28.4 C
Phnom Penh

បក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​​​​​​ និង​ជួួបជាមួយ​គណ​បក្ស​ប្រជាជន​​កម្ពុជា ​ឡើង​វិញ​នៅ​រដ្ឋសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​ពី​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​​​សង្គ្រោះជាតិ​​សម្រេច​ឲ្យ​គណបក្ស​​របស់​​លោក​​​​ចូលរួម​​​​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ឡើង​​​វិញ​ដោយ​ប្រុង​ប្រយ័ត្ន​នៅ​រដ្ឋ​សភា​ជា​ជាង​​​ការ​ធ្វើ​ពហិការ​​ទាំង​ស្រុង​​នោះ ក្រុម​មន្ត្រី​ជាន់​​​ខ្ពស់​មកពី​គណបក្ស​ទាំង​ពីរ​បាន​​ជួប​ពិភាក្សា​គ្នា​​​នៅ​រដ្ឋសភា​កាលពី​ម្សិលមិញ​ដែល​​ជាលើក​ដំបូង​​ចាប់​តាំងពី​​មាន​ស្ថានភាព​​ចលាចល​ផ្នែក​នយោ​​បាយ​កាលពី​ខែ​មុន​មក​។

cam-photo-meeting-channaក្នុង​កិច្ច​ប្រជុំ​តាម​រយៈ​ប្រព័ន្ធ​ Skype ​​កាល​ពី​​រសៀល​ថ្ងៃ​ពុធ លោក សម រង្ស៊ី បាន​​​ប្រាប់​​​​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​ថា យ៉ាង​ហោច​ណាស់ គណបក្ស​​ប្រឆាំង​​​គួរ​តែ​​​បង្ហាញ​វត្ត​មាន​ក្នុង​​កិច្ច​ប្រជុំគណៈកម្មការ​សភា ទោះ​បីជា​ពួក​លោក​មិន​ចូល​រួម​​​​​កិច្ច​ប្រជុុំ​ទាំង​នោះ​​​ក៏ដោយ​។

លោក សម រង្ស៊ី ដែល​​​កំពុង​រស់​នៅ​ក្នុង​ប្រទេស​បារាំង ជា​​ថ្មី​ម្តង​ទៀត​ដើម្បី​គេច​​ពី​ដីកា​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​​គូស​បញ្ជាក់​​​​ថា “ក្នុង​គណៈកម្មការ យើង​ត្រូវ​ស្ដាប់​ ប៉ុន្តែ​យើង​អត់​​ទៅ​ចូល​រួម ​ឬ​​​គាំទ្រ​ទេ”។

លោក​លើក​ឡើង​​ថា ការ​​សម្រេច​ថា ​តើ​ត្រូវ​ចូល​រួម​សម័យ​ប្រជុំ​សភា​​ពេញ​អង្គ​នៅ​ពេល​ខាង​មុខឬអត់ ត្រូវ​មើល​លើ​ស្ថាន​ការណ៍​​​ជាក់​ស្ដែង​។ លោក​​ថ្លែង​ថា “​វា​អាស្រ័យ​លើ​ប្រធាន​បទ​ ហើយ​ចំពោះ​ពេញអង្គ​​ យើង​អត់​ចូល​រួមទេ លើក​លែង​តែ​មាន​ការ​ជជែក​គ្នា​​​ ឯកភាព​គ្នា​​លើ​សេចក្ដី​ព្រាង​ច្បាប់​”។

សូម​រំឭក​ថា ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ធ្វើ​ពហិការ​ការ​អនុម័ត​ច្បាប់​​​ចំនួន​បី​​ក្នុង​រដ្ឋសភា​កាលពី​សប្ដាហ៍​មុន​ ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ការ​វាយ​ប្រហារ​​​​មក​លើ​គណ​បក្ស​របស់​ពួកលោក​កាលពី​ពេល​ថ្មីៗ​នេះ​ ដែល​រួម​មាន​ទាំង​ការ​ប្រើ​​អំពើ​ហិង្សា​​លើ​តំណាង​រាស្ត្រ​ពីរ​រូប ​គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា​ នៅ​​ពេល​លោក​​ទាំង​ពីរ​ចាក​ចេញពី​រដ្ឋសភា​កាលពី​ចុង​ខែ​តុលា​ផង​ដែរ​។

លោក សម រង្ស៊ី ក៏​ត្រូវ​បាន​​​ដក​ឋានៈ​ជា​តំណាង​រាស្ត្រ​​​ផង​ដែរ ​បន្ទាប់ពី​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​កាលពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា​​ពាក់​ព័ន្ធ​សំណុំរឿង​​បរិហារកេរ្តិ៍​មួយ​ដែល​មាន​​ចំណាស់​៧ឆ្នាំ​ ចំណែក​ឯ​លោក កឹម សុខា អនុប្រធាន​របស់​លោក ត្រូវ​បាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បណ្តេញ​ចេញ​ពី​​តំណែង​អនុប្រធាន​រដ្ឋសភា​​កាលពី​ថ្ងៃទី​៣០ ខែ​តុលា។

​ទោះ​ជា​​យ៉ាង​ណា គណបក្ស​ប្រជាជន​កម្ពុជា ហាក់ដូច​ជា​​មិន​ភ្ញាក់​ផ្អើល​​ចំពោះ​ការ​ធ្វើ​ពហិការ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ហើយ​បាន​អនុម័ត​ច្បាប់​ចំនួន​បី​​ដោយ​សំឡេង​ភាគ​ច្រើន​របស់​ខ្លួន​យ៉ាង​ងាយ​ ដែល​​រួម​មាន​ទាំង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦ និង​ច្បាប់​ទូរគមនាគមន៍​ដ៏​ចម្រូងចម្រាស​ផង​ដែរ នៅ​ក្នុង​សម័យ​ប្រជុំ​ដ៏វែង​​ដែល​​ចាប់​ផ្ដើម​​​តាំង​​​ពី​ព្រឹក​​បន្ត​រហូត​ដល់​ពេល​រសៀល។

ក្នុង​កិច្ច​ប្រជុំ​​តាម​រយៈ​ប្រព័ន្ធ​ Skype ​​កាល​ពី​​ថ្ងៃ​ពុធ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​​ការ​ធ្វើ​ពហិការ​​​​សម័យ​ប្រជុំ​ពេញ​អង្គ ប្រសិន​បើ​គណ​បក្ស​ប្រជាជន​កម្ពុជា​ បន្ត​មិន​អើ​ពើ​​ចំពោះ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា។ ​​​​​

លោក​បានលើក​ឡើង​​ថា “​បើ​គេ​មិន​ឲ្យ​តម្លៃ​ ​​​​​​​គេ​មិន​សួរ​យោបល់​យើង​ គេ [សម្រេច​] រំលង​​​​យើង​ គេ​ចង់​ធ្វើ​អី​ស្រេច​តែ​ចិត្ត​​គេ​ នៅ​ក្នុង​ករណី​​​​ហ្នឹង​​ យើង​អត់​ចូល​រួម​ទេ​” ហើយ​បាន​គូស​បញ្ជាក់​​​ជា​ថ្មី​​ម្តង​ទៀត​ថា ទោះ​ជា​យ៉ាង​​​​ណា គណបក្ស​សង្គ្រោះ​ជាតិ ​គួរ​តែ​ព្យាយាម​​បញ្ចេញ​​​​ឥទ្ធិពល​​​​​​លើ​​ការ​​ព្រាង​ច្បាប់​​ដើម្បី​​កែ​លម្អ​វា។

លោក​មាន​ប្រសាសន៍​ទៀត​ថា “​យើង​ត្រូវ​​យក​យោបល់​​​​អ្វី​ដែល​សង្គម​ស៊ីវិល​​ និង​ប្រជា​ពលរដ្ឋ​លោក​ចង់​បាន​ លោក​ចង់​ឲ្យ​កែ​ លោក​ចង់​ឲ្យ​បន្ថែម​ លោក​ចង់​ឲ្យ​លុប​​អីយ៉ាង​ម៉េច​​ ហើយ​យើង​នឹង​ជួប​ជាមួយ​ប្រជាពលរដ្ឋ​”។

នៅ​ឯ​រដ្ឋសភា​កាលពី​ល្ងាច​ម្សិលមិញ ​លោក កឹម សុខា និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ដឹកនាំ​គណបក្ស​រៀនៗខ្លួន​​ចូល​រួម​​កិច្ច​​ពិភាក្សា​អំពី​​ការ​ងារ​​​​ទៅ​ថ្ងៃ​មុខ​​ក្នុង​រដ្ឋសភា​ ដែល​បច្ចុប្បន្ន​កំពុង​​ស្ថិត​ក្នុង​សម័យ​​​ប្រជុំ និង​កំពុង​ត្រៀម​បោះ​ឆ្នោត​អនុម័ត​ច្បាប់​​​សហជីព​ថ្មី។

​​គណ​បក្ស​ទាំង​ពីរ​បាន​​ចេញ​​សេចក្ដី​ថ្លែង​ការណ៍​រួម​​​មួយទំព័រ ហើយ​​ថ្នាក់​​ដឹកនាំ​នៃ​គណ​​​បក្ស​​ទាំង​ពីរ​ក៏​បាន​​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​មួយ​ភ្លែត​ដែរ​​ មុន​​ពេល​បង្វែរ​សំណួរ​ទៅ​លោក សក់ សេដ្ឋា ​​រដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ ដែល​ជា​​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​តំណាង​​រាស្ត្រ យឹម សុវណ្ណ ​ ដែល​​​​ជា​​អ្នក​​នាំ​ពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិ។

លោក កឹម សុខា បាន​​​មាន​ប្រសាសន៍​ថា “​យើង​បាន​ពិភាក្សា​អំពី​ផល​ប្រយោជន៍​ធំៗ​​នៅ​​​​ពេល​បច្ចុប្បន្ន​ ​​ពេល​អនាគត និង​ការ​ពង្រឹង​​​​ការ​ផ្សះ​ផ្សារ​ជាតិ និង​ការ​បម្រួបបម្រួម​ជាតិ។ រឿង​ផ្សេង​ទៀត​ អ្នក​នាំពាក្យ​របស់​យើង​អាច​ឆ្លើយ​បាន”។

លោក សក់ សេដ្ឋា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ បាន​ថ្លែង​ថា ជំនួប​ក្រៅ​ផ្លូវ​ការ​មួយ​កាលពី​ដើម​សប្ដាហ៍​នេះ​ បាន​ជួយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​កិច្ច​​ពិភាក្សា​​​រយៈ​ពេល​​​៤០​នាទី​កាលពី​ម្សិលមិញ និង​ការ​ចេញ​​សេចក្ដី​​​ថ្លែងការណ៍រួម​។

លោក​បាន​គូស​បញ្ជាក់​ថា “​តាម​ពិត ​​​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ​បានជួប​គ្នា​​​រួច​​មក​ហើយ​​​​កាលពី​ពីរ​ថ្ងៃ​មុន ហើយ​តាម​រយៈ​​កិច្ច​​​ពិភាក្សា​​នេះ ថ្នាក់​ដឹកនាំ​គណ​បក្ស​​ទាំង​ពីរ​បាន​ផ្ដួច​ផ្ដើម​​ឲ្យ​មាន​​ចំណុច​​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​​កិច្ច​ពិភាក្សា​” ហើយ​ថា មាន​​ការ​ព្រម​ព្រៀង​គ្នា​លើ​ចំណុច​សំខាន់ៗចំនួន​​បួន។

ទី១​ បង្កើត​គណៈកម្មការ​មួួយ​ដែល​ចូល​រួម​​​ដោយ​​​​គណបក្ស​​​​ទាំង​ពីរ ដើម្បី​​ពិភាក្សា​អំពី​​សេចក្ដី​​​ព្រាង​ច្បាប់​សហជីព​​។ ទី២​ បង្កើត​គណៈ​​​កម្មការ​​​​មួយ​ទៀត​ដើម្បី​ពិភាក្សា​អំពី​​ “វប្បធម៌​សន្ទនា​​” ​​ថ្មី​ដែល​លោក សម រង្ស៊ី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​កម្ពស់​​យ៉ាង​សកម្ម​​​​​រហូត​មក​ទល់ពេល​​តុលា​ការ​ចេញ​ដីកា​ចាប់​ខ្លួន​​​​​លោក សម រង្ស៊ី កាលពី​ខែ​មុន​។

ទី៣​ គណបក្ស​ទាំង​ពីរ​​​​ព្រមព្រៀង​​​ពង្រឹង​ទំនាក់​ទំនង​​ការងារ​​។ ទី៤ ​គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​​ដោះ​ស្រាយ​​បញ្ហា​នានា​​​ដោយ​ឈរ​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ​ និង​ស្រប​តាម​គោលការណ៍​ នៃ​លទ្ធិ​​ប្រជាធិបតេយ្យ។

​ចំណែក​ឯ​លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​ត្រូវ​ជួប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​​ដើម្បី​លើក​កម្ពស់ “​វប្បធម៌​សន្ទនា​” ​ទោះ​បីកាល​ពី​​ពេល​​​ថ្មីៗ​នេះ​​​មាន​ការ​វាយ​ប្រហារ​ខាង​នយោបាយ​​ និង​ការ​​ប្រើ​អំពើ​ហិង្សា​​​ទៅ​លើ​គណបក្ស​​ប្រឆាំង​​​​យ៉ាង​ណា​​ក្ដី។

លោក​បាន​​លើក​ឡើង​​អំពី​ច្បាប់​សហជីព​ថា ”​វា​ពាក់​ព័ន្ធ​អត្ថប្រយោជន៍​របស់​កម្មករ​កាត់​​ដេរ​​​​ជា​ច្រើន​សែន​នាក់​។ ដូច្នេះ យើង​​ចាប់​អារម្មណ៍​​​លើ​ច្បាប់​នោះ ហើយ​យើង​នឹង​បង្កើត​​​​ក្រុម​ការ​ងារ​ដើម្បី​ពិភាក្សា​ជាមួយ​គ្នា​។ យើង​មិន​ចង់​មានជម្លោះនឹង​គ្នា​ទេ ហើយ​យើង​ចង់​ឲ្យ​ស្ថានភាព​នយោបាយ​​ សេដ្ឋកិច្ច ព្រមទាំង​សង្គម​​​​​របស់យើង​ដើរ​ទៅ​​ដោយ​រលូន ដូច្នេះ​យើង​ត្រូវតែ​​ជួប​គ្នា​”។

លោក សក់ សេដ្ឋា មាន​ប្រសាសន៍​ថា ​​បញ្ហា​​​ដក​​​​លោក សម រង្ស៊ី ចេញពី​រដ្ឋសភា​ និង​ដីកា​ចាប់​ខ្លួន​លោក​ ព្រម​ទាំង​ការ​ដក​លោក កឹម សុខា ចេញពី​អនុប្រធាន​រដ្ឋសភា​ មិន​ត្រូវ​បាន​លោក កឹម សុខា និង​លោក ស ខេង លើក​​​​​​យក​មក​ពិភាក្សា​ទេ​។ លោក​​បាន​​លើក​ឡើង​​​បន្ថែម​ទៀត​​ថា ”ជំនួប​ចរចា​នេះ​​ទើប​តែ​កើត​ឡើង​ទេ ហើយ​​សម្រាប់​បញ្ហា​​​នេះ​​ ថ្នាក់​ដឹក​នាំ​​​នៃ​គណ​បក្ស​​ទាំង​ពីរ​មិន​បាន​​ពិភាក្សា​ទេ”៕ សុខុម​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស