35 C
Phnom Penh

សាលក្រម​​​ក្នុង​​​ករណី​​​ឆ្លង​​​មេរោគ​​​ ​​​​​​អេដស៍យ៉ាង​​​រាល​​​ដាល​​​ សម្រេច​​​ ​​​​​​ដោយ​​​គ្មាន​​​​​​ភ័ស្តុតាង​​​វេជ្ជសាស្ត្រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ពេល​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​​​​ពី​​​សប្តាហ៍​​​មុន​​​បាន​​​សម្រេច​​​ផ្តន្ទាទោស​​​​​​ឲ្យ​​​លោក ​​​យ៉ែម ជ្រិន គ្រូពេទ្យ​​​ភូមិ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ ដែល​​​ ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​​​​ចម្លង​មេ​​​រោគ​​​អេដស៍​​​ទៅ​​​ប្រជា​​​ពល​​​រដ្ឋ​​​ដល់​​​ទៅ​​​ជាង​​​២៨០នាក់​​​ នៅ​​​ក្នុង​​​ឃុំ​​​រកា ជាប់​​​ពន្ធនាគារ​​​​រយៈ​ពេល​២៥​​​ឆ្នាំនោះ​ វា​​​ទំនង​​​ជា​​​មិន​​​បាន​​​ពិចារណា​​​លើ​​​ភ័ស្តុ​​​តាង​​វេជ្ជសាស្ត្រ​​​ឡើយ​​ នេះ​បើយោងតាមកិច្ច​សម្ភាសន៍​​ជាមួយ​វេជ្ជបណ្ឌិត​និង​មន្ត្រី​សុខាភិបាល​។​​

តុលាការ​​​ក៏បាន​​​​បន្ត​​​សាលក្រម​​​ផ្តន្ទាទោស​​​​​​ដែរ​​​ ទោ​​​ះ​បី​​​ជា​​​គ្មាន​​​លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​តេស្ត​​​​​​​​ដែល​បច្ចុប្បន្ន​​​កំពុង​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​ឡើង​​​នៅ​​​វិទ្យាស្ថាន​​​បា៉ស្ទ័រ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ និង​ដែល​​​ អាច​ជួយ​​​​ក្នុង​​​ការ​​​​​​លាត​​​ត្រដាង​​​ប្រភព​​​​​​ដើម​​​នៃ​​​​ការ​​​ឆ្លង​​​មេរោគ​​​អេដស៍យ៉ាងរាលដាល​នៅ​​​​ក្នុង​​​ឃុំ​​​រកា​​​ ហើយ​ដែល​​​​នឹង​​​ត្រូវ​​​បញ្ចប់​​​នៅ​​​ប៉ុន្មាន​​​សប្តាហ៍​​​​ខាង​​​មុខ​​​នោះ។

ខណៈ​​​ព្រះរាជ​​​អាជ្ញា​​​ពឹង​​​ផ្អែក​​​យ៉ាង​​​ខ្លាំង​​​លើ​​​សក្ខី​​​កម្ម​​​របស់​​​អ្នក​​​ភូមិ​​​​​​​​​​​​ឆ្លង​​​មេរោគ​​​អេដស៍​​​ជិត​​​៩០​​​នាក់​​​អំឡុង​​​ការ​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​​​​ក្តី​​​រយៈ​​​ពេល​​​ប្រាំ​​​ថ្ងៃ​​​របស់​​​លោក យ៉ែម​​​ជ្រិន​​​ នៅ​​​ក្នុង​​​ខែ​​​តុលា តុលាការ​​​បាន​​​លើក​​​ឡើង​​​ ​​​​នៅ​​​ថ្ងៃ​​​ចុង​​​ក្រោយ​​​នៃ​​​ការ​​​បើក​​​សវនាការ​​​ជំនំុជម្រះ​​​ថា ខ្លួន​​​ក៏​​​ចង់បាន​​​​លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​តេស្ត​​​​​ធ្វើ​​​ឡើង​​​ដោយ​​​វិទ្យាស្ថានប៉ាស្ទ័រ​​ ដែល​​​កំពុង​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​យ៉ាង​​​សកម្ម​​​អំពី​​​មេ​​​រោគ​​​អេដស៍​​​​​​ ដែល​​​បាន​​​ឆ្លង​​​យ៉ាង​រាល​​​ដាល​​​ជា​​​ លើក​​​ដំបូង​​​ក្នុង​​​ឃុំ​​​រកា កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន​​​ដែរ​​​។

វា​​​មិន​​​ច្បាស់​​​ទេ​​​ថា តើ​​​ការ​​​ធ្វើ​​​តេស្ត​​​មួយ​​​ណា​​​ដែល​​​តុលាការ​​​សំដៅ​​​លើ​​​។ យោង​​​តាម​​​លោក​​​ Didier Fontenille ប្រធាន​វិទ្យាស្ថាន​​​ប៉ាស្ទ័រ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ធ្វើ​​​តេស្ត​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​វិទ្យាស្ថាន​​​របស់​​​លោក​​​ផ្តោត​​​​​​លើ​​​​​​កត្តា​​​បី​​​​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា គឺ​​​សំណាក ​​​ឈាម​​​​របស់​​​អ្នក​​​ភូមិ​​​ឃុំ​​​រកា ស៊ឺរាំង​​​ដែល​​​​រឹប​​​អូស​​​បាន​​​ពីផ្ទះ​​​របស់​​​លោក យ៉ែម​​​ ជ្រិនដោយ​ក្រុម​អ្នក​ស៊ើប​អង្កេត​​​​ កាល​​​ពីខែ​​​ធ្នូ និង​​​​​​ប្រភព​​​នៃ​​​មេរោគ​​​អេដស៍​​​នៅ​​​ក្នុង​​​ឃុំ​​​នេះ​​​។

ខណៈ​​​សំណាក​​​ឈាម​​​ត្រូវ​​​បាន​​​ធ្វើ​​​តេស្ត​​​មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់ពី​​​មាន​កា​​​រផ្ទុះឡើង​នូវ​​​​​ករណី​​​​នេះ​​​​ដើម្បី​​​បញ្ជាក​​​់​​​អំពី​​​ការ​​​ឆ្លង​​​យ៉ាង​រាល​​​ដាល​​​នោះ​​​​ ការ​​​ធ្វើ​​​តេស្ត​​​បន្ថែម​​​ទៀត​​​ដើម្បី​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​ថា តើ​​​មេរោគ​​​អេដស៍ និង​​​អង់ទីគ័រ​​​មាន​​​​នៅក្នុង​​​បរិក្ខា​រ​​ពេទ្យ​​​របស់​​​លោក ​​​យ៉ែម​​​ ជ្រិន​​​ដែរ​​​ ឬ​​ អត់​​​ ​​​ទើប​​​តែ​​​ត្រូវ​​​បាន​​​បញ្ចប់​​​​​​​​ក្នុង​​​ពេល​​​ថ្មី​​​ៗនេះ​​​ប៉ុណ្ណោះ។

លោក​​​វេជ្ជបណ្ឌិត Didier Fontenille  បាន​​​លើក​​​ឡើង​​​ទៀត​ថា អ្នក​​​សិក្សា​​​ស្រាវជ្រាវ​​​នៅ ​​​វិទ្យាស្ថាន​​​ប៉ាស្ទ័រ​​​នៅ​​​មិន​​​ទាន់​​​បញ្ចប់​​​ការ​​​​​​ធ្វើ​​​តេស្ត​​​ជា​​​បន្ត​​​បន្ទាប់​​​ “​​​ដ៏​​​សំខាន់​​​” ដែល​​​នឹង​​​កំណត់​​​ ប្រភព​​​ដើម​​​នៃ​​​មេរោគ​​​អេដស៍​​​នៅ​​​ភូមិ​​​រកា​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​៍​​​ថា “អ្វី​​​ដែល​​​យើង​​​ចង់​​​ដឹង​​​គឺ​​​ថា តើ​​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​នេះ​​​មាន​​​ប្រភព​​​មេរោគ​​​នេះច្រើន​​​ ឬ​​​ទេ​​​ ឬ​​​ថា​​​តើ​​​មេរោគ​​ នេះ​​​ស្ទើរ​​​តែ​​​ទាំង​​​អស់​​​សុទ្ធ​​​តែ​​​មា​​ន​​​ប្រភព​​​តែ​​​មួយ​​​”។​លោក​​​បាន​​​បន្ថែម​​​ថា លទ្ធផល​​​បឋម​​​បង្ហាញ​​​ថា​​​មេរោគ​​​នេះ​​​មាន​ប្រភព​​​មិនច្រើន​ទេ​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ​​​” យើង​​​ដឹង​​​ថា វា​​​ស្ទើរ​​​តែ​​​មាន​​​ប្រភព​​​តែ​​​មួយ​​​ប៉ុន្តែ យើង​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​នៅ​​​ឡើយ​​​ទេ ថា ​​​តើ​​​វាបណ្តាលមកពី​​គ្រូពេទ្យ​​​តែ​​​ម្នាក់​​​ គ្រូពេទ្យ​​​មួយ​​​ចំនួន​​​ ឬ​​​គ្រូពេទ្យ​​​ច្រើននាក់​ រួមទាំងការ​​​ឆ្លង​​​តាមរយៈ​ការ​​​​រួម​​​ភេទ​​​ និង​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​​។ យើង​​​រំពឹង​​​ថា នឹង​​​បញ្ចប់​​​ការ​​​ធ្វើ​​​តេស្តជា​​​បន្ត​​​បន្ទាប់​​​នេះ​​​នៅ​​​ប៉ុន្មាន​​​សប្តាហ៍​​​ក្រោយ​​​ ឬ​​​យ៉ាង​​​តិច​​​ត្រឹម​​​​​​មួយ​​​ឬ​​​ពី​​​រខែទៀត​​​​”។​​​​​​​​​​​​

លោក​​​វេជ្ជបណ្ឌិត​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា លោក​​​បាន​​​បញ្ជូន​​​របាយការណ៍​​​នៃ​​​​​លទ្ធ​​​ផល​សិក្សា​របស់​​​ក្រុម​​​លោក​​​អំពី​​​បរិក្ខារពេទ្យ​​​របស់​​​លោក យ៉ែម ជ្រិន ទៅ​​​ក្រសួង​​​សុខាភិ​​​បាល​​​កាល​​​ពី​​​ខែ​​​មុន​​​ ប៉ុន្តែ​​​ថា លោក​​​មិន​​​ច្បាស់​​​ទេថា តើ​​​ឯកសារ​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ដល់​​​ដៃ​​​របស់​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​ដែរ​​​ ឬ​​​អត់​​​នោះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រសួង​​​សុខាភិបាល​​​ទទួល​​​បាន​​​លទ្ធផល​​​នេះ​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​ថា តើ​​​លទ្ធផល​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​បង្ហាញ​​​ នៅ​​​តុលាការ​​​ដែរ​​​ ឬ​​​អត់​​​នោះ​​​។ យើង​​​នៅ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​អញ្ជើញ​​​ឲ្យ​​​ទៅ​​​ទី​​​នោះ​​​[តុលាការ​​​]​​​ នៅ​​​​​​ឡើយ​​​ទេ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា លទ្ធផល​​​​​​នៃ​​​ការ​​​សិក្សា​​​ ដែល​​​លោក​​​បដិសេធ​​​មិន​​​បង្ហាញ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​ “អ្នក​​​ដែល​​​​​​លោក​​​អាច​​​ទាក់​​​ទង​​​បាន​​​តែ​​​មួយ​​​គត់​​​” នៅក្រសួង​​​​​​សុខាភិបាល​​​ គឺ​​​លោក មាន ឈីវុន អតីត​​​ប្រធាន​​​មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍ សើ​​​ស្បែក និង​​​កាម​​​រោគ​​​ ដែល​​​បាន​​​ចូល​​​និវត្ត​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ប៉ុន្តែ នៅ​​​ធ្វើ​​​ជា​​​ទី​​​ប្រឹក្សា​​​នៅ​​​ក្រសួង​​​នេះ​​​។

វេជ្ជបណ្ឌិត​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​វេជ្ជបណ្ឌិត មាន ឈីវុន និង​​​វេជ្ជ​​​បណ្ឌិត​​​ផ្សេង​​​ទៀត​​​នៅ​​​មជ្ឈមណ្ឌល​​​ជាតិ​​​នេះ​​​សុទ្ធ​​​តែ​​​​​​បាន​​​ពិនិត្យមើល​​​​លទ្ធផល​​​នៃ​​​ការ​​​សិក្សា​​ របស់​​​​វិទ្យាស្ថាន​​​បា៉ស្ទ័រ​​​ស្តី​​​អំពី​​​បរិក្ខារ​​​ពេទ្យ​​​ក៏​​​ដូច​​​ជា​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​បន្ត​​​របស់​​​ខ្លួន​​​ដើម្បី​​​រក​​​ប្រភព​​​ ឌីអិន​​​អេ របស់​​​មេរោគ​​​នេះ។ ​​​លោក​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​​ដឹង​​​រឿង​​​នោ​​​ះ​​​យ៉ាង​​​ច្បាស់​​​ព្រោះ​​​យើង​​​មាន​​​ការ​​​ប្រជុំ​​​មួយ​​​ចំនួន​​​។ យើង​​​មាន​​​ការ​​​ប្រជុំ​​​ជា​​​ប្រចាំ​​​ ហើយ​​​ប្រធាន​​​ថ្មី​​​នៃ​​​មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​មេ​​​រោគ​​​អេដស៍ សើ​​​ស្បែក និង​​​កាម​​​រោគ ក៏​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ទាំង​​​អស់​​​នេះ​​​ដែរ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ពេល​​​ត្រូវ​​​បាន​​​សួរ​​​កាល​​​​​​ពី​​​ម្សិលមិញ ថាតើ​​​លោក​​​មាន​​​បាន​​​បញ្ជូន​​​ព័ត៌​​​មាន​​​របស់​វិទ្យាស្ថាន​​​ប៉ាស្ទ័រ​​​ទៅ​​​តុលាការ​​​ដែរ​​​ឬ​​​ទេ​​​ លោក​​​វេជ្ជបណ្ឌិត​​​ មាន​​​ ឈីវុន បាន​​​បដិសេធ​​​ មិន​​​ផ្តល់​​​ចម្លើយ​​​ច្បាស់​​​លាស់ទេ​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​បាន​​​ទទួល​​​របាយ​​​ការណ៍​​​ផ្លូវ​​​ការ​​​ពី​​​វិទ្យាស្ថាន​​​ប៉ាស្ទ័រ​​​ទេ។ខ្ញុំ​​​ទទួល​​​បាន​​​តែ​​​ឯកសារ​​​​​​ដែល​​​មាន​​​ព័ត៌​​​មាន​​​ថ្មី​​​ៗ​​​ប៉ុណ្ណោះ​​​”។ ហើយ​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​លោក​​​មាន​​​បាន​​​បញ្ជូន​​​ឯកសារ​​​ដែល​​​មាន​​​ព័ត៌​​​មាន​​​ថ្មី​​​ៗ​​​នេះ​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​ដែរ​​​ ឬ​​​ទេ​​​ វេជ្ជបណ្ឌិត​​​រូបនេះ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ច្បាស់​​​ទេ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​។ អ្នក​​​អាច​​​សួរ​​​តុលាការ​​​បាន​​​”។

លោក ទូច សុភក្តី អ្នក​​​នាំពាក្យ​​​តុលាការ​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​សំណួរ​​​អំពី​​​ថា តើ​​​តុលាការ​​​មាន​​​បាន​​​ទទួល​​​លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​តេស្ត​​​ ឬ​​​យ៉ាង​​​ណា​​​នោះ។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “នេះ​​​គឺ​​​ជា​​​បញ្ហា​​​ផ្ទៃ​​​ក្នុង​​​របស់​​​តុលាការ​​​”។

មន្ត្រី​​​សុខាភិបាល​​​ថ្នាក់​​​ជាតិ​​​ និង​​​ថ្នាក់​​​ខេត្ត​​​ដែល​​​ទាក់ទង​​​កាល​​​ពី​​​ម្សិលមិញ បាន​​​និយាយ​​​ថា ខ្លួន​​​មិន​​​ដឹង​​​ថា តើ​​​តុលាការ​​​​បាន​​​ទទួល​​​របាយ​​​ការណ៍​​​ភ័ស្តុ​​​តាង​​​វេជ្ជសាស្ត្រ​​​ ដែល​​​ត្រូវ​​​បាន​​​ស្នើ​​​ឡើង​​​នេះ​​​ដែរ ឬអត់ឡើយ​។

លោក លី ពេញ​​​ស៊ុន ដែល​​​ជំនួស​​​តំណែង​​​លោក​​​វេជ្ជបណ្ឌិត មាន​​​ ឈីវុន ជា​​​ប្រធាន​​​មជ្ឈ​​​ មណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍ សើ​​​ស្បែក  ​​​និង​​​កាម​​​រោគ​​​បាន​​​បង្វែរ​​​សំណួរ​​​អំពី​​​ការ​​​វិភាគ​​​របស់​​​វិទ្យាស្ថាន​​​ប៉ាស្ទ័រ​​​ត្រឡប់​​​ទៅ​​​ព្រះរាជ ​​​អាជ្ញា​​​របស់​​​លោក​​​វិញ​​​​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​អំពី​​​លទ្ធផល​​​ទាំង​​​នេះ​​​​ ដែល​​​តុលាការ​​​បាន​​​ស្នើ​​​ពី​​​វិទ្យាស្ថាន​​​ប៉ាស្ទ័រ​​​ទេ”។

លោក វឿង ប៉ុន​​​រ៉េត ប្រធាន​​​មន្ទីរ​​​សុខាភិ​​​បា​​​លខេត្ត​​​បាត់​​​ដំបង​​​បាន​​​លើក​​​​​​ឡើង​​​ថា លោក​​​ ​​​បាន​​​ស្នើ​​​សុំ​​​លទ្ធផល​​​នៃ​​​ការ​​​សិក្សា​​​របស់​​​វិទ្យា​​​ស្ថាន​​​នេះ​​​ជំនួស​​​មុខ​​​ឲ្យ​​​សាលា​​​ដំបូង​​​ខេត្ត​​​ ប៉ុន្តែ  លោក​​​មិន​​​ដឹង​​​ទេ​​​ថា តើ​​​លទ្ធផល​​​ទាំង​​​នេះ​​​ត្រូវ ​​​បាន​​​បញ្ជូន​​​ទៅ​​មន្ត្រី តុលាការ​​​ដែរ​​​ ឬ​​​អត់​​​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​​​​គ្រាន់​​​តែ​​​យក​​​លិខិត​​​ពី​​​ត​​​ុលាការ​​​ទៅ​​​ឲ្យ​​​វិទ្យាស្ថាន​​​ប៉ាស្ទ័រ​​​ប៉ុណ្ណោះ ប៉ុន្តែ ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​ថា តើ​​​តុលាការ​​​បាន​​​​​​ ទទួល​​​លទ្ធផល​​​នេះ​​​ដែរ​​​ ឬ​​​អត់​​​នោះ”។

លោក ឯម សាវណ្ណ មេធាវី​​​របស់​​​លោក ​​​យ៉ែម ជ្រិន​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​​​​ដឹង​​​ថា តុលាការ​​​បាន​​​ស្នើ​​​លទ្ធផល​​​នៃ​​​ការ​​​សិក្សា​​​របស់​​​វិទ្យាស្ថាន​​​ប៉ាស្ទ័រ​​​តាំង​​​ពី​​​ដំបូង​​​មក​​​ម្លេ៉ះ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “យោង​​​តាម​​​អ្វី​​​ដែល​​​ខ្ញុំ​​​ចាំ​​​ ចៅ​​​ក្រម​​​ប្រធាន​​​ក្រុមប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​បាន​​​ស្នើ​​​តាម​​​រយៈ​​​មន្ទីរ​​​សុខាភិបាល​​ខេត្ត​​​ឲ្យ​​​យក​​​ឈាម​​​របស់​​​លោក យ៉ែម ជ្រិន​​​ទៅ​​​ធ្វើ​​​តេស្ត​​​។ ប៉ុន្តែ ខ្ញុំ​​​មិន​​​បាន​​​ឮ​​​ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​ស្នើ​​​សុំ​​​លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​តេស្ត​​​ផ្សេង​​​ណា​​​មួយ​​​ឡើយ​​​”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស