សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានខាតបង់ជាង៤ពាន់លានដុល្លារទៅលើរំហូរចេញហិរញ្ញវត្ថុខុសច្បាប់ក្នុងឆ្នាំ២០១៣ ដែលច្រើនជាង១,៤នៃផលិតក្នុងស្រុកសរុប (GDP) កាលពីឆ្នាំមុនទៅទៀត នេះបើយោងតាមរបាយការណ៍មួយចេញផ្សាយកាលពីម្សិលមិញដោយអង្គការ “សុចរិតភាពហិរញ្ញវត្ថុសកល” (Global Financial Integrity) ឬហៅកាត់ GFI ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
ផ្អែកតាមទិន្នន័យពាណិជ្ជកម្មដែលត្រូវបានរាយការណ៍ជូនមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) របាយការណ៍នេះបង្ហាញថា ហិរញ្ញវត្ថុ៤ពាន់លានដុល្លារដែលបានចេញពីប្រទេសកម្ពុជា ដោយខុសច្បាប់នៅក្នុងឆ្នាំ២០១៣ គឺជាចំណែកមួយនៃហិរញ្ញវត្ថុ១,១លានលានដុល្លារ ដែលបានចេញដោយខុសច្បាប់ពីបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទូទាំងពិភពលោកក្នុងឆ្នាំនោះ។
សម្រាប់កម្ពុជា របាយការណ៍នេះក៏បានបង្ហាញដែរថា ហិរញ្ញវត្ថុចំនួន១៥,០៩ពាន់លានដុល្លារត្រូវបានខាតបង់ដោយសាររំហូរចេញខុសច្បាប់នៅក្នុងទសវត្សរ៍គិតរហូតមកទល់ឆ្នាំ២០១៣ ដោយកំណើនធំៗត្រូវបានកត់ត្រាក្នុងឆ្នាំនីមួយៗ ដូចជានៅឆ្នាំ២០១២ ខាតបង់៣,៦២ពាន់លានដុល្លារ ឆ្នាំ២០១១ខាតបង់១,៧៣ពាន់លានដុល្លារ ឆ្នាំ២០១០ខាតបង់១,២៧ពាន់លានដុល្លារ ហើយនៅឆ្នាំ២០០៩ ខាតបង់ចំនួន៩៣០លានដុល្លារ។
តួលេខ៤ពាន់លានដុល្លារនៅក្នុងរំហូរចេញខុសច្បាប់នេះ ស្មើនឹង២៦,៣ភាគរយនៃ GDP សរុប១៥,២៣ពាន់លានដុល្លាររបស់ កម្ពុជា ដែលត្រូវបានកត់ត្រាដោយធនាពិភពលោកក្នុងឆ្នាំនោះ ជាអនុបាតមួយដែលតិចជាងឆ្ងាយណាស់បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសជិតខាងរបស់កម្ពុជា។
យោងតាម GFI បានឲ្យដឹងថា រំហូរចេញខុសច្បាប់ពីប្រទេសថៃ ក្នុងឆ្នាំ២០១៣ មានចំនួន៣២,៩ពាន់លានដុល្លារ ស្មើនឹង៨,៥ភាគរយនៃ GDP ៣៨៧,២៥ពាន់លានដុល្លាររបស់ខ្លួនក្នុងឆ្នាំនោះ តាមការគណនាដោយធនាគារពិភពលោក។ រំហូរចេញខុសច្បាប់១៧,៨៣ពាន់លានដុល្លាររបស់វៀតណាម គឺស្មើនឹង១០,៤ភាគរយនៃGDP ១៧១,២២ពាន់លានដុល្លារបស់ខ្លួន។
របាយការណ៍នេះគូសបញ្ជាក់ទៀតថា ជំនួយបរទេសទាំងអស់ដែលជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៣ មានចំនួនសរុបត្រឹមតែ៩៩,៣ពាន់លានដុល្លារប៉ុណ្ណោះ ជាតួលេខមួយដែលតិចជាង១០ភាគរយនៃរំហូរចេញហិរញ្ញវត្ថុខុសច្បាប់១,១លានលានដុល្លារ។ របាយការណ៍នេះបញ្ជាក់ថា រាល់ជំនួយ១ដុល្លារដែលជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ “មានជាង១០ដុល្លារអាមេរិក បានហូរចេញដោយខុសច្បាប់”។
របាយការណ៍នេះផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាលនៃបណ្តាប្រទេសដូចកម្ពុជា ជាដើម ផ្ដោតលើកិច្ចប្រឹងប្រែងលុបបំបាត់រំហូរចេញហិរញ្ញវត្ថុខុសច្បាប់ដែលចេញពីប្រទេស ពីព្រោះការប្រើប្រាស់ដោយស្របច្បាប់នូវហិរញ្ញវត្ថុទាំងនោះនៅក្នុងប្រទេស ឬការយកពន្ធឲ្យបានត្រឹមត្រូវរបស់ខ្លួន អាចជាចលករជំរុញកំណើនសេដ្ឋកិច្ច។
របាយការណ៍របស់ GFI បានបង្ហាញថា “ខណៈតម្លៃសរុបនៃពាណិជ្ជកម្មនេះមិនត្រូវបានអនុវត្តតាមកម្មវិធីអភិវឌ្ឍន៍ ពន្ធពាក់ព័ន្ធសកម្មភាពខុសច្បាប់នេះអាចបែងចែកបានសម្រាប់កិច្ចប្រឹងប្រែងផ្សេងៗដើម្បីលុបបំបាត់ភាពក្រីក្រ។ ការកាត់បន្ថយសូម្បីមួយភាគតូចនៃរំហូរចេញខុសច្បាប់ទាំងនេះ នឹងមានឥទ្ធិពលខ្លាំងក្លាលើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយតម្រូវការរបស់ប្រជាជនដែលងាយរងគ្រោះបំផុតរបស់ខ្លួន”។
អង្គការនេះសន្មតថា ៣,៨៦ពាន់លានដុល្លារនៃហិរញ្ញវត្ថុ៤ពាន់លានដុល្លារដែលត្រូវបានខាតបង់នៅកម្ពុជា ក្នុងឆ្នាំ២០១៣ បណ្ដាលមកពីការធ្វើវិក្កយបត្រពាណិជ្ជកម្មមិនត្រឹមត្រូវ ជាការអនុវត្តមួយដែលក្រុមហ៊ុននានារាយការណ៍មិនត្រឹមត្រូវអំពីតម្លៃនៃការនាំចូល ឬនាំចេញ ទៅមន្ត្រីមូលដ្ឋានដើម្បីលួចនាំប្រាក់ចេញទៅក្រៅប្រទេសដោយស្ងាត់ៗ។
ជាឧទាហរណ៍ ក្រុមហ៊ុននាំចេញមួយប្រហែលជារាយការណ៍ប្រាប់សមត្ថកិច្ចអំពីថ្លៃលក់ទាបខ្លាំងបើប្រៀបធៀបទៅនឹងតម្លៃជាក់ស្ដែងនៃទំនិញដែលលក់ចេញរបស់ខ្លួន បន្ទាប់មកទទួលយកប្រាក់នោះដោយខុសច្បាប់ចូលក្នុងគណនីក្នុងស្រុក ហើយផ្ញើចំណែកដែលមិនបានប្រកាសនៃការលក់នោះក្នុងធនាគារនៅឯបរទេស។
របាយការណ៍របស់ GFI បានលើកឡើងថា ឆ្នាំនេះគឺជាលើកដំបូងហើយដែលខ្លួនអាចទទួលបានទិន្នន័យពាណិជ្ជកម្មទ្វេភាគីពីប្រទេសកម្ពុជា ដែលធ្វើឲ្យខ្លួនអាចប្រៀបធៀបទិន្នន័យពាណិជ្ជកម្មដែលត្រូវបានរាយការណ៍របស់ប្រទេសនេះជាមួយទិន្នន័យរបស់បណ្ដាសេដ្ឋកិច្ចជឿនលឿនដែលធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ដើម្បីស្រាវជ្រាវរកភាពខុសគ្នា។
ទាក់ទិនបញ្ហានេះ លោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។ ចំណែកឯលោក ងី តាយី រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា លោកចង់ឃើញព័ត៌មានលម្អិតបន្ថែមទៀតស្ដីពីរំហូរចេញខុសច្បាប់ដូចការចោទប្រកាន់ខាងលើ មុននឹងជឿលើរបាយការណ៍របស់ GFI ប៉ុន្តែបានគូសបញ្ជាក់ថា លោកនឹងបើកចិត្តទូលាយ។
លោកថ្លែងថា ”ឲ្យពួកគេបង្ហាញព័ត៌មានលម្អិតស្តីពីក្រុមហ៊ុនទាំងនោះមកចុះ ប៉ុន្តែរដ្ឋាភិបាលប្រហែលជាមិនពាក់ព័ន្ធបញ្ហានេះទេ ពីព្រោះមន្ត្រីពន្ធដារជាអ្នកត្រួតពិនិត្យវិក្កយបត្រទាំងនោះ”។
លោក ស្តេហ្វិន ហ៊ីកហ្គីនស៍ (Stephen Higgins) ជាដៃគូគ្រប់គ្រងនៅក្រុមហ៊ុន ”ដៃគូយុទ្ធសាស្ត្រមេគង្គ” (Mekong Strategic Partners) ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ បានមានប្រសាសន៍ថា តួលេខរំហូរចេញខុសច្បាប់នេះហាក់ដូចជាខ្ពស់ហួសហេតុ។
លោកបានធ្វើការកត់សម្គាល់ថា ”៤ពាន់លានដុល្លារគឺជាចំនួនច្រើនណាស់។ ខ្ញុំមិនជឿថា វាជាតួលេខពិតទេ។ ម្យ៉ាងវិញទៀត ការនាំសាច់ប្រាក់ចេញពីទីនេះមិនពិបាកទេ ដូច្នេះហេតុអីបានជាគេប្រើវិធីសាស្ត្រនោះ ខ្ញុំមិនប្រាកដទេ”។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំង ដែលជាអនុប្រធានគណៈកម្មការធនាគារ និងហិរញ្ញវត្ថុនៃរដ្ឋសភា បានមានប្រសាសន៍ថា លោកក៏ប៉ាន់ស្មានថាកម្រិតរំហូរចេញខុសច្បាប់នេះទាបជាងនេះដែរ ប៉ុន្តែថា របាយការណ៍របស់ GFI បានផ្តល់ពន្លឺលើបញ្ហាដ៏ធំមួយ។
លោកថ្លែងថា ”ប្រទេសកម្ពុជា មានអំពើពុករលួយច្រើន ភាពមិនប្រាកដប្រជា ប្រព័ន្ធដែលមិនអាចជឿទុកចិត្តបាន និងគ្មានឱកាសល្អៗ។ ដូច្នេះគេត្រូវស្វែងរកជម្រើស។ ទន្ទឹមនឹងនេះ សម្រាប់លុយកខ្វក់ដូចជាលុយបានពីគ្រឿងញៀន ឬលុយកខ្វក់ផ្សេងទៀតជាដើម គេតែងតែមកលាងសម្អាតនៅទីនេះ”។
លោកបានគូសបញ្ជាក់ថា ការចំណាយសរុបរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៣ មានចំនួនតែ៣ពាន់លានដុល្លារប៉ុណ្ណោះ។ “៤ពាន់លានដុល្លារគឺច្រើនជាងថវិកាជាតិទៅទៀត។ វាជាចំនួនលុយយ៉ាងច្រើនសន្ធឹកសន្ធាប់។ តើចាំបាច់ត្រូវពិនិត្យមើលលុយទាំងនេះនៅកន្លែងណា”៕ សុខុម (រាយការណ៍បន្ថែមដោយ កង សុធា)