31 C
Phnom Penh

ប្រធាន​​​អង្គ​​​ភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ​​​អះ​​​អាង​​​ថា​​​​​​មាន​​​ការ​​​សរសេរ​​​​​​មួល​​​បង្កាច់​​​លោក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឱម យិនទៀង ប្រធាន​​​​​​អង្គ​​​ភាព​​​​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​​​​ពុធ​​​បាន​​​ប្រើ​​​សន្និសីទ​​​កាសែត​​​​​​បន្ទាប់​​​ពី​​​​​​ចូល​​​រួម​​​​​​ទិវា​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​អន្តរ​​​ជាតិ​​​​​​របស់​​​អង្គ​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​​​​ដោយ​​​រិះ​​​គន់​​​​​​ខ្លាំងៗ​​​ចំពោះ​​​​​​កាសែត​​​ ខេម​​​បូឌា ដេលី​​​ ពី​​​ព្រោះ​​​​​​កាសែត​​​នេះ​​​​​​​​​​​​សរសេរ​​​តែ​​​​​​​​​​​​អត្ថ​​​បទ​​​​​​រិះ​​​គន់​​​អំពី​​​រូប​​​លោក និង​​​ពុករលួយ។​​​​​​ 

មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​នៅ​​​ខាង​​​ក្រៅ​​​មហោស្រព​​​កោះ​​​ពេជ្រ​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​បន្ទាប់​​​ពី​​​​​​ពិធី​​​​​​នោះ លោក យិន​​​ទៀង​​​​​​ បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​សំណួរ​​​ពី​​​អ្នក​​​យកព័ត៌មាន​​​ម្នាក់​​​ថា​​​ហេតុ​​​អ្វី​​​​​​ប្រទេស​​​កម្ពុជា​​​​​​មាន​​​ចំណាត់​​​ថ្នាក់​​​ទាប​​​​​​គឺ​​​១៥៦​​​ក្នុង​​​បណ្តា​​​ប្រទេស​​​១៧៥​​​​​​កាល​​​ពី​​​​​​ឆ្នាំ​​​មុន​​​​​​នៅ​​​ក្នុង​​​​​​សន្ទស្សន៍​​​​​​ពុក​​​រលួយ​​​​​​ប្រចាំ​​​ឆ្នាំ​​​​​​នៃ​​​អង្គ​​​ការ​​​តម្លា​​​ភាព​​​អន្តរ​​​ជាតិ​​​។

លោក យិនទៀង បាន​​​សួរ​​​ថា “អូន មក​​​ពី​​​ណា?”

អ្នក​​​យកព័ត៌មាន​​​​​​​​​បាន​​​ឆ្លើយ​​​ថា “ខេមបូឌា ដេលី”។​​​​​

លោក យិនទៀង ដែល​​​ជា​​​ប្រធាន​​​​​​បទ​​​នៃ​​​អត្ថ​​​បទ​​​ទំព័រ​​​មុខ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ទាក់​​​ទង​​​នឹង​​​​​​សេចក្តី​​​សម្រេច​​​ចិត្ត​​​របស់​​​លោក​​​មិន​​​​​​​​​ដាក់​​​ទោស​​​មន្ត្រី​​​ក្រសួង​​​សុខា​​​ភិបាល​​​ជាន់​​​ខ្ពស់​​​ម្នាក់​​​​​​ដោយ​​​មាន​​​ការ​​​លាត​​​ត្រដាង​​​ថា​​​មន្ត្រី​​​រូប​​​នេះ​​​​​​បាន​​​ទទួល​​​សំណូក​​​​​​រាប់​​​រយ​​​​​​រាប់​​​ពាន់​​​ដុល្លារ​​​ បាន​​​បញ្ជាក់​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា អង្គ​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​មិន​​​ដាក់​​​​​​ចំណាត់​​​ថ្នាក់​​​លើ​​​ប្រទេស​​​នានា​​​ទេ។​​​​​​

លោក យិនទៀន បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “ដេលី អូន ខ្ញុំ​​​ចង់​​​ប្រាប់​​​អូន​​​ថា អង្គ​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​មិន​​​​​​​​​ឲ្យ​​​​​​​​​ធ្វើ​​​​​​ចំណាត់​​​ថ្នាក់ ឬ​​​ចំណាត់​​​​​​លេខ​​​​​​ហ្នឹង​​​​​​ទេ។​​​ នេះ​​​មិន​​​មែន​​​ជា​​​ស្តង់ដារ​​​អន្ត​​​រ​​​ជាតិ​​​ទេ ហើយ​​​​​​ជា​​​របស់​​​​​​អង្គ​​​ការ​​​មួយ​​​។ បើ​​​ធ្វើ​​​តាម​​​អង្គ​​​ការ​​​មួយ​​​ បី​​​នាក់​​​បង្កើត​​​អង្គ​​​ការ​​​មួយ អ៊ី​​​ចឹង​​​ដាក់​​​ដេលី​​​សូន្យ ដាក់​​​សូន្យ​​​ប្រាំ​​​ដង​​​ក៏​​​បាន​​​ដែរ”។​​​​​​​​​​​​

បន្ទាប់​​​មក លោក យិន​​​ទៀង​​​ ​​​​​​ត្រូវ​​​អ្នក​​​យកព័ត៌មាន​​​ស្នើ​​​សុំ​​​ឲ្យ​​​​​​​​​រៀប​​​រាប់​​​​​​អ្វី​​​​​​ដែល​​​លោក​​​ជឿ​​​ថា​​​ជា​​​​​​សមិទ្ធ​​​ផល​​​​​​របស់​​​អង្គ​​​ភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ។​​​​​​

លោក យិន​​​ទៀង បាន​​​មាន​​​ប្រសាសន៍​​​ថា”​​​ឲ្យ​​​ខ្ញុំ​​​និយាយ​​​​​​ម៉េចទៀត បើ​​​​​​ខ្ញុំ​​​និយាយ​​​​​​ហើយ​​​។​​​ គេ​​​ផ្សាយ​​​ទូទាំង​​​ប្រទេស ប៉ុន្តែ​​​អូន​​​អត់​​​ស្តាប់​​​ បើ​​​ខ្ញុំ​​​និយាយ​​​ម្តង​​​ទៀត​​​ អូន​​​ឯង​​​អត់​​​​​​​​​​​​ស្តាប់​​​ ព្រោះ​​​អូន​​​មិន​​​យក​​​ពាក្យ​​​ទាំង​​​នេះ​​​ទៅ​​​​​​ចុះ​​​​​​ផ្សាយ​​​ក្នុង​​​កាសែត​​​​​​ដែរ”។

លោក​​​ប្រធាន​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ដោយ​​​​​​ធ្វើ​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​សួរ​​​ថា​​​ហេតុ​​​អ្វី​​​ក៏​​​កាសែត ខេម​​​បូឌា ដេលី សរសេរ​​​មួល​​​បង្កាច់​​​រូប​​​លោក​​​ “​​​មិន​​​ដែល​​​ឃើញ​​​យក​​​​​ពាក្យ​​​​​​ខ្ញុំ​​​ទៅ​​​ចុះ​​​ទេ ឃើញ​​​តែ​​​យក​​​ពាក្យ​​​ខ្ញុំ​​​ទៅ​​​​​​កា​​​ឡៃ ឬ​​​​​​មួល​​​បង្កាច់​​​ខ្ញុំ”។ ​​​​​​

លោក យិន​​​ទៀង បាន​​​មាន​​​ប្រសាសន៍​​​ថា “អូន អូន​​​​​​ឯង​​​ចង់​​​​​​ភ្នាល់​​​៥០០០​​​ដុល្លារ​​​ ខ្ញុំ​​​នឹង​​​បង្ហាញ​​​អូន​​​។ អូន​​​​​​ឯង​​​ទើប​​​ចូល​​​ធ្វើ​​​ ដេលី ប៉ុន្មាន​​​ថ្ងៃ​​​​​​?”

បន្ទាប់​​​មក លោក យិន​​​ទៀង បាន​​​រៀប​​​រាប់​​​​​​អំពី​​​​​​ប្រវត្តិ​​​​​​នៃ​​​សេចក្តី​​​ទុក្ខ​​​​​​ជាមួយ​​​កាសែត​​​នេះ។ លោក​​​បាន​​​លើក​​​ឡើង​​​ពី​​​​​​អត្ថ​​​បទ​​​មួយ​​​​​​ដែល​​​​​​ចេញ​​​ផ្សាយ​​​​​​ជាង​​​មួយ​​​ទសវត្សរ៍​​​​​​កន្លង​​​មក​​​នេះ​​​ទាក់​​​ទិន​​​នឹង​​​បញ្ហា​​​​​​ដែល​​​ភរិយា​​​របស់​​​លោក​​​ប្រឈម បន្ទាប់​​​ពី​​​​​​ព្យាយាម​​​ទិញ​​​​​​ឈើ​​​ដែល​​​គេ​​​កាប់​​​ខុស​​​ច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​២០០៤ កាសែត​​​ ខេម​​​បូឌា ដេលី បាន​​​ចេញ​​​ផ្សាយ​​​អត្ថ​​​បទ​​​មួយ​​​ពី​​​ស្រុក​​​ឱរាល់ ខេត្ត​​​កំពង់​​​ស្ពឺ​​​ ក្នុង​​​នោះ​​​មាន​​​ស្ត្រី​​​ម្នាក់​​​​​​ដែល​​​អះ​​​អាង​​​ថា​​​ជា​​​ភរិយា​​​របស់​​​លោក យិនទៀង ហើយ​​​ដែល​​​អ្នក​​​ភូមិ​​​​​​និយាយ​​​ថា​​​​​​ជា​​​ប្រពន្ធ​​​ទី​​​បី​​​ ​​​ត្រូវ​​​គេ​​​រឹប​​​អូស​​​​​​ឈើ​​​ប្រណីត​​​​​​ចំនួន​​​៤,៣​​​ម៉ែត្រ​​​គូប​​​ពី​​​ស្ត្រី​​​រូប​​​នេះ។​​​​​​

លោក យិន​​​ទៀង ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ដេលី ពេល​​​ប្រពន្ធ​​​ខ្ញុំ​​​​​​ទៅ​​​ជួស​​​ជុល​​​ផ្ទះ និយាយ​​​ថា​​​​​​ប្រពន្ធ​​​ខ្ញុំ​​​ជា​​​ប្រពន្ធ​​​ចុង​​​​​​ទី​​​បី។ មាន​​​​​​​​​រឿង​​​អី​​​ផ្សេង​​​ទៀត​​​​​​​​​។​​​ ខ្ញុំ​​​​​​​​​ជួស​​​ជុល​​​ផ្ទះ​​​ ​​​ថា​​​ខ្ញុំ​​​ជា​​​​​​មេ​​​កាប់​​​ព្រៃ​​​ ឈើ​​​​​​អស់​​​ពី​​​ភ្នំ​​​ឱរាល់ ខ្ញុំ​​​មិន​​​ដែល​​​ស្គាល់​​​ឱរាល់។ ហើយ​​​សំណាង​​​ដែរ​​​ដែល​​​ផ្ទះ​​​វីឡា​​​​​​ខ្ញុំ បង្អួច​​​​​​សុទ្ធ​​​ធ្វើ​​​អំពី​​​ដែក បើ​​​ធ្វើ​​​ពី​​​​​​ឈើ​​​​​​ទៀត​​​ គឺ​​​អូន​​​ឯង​​​ជេរ​​​​​​ហើយ​​​”។

ទន្ទឹម​​​នេះ លោក យិន​​​ទៀង បាន​​​មាន​​​ប្រសាសន៍​​​ថា ទង្វើ​​​ល្អ​​​របស់​​​អង្គភាព​​​លោក​​​ត្រូវ​​​គេ​​​មើល​​​រំលង។​​​​​​​​​​​​

លោក យិន​​​ទៀង បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​​​​សួរ​​​​​​ថា ដេលី​​​​​​និយាយ​​​ល្អ​​​ពី​​​ខ្ញុំ​​​ទេ? ហើយ​​​ដេលី​​​និយាយ​​​ល្អ​​​​​ពី​​​​​​​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួ​​​យ​​​យើង​​​ខ្ញុំ​​​​​​ទេ? សូន្យ​​​។ អូនឯង​​​ ទៅ​​​​​​មើល​​​អត្ថ​​​បទ​​​​​​អូន​​​ឯង​​​ឡើង​​​វិញទៅ”។

មាន​​​ប្រសាសន៍​​​​​​ដោយ​​​ដំឡើង​​​សំឡេង លោក​​​ប្រធាន​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​រូប​​​នេះ​​​បាន​​​រិះ​​​គន់​​​​​​ដោយ​​​ប្រើ​​​​​​សម្តី​​​ធ្ងន់ៗ​​​​​​ទៅ​​​លើ​​​អ្នក​​​យក​​​ព័ត៌មាន។​​​

លោក យិន​​​ទៀង បាន​​​មាន​​​ប្រសាសន៍​​​​​​បន្ត​​​ថា “​​​ខ្ញុំ​​​ជាន់​​​កែង​​​អូន​​​ឯង​​​ អូន​​​ឯង​​​​​​ប្រព្រឹត្ត​​​របៀប​​​ហ្នឹង​​​។ អូនឯង កុំ​​​គិត​​​ថា​​​​​​ខ្ញុំ​​​ជា​​​ចំណាប់​​​ខ្មាំង​​​អូន​​​ឯង។ ខ្ញុំ​​​អត់​​​បាន​​​ស៊ី​​​​​​បាយ ឬ​​​ប្រាក់​​​ខែ​​​ដេលីទេ ខ្ញុំ​​​ស៊ី​​​ប្រាក់​​​ខែ​​​រាស្ត្រ​​​។ អូន​​​បន្ត​​​កិច្ច​​​ការ​​​ដ៏​​​អាក្រក់​​​​​​របស់​​​អូនឯងទៀត​​​ទៅ ហើយ​​​ខ្ញុំ​​​​​​​​​​​​បន្ត​​​​​​​​​កិច្ច​​​ការ​​​ដែល​​​ខ្ញុំ​​​គិត​​​ថា​​​ល្អ​​​របស់​​​ខ្ញុំ។ ចុង​​​ប៊ិច​​​អូន​​​ឯង​​​​​​​​​​​​សម្លាប់​​​​​​​​​គេ​​​អស់​​​ច្រើន​​​​​ហើយ​​​ មិន​​​តិច​​​តួចទេ ខ្លាំង​​​ជាង​​​ចុង​​​អាវុធទៀត”៕​​

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស