សមាជិកសភាសហរដ្ឋអាមេរិក១៦រូបបានសរសេរលិខិតមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបន្ថែមការព្រួយបារម្ភរបស់ខ្លួនទៅលើការអំពាវនាវថ្មីៗជាច្រើន ដើម្បីឲ្យមានការស្ដារបរិយាកាសប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាឡើងវិញ និងឲ្យលុបចោលដីកាចាប់ខ្លួនដែលចេញចំពោះលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង។
ដោយមានហត្ថលេខាសមាជិកសភាសហរដ្ឋអាមេរិកទាំងខាងគណបក្សប្រជាធិបតេយ្យ ទាំងខាងគណបក្សសាធារណរដ្ឋ លិខិតដែលចុះកាលបរិច្ឆេទថ្ងៃព្រហស្បតិ៍ ផ្ញើមកលោក ហ៊ុន សែន សម្ដែងនូវ “កង្វល់ដ៏ជ្រាលជ្រៅអំពីការប្រឹងប្រែងដើម្បីបង្អាក់ការចម្រើនលូតលាស់នៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសរបស់អ្នក”។
លិខិតលើកឡើងនូវការដកលោក សម រង្ស៊ី ចេញពីសភាជាតិកាលពីខែវិច្ឆិកា ព្រមទាំងការវាយដំច្រំធាក់ដ៏ឃោរឃៅកាលពីថ្ងៃទី២៦ខែតុលា លើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបនៅក្រៅសភា ដោយអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីឲ្យ ”បញ្ឈប់ការរំខានយាយី និងការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងនៅប្រទេសកម្ពុជា”។
លិខិតដែលចុះហត្ថលេខាដោយលោក Ed Royce ប្រធានគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការបរទេស និងសមាជិកសភាផ្សេងទៀត មានខ្លឹមសារថា “ប្រជាពលរដ្ឋនៃប្រទេសកម្ពុជាសមនឹងទទួលបានការស្ដាប់មតិរបស់ខ្លួនក្នុងសង្គមមួយដែលស្វាគមន៍ឲ្យមានការពិភាក្សាបើកទូលាយ និងការគោរពតម្លៃប្រជាធិបតេយ្យ”។
លិខិតនោះបានបន្ថែមថា ”យើងអំពាវនាវឲ្យលោកឈប់ជាបន្ទាន់នូវការរំខានយាយី និងការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងនៅកម្ពុជា លុបចោលដីកាចាប់ខ្លួនលោក សម រង្ស៊ី និងត្រូវប្រគល់សមាជិកភាពតំណាងរាស្ត្រទៅឲ្យលោក សម រង្ស៊ី វិញ បញ្ឈប់គ្រប់ទម្រង់ទាំងអស់នៃអំពើហិង្សានយោបាយ និងពង្រឹងបរិយាកាសមួយដែលលទ្ធិប្រជាធិបតេយ្យអាចចម្រើនលូតលាស់ទៅបាន”។
កាលពីខែមុន លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានចាត់ទុកដីកាចាប់ខ្លួនលោក សម រង្ស៊ី ជា “ព្រឹត្តិការណ៍ដ៏កង្វល់” មួយ ខណៈដែលសមាជិកនៃសភាអឺរ៉ុបបានគំរាមកាត់ជំនួយនៅពេលអនុម័តដំណោះស្រាយមួយ ដែលអំពាវនាវឲ្យប្រគល់សេរីភាពមកមេដឹកនាំគណបក្សប្រឆាំងវិញនោះ។
ក្រសួងការបរទេសអាមេរិកក៏បាននិយាយដែរថា ព្រឹត្តិការណ៍នយោបាយថ្មីៗនៅទីនេះ “ធ្វើឲ្យនឹកឃើញអំឡុងពេលផ្ដាច់ការមួយក្នុងអតីតកាលថ្មីៗរបស់ប្រទេសកម្ពុជា” រីឯអ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាបាននិយាយថា ប្រទេសកម្ពុជាអាចឈានដល់ “ដំណាក់កាលចុងក្រោយដ៏គ្រោះថ្នាក់” ក្នុងពេលឆាប់ៗ។
ប៉ុន្តែលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនខ្វល់តាមការទាមទារពីក្រៅប្រទេសទេ បើទោះជាមានការគំរាមពីសមាជិកសភាអឺរ៉ុប ថានឹងពិនិត្យឡើងវិញនូវជំនួយរាប់រយលានដុល្លារមកកម្ពុជា ប្រសិនបើដំណោះស្រាយរបស់ពួកគេត្រូវគេមិនអើពើក៏ដោយ។
លោកបានប្រាប់អ្នកយកព័ត៌មាននៅពិធីសប្បុរសមួយក្នុងក្រុងភ្នំពេញថា ”សមាជិកសភាអឺរ៉ុប និងសមាជិកសភាអាមេរិកមានសិទ្ធិរបស់ ខ្លួន [ប៉ុន្តែ] ខ្ញុំជឿជាក់ថា ប្រទេសជាតិយើងក្រោម ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នឹងកាន់តែឈានទៅមុខក្នុងការកសាងប្រទេសជាតិយើងឲ្យរីកចម្រើនលើគ្រប់វិស័យ”។
“ទោះបីមានជំនួយ ឬគ្មានជំនួយក៏ដោយ គឺយើងនៅតែទៅមុខ ចាប់ពីថ្ងៃនេះទៅ កម្ពុជាតែងតែទៅមុខ ឥតថយក្រោយពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ”។
លោក ហោ ណាំហុង បានរំឭកឡើងវិញថា ដីកាចាប់ខ្លួនលោក សម រង្ស៊ី ដែលកើតចេញពីសេចក្ដីសម្រេចរបស់តុលាការឆ្នាំ២០១១ ដាក់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ២ឆ្នាំពីបទបរិហារកេរ្តិ៍រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ គឺជាបញ្ហាផ្លូវច្បាប់ ហើយមិនទាក់ទងនឹងរឿងនយោបាយទេ។
លោកមានប្រសាសន៍ថា ”យើងចាំបាច់ត្រូវដំណើរការកិច្ចការទាំងនេះស្របទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិ ហើយនិងនីតិរដ្ឋរបស់យើង”។
ថ្លែងនៅឯកិច្ចប្រជុំមួយជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅពេលព្រឹកនោះ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមានប្រសាសន៍ថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាគួរមានឆន្ទៈពិនិត្យឡើងវិញនូវការរិះគន់មកពីប្រភពខាងក្រៅ ជាជាងចេះតែធ្វើមិនដឹងមិនឮទាំងស្រុងនោះ។
លោក កឹម សុខា បាននិយាយអំពីលិខិតមកពីសមាជិកសភាអាមេរិកថា ”តាមយើងដឹង ប្រទេសជាច្រើនដែលកាន់លទ្ធិប្រជាធិបតេយ្យ ហើយជាពិសេសសមាជិកសភារបស់ពួកគេគឺមានសិទ្ធិ នៅពេលណាពិភពលោកមានបញ្ហា ពួកគេមិនសប្បាយចិត្ត ពួកគេមានសិទ្ធិរបស់ពួកគេ”។
លោកបន្ថែមថា ”យើងជាម្ចាស់ប្រទេសនេះ ដូច្នេះយើងចាំបាច់ត្រូវពិនិត្យថា តើគេនិយាយជារឿងសមហេតុផលឬអត់ ហើយយើងមិនគួរចេះតែបដិសេធវាទាំងអស់ទេ”។
លើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍ លោក សម រង្ស៊ី ក៏មានប្រសាសន៍ដែរថា ព្រឹត្តិការណ៍នយោបាយនាពេលថ្មីៗ ក្នុងនោះមានទាំងដីកាចាប់ខ្លួនដែលបានធ្វើឲ្យលោកនិរទេសខ្លួនឯងនៅអឺរ៉ុបផងនោះ បាននាំឲ្យប្រទេសកម្ពុជាឈានទៅរក”របបបក្សតែមួយ ដូចក្នុងសម័យសង្គ្រាមត្រជាក់”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា លិខិតថ្មីបំផុតមកពីសមាជិកសភាអាមេរិក១៦រូប តំណាងឲ្យសំឡេងភាគតិចប៉ុណ្ណោះពីសភាដែលមានសមាជិក៤៣៥រូប ហើយលោកបានលើកឡើងថា លោក សម រង្ស៊ី បានធ្វើការជ្រើសរើសមិនវិលត្រឡប់មកកម្ពុជា និងប្រឈមនឹងការចាប់ខ្លួនរបស់លោក។
លោកបានថ្លែងថា “គ្មាននរណាកម្ចាត់គាត់ទេ។ គាត់កម្ចាត់ខ្លួនឯង។ វាមិនមែនជាគណបក្សតែមួយនោះទេ ព្រោះយើងអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស៕ និត