ពលរដ្ឋបានជម្នះបម្រាមពីសាលាក្រុង និងបានដើរក្បួនកាត់ក្រុងភ្នំពេញកាលពីម្សិលមិញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលបានកន្លងផុតដោយគ្មានអំពើហិង្សា ខណៈដែលអាជ្ញាធរបានបង្វែរផ្លូវអ្នកដើរហែជុំវិញទីក្រុង។
ក្រុមសកម្មជន ព្រះសង្ឃ និងនិស្សិតមានចំនួនរាប់រយនាក់បានចេញដំណើរពីព្រឹទ្ធសភានៅទិសខាងត្បូង ពីផ្សារដើមគនៅទិសខាងលិច និងស្ពានជ្រោយចង្វានៅទិសខាងជើង ដោយមកជួបជុំគ្នាលើកទី១នៅការិយាល័យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីដាក់ញត្តិអំពាវនាវឲ្យបញ្ចប់ការដណ្ដើម យកដីធ្លី។

ព្រះតេជគុណ ចៅ គីន ព្រះជន្ម២៨វស្សា បានមានសង្ឃដីកានៅខាងក្រៅបរិវេណ CDC ថា “យើងមកទីនេះដើម្បីទាមទារសិទ្ធិរបស់យើង ដោយសារតែភាពអយុត្តិធម៌ និងការរំលោភសិទ្ធិមនុស្សដែលយើងឃើញ ក្នុងនោះមានទាំងបញ្ហារំលោភយកដីធ្លីផង។ លទ្ធិប្រជាធិបតេយ្យរបស់យើងនៅក្មេងខ្ចីនៅឡើយនិងទន់ខ្សោយ ដូច្នេះយើងត្រូវតែតស៊ូ និងពុះពារដើម្បីលទ្ធិប្រជាធិបតេយ្យ”។
ក្រុមអ្នកដើរហែក្បួនបន្ទាប់មកបានដើរទៅទិសខាងត្បូងឆ្ពោះទៅក្រសួងយុត្តិធម៌ ប៉ុន្តែមិនបានទៅដល់គោលដៅទេ ដោយសារ កម្លាំងប៉ូលិសដែលប្រដាប់ដោយឧបករណ៍ប្រឆាំងកុបកម្ម។ ប្រហែល១ម៉ោងបន្ទាប់មក ក្រុមទី២បានធ្វើដំណើរតាមផ្លូវលេខ២៤០មក ពីទិសខាងលិច ព័ទ្ធមន្ត្រីទាំងនោះ នាំឲ្យពួកគេដកជួររបស់ខ្លួនថយក្រោយ អនុញ្ញាតឲ្យក្រុមទាំងពីរធ្វើដំណើរទៅដល់ក្រសួងនេះ។
លោក ឡាយ វិស័យ ជំនួយការលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍាណា បានទទួល ញត្តិរបស់ពួកគេ ដែលបានសុំឲ្យដោះលែងមន្ត្រីសហជីព និងអ្នកតស៊ូមតិសិទ្ធិមនុស្ស។
ដល់ពេលថ្ងៃត្រង់ អ្នកដើរហែក្បួនបានបំបែកគ្នាដើម្បីបរិភោគអាហារថ្ងៃត្រង់ ជាការ បញ្ចប់ដោយសន្តិវិធីនៃព្រឹត្តិការណ៍ថ្ងៃនោះ។
ទោះជាយ៉ាងនេះក្ដី លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងបាននិយាយថា ការដាក់ទោសអាចមានចំពោះអ្នកដែលបានលើកទឹកចិត្តឲ្យមានបាតុកម្មនេះ។
លោកបាននិយាយថា “យើងដឹងថា គំនិតរបស់អ្នករៀបចំ ឬរបស់មនុស្សនៅពីក្រោយនេះគឺដើម្បីបង្កើតជម្លោះ…។ ពួកគេចង់មានការប្រឈមរវាងអាជ្ញាធរនិងអ្នកចូលរួម”។
“យើងនឹងពិនិត្យមើល…ច្បាប់ ដើម្បីដឹងថា យើងគួរធ្វើយ៉ាងណាអំពីរឿងនេះ”។
នៅកោះពេជ្រឯណោះ រដ្ឋាភិបាលបានប្រារព្ធទិវាសិទ្ធិមនុស្សរបៀបផ្សេង ដោយមានយុវជនពាក់អាវដូចៗគ្នានាំគ្នាចូលមហោស្រពកោះពេជ្រ ដើម្បីស្ដាប់សុន្ទរកថារបស់ឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោកអភិបាលក្រុង បា៉ សុជាតិវង្ស។
លោក សុខ អាន បានជំរុញអ្នកចូលរួមឲ្យគិតតាំងពីសម័យ ប៉ុល ពត ដោយអះអាងថា សិទ្ធិមនុស្សមាននៅកម្ពុជានៅពេលដែលក្រុមចម្រុះនៃអ្នកផ្ដាច់ខ្លួននិងកម្លាំងវៀតណាមបានផ្ដួលរំលំខ្មែរក្រហម។
លោកបានមានប្រសាសន៍ថា “គ្មានប្រទេស ណា គ្មានអង្គការសិទ្ធិមនុស្សណាបានមកជួយប្រជាជនខ្មែរទេ។មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលបានបង្កើតរណសិរ្សរំដោះជាតិខ្មែរនៅថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ ដើម្បី រំដោះជាតិពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅព្រៃផ្សៃ”។
នៅពេលលោក ប៉ា សុជាតិវង្ស ឡើងលើវេទិកា លោកបានមានប្រសាសន៍ថា អង្គការក្រៅរដ្ឋាភិបាលចំនួន៥.០០០ បណ្ដាញផ្សព្វផ្សាយព័ត៌មាន៣២២ទស្សនាវដ្ដី១០៨ ទូរទស្សន៍១៧ប៉ុស្តិ៍ និងកាសែត៤៤ ជាភ័ស្តុតាងបញ្ជាក់ថា សេរីភាពនៃការបញ្ចេញមតិគឺខ្លាំងនៅកម្ពុជា។
លោកបានមានប្រសាសន៍ទៀតថា “យើង បានស្ដារមុខមាត់ប្រទេសជាថ្មីដោយសារតែជ័យជម្នះនៅថ្ងៃទី៧មករា [១៩៧៩] លើរបប ប៉ុល ពត ហើយបានកែប្រែជីវភាពរស់នៅរបស់ប្រជាជន ដោយផ្ដល់សេរីភាពក្នុងគ្រប់វិស័យសាធារណៈ”៕ និត