អង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា ខ្លួនបានលុបចោលការចុះទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារប្រចាំឆ្នាំនៅទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍នៅឆ្នាំនេះ ជាលើកទី១ក្នុងរយៈពេល២ទសវត្សរ៍ តវ៉ាទៅនឹងអ្វីដែលខ្លួននិយាយថា ជាការដាក់កំហិតថ្មីរបស់រដ្ឋាភិបាល។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ អង្គការលីកាដូលើកឡើងថា ការដាក់កំហិត “មិនចាំបាច់” ដោយអគ្គនាយកដ្ឋានពន្ធនាគារដែលស្ថិតនៅក្រោមក្រសួងមហាផ្ទៃនោះ បានហាមឃាត់មិនឲ្យរៀបចំពិធីណាមួយនៅពន្ធនាគារ និងមិនឲ្យចែកចំណីអាហារដោយផ្ទាល់ដល់អ្នកទោសដូចដែលខ្លួនបានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកឡើយ។
ជាការតវ៉ា អង្គការនេះបានលើកឡើងថា ខ្លួនបានលុបចោលការចុះទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារនៅទិវាសិទ្ធិមនុស្ស ជាលើកទី១ក្នុងរយៈពេល២០ឆ្នាំ។ អង្គការនេះបានឲ្យដឹងថា ការហាមឃាត់មិនឲ្យរៀបចំពិធីនៅក្នុងពន្ធនាគារជាការរំលោភបំពានសិទ្ធិអ្នកទោសដែលត្រូវដោះស្រាយភាពណែនណាំតាន់តាប់នៃពេលវេលាដ៏មានតម្លៃនៅក្រៅបន្ទប់ឃុំខ្លួន។ អង្គការលីកាដូបានបន្ថែមថា ហើយប្រសិនបើអង្គការនេះមិនអាចផ្ដល់កញ្ចប់ចំណីអាហារដល់ដៃអ្នកទោសដោយផ្ទាល់ទេ កញ្ចប់ចំណីអាហារនោះនឹងឆ្លងកាត់ប្រព័ន្ធពន្ធនាគារដែលពុករលួយមិនខាន។
លោកស្រី ណាលី ពីឡូក ប្រធានអង្គការលីកាដូបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា “ការដាក់កំហិតនេះបង្ហាញពីស្ថានភាពមិនល្អនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ ទម្លាប់រយៈពេល២០ឆ្នាំនៃការផ្ដល់ឱកាសដល់អ្នកទោសក្នុងការប្រារព្ធទិវាសិទ្ធិមនុស្ស ដែលភាគច្រើននៃពួកគេកំពុងរង់ចាំការជំនុំជម្រះនោះ កំពុងត្រូវបានហាមឃាត់ និងដើម្បីអ្វីទៅ?
លោក សាន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃមានប្រសាសន៍ថា រដ្ឋាភិបាលមិនបានហាមឃាត់អង្គការលីកាដូមិនឲ្យចែកកញ្ចប់ចំណីអាហារដោយផ្ទាល់ឡើយ ប៉ុន្តែបានហាមឃាត់កម្មវិធីកម្សាន្តដោយសារបារម្ភពីបញ្ហាសន្តិសុខ។
លោកបានបន្ថែមថា “យើងបានហាមឃាត់ពួកគេមិនឲ្យរៀបចំកម្មវិធីសិល្បៈ និងការប្រគំតន្ត្រី។ នៅពេលពួកគេ [អ្នកទោស] ចេញមកទាំងអស់គ្នានៅពេលតែមួយ វាលំបាកសម្រាប់យើងក្នុងការគ្រប់គ្រង…។ ប្រសិនបើពួកគេទាំងអស់គ្នាចេញមកនៅពេលតែមួយ ហើយមានបញ្ហា តើនរណាទទួលខុសត្រូវ? អាជ្ញាធរជាអ្នកទទួលខុសត្រូវ មិនមែនពួកគេទេ”៕ សារុន