37 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​​​ការ​បរទេស​​​ការ​ពារ​រដ្ឋាភិបាល​ចំពោះ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​​​​​​ លោក​រដ្ឋមន្ត្រី​​ក្រសួង​ការ​បរទេស​ ហោ ណាំហុង ​ជាថ្មី​ម្ដង​ទៀត​បាន​​​ការ​ពារ​​ចំណាត់​ការ​ផ្លូវ​ច្បាប់​​ និង​​​វិធានការ ​នយោបាយ​ថ្មីៗ​​លើ​គណបក្ស​​សង្គ្រោះ​ជាតិ​ និង​បាន​ទទួល​ស្គាល់​​ចំពោះ​ការ​ជំរុញ​ដោយ​ផ្ទាល់​​​ឲ្យ​មាន​ការ​អនុវត្ត​​សាល​ក្រម​​​ផ្ដន្ទាទោស​ពីបទ​បរិហារកេរ្តិ៍​ និង​ញុះញង់​​មាន​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​លើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ។

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​ជំនួប​ លើក​ដំបូង​របស់​លោក​ជាមួយ​​ឯក​អគ្គរដ្ឋទូត​អាមេរិក​ថ្មី​លោក William Heidt លោក​រដ្ឋ​​​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា លោក​បាន​​ប្រាប់​​ឯកអគ្គ​រដ្ឋទូត​រូប​នេះ​ថា មិន​មាន​រឿង​នយោ​​​បាយ​ពាក់ព័ន្ធ​​​នឹង​​សាលក្រម​ឆ្នាំ​២០១១​​របស់​លោក សម រង្ស៊ី ទាក់​ទិន​នឹង​ការ​អះអាង​​ដែល​គាត់​បាន​និយាយ​ថា លោក​ ហោ ណាំហុង ​ធ្លាប់​ជា​អ្នក​ចូល​ដៃចូល​ជើង​​ជាមួយ​ខ្មែរ​ក្រហម​​​​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​បាន​ប្រាប់​ លោក​ឯក​អគ្គរដ្ឋទូត​ថា ​កម្ពុជា​​​ជា​នីតិរដ្ឋ។ ​​​ប្រទេស​កម្ពុជា​ត្រូវ​គោរព​​ច្បាប់​​ទាំង​អស់ ហើយ​រដ្ឋាភិបាល​​មិន​អាច​ជ្រៀត​ជ្រែក​ចូល​ប្រព័ន្ធ​តុលាការ​បាន​ទេ”។ ទោះជា​​​យ៉ាង​​​នេះ​​​ក្តី​​​នៅ​ពេល​បន្ទាប់​មក​ទៀត លោក ហោ ណាំ​​​ហុង បាន​ទទួល​ស្គាល់​ថា លោក​​​បាន​ស្នើ​ឲ្យ​តុលាការ​​ក្រុង​ភ្នំពេញ​​អនុវត្ត​សាលក្រម​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ដែល​​រហូត​មក​ដល់​ខែ​មុន​​​នេះ​​​​​​ មិន​ទាន់​បាន​អនុវត្ត​នៅឡើយ បន្ទាប់​​​ពី​លោក សម រង្ស៊ី បាន​បដិសេធ​​មិន​សុំទោស​លោក។

លោក​បាន​មាន​ប្រសាសន៍​ថា “ឯក​ឧត្ដម​មិន​បាន​ឆ្លើយ​តប​ទេ ហើយ​បាន​​ស្នើ​ឲ្យ​ខ្ញុំ​​​​សុំ​អភ័យ​ទោស​ចំពោះ​​ប្រជាជន​ដែល​ស្លាប់​អំឡុង​ របប​ខ្មែរ​ក្រហម។ នេះ​ជា​ពាក្យ​គ្រោតគ្រាត ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​អនុវត្ត​សាលក្រម​​​នេះ”។

កាលពី​ខែ​មុន លោក ហោ ណាំហុង បាន​​បញ្ជាក់​ថា ​លោក​មិន​បាន​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ភ្លាមៗ​​ទៅ​លើ​លោក សម រង្ស៊ី ទេ​ ថែម​ទាំង​មិន​ដឹង​ថា មេធាវី​របស់​លោក​​​បាន​សុំ​​ឲ្យ​​គេ​ចេញ​​ដីកា​​ទៀត​ផង។

ចាប់​តាំង​ពី​ពេល​នោះ​មក លោក សម រង្ស៊ី ត្រូវ​បាន​គេ​ដក​ចេញ​ពី​សភា​ និង​​ដក​ហូត​​អភ័យ​ឯកសិទ្ធិ​ស្រប​ច្បាប់​​ជាមួយ​នឹង​ឋានៈ​របស់​លោក​ជា​តំណាង​រាស្ត្រ​ម្នាក់​ ដោយ​​សំឡេង​ ភាគ​​​ច្រើន​​នៃ​​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​​​​រដ្ឋសភា ដែល​មាន​ចំនួន​លើសលប់​ដោយ ​គណបក្ស​ប្រជាជន។ ឥឡូវ​នេះ​ លោក​នៅ​បរទេស​ស្ថិត​ក្នុង​ការ​និរទេស​ដោយ​ ខ្លួន​ឯង។

លោក កឹម សុខា អនុប្រធាន​របស់​លោក ​​​ត្រូវ​បាន​ដក​ហូត​តំណែង​​ពី​អនុប្រធាន​រដ្ឋ​​​សភា​​នៅ​ពេល​ពីរ​បី​សប្ដាហ៍​មុន​​នោះ។ តែ​ប៉ុន្មាន​ថ្ងៃ​​មុន​នោះ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​​ត្រូវ​បាន​វាយ​ដំ​​ធ្វើ​បាប​យ៉ាង​ខ្លាំង​​នៅ​ពេល​ចាក​ចេញ​ពី​សភា​ នៅ​ទី​​​បញ្ចប់​នៃ​ការ​តវ៉ា​​រៀបចំ​​ដោយ​គណបក្ស​​ប្រជាជន​ប្រឆាំង​លោក កឹម សុខា។

លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​​ កាលពី​ម្សិលមិញ​ថា លោក​បាន​ប្រាប់​​លោក​​​ឯក​អគ្គរដ្ឋទូត​អាមេរិក​ថា ការ​ដក​លោក កឹម សុខា ​គឺ​ត្រឹម​ត្រូវ​ទាំង​ស្រុង​​ ពីព្រោះ​គាត់​បាន​ប្រើ​តំណែង​របស់​គាត់​​​​ដើម្បី​ “​បង្កាច់​បង្ខូច​” រដ្ឋាភិបាល​ ហើយ​បាន​​អះអាង​​​នឹង​លោក​ឯក​​​អគ្គរដ្ឋទូត Heidt ថា ​រដ្ឋាភិបាល​​នឹង​ចាត់​វិធាន​​​ការ​នានា​​មិន​ឲ្យ​​មាន​ការ​វាយ​ប្រហារ​ណា​មួយ​លើ​​តំណាង​រាស្ត្រ​​ទៀត​ទេ។

លោក​បាន​បន្ថែម​ថា “​ឯក​ឧត្ដម​ឯកអគ្គរដ្ឋ​​​ទូត​​​ជឿជាក់​​តាម​អ្វី​ដែល​ខ្ញុំ​បាន​​ពន្យល់”។

ចាក​ចេញ​ពី​កិច្ច​ប្រជុំ​ លោក Heidt បាន​មាន​​ប្រសាសន៍​ថា ​លោក​​​មាន​ការ​ពិភាក្សា​​ “រាក់​​​ទាក់” ជាមួយ​លោក​រដ្ឋមន្ត្រី​ ប៉ុន្តែ​មិន​បាន​ឲ្យ​ដឹង​លម្អិត​ទេ។ ស្ថានទូត​អាមេរិក​​បាន​និយាយ​ថា អ្នក​ទាំង​ពីរ​​​បាន​ពិភាក្សា​គ្នា​​អំពី​ស្ថាន​ការណ៍​នយោបាយ ប៉ុន្តែ​​​មិន​បាន​បរិយាយ ​ច្រើន​នោះ​ទេ។

កាលពី​ខែ​មុន ក្រសួង​ការ​បរទេស​អាមេរិក​​ បាន​សម្ដែង​​ “កង្វល់​យ៉ាង​ខ្លាំង” ចំពោះ​ការ​ប្រព្រឹត្ត​​​ថ្មីៗ​លើ​គណបក្ស​ប្រឆាំង និង​បាន​និយាយ​ថា វា​ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់​ “​អំឡុង​​​ពេល​​​​​ផ្ដាច់​ការ​​ក្នុង​អតីត​កាល​ថ្មីៗ​របស់​ប្រទេស​កម្ពុជា”។ កាលពី​ថ្ងៃ​​ព្រហស្បតិ៍ សមាជិក​សភា​អាមេរិក​១៦​រូប​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​​​មក​លោក​​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដោយ​ជំរុញ​ឲ្យ​លោក​លុប​ចោល​​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី នឹង​ប្រគល់​​​សមាជិកភាព​​តំណាង​​​រាស្ត្រ​ទៅ​​​ឲ្យ​​​លោក សម រង្ស៊ី វិញ។

ទាក់​ទង​បន្ទាប់ពី​កិច្ច​ប្រជុំ​កាលពី​ម្សិលមិញ លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ បាន​និយាយ​ថា មិន​មាន​ភាព​ផ្ទុយ​គ្នា​​នៅ​​​ក្នុង​ការ​ថ្លែង​​របស់​លោក ហោ ណាំហុង ពាក់ព័ន្ធ​​​នឹង​​​តួនាទី​របស់​លោក​​ក្នុង​ការ​អនុវត្ត​​​សាល​ក្រម​ឆ្នាំ​២០១១​ លើ​លោក សម រង្ស៊ី ទេ។ លោក​ បាន​មាន​​ប្រសាសន៍​ថា លោក រដ្ឋមន្ត្រី​​មិន​បាន ​​សុំ​​ឲ្យ​គេ​ចេញ​ដីកា​ចាប់​ខ្លួន​ទេ​ តែ​បាន​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​អនុវត្ត​នៅ​​ពេល​មាន​​​ការ​​​ចេញ​ដីកា​​​រួច​​​ហើយ​​​ប៉ុណ្ណោះ។

លោក​បាន​​​និយាយ​ថា លោក ហោ ណាំហុង បាន​ធ្វើ​​​សំណើ​នេះ​​បន្ទាប់ពី​លោក សម រង្ស៊ី បាន​បដិសេធមិន​សុំ​អភ័យ​ទោស​ ជា​ច្រើន​​​ថ្ងៃ​​បន្ទាប់ពី​ដីកា​នោះ​ចេញ។

លោក សុន្ទរី បាន​មាន​ប្រសាសន៍​ថា ”​ក្រោយ​ មកគាត់​​ [លោក ណាំហុង] បាន​មាន​ប្រសាសន៍​​​​ ថា គាត់​បាន​ស្នើ​ឲ្យ​​​តុលាការ​​អនុវត្ត​ដីកា​ចាប់​ខ្លួន​នោះ”៕ និត

(រាយការណ៍​បន្ថែម​ដោយ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស