29.6 C
Phnom Penh

មន្ត្រី​រដ្ឋាភិបាល​ច្រានចោល​របាយការណ៍​អំពី​ទំនប់​វារីអគ្គិសនី​សេសាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ​នៃ​របាយការណ៍​មួយ​ស្តីពី​ការ​មាន​សិទ្ធិ​ទទួល​បាន​សំណង​សម្រាប់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ដែល​កំណត់​ឲ្យ​រើ​លំនៅ​ចេញ​ដោយសារ​គម្រោង​វារីអគ្គិសនី​ដ៏​ធំ​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​ដល់​ការ​ពិភាក្សា​គ្នា​មួយ​ទាក់ទិន​នឹង​ភាព​ស្រប​ច្បាប់​របស់​ឯកសារ​នេះ ដោយ​តំណាង​រដ្ឋាភិបាល​ម្នាក់​បាន​ច្រានចោល​របាយការណ៍​នោះ​ទាំង​ស្រុង។

ដឹក​នាំ​ដោយ​លោក កែម ឡី ស្ថាបនិក​ក្រុម​តស៊ូ​មតិ​ខ្មែរ​ដើម្បី​ខ្មែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ស្ទង់​មតិ​ប្រជាពលរដ្ឋ​៤០០​គ្រួសារ ដែល​ផ្ទះ​របស់​ពួកគាត់​នឹង​ត្រូវ​លិចលង់ នៅ​ពេល​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​មាន​កម្លាំង​៤០០​មេហ្គា​វ៉ាត់ ដំណើរការ​នៅ​ឆ្នាំ​២០១៧ និង​បាន​រក​ឃើញ​ថា គ្រួសារ​នីមួយៗ​មាន​សិទ្ធិ​ទទួល​សំណង​ជាង​១០០.០០០​ដុល្លារ។
របាយការណ៍​នេះ​និយាយ​ថា “ការ​ស្ទង់​មតិ​នេះ​បាន​រក​ឃើញ​ថា សំណង​គួរ​មាន​ទឹក​ប្រាក់​មធ្យម១០៨.១២៦​ដុល្លារ​សម្រាប់​គ្រួសារ​នីមួយៗ បូក​នឹង​ចំណាយ​សម្រាប់​ការ​រើ​ទៅ​កន្លែង​ថ្មី ចំណាយ​សម្រាប់​ការ​ខាតបង់​ឱកាស​សេដ្ឋកិច្ច និង​ដី​បញ្ចុះ​សព​និង​ដី​ដូនតា​ក្នុង​សហគមន៍​នីមួយៗ”។

ការ​ផ្តល់​សំណង​ធ្វើ​ចំពោះ​អ្នក​ស្រុក​ប្រហែល​៥.០០០​នាក់​ដែល​កំណត់​ត្រូវ​រើ​ចេញ មិន​មាន​តម្លាភាព​ទេ។ តាម​ដឹង អ្នក​ស្រុក​មួយ​ចំនួន​បាន​ទទួល​យក​ចំនួន​ប្រាក់​ចន្លោះ​ពី​៨.០០០ដុល្លារ​ទៅ​២០.០០០​ដុល្លារ ហើយ​កញ្ចប់​ដី​ធ្លី​ក៏​ស្ថិត​ក្នុង​សំណើ​ដែរ។ ក្នុង​ចំណោម​កន្លែង​តាំង​លំនៅ​ថ្មី​ជាច្រើន​ដែល​ត្រូវ​បាន​កំណត់ មាន​កន្លែង​មួយ​នៅ​ចម្ងាយ​២៥​គីឡូម៉ែត្រ​ពី​ទំនប់​នោះ។

នៅ​ឯ​សិក្ខាសាលា​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ដើម្បី​ផ្សព្វផ្សាយ​និង​ពិភាក្សា​អំពី​របាយការណ៍​នេះ ដែល​ដាក់​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា លោក អិុត ប្រាំង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល បាន​មាន​ប្រសាសន៍​ថា ទំនប់​វារីអគ្គិសនី​នោះ​ធ្វើ​បាន​៤០​ភាគរយ​ហើយ មុន​ពេល​លោក​ព្យាយាម​បង្ហាញ​លទ្ធផល​រក​ឃើញ​របស់​លោក កែម ឡី នោះ​ថា​ខុស។

មុន​សំដៅ​ដល់​តួលេខ​របស់​របាយការណ៍​នេះ​ស្តីពី​ចំណូល​មធ្យម​ប្រចាំខែ​នៃ​គ្រួសារ​នីមួយៗ ដែល​សិក្សា​រក​ឃើញ​ថា មាន​៣៨៧ដុល្លារ​នោះ លោក​បាន​មាន​ប្រសាសន៍​ថា “ការ​ស្រាវជ្រាវ​នេះ​មិន​ឯករាជ្យ​ទេ។ ខ្ញុំ​គិត​ថា ឯកសារ​នេះ​មិន​គួរ​ផ្សព្វផ្សាយ​ទេ ពីព្រោះ​វា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មិន​ផ្អែក​លើ​ការពិត”។

“តើ​គេ​គណនា​ប្រាក់​ចំណូល​នោះ​របៀបណា? មាន​អ្វី​ជា​មូលដ្ឋាន? តើ​វា​បាន​មក​ពី​ណា?”

លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា របាយការណ៍​នោះ​ផ្អែក​លើ​ព័ត៌មាន​ដែល​ប្រមូល​បាន​ពី​អ្នក​ភូមិ ក្នុង​នោះ​មាន​ទាំង​តម្លៃ​ផ្ទះ​សំបែង ដី​ស្រែ​ចម្ការ ដំណាំ និង​សត្វ​ចិញ្ចឹម​ផង ហើយ​ទទួល​ស្គាល់​ថា​មាន​កម្រិត​លម្អៀង​ប្រាំ​ភាគរយ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ទើបតែ​បាន​វិភាគ​ទិន្នន័យ​ដែល​អ្នកភូមិ​បាន​ផ្តល់​ឲ្យ​យើង”។

លោក​បាន​លើក​ឡើង​ថា ៩០​ភាគរយ​នៃ​អ្នក​ឆ្លើយតប​បាន​អំពាវនាវ​ឲ្យ​លុប​ចោល​គម្រោង​សាងសង់​ទំនប់​នោះ។

លោក អុិត ប្រាំង បាន​ឆ្លើយតប​ថា ទន្ទឹម​នឹង​គ្រួសារ​មួយ​ចំនួន​បាន​សុំ​ឲ្យ​អាជ្ញាធរ​សង់​ទំនប់​ខ្លី​ជាង​គម្រោង​នោះ “គ្មាន​គ្រួសារ​ណា​ប្រឆាំង​ការ​ធ្វើ​ទំនប់​នេះ​ទេ”។

លោក​បាន​មាន​ប្រសាសន៍​ថា “គ្មាន​ប្រទេស​ណា​មួយ​លើ​ពិភព​លោក​ដែល​អភិវឌ្ឍ​ដោយ​គ្មាន​អគ្គិសនី​នោះ​ទេ”។

យោង​តាម​ក្រុម​អ្នក​ជំនាញ បាន​ឲ្យ​ដឹង​ថា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ជា​គម្រោង​រួម​មួយ​រវាង​សាជីវកម្ម​ចម្រុះ​រ៉ូយ៉ាល់​គ្រុប​ក្នុង​ស្រុក និង​ក្រុមហ៊ុន​ចិន ហាយដ្រូ​ឡានកាង អុិនធឺណាសូណល អិណឺជី។ ទំនប់​នេះ​នឹង​បិទ​ដៃ​ទន្លេ​សំខាន់​ពីរ​នៃ​ទន្លេ​មេគង្គ គឺ​ទន្លេ​សេសាន និង​ទន្លេ​ស្រែ​ពក មាន​ផល​ប៉ះពាល់​បំផ្លិច​បំផ្លាញ​បរិស្ថាន។

នៅ​ឯ​សិក្ខាសាលា​កាលពី​ថ្ងៃ​ពុធ អ្នកស្រី ផា វី ជា​កសិករ​ជនជាតិ​ដើម​ភាគតិច​ព្នង អាយុ​៥៨​ឆ្នាំ បាន​និយាយ​ថា អ្នកស្រី​នឹង​មិន​ទទួលយក​សំណង​ណាមួយ​ទេ ពីព្រោះ​វា​នឹង​មាន​ន័យ​ថា ជា​ការ​បោះបង់​ផ្នូរ​សព​ឪពុក​ម្តាយ​របស់​អ្នកស្រី។

អ្នកស្រី​បាន​និយាយ​ថា “ប្រសិនបើ​ខ្ញុំ​រើ​ទៅ​នៅ​កន្លែង​តាំង​លំនៅ​ថ្មី ហើយ​ផ្នូរ​ខ្មោច​របស់​ពួកគាត់​ត្រូវ​លិចលង់ យើង​នឹង​ត្រូវ​បណ្តាសា​រស់​នៅ​គ្មាន​សេចក្តី​សុខ​ទេ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស