27 C
Phnom Penh

អ្នក​មាន​តួនាទី​សំខាន់ៗ​ក្នុង​វិស័យ​កាត់ដេរ​ពិភាក្សា​អំពី​ស្ថានភាពឧស្សាហកម្ម​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ប្រាក់ខែ​អប្បបរមា​ថ្មី​សម្រាប់​កម្មករ​កាត់ដេរ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​ក្រោយ អ្នក​មាន​តួនាទី​សំខាន់ៗ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ម្សិលមិញ​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នៃ​វិស័យ​នេះ។

លោក អៀន រា៉ម៉ិក នាយក​អង្គរ​រីស៊ើច ដែល​សម្រប​សម្រួល​កិច្ច​ពិភាក្សា​នេះ​ក្នុង​ចំណោម​អ្នក​តំណាង​រដ្ឋាភិបាល រោងចក្រ សហជីព ក្រុមហ៊ុន​ម៉ាក​ល្បីៗ​លើ​ពិភព​លោក អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ទីភ្នាក់ងារ​អភិវឌ្ឍ​បរទេស បាន​មាន​ប្រសាសន៍​ថា “ក្នុង​នាម​ជា​ក្រុម​នៃ​អ្នក​មាន​ភាគហ៊ុន យើង​មិន​បាន​អង្គុយ​ពិភាក្សា​គ្រប់គ្រាន់​ទេ”។

ចាប់តាំង​ពី​មាន​កូដកម្ម​ទូទាំង​ប្រទេស ដែល​ធ្វើ​ឲ្យ​កក្រើក​វិស័យ​កាត់ដេរ​កាលពី​ចុង​ឆ្នាំ​២០១៣​នោះ​មក ឧស្សាហកម្ម​នេះ​បាន​បង្ហាញ​ភាព​រីកចម្រើន​នឹង​ន និង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ឧស្សាហកម្ម​ប្រសើរ​ឡើង​ក្នុង​ពេល​មាន​ការ​ដំឡើង​ប្រាក់ខែ​អប្បបរមា​ដ៏​ច្រើន គឺ​ពី​១០០ដុល្លារ​ទៅ​១២៨​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ និង​ដល់ទៅ​១៤០​ដុល្លារ​ក្រោយពី​មាន​សេចក្តី​សម្រេច​ថ្មី​បំផុត​របស់​រដ្ឋាភិបាល។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​និយាយ​ថា កំណើន​ប្រាំបី​ភាគរយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៃ​ឧស្សាហ​កម្ម​នេះ​ក្នុង​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ អាច​ចាប់​ផ្តើម​យឺត ខណៈ​ដែល​វិស័យ​នេះ “កំពុង​ឈាន​ដល់​ដំណាក់​កាល​ចាស់ទុំ”។

ដោយ​ពន្យល់​ថា ខណៈ​ដែល​បណ្តា​ប្រទេស​អាស៊ី​អភិវឌ្ឍ ម៉ាក​សម្លៀក​បំពាក់​ល្បីៗ​នឹង​ប្តូរ​ប្រភព​របស់​ខ្លួន​ទៅ​អាហ្វ្រិក​នោះ លោក​បាន​និយាយ​ថា “តម្លៃ​សម្លៀក​បំពាក់​មិនដែល​ឡើង​ទេ តែងតែ​ធ្លាក់​ចុះ ទន្ទឹម​នឹង​ផលិតកម្ម​រើ​ចេញពី​ប្រទេស​អភិវឌ្ឍ​ច្រើន​ទៅ​ប្រទេស​អភិវឌ្ឍ​តិច​ជាង”។

ដើម្បី​សម្រាល​ផល​ប៉ះពាល់​នៃ​សកម្មភាព​នេះ លោក ស៊ូអៀង បាន​អំពាវនាវ​ឲ្យ​ឧស្សាហកម្ម​នេះ​ផ្តោត​លើ​អតិថិជន​ថ្លៃជាង។ លោក​បាន​និយាយ​ថា “កុំ​នៅ​ជាមួយ​អ្នក​ទិញ ជាមួយ​វ៉លម៉ាត​ជាឧទាហរណ៍ ពួកគេ​ឡើង​០,០២ដុល្លារ”។

លោក ម៉ាក ឧសភា អគ្គនាយក​រង​នៃ​សេវា​ទ្រទ្រង់​ពាណិជ្ជកម្ម​នៅ​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយ​ថា មាន​កម្មករ​ប្រហែល​១​លាន​នាក់​ធ្វើការ​ក្នុង​វិស័យ​កាត់​ដេរ ដោយ​កម្មករ​ជាង​៣​សែន​នាក់​ធ្វើ​នៅ​តាម​រោងចក្រ​ម៉ៅការ​បន្ត និង​គ្មាន​ចុះ​បញ្ជី។

ម្ចាស់​រោង​ចក្រ​បាន​និយាយ​ថា ការងារ​អាច​ត្រូវ​ប្តូរ​យ៉ាង​ងាយ​ទៅ​ប្រទេស​ផ្សេងទៀត ប្រសិន​បើ​ប្រទេស​កម្ពុជា​មិន​នៅ​មាន​ការ​ប្រកួត​ប្រជែង​ខាង​សេដ្ឋកិច្ច​នោះ ចំណែកឯ​លោក កេន លូ អគ្គលេខាធិការ GMAC បាន​និយាយ​ថា គ្មាន​នរណា​ដឹង​ថា នៅ​ថ្ងៃ​ខាង​មុខ​យ៉ាង​ណា​ទេ។

លោក កេន លូ បាន​និយាយ​ថា “បើ​នរណា​ម្នាក់​អះអាង​ថា គេ​ដឹង​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​ពេល​តែ​បី​ឆ្នាំ វា​មិន​បាន​ការ​ទេ”។

លោក​បាន​បន្ថែម​ថា “វា​អាច​បន្ត​ទៅ​ជា​ល្អ ឬ​អាច​ធ្លាក់​ចុះ គ្មាន​នរណា​ដឹង​ប្រាកដ​ទេ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស