ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាបានរកឃើញអាថ៌កំបាំងថ្មីៗមួយចំនួនអំពីតំបន់ប្រវត្តិសាស្ត្រអង្គរ រួមមានដូចជា ភ័ស្តុតាងនៃរបាយប្រជាជនដែលរស់នៅរង្វើលៗពីគ្នារបាំងការពារព័ទ្ធជុំវិញអង្គរវត្ត និងសំណង់រាងដូចគូទខ្យងដ៏ធំដែល “ពិបាកពន្យល់” ។
លោក រ៉ូឡែន ហ្លិតឈ័រ (Roland Fletcher) ដែលដឹកនាំក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យសីុដនី (University of Sydney) វិទ្យាស្ថាន French School of the Far East និងអាជ្ញាធរអប្សរា បានលើកឡើងថា លទ្ធផលនៃការសិក្សាស្រាវជ្រាវខុសពីការសន្និដ្ឋានលើកមុនអំពីទំហំនៃបរិវេណប្រសាទអង្គរវត្ត និងលក្ខណៈពិសេសរបស់ប្រាសាទផ្សេងៗទៀត ក្នុងតំបន់នេះ។
លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលចេញផ្សាយតាមអីុនធឺណិតនៅក្នុងព្រឹត្តិបត្ររបស់សាកលវិទ្យាល័យ Cambridge នៅក្នុងសប្តាហ៍នេះ គឺមានភាពលុបលើលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលត្រូវបានធ្វើឡើងកាលពី៥ឆ្នាំមុន ដោយការធ្វើកំណាយ ការប្រើប្រព័ន្ធរ៉ាដាឆ្លុះចូលក្នុងដី និងបច្ចេកវិទ្យា Lidar ជាប្រព័ន្ធវាស់វែងចម្ងាយដោយវិភាគលើពន្លឺដែលឆ្លុះបញ្ចាំងគោលដៅបួករួមជាមួយកាំរស្មី ឡាស៊ែ ដែលបាញ់ពីលើចុះទៅ ក្រោម។
លោក ហ្លិតឈ័រ បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍កាលពីម្សិលមិញថា “ការសន្និដ្ឋានលើកមុនអំពីលក្ខណៈរបស់អង្គរវត្តគឺថា វាគឺជាក្រុងតូចៗ។ ហេតុដូច្នេះប្រាសាទធំៗនីមួយៗត្រូវបានចាត់ទុកថាជារាជធានី”។
លោកបានមានប្រសាសន៍បន្ថែមថា “អ្វីដែលគម្រោងនេះបង្ហាញគឺថា អង្គរវត្តមិនមែនជាក្រុងតូចៗដាច់ដោយឡែកពីគ្នាជាច្រើន នោះឡើយ វាគឺជាទីក្រុងដ៏ធំមួយ”។ លោកបានពន្យល់ថា ប្រព័ន្ធផ្លូវធំៗដែលមានការរៀបចំបានយ៉ាងល្អ និងផ្ទះគឺមានហួសពីបរិវេណ ប្រាសាទដែលមានរបាំងហ៊ុមព័ទ្ធទៅទៀត ហើយសុទ្ធតែមានមនុស្សរស់នៅ។
លោកបានលើកឡើងទៀតថា “ពួកវា [ប្រាសាទ] សុទ្ធតែកប់នៅក្រោមប្រព័ន្ធដ៏ធំនេះ ប្រព័ន្ធនេះគឺវាជាប់ៗគ្នា”។ ការរកឃើញ នេះ ជាលទ្ធផលដ៏មានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកសិក្សាស្រាវជ្រាវយល់ដឹងអំពីដង់ស៊ីតេប្រជាពលរដ្ឋ។
លោក ហ្លិតឈ័រ បានថ្លែងទៀតថា “របាយ ប្រជាជនមិនមានដង់សីុតេខ្ពស់ទេ។នេះគឺជាតំបន់ដ៏ធំទូលាយ”។
ឧទាហរណ៍ដូចជានៅឯប្រាសាទតាព្រហ្មជាដើម អក្សរចារិកបង្ហាញថា ប្រាសាទនេះមានបុគ្គលិកចំនួន១២.៦៤០នាក់។ ទោះជាយ៉ាងណា មានការកំណត់នៅក្នុងការសិក្សាស្រាវជ្រាវនេះថា មានមនុស្សត្រឹមតែ២.០០០នាក់ប៉ុណ្ណោះរស់នៅក្នុងបរិវេណប្រាសាទនេះ។
ដង់ស៊ីតេប្រជាជនត្រូវបានកំណត់ផ្អែកលើការយល់ដឹងតាមរយៈប្រព័ន្ធផ្លូវ ដោយតំបន់នីមួយៗមានស្រះទឹកមួយ និង “ផ្ទះរាងដូចពំនូកជាច្រើន” ដែលមនុស្សរហូតដល់បីគ្រួសារអាចរស់នៅបាន។
ប្រធានក្រុមអ្នកជំនាញរូបនេះបានលើកឡើងបន្តទៀតថា “ប្រភាគដ៏តូចនៃចំនួនប្រជា ពលរដ្ឋទាំងអស់ដែលធ្វើការនៅអង្គរវត្តបានរស់នៅក្នុងបរិវេណដែលមានរបងហ៊ុម ព័ទ្ធ ហើយមានមនុស្សរាប់សែននាក់រស់នៅជុំវិញបរិវេណនេះ។ បរិវេណអង្គរវត្តទាំងមូល គឺធំជាងអ្វីដែលយើងបានគិតទៅទៀត”។ លោកបានពន្យល់ថា ក្រុមអ្នកជំនាញបានរកឃើញតំបន់រស់នៅចំនួនពីរនៅសងខាងផ្លូវភាគខាងជើងនៃតំបន់នេះ និងសំណង់ដ៏អាថ៌កំបាំងមួយទៀតនៅភាគខាងត្បូង។
ក្រុមអ្នកជំនាញនេះក៏បានរកឃើញផងដែរថា ក្រោយពេលអង្គរវត្តត្រូវបានសាងសង់រួចជាច្រើនឆ្នាំមក គេបានសង់របាំងការពារព័ទ្ធជំុវិញតាមក្រោយ។
លោក ហ្លិតឈ័រ បានលើកឡើងទៀតថា “មានចន្លោះធំៗតាមជញ្ជាំង [ខាងក្រៅ] នៃអង្គរវត្ត។ចន្លោះធំៗទាំងនោះបិទភ្ជិតដោយកំបោដែលមានអាយុកាលក្រោយអង្គរវត្ត”។ លោកបានបន្ថែមថា ការសាងសង់បន្ថែមទាំងនេះត្រូវបានធ្វើឡើងប្រហែល១០០ឆ្នាំក្រោយមក។
លោកបានលើកឡើងទៀតថា “មានគេចង់ការពារអង្គរវត្ត”។បច្ចុប្បន្ន គ្មានភ័ស្តុតាងបុរាណវិទ្យាដើម្បីបង្ហាញថា មានការវាយប្រហារទ្រង់ទ្រាយធំដោយពលទាហានកើតឡើងនៅទីនោះឡើយ។
ប៉ុន្តែ ការរកឃើញថ្មីមួយមានសំណួរច្រើនជាងចម្លើយ។
គោលបំណងនៃសំណង់ដ៏ធំដែលរកឃើញនៅភាគខាងត្បូងអង្គរវត្តដែលគ្របដណ្តប់លើផ្ទៃដីទំហំ១.៥០០ម៉ែត្រ គុណ៦.០០ម៉ែត្រនៅមិនទាន់ដឹងនៅឡើយទេ។
សេចក្តីផ្តើមនៅក្នុងរបាយការណ៍សិក្សាស្រាវជ្រាវនេះលើកឡើងថា “សំណង់រាងដូចគូទខ្យងដ៏ធំមានតែមួយគត់ហើយពោរពេញទៅដោយអាថ៌កំបាំងនេះ មិនដែលត្រូវ បានគេទទួលស្គាល់ ឬសូម្បីតែគិតទុក ឬសន្និដ្ឋានពីមុនមកឡើយ ហើយវានៅតែពិបាកពន្យល់។គេនៅមិនទាន់ដឹងនៅឡើយទេថា តើសំណង់នេះមានទំហំប៉ុននៅក្នុងអាណាចក្រអង្គរឬយ៉ាងណានោះ”៕ស៊ុយឈាង