កុដិដែលមានបញ្ហាដ៏ក្តៅគគុកនៅក្នុងវត្តស្ទឹងមានជ័យ ត្រូវបានបិទទ្វារកាលពីម្សិលមិញ រង់ចាំការសើុបអង្កេតពីសំណាក់មន្ត្រីធម្មការ និងមន្ត្រីសង្ឃ ខណៈអ្នកគាំទ្រព្រះសង្ឃដែលទិញកុដិនេះ បានគំរាមទម្លាយទ្វារចូលប្រសិនបើមិនបើកទ្វារឡើងវិញទេនោះ។
មន្ត្រីសង្ឃនៅវត្តដែលឧស្សាហ៍មានបញ្ហា នៅជាយរាជធានីភ្នំពេញនេះបានអះអាងនៅសប្តាហ៍នេះថា ព្រះតេជគុណ គឹម សិលា ព្រះជន្ម៥២ព្រះវស្សា ជាព្រះសង្ឃខ្មែរក្រោម បានយកពុទ្ធប្បដិមា១៧អង្គ និងវត្ថុបុរាណសាសនាដទៃទៀតទៅបោះចោលនៅក្នុងស្រះទឹកបន្ទាប់ពីរើចេញពីកុដិ ដែលព្រះអង្គបានទិញពីព្រះសង្ឃមួយអង្គទៀតកាល ពីថ្ងៃសុក្រ ។

ឥឡូវេនះ ព្រះតេជគុណ គឹម សិលា កំពុងរងការរិះគន់ពីព្រះចៅអធិការវត្តចំពោះការប្រព្រឹត្តខុសវិន័យព្រះពុទ្ធដោយចំណាយបច្ច័យ៥០.០០០ដុល្លារទិញកុដិកម្ពស់ពីរជាន់ ជាកុដិមួយក្នុងចំណោមកុដិដ៏ធំបំផុតក្នុងវត្តនេះ ដែលមានទំហំ ២៥ម x ៣០ម។
ព្រះតេជគុណ ថៃ ប៊ុនធឿន ព្រះចៅ អធិការ ស្តីទីវត្តស្ទឹងមានជ័យបានមានសង្ឃដីកាថា ”យោងតាមបទបញ្ជាផ្ទៃក្នុងវត្ត ការទិញទ្រព្យសម្បត្តិសាសនាត្រូវបានហាមឃាត់”។
ព្រះអង្គបន្ថែមថា ”កាលពីម្សិលមិញ យើង ឮថា កុដិនេះត្រូវបានទិញក្នុងតម្លៃ ៥០.០០០ ដុល្លារ ដូច្នេះមន្ត្រីសង្ឃ និងមន្ត្រីមកពីមន្ទីរធម្មការ និងសាសនា បានយល់ស្របថា កុដិនេះគួរត្រូវប្រគល់ជាទ្រព្យសម្បត្តិវត្ត”។
បើទោះជាព្រះចៅអធិការវត្តមានសង្ឃ ដីកាថា ព្រះអង្គបានចុះហត្ថលេខាលើឯកសារ កាលពីថ្ងៃសុក្រ ផ្ទេរកុដិពីព្រះតេជគុណ ប៊ុន ស៊ីថុន ជាអតីតមេកុដិទៅឲ្យព្រះតេជគុណ គឹម សិលា ក៏ដោយ ក៏ព្រះអង្គលើកឡើងថា ព្រះអង្គមិនដឹងថា មានការដោះដូរជាលុយកាក់ឡើយ។
ព្រះតេជគុណមានសង្ឃដីកាថា “ឯកសារនោះមិនបានសរសេរថា នេះជាការទិញឡើយ។ ព្រះសង្ឃទាំងពីរអង្គបានភូតកុហកអាត្មាដោយឃុបឃិតពាក់ព័ន្ធឯកសារនេះ”។
លោក ផន ដាវី ប្រធានមន្ទីរធម្មការ និងសាសនារាជធានី បានមានប្រសាសន៍ថា កុដិនេះត្រូវបានបិទទ្វារដើម្បីឲ្យមន្ត្រីសាសនា និងមន្ត្រីសង្ឃអាចឆែកឆេររកភ័ស្តុតាង។
លោកបានថ្លែងថា “បញ្ហាបានកើតឡើងនៅកុដិនេះ ដូច្នេះយើងសម្រេចឲ្យបិទទ្វារកុដិនេះជាបណ្តោះអាសន្នសិនដើម្បីយើងធ្វើការសើុបអង្កេត”។ទ្វារមុខកុដិលេខ១៧ក្នុងវត្តនេះត្រូវបានចាក់សោកាលពីម្សិលមិញ។
កាលពីថ្ងៃច័ន្ទ មន្ត្រីធម្មការបានសាកសួរព្រះតេជគុណ គឹម សិលា រយៈពេលជាង៣ម៉ោង ខណៈពេលអ្នកគាំទ្រព្រះអង្គដែលភាគច្រើនជាព្រះសង្ឃខ្មែរក្រោមមកពីវត្តសាមគ្គី រង្សី ក្បែរនោះ បានរង់ចាំនៅខាងក្រៅ។ នៅពេលពាក្យចចាមអារ៉ាមមិនពិតផ្សព្វផ្សាយថា ព្រះតេជគុណ គឹម សិលា ត្រូវបានផ្សឹក អ្នកគាំទ្របានព្យាយាមរុញច្រានកាត់ព្រះសង្ឃប្រហែល៣០អង្គដែលឈរយាមដោយបណ្តាលឲ្យមានការប៉ះទង្គិចគ្នាបន្តិចបន្តួច ហើយការប្រជុំត្រូវបានផ្អាកដោយគ្មានលទ្ធផលអ្វីឡើយ។
នៅម៉ោងប្រហែល៣រសៀលម្សិលមិញ ព្រះតេជគុណ គឹម សិលា បានមានសង្ឃដីកានៅខាងមុខកុដិជាមួួយអ្នកគាំទ្រប្រហែល៣០អង្គ-នាក់ ដែលហ៊ោអបអរព្រះអង្គ។
ព្រះអង្គមានសង្ឃដីកាថា “អាត្មាគិតថា ព្រះសង្ឃនៅវត្តនេះចង់យកកុដិនេះ ប្រសិនបើចង់យក សូមឲ្យបច្ច័យអាត្មា៥០.០០០ដុល្លារ វិញមក ហើយអាត្មានឹងយកទៅបរិច្ចាគ ដល់មន្ទីរពេទ្យគន្ធបុប្ផា”។
ព្រះតេជគុណ ថាច់ ហា សំអាង ព្រះចៅអធិការវត្តសាមគ្គីរង្សី ក៏មានវត្តមាននៅវត្តស្ទឹងមានជ័យដែរកាលពីម្សិលមិញ ហើយបានផ្តល់ឱសានវាទជុំវិញកុដិដែលមានបញ្ហានេះ។
ព្រះតេជគុណបានមានសង្ឃដីកាថា “ថ្ងៃេនះអាត្មាមកទីនេះ…ក្នុងនាមជាអនុប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ហើយយើងទាមទារឲ្យបើកទ្វារកុដិរបស់ព្រះសង្ឃអង្គនេះភ្លាមៗ។ យើងទុកពេលឲ្យបើកទ្វារឡើងវិញនៅថ្ងៃនេះ ឬថ្ងៃស្អែក ប្រសិនបើមិនបើកទេ យើងនឹងផ្តាច់សោតែម្តង”។
ជាការឆ្លើយតបចំពោះការគំរាមនេះព្រះតេជគុណ ថៃ ប៊ុនធឿន បានមានសង្ឃដីកាថា “ប្រសិនបើហ៊ានធ្វើអ៊ីចឹងមែន ព្រះសង្ឃនៅក្នុងវត្តនឹងចាត់វិធានការ”៕សារុន