27 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រិះគន់​មូលនិធិ​ពិភព​លោក​យ៉ាង​​​ចាស់​​​ដៃ​​​ជុំវិញ​សំណុំរឿង​​ពុក​រលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជា​ថ្មីម្ដង​ទៀត​​កាលពី​ម្សិលមិញ ​​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​​បាន​​​​និយាយ​ការ​ពារ​​​សេចក្ដី​សម្រេច​​ដ៏ចម្រូងចម្រាស​របស់​​រដ្ឋាភិបាល​​​​មិន​ចោទ​ប្រកាន់​​​អតីត​​ប្រធាន​​មជ្ឈ​មណ្ឌល​​​​ជាតិ​​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​​ ទាក់​ទិន​​​​ការ​លាត​ត្រដាង​ថា មន្ត្រី​រូប​នោះ​បាន​​​​ទទួល​​ការ​សូក​ប៉ាន់​​រាប់​សែន​ដុល្លារ​​ដើម្បី​​​ធានា​​ឲ្យ​ក្រុម​ហ៊ុន​​ពីរ​​​ទទួល​បាន​កិច្ច​​សន្យា​​ផ្គត់ផ្គង់​មុង ដែល​មាន​ទំហំ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​។

​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​​​ថែមទាំង​បាន​​ចាត់​ទុក​ការ​ស៊ើបអង្កេត​​​​ពី​​ប្រភព​ខាង​ក្រៅ​ដែល​លាត​​​​ត្រដាង​​ការ​សូក​ប៉ាន់​នេះ​​ថា ជា​ការ​រំលោភ​​​​​​​​សិទ្ធិ​មនុស្ស​ទៀត​​ផង។

ការ​សូក​ប៉ាន់​នេះ​​ត្រូវ​បាន​លាត​ត្រដាង​​​កាលពី​ចុង​ឆ្នាំ​២០១៣ ដោយ​​មូលនិធិ​ពិភព​លោក​​​សម្រាប់​ប្រយុទ្ធនឹង​ជំងឺ​អេដស៍​​ ជំងឺ​របេង និង​ជំងឺ​គ្រុនចាញ់​ ដែល​មាន​មូលដ្ឋាន​នៅ​​ទីក្រុង​ហ្សឺណែវ ដែល​​ហរិញ្ញប្បទាន​​ឥត​សំណង​​​​ចំនួន​១២លាន​ដុល្លារ​របស់​ខ្លួន​ត្រូវ​បាន​ចំណាយ​មិន​ត្រឹម​ត្រូវ​ដោយ​​លោក ដួង សុជាតិ អតីត​ប្រធាន​​មជ្ឈមណ្ឌល​​ជាតិ​​ប្រយុទ្ធ​​នឹង​​​​ជំងឺ​គ្រុន​ចាញ់​ដែល​បាន​លាលែង​ពី​តំណែង​​​​កាលពី​ពាក់​កណ្ដាល​​ឆ្នាំ​២០១១​។

ក្នុង​​កិច្ច​ពិភាក្សា​​ស្ដីពី​​​​ប្រធាន​បទ​អំពើ​ពុក​រលួយ​​ជាមួយ​​លោក ឱម យ៉ិនទៀង កាលពី​ម្សិល​មិញ ដែល​រៀបចំ​​ដោយ​​សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​​ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​​ ចូអាជីម បារ៉ុន វ៉ុន ម៉ាស្កាល់ (Joachim Baron von ​Marschall)​ ​បាន​មាន​ប្រសាសន៍​ថា ​បណ្តា​ក្រុម​ហ៊ុន​​អាល្លឺម៉ង់ ​បាន​ប្រាប់​​លោក “​ម្ដង​ហើយ​ម្ដង​ទៀត​​” ថា ការ​សូកប៉ាន់​ និង​​អំពើ​ពុក​រលួយ​​​​​​បាន​ធ្វើ​ឲ្យ​ខ្លួន​​ប្រឈម​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​ថ្នាក់​មិន​ហ៊ាន​​​វិនិយោគ​នៅ​កម្ពុជា​។

ឯកអគ្គរដ្ឋទូត​រូប​នេះ​​​បាន​​បន្ត​​ថា អាល្លឺម៉ង់​ គឺ​ជា​​ម្ចាស់​ជំនួយ​​ដ៏ធំ​របស់​មូលនិធិ​ពិភព​លោក​ ហើយ​​ការ​ចោទ​ប្រកាន់​​​លោក ដួង សុជាតិ ​ហាក់​ដូច​ “​ជាក់​ស្ដែង​” ណាស់​។ លោក​គូស​បញ្ជាក់​​​​​ថា ការ​នាំ​ខ្លួន​មនុស្ស​​ដូច​លោក ដួង សុជាតិ ទៅ​តុលាការ មាន​សារៈសំខាន់​ក្នុង​ការ​​​ទប់​ស្កាត់​អំពើ​ពុករលួយ​​កុំ​ឲ្យ​បំភ័យ​វិនិយោគិន​។

លោក​​​​​បាន​មាន​​ប្រសាសន៍​បន្ថែម​ទៀត​ថា “​នៅ​​ទីបំផុត ប្រាក់​ដែល​មនុស្ស​ទាំង​នេះ​​បាន​​សុំ​ឲ្យ​សូក​ប៉ាន់ ឬ​ទទួល​បាន​តាម​រយៈ​​​​​ការ​គៃបន្លំ​ ត្រូវ​បាន​លាត​ត្រដាង​ហើយ​​។ ប៉ុន្តែ​​​​អ្វី​ដែល​ខ្ញុំ​ដឹង មិន​​ទាន់​បាន​​កើត​ឡើង​ទេ​ ​ទោះ​បី​​ជា​ខ្ញុំ​​យល់​ថា​ វា​ហាក់​ដូច​ជាក់​ស្ដែង​ក្ដី ក៏​​មិន​ទាន់​​​មាន​ការ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​ណាមួយ​ទៅ​លើ​ពួកគេ​ដែរ​​។ ខ្ញុំ​ហាក់​ដូច​ជា​យល់​ថា វា​​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ដែល​ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទាំង​នោះ​​មិន​​​ត្រឹម​​តែ​​ទទួល​​ទណ្ឌកម្ម​តាម​រយៈ​ការ​​សង​​ប្រាក់​វិញ។ ការ​ដាក់​​ទណ្ឌកម្ម​នោះ​មិន​គ្រប់គ្រាន់​ទេ។ វា​ជា​រឿង​សំខាន់​ដែល​​​​​ត្រូវ​អនុវត្ត​​ច្បាប់​ព្រហ្មទណ្ឌ​ឲ្យ​បាន​ពេញ​លេញ​​ប្រឆាំង​ពួកគេ​​ មិន​ថា​ពួកគេ​កាន់​មុខ​តំណែង​អ្វី ឬ​ពួកគេ​​មាន​សារៈសំខាន់​​ប៉ុណ្ណា​នៅ​ក្នុង​ប្រព័ន្ធ​នោះ​ឡើយ”។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​​និយាយ​ការ​ពារ​​​​ម្ដង​ហើយ​ម្ដង​​ទៀត​ចំពោះ​​សេចក្ដី​សម្រេច​របស់​ខ្លួន​មិន​បន្ត​ចោទ​ប្រកាន់​​លោក​ ដួង សុជាតិ។ ​​កាលពី​ម្សិល​មិញ​ លោក ឱម យ៉ិនទៀង បាន​បក​ស្រាយ​​លម្អិត​បំផុត​អំពី​ជំហរ​នេះ​។

​ប្រធាន​អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ​រូប​​​នេះ​​បាន​​ទទួល​ស្គាល់​ថា លោក ដួង សុជាតិ ​ពិត​ជា​បាន​​ទទួល​ប្រាក់​ពី​ក្រុម​ហ៊ុន​ដែល​លោក​​​​មិនគួរ​ទទួល​​​ប្រាកដ​មែន​។ ប៉ុន្តែ​លោក​ថ្លែង​ថា ​ក្រុម​​​​​ហ៊ុន​​ជា​​អ្នក​​​ផ្ដល់​ប្រាក់​នោះ​​​ជា​រង្វាន់​លើក​ទឹក​ចិត្ត​​​សម្រាប់​ឲ្យ​មជ្ឈមណ្ឌល​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​គ្រុន​ចាញ់​​គ្រប់​គ្រង​​​ចាត់​ចែង​ដំណើរ​ការ​​​​ដេញ​ថ្លៃ​ឲ្យ​បាន​រលូន និង​ឆាប់​រហ័ស​។

​លោក​បាន​​​​​លើក​ឡើង​​ទៀត​ថា “​ក្រុមហ៊ុន​​បាន​សួរ​ថា ‘តើ​លោក​ត្រូវ​ការ​អី ឬ​ តើ​លោក​មាន​បេសកកម្ម​ចុះ​​ទៅ​តាម​​ខេត្ត​?’។ ​​ពេល​នោះ ​គាត់​ [លោក ដួង សុជាតិ​] ​បាន​ឆ្លើយ​ថា ‘បាទ ខ្ញុំ​ត្រូវ​ទៅ​ចែក​មុង​ដើម្បី​ការ​ពារ​​ជំងឺ​គ្រុន​ចាញ់​ ហើយ​ខ្ញុំ​កំពុង​ជួយ​​សាង​សង់​សាលា​រៀន​​​មួយ​’។ ដូច្នេះ​ហើយ​ក្រុម​ហ៊ុន​ក៏​​បាន​ឆ្លើយ​តប​ថា ‘ខ្ញុំ​នឹង​ផ្ដល់​ប្រាក់​២០.០០០ដុល្លារ​ដល់​លោក​​’”។

ប៉ុន្តែ​​លោក ឱម យ៉ិនទៀង ​ថ្លែង​​ថា ប្រាក់​នោះ​មិន​​អាច​​ចាត់​ទុក​ជា​ប្រាក់​​សូកប៉ាន់​បាន​​ទេ ពីព្រោះ​​តាម​​ពិត​លោក ដួង សុជាតិ គ្មាន​សិទ្ធិ​​​សម្រេច​ថា​អ្នក​ណា​ជា​អ្នក​ដេញ​ថ្លៃ​ឈ្នះ​ឡើយ ​ទោះ​បី​​ជា​​ពេល​នោះ​​លោក​ជា​ប្រធាន​​​មជ្ឈមណ្ឌល​​ជាតិ​​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​​ក្តី។

​​លោក​​​បាន​មាន​ប្រសាសន៍​ថា ”​គាត់​គ្មាន​សិទ្ធិ​​សម្រេច​​​ទេ​ក្នុង​ករណី​នេះ​ ដូច្នេះ​គាត់​​គ្មាន​​​ទោស​ទេ​។ ​ការ​សូកប៉ាន់​ និង​ការ​ទទួល​​​​សំណូក​​​​មាន​ន័យ​ថា ​អ្នក​ឯង​​ឲ្យ​លុយ​ទៅ​​មនុស្ស​នេះ​ជា​​​ថ្នូរ​នឹង​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍អ្វី​មួយ​។ ដូច្នេះ​នៅ​ពេល​​ប្រធាន​​រូប​នេះ​គ្មាន​សិទ្ធិ​សម្រេច​​លើ​ការ​ដេញ​ថ្លៃ វា​ជា​កំហុស​មួយ​ដែល​ត្រូវ​​​​​ដោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់​”។

លោក​ក៏​បាន​បញ្ជាក់​ដែរ​​ថា អង្គភាព​ប្រឆាំង​​​អំពើ​ពុក​រលួយ​​​មិន​អាច​ប្រើ​ប្រាស់​​ច្បាប់​ប្រឆាំង​​​អំពើ​ពុករលួយ​​ដើម្បី​​តាម​ចាប់​ខ្លួន​ប្រធាន​រូប​នេះ​បាន​ទេ ពីព្រោះ​​​ច្បាប់​​នេះ​​ទើប​តែ​​ចូល​ជា​​ធរ​មាន​នៅ​ខែ​​វិច្ឆិកា ឆ្នាំ​២០១១​​ប៉ុណ្ណោះ បន្ទាប់​​ពី​ការ​សូកប៉ាន់​។ ​ហើយ​ច្បាប់​មួយ​​ដែល​ត្រូវ​បាន​អនុម័ត​ក្រោម​អ៊ុន​តាក់ របស់​​​អង្គការ​សហ​ប្រជាជាតិ​ដែល​មក​បំពេញ​បេសកកម្ម​​​នៅ​​ប្រទេស​កម្ពុជា ​កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ មិន​គ្របដណ្ដប់​​​បទ​​គៃបន្លំ​​ដែល​ជា​បទ​ល្មើស​ជាក់​ស្ដែង​របស់​លោក ដួង សុជាតិ នោះ​ទេ​។

លោក​មាន​​ប្រសាសន៍​ថា “​យោង​តាម​ច្បាប់​ ​បទ​ល្មើស​របស់​គាត់​គឺ​​​ជា​​បទ​គៃបន្លំ​ មាន​ន័យ​ថា គាត់​បាន​ទទួល​អ្វី​ដែល​គាត់​មិន​គួរ​ទទួល​។ ដូច្នេះ​​យើង​​​សម្រេច​ប្រើ​ប្រាស់​ច្បាប់​ព្រហ្ម​ទណ្ឌ​​របស់​អ៊ុនតាក់​ ដែល​មាន​បីមាត្រា​ស្ដីពី​អំពើ​ពុក​​រលួយ​ ប៉ុន្តែ​គ្មាន​អ្វី​ពាក់​ព័ន្ធ​នឹង​បទ​គៃបន្លំ​ទេ។​​​វា​ចែង​​តែ​អំពី​ការ​ទទួល​សំណូក​ប៉ុណ្ណោះ”។

​លោក​​បាន​បន្ត​ថា ​ប្រធាន​មជ្ឈមណ្ឌល​​​រូប​​​នេះ​​​​​​​សារភាព​​ថា​ខ្លួន​បាន​ទទួល​ប្រាក់​​ពី​ក្រុម​ហ៊ុន​​​​​ទាំង​​នេះ​តែ​​​​២០.០០០​ដុល្លារ​​ប៉ុណ្ណោះ​នៃ​​ប្រាក់​​ចំនួន​៣៥១.០០០​ដុល្លារ​​ដែល​មូលនិធិ​ពិភព​លោក​​ទម្លាក់​កំហុស​លើ​​រូប​​លោក​។ ប្រធាន​អង្គភាព​​​​​ប្រឆាំង​អំពើ​ពុក​រលួយ​រូប​នេះ​​បាន​មាន​ប្រសាសន៍​​ទៀត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​បាន​ពិនិត្យ​​ការ​ប្រកាស​​​​ទ្រព្យ​សម្បត្តិ​ផ្លូវ​ការ​របស់​លោក ដួង សុជាតិ ​យ៉ាង​ប្រុង​ប្រយ័ត្ន បាន​ស៊ើបអង្កេត​​​​គណនី​ធនាគារ​ជិត​៤០​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​គាត់ ឬ​សាច់​ញាតិ​របស់​​គាត់ ហើយ​​ថែម​ទាំង​​​បន្ត​អះ​អាង​ថា លោក​​បាន​​​ធ្វើ​ដំណើរ​ទៅទី​​​ក្រុង​បាង​កក ដើម្បី​ទទួល​ប្រាក់​ ប៉ុន្តែ​មិន​ឃើញ​មាន​អ្វី​ខុស​ប្រក្រតី​ទេ។

លោក​មាន​ប្រសាសន៍​ទៀត​ថា “​ដូច្នេះ ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា យើង​​​ធ្វើ​អ្វី​អនុលោម​ទៅ​តាម​ច្បាប់​”។ ​ទោះ​ជា​យ៉ាង​ណា លោក​​មិន​​បាន​​បញ្ជាក់​​ថា តើ​នៅ​ទីបំផុត​​​លោក​ ដួង សុជាតិ បាន​សង​វិញ​ប៉ុន្មាន​​នៃ​​​ប្រាក់​៣៥១.០០០​ដុល្លារ​​​នោះ​ទេ។

ប៉ុន្តែ​លោក​ថ្លែង​ថា ​ប្រភព​​ប្រាក់​នោះ​​មិន​ច្បាស់​លាស់​​​​ទាល់​តែ​​​សោះ ហើយ​​ប្រសិន​បើ​គ្មាន​មេធាវី​​​​ចាត់​ការ​​ក្នុង​សំណុំរឿង​នេះ​ទេ ម្លេ៉ះ​មូលនិធិ​ពិភព​លោក​​នឹង​មិន​ទទួល​បាន​សំណង​មក​វិញ​ “សូម្បី​១សេន”។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រូប​នេះ​ថែម​ទាំង​រិះគន់​មូលនិធិ​ពិភព​លោក​ទៀត​ផង​​ចំពោះ​ការ​​​ធ្វើ​បាប​លោក ដួង សុជាតិ នៅ​ពេល​ក្រុម​ស៊ើបអង្កេត​របស់​ខ្លួន​បង្ហាញ​មុខ​​នៅ​ការិយាល័យ​របស់​លោក​​ដើម្បី​ស្រាវ​ជ្រាវ​រក​ឯកសារ​។

លោក​បាន​​លើក​ឡើង​​​ទៀត​ថា ”​វា​បាន​គំរាម​​កាត់​​ផ្ដាច់​ជំនួយ ​​ប្រសិន​បើ​គាត់​​មិន​​ព្រម​ប្រគល់​ឯកសារ​ឲ្យ​ពួកគេ​។ ដូច្នេះ​ហើយ​លោក សុជាតិ ក៏​​បាន​ព្រីន​អ្វីៗ​​ទាំង​អស់​ លើក​លែង​តែ​​​ឯក​សារ​​ចេញពី​កុំព្យូទ័រ​មួយ​​​​​គ្រឿង​របស់​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ ម្នាក់​ដែល​​ធ្វើ​ការ​ឲ្យ​អង្គការ​សហប្រជាជាតិ។ បន្ទាប់​មក​មូលនិធិ​ពិភព​លោក​បាន​បង្ខំ​ឲ្យ​គាត់​សរសេរ​លិខិត​​មួយ​ច្បាប់​​​​បក​ស្រាយ​ពី​មូលហេតុ​ដែល​គាត់​មិន​ព្រម​បើក​កុំព្យូទ័រ​នោះ​​ឲ្យ​ពួកគេ​ថត​ចម្លង​ឯកសារ​។ ទី១​អ្នក​ឯង​ [មូលនិធិ​​ពិភព​លោក​] រំលោភ​សិទ្ធិ​មនុស្ស។ ទី២​អ្នក​ឯង​គ្មាន​សិទ្ធិ​​ធ្វើ​ដូច្នេះ​ទេ”។

​នៅ​​ចុង​បញ្ចប់ ​​លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា លោក​មួម៉ៅ​​យ៉ាង​ខ្លាំង​ចំពោះ​​ទស្សនៈ​យល់ឃើញ​ជា​យូរ​មក​ហើយ​ថា អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ​​ការ​ពារ​លោក ដួង សុជាតិ ​ទាំង​​ដែល​លោក​​​បាន​​លាត​ត្រដាង​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ស្ដីពី​​​សំណុំរឿង​នេះ​ដែល​ធ្វើ​ឲ្យ​មូលនិធិ​ពិភព​លោក​អាម៉ាស់​យ៉ាង​ខ្លាំង​។

លោក​បាន​ថ្លែង​ទៅ​កាន់​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថា ​​”​ថ្ងៃ​ណាមួយ​ នៅ​ពេល​ខ្ញុំ​ទ្រាំ​លែង​​​​​បាន​ ខ្ញុំ​នឹង​​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ជា​សាធារណៈ ហើយ​​​វា​ [មូលនិធិ​ពិភព​លោក​] នឹង​និយាយ​ថា ខ្ញុំ​ស្រាត​ខោ​ពួកគេ​។ ប្រសិន​បើ​យើង​​​ធ្វើ​​​តាម​តែ​សំណូមពរ​​​របស់​អ្នក​ឯង​ដើម្បី​ចាប់​​ឃុំខ្លួន​គាត់​ យើង​មិន​មែន​ជា​មនុស្ស​​ ទេ​​​ ពីព្រោះ​យើង​មិន​គោរព​ច្បាប់​​”។

ប៉ុន្តែ​​លោក​ បារ៉ុន វ៉ុន ម៉ាស្កាល់ មិន​​​បាន​ធ្វើ​ឲ្យ​ការ​ពិភាក្សា​នេះ​​ជឿជាក់​​ទាំង​ស្រុង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ធ្វើ​រឿង​ត្រឹម​ត្រូវ​ទេ​​។ លោក​​មាន​ប្រសាសន៍​បន្ទាប់ពី​ពិធី​នោះ​ថា “​សម្រាប់​ខ្ញុំ​​ វា​ច្បាស់​ណាស់​ថា វា​ប្រហែល​ជា​ស្មុគស្មាញ​​ខ្លាំង​ជាង​​អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត​ពី​មុន”។

មូលនិធិ​ពិភព​លោក​​បាន​​​​បដិសេធ​មិន​បញ្ចេញ​ទស្សនៈ​​របស់​ខ្លួន​ជា​សាធារណៈ​ទេ​​ជុំវិញ​​សេចក្ដី​សម្រេច​របស់​អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ​មិន​ចោទ​ប្រកាន់​លោក ដួង សុជាតិ ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ បាន​​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា ទីភ្នាក់​ងារ​ផ្ដល់​ជំនួយ​មិន​ពេញ​ចិត្ត​ទេ។

លោក​​គូស​បញ្ជាក់​ថា ​​”​នោះ​ជា​​អារម្មណ៍​ដែល​ខ្ញុំ​មាន​។ ពួកគេ​ចង់​បាន​ចម្លើយ​ដូច​ដែល​​​​ខ្ញុំ​ចង់​បាន​​ដែរ ដូច្នេះ​យើង​ត្រូវ​ចាំ​មើល​ថា​ តើ​ពួកគេ​នឹង​ឆ្លើយ​តប​​​​ទៅ​នឹង​ជំហរ​​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​ប្រកាន់​​យក​នេះ​ដោយ​វិធី​ណា”។

ចាប់​តាំង​ពី​មាន​ការ​លាត​ត្រដាង​​​អំពី​ការ​សូកប៉ាន់​នេះ​មក មូលនិធិ​ពិភព​លោក​បាន​សម្រេច​ផ្ដល់​ជំនួយ​បន្ថែម​ដល់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​​ជំងឺ​គ្រុន​ចាញ់ ប៉ុន្តែ​បាន​អះ​អាង​ថា ពេល​នេះ​ជំនួយ​ទាំង​នោះ​​​​ផ្តល់​​តាម​រយៈ​អង្គការ​សហប្រជាជាតិ៕ សុខុម​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស