់ស្រះ ហើយងាយស្រួលសម្រាប់គេរកឃើញទៅវិញ? អាត្មាគិតថា មាននរណាម្នាក់រៀបចំផែនការនេះមិនខាន”។
ព្រះតេជគុណមានសង្ឃដីកាថា “ទី១គឺការរើសអើង ពីព្រោះអាត្មាជាព្រះសង្ឃខ្មែរ
ក្រោម។ ទី២គឺប្រជាប្រិយភាពរបស់អាត្មា
ពីព្រោះមនុស្សច្រើនគាំទ្រអាតា្ម។ ទី៣មានគេចង់បានកុដិថ្មីរបស់អាត្មា”។
ព្រះតេជគុណ យិន យ៉ាត ព្រះជន្ម២៧ព្រះវស្សាគង់នៅវត្តនេះបានមានសង្ឃដីកាការពារព្រះតេជគុណ គឹម សិលា ដោយអះអាងថា ការចោទប្រកាន់នេះគឺដោយសារព្រះអង្គបានចែកអំណោយដល់អ្នកដែលតវ៉ាអំពីវិវាទដីធ្លី។
ព្រះអង្គមានសង្ឃដីកាថា “ព្រះតេជគុណបានគាំទ្រសកម្មជនវិវាទដីធ្លី ដោយផ្ដល់បាយ និងទឹកនៅពេលពួកគាត់ចូលរួមការតវ៉ា។ អាត្មាគង់នៅទីនេះ ដូច្នេះអាត្មាដឹងថា ព្រះអង្គអាពាធពីរបីថ្ងៃមកហើយ ហើយក៏មិនមាននរណាម្នាក់ឃើញព្រះអង្គធ្វើរឿងហ្នឹងដែរ”។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមដែលមានវត្តមាននៅវត្តនោះកាលពីម្សិលមិញដែរ បានមានប្រសាសន៍ថា លោកគិតថា ការគំរាមផ្សឹកនេះដោយសារការរើសអើង។ លោកបានថ្លែងថា “ខ្ញុំបានស្នើឲ្យក្រសួងធម្មការ និងសាសនា ចាត់វិធានការ។ សូមបញ្ឈប់ការរើសអើងជាបន្ទាន់ ពីព្រោះព្រះសង្ឃមកពីខ្មែរក្រោមគ្រាន់តែមកសិក្សាព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។ យើងទាំងអស់គ្នាសុទ្ធតែជាខ្មែរ និងគោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា”។
ព្រះតេជគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញបានមានសង្ឃដីកាថា បើទោះជាព្រះអង្គបានដឹងរឿងនេះក៏ដោយ ក៏ព្រះអង្គមិនអាចបកស្រាយបានដែរ ពីព្រោះព្រះអង្គមិនទាន់បានទទួលរបាយការណ៍ផ្លូវការ។ មន្ទីរធម្មការ និងសាសនារាជធានីមិនអាចទាក់ទងសុំអត្ថាធប្បាយបានទេ៕ សារុន